រ៉ុក្កែត SpaceX នឹង​នាំយក​ស្ថានីយ​អវកាស​ឯកជន​ឡើងទៅ​កាន់​គន្លង​​តារាវិថី

យានអវកាស Crew Dragon របស់​ក្រុម​ហ៊ុន SpaceX

(សហរដ្ឋ​អាម៉េរិក) – ស្ថានីយ​អវកាស​ឯកជន​ដែលមាន​បណ្ដោយ​ប្រហែល 100 ម៉ែត្រ រួមមាន​ម៉ូឌុល​ជាច្រើន និង​ទំនាញផែនដី​សិប្បនិម្មិត នឹងធ្វើ​សកម្មភាព​នៅលើ​គន្លង​គោចរ​ផែនដី នៅ​ពីរ​ឆ្នាំ​ខាងមុខ។

ក្រុមហ៊ុន Vast Space នៅ California កាលពី​ថ្ងៃទី 10 ឧសភា បានប្រកាស​អំពី​គម្រោង​បាញ់​បង្ហោះ​ស្ថានីយ​អវកាស Haven-1 តាមរយៈ​រ៉ុក្កែត Falcon 9 របស់​ក្រុមហ៊ុន SpaceX យ៉ាងយូរ​ត្រឹម​ខែសីហា 2025។ បន្ទាប់មក បេសកកម្ម Vast-1 នឹង​ដឹក​អ្នក​អវកាស​ឡើងទៅ​ស្ថានីយ Haven-1 និង​នៅ​ទីនោះ​រយៈពេល 30 ថ្ងៃ។ បេសកកម្ម Vast-1 ក៏​នឹង​ត្រូវបាន​បាញ់​បង្ហោះ​នៅលើ​រ៉ុក្កែត Falcon 9 ហើយ​ក្រុម​អវកាស​ចរ​នឹង​ជិះ​ក្នុង​យាន Dragon របស់ SpaceX។

«ការសហការ​ជាមួយ SpaceX គឺជា​ជំហាន​ដំបូង​នៅក្នុង​គោលដៅ​យូរអង្វែង សំដៅ​រក​ការបាញ់​បង្ហោះ​ស្ថានីយ​អវកាស​បំពាក់​ទំនាញផែនដី​សិប្បនិម្មិត​ធំ​ជាង​មុន​ ទៅ​កាន់​​គន្លង​គោចរ​របស់​ផែនដី និង​ឆ្ងាយ​ជាង​នេះ» Jed McCaleb អគ្គនាយក​ប្រតិបត្តិ​របស់​ក្រុមហ៊ុន Vast Space បញ្ជាក់​ដូច្នេះ។

Vast គឺជា​ក្រុមហ៊ុន​មួយ​ដែល​ត្រូវបាន​បង្កើតឡើង​កាលពី​ពីរ​ឆ្នាំមុន។ ក្រុមហ៊ុន​នេះ​មាន​គោលដៅ​គ្រប់គ្រង​ស្ថានីយ​អវកាស​បំពាក់​ទំនាញផែនដី​សិប្បនិម្មិត​ដែលមាន​ម៉ូឌុល​ច្រើន និង​ប្រវែង 100 ម៉ែត្រ ហើយ​បាញ់​បង្ហោះ​ដោយ​រ៉ុក្កែត​របស់ SpaceX។

បើសិនជា​គ្រប់យ៉ាង​ដំណើរការ​ដោយ​រលូន Haven-1 នឹង​ក្លាយជា​ស្ថានីយ​អវកាស​ឯកជន​មួយ​​ក្នុង​ចំណោម​គម្រោង​នានា​ដែល​កំពុងស្ថិត​ក្នុងការ​អភិវឌ្ឍ។ កន្លងមក មាន​ក្រុមហ៊ុន​ជាច្រើន​ក៏បាន​ចាប់ផ្ដើម​អនុវត្ត​គម្រោង​ប្រហាក់ប្រហែល​នឹង Haven-1 ក្នុងនោះ​ក៏មាន Axiom Space, Blue Origin, Nanoracks និង Northrop Grumman ផងដែរ៕

Advertisement