យន្តហោះ​អវកាស VSS Unity ដឹក​អតិថិជនទៅ​កាន់​អវកាស​​ជា​លើកដំបូង

យន្តហោះ​អវកាស VSS Unity

ក្រុមហ៊ុន Virgin Galactic កាលពី​ថ្ងៃទី 26 មិថុនា បានប្រកាសថា ជើងហោះហើរ​ទៅកាន់​ទី​អវកាស​បែប​ពាណិជ្ជកម្ម​ដំបូង​ដែល​ដឹក​ភ្ញៀវ 4 នាក់ នឹងត្រូវ​បានធ្វើ​ឡើង​យ៉ាង​ឆាប់​ត្រឹម​ថ្ងៃទី 29 មិថុនា​ខាងមុខ។

ជើងហោះហើរ​ខាងលើនេះ​នឹង​ចាប់ផ្ដើម​នៅវេលា​ម៉ោង 22 (ម៉ោង​នៅ​កម្ពុជា) ថ្ងៃទី 29 មិថុនា នៅឯ​មជ្ឈមណ្ឌល​អវកាស​ក្នុង​រដ្ឋ New Mexico សហរដ្ឋ​អាម៉េរិក។ យន្តហោះ​ដឹកជញ្ជូន VMS Eve នឹង​នាំយក​យន្តហោះ​អវកាស VSS Unity ឡើងទៅ​កាន់​កម្ពស់​ប្រហែល 15,000 ម៉ែត្រ។

បន្ទាប់មក VMS Eve នឹង​ទម្លាក់ VSS Unity ដើម្បីឱ្យ​យន្តហោះ​អវកាស​នេះ​បញ្ឆេះ​ម៉ាស៊ីន​រ៉ុក្កែត បន្ត​ហោះ​ឡើងទៅ​កាន់​ទី​អវកាស​ក្បែរ​គន្លង​តារាវិថី។ ភ្ញៀវ 4 នាក់​ក្នុង​យន្តហោះ​អវកាស VSS Unity នឹងមាន​ពេល​តែ​ប៉ុន្មាន​នាទី​ប៉ុណ្ណោះ​ដើម្បី​បណ្ដែត​ខ្លួន​ក្នុងស្ថានភាព​គ្មាន​ទម្ងន់ គយគន់​ខ្សែកោង​របស់​ផែនដី មុនពេល​ត្រលប់​មកវិញ។

ភ្ញៀវ​ដែល​នឹងធ្វើ​ដំណើរ​លើ VSS Unity រួមមាន Pantaleone Carlucci ជា​វិស្វករ​របស់​ប្រទេស​អ៊ីតាលី, Colin Bennett អ្នកដឹកនាំ​ភ្ញៀវ​នៅ Virgin Galactic, Valter Villadei មន្ត្រី​ទ័ពអាកាស​អ៊ីតាលី និង Angelo Landolfi អ្នកវិទ្យាសាស្ត្ររ​បស់ទ័ព​អាកាស​អ៊ីតាលី។

ជើងហោះហើរ​នេះ​នឹង​អូស​បន្លាយពេល 90 នាទី ក្នុងនោះ VSS Unity នឹង​ក្លាយជា​បន្ទប់ពិសោធន៍​ផ្នែក​វិទ្យាសាស្ត្រ​នៅក្បែរ​គន្លង​តារាវិថី។

យន្តហោះ​ដឹកជញ្ជូន VMS Eve នាំយក​យន្តហោះ​អវកាស VSS Unity ទៅ​កាន់​កម្ពស់ 15,000 ម៉ែត្រ

VSS Unity អាច​ដឹក​មនុ​ស្សបាន 6 នាក់។ វា​បាន​ហោះហើរ​ទៅកាន់​តំបន់​អវកាស​ក្បែរ​គន្លង​តារាវិថី​ចំនួន 5 លើក​មកហើយ ក្នុងនោះ​ជើងចុង​ក្រោយបង្អស់​ត្រូវ​បានធ្វើ​ឡើង​កាលពី​ថ្ងៃទី 25 ឧសភា 2023។

​សំបុត្រ​សម្រាប់​ជិះ​ក្នុង​យន្ត​ហោះ​អវកាស VSS Unity មានតម្លៃ​រហូតដល់ 450,000 ដុល្លារ​អាម៉េរិក/ម្នាក់។ VSS Unity របស់ Virgin Galactic កំពុង​ប្រកួតប្រជែង​ជាមួយនឹង New Shepard របស់ Blue Origin។

Advertisement