យន្តហោះ​អវកាស​របស់ Sierra Space ត្រៀម​ជិត​រួចរាល់​សម្រាប់​បេសកកម្ម​ដំបូង

(សហរដ្ឋ​អាម៉េរិក) – ក្រុមហ៊ុន Sierra Space បាន​បញ្ឆេះ​ម៉ាស៊ីន​យន្តហោះ​អវកាស Dream Chaser នៅ​​ក្នុង​រោងចក្រ​ដំឡើង បញ្ជាក់ថា យាន​ដែលមាន​រូបរាង​ដូច​ទៅនឹង Space Shuttle បាន​ត្រៀមខ្លួន​ជិត​រួចរាល់​ហើយ​​សម្រាប់​ការបំពេញភារកិច្ច​ដំបូង​នៅក្នុង​គន្លង​គោចរ​ផែនដី។

យោងតាម Yahoo ក្រុមហ៊ុន Sierra Space នៅ Colorado កាលពី​ថ្ងៃទី 31 ឧសភា 2023 ប្រកាសថា បានទទួល​ជោគជ័យ​ក្នុងការ​បញ្ឆេះ​ដំណើរការ​គ្រឿង​ម៉ាស៊ីន និង​ប្រព័ន្ធ​នានា​របស់​យន្តហោះ​អវកាស Dream Chaser។

Dream Chaser គឺជា​យន្តហោះ​អវកាស​ដែល​រចនា​ឡើង​ដើម្បី​ហោះហើរ​ក្នុង​គន្លង​តារាវិថី​កម្រិត​ទាប​របស់​ផែនដី នៅក្នុង​បេសកកម្ម​​​ដឹក​អ្នក​អវកាស និង​ទំនិញ​ឡើងទៅ​កាន់​គោលដៅ​នានា មានដូចជា​ស្ថានីយ​អវកាស​អន្តរជាតិ (ISS) ជាដើម។ យាន​នេះ​អាច​ដឹកទំនិញ​បាន 5,443 គីឡូក្រាម។

ដោយសារតែ​មិនអាច​ហោះ​ឡើង​ដល់ទី​អវកាស​ដោយ​ខ្លួនឯង Dream Chaser ត្រូវការ​រ៉ុក្កែត​ធំ​ដូច Vulcan Centaur របស់ ULA រុញច្រាន​ឡើងទៅ​ដល់​គន្លង​តារាវិថី​កម្រិត​ទាប។ ក៏ប៉ុន្តែ ដូច​ទៅនឹង​យាន Space Shuttle របស់​ណា​សា Dream Chaser អាច​ទម្លាក់ខ្លួន​ចូល​បរិយាកាស​ផែនដី និង​ហោះ​ចុះចត​លើ​ព្រលានយន្តហោះ​នៅលើ​ដី។

Dream Chaser មាន​បណ្ដោយ​សរុប​ជាង 9 ម៉ែត្រ ខ្លី​ជាង​បួន​ដង​ធៀប​នឹង Space Shuttle។ ក្រុមហ៊ុន Sierra Space កំពុង​ឆ្ពោះទៅកាន់​ការហោះហើរ​ដំបូង​របស់ Dream Chaser នៅ​មជ្ឈមណ្ឌល​អវកាស Kennedy ក្នុង​ឆ្នាំ 2023 នេះ។ ជើងហោះហើរ​នេះ​ស្ថិតក្នុង​កិច្ចព្រមព្រៀង​ជាមួយ​ណា​សា ដើម្បី​ដឹកទំនិញ​ឡើងទៅ​កាន់ ISS។

សកម្មភាព​ដំឡើង​យន្តហោះ​អវកាស Dream Chaser របស់ Sierra Space

ក្រៅពីនេះ Sierra Space ក៏មាន​គម្រោង​បាញ់​បង្ហោះ​យាន​ដឹក​មនុស្ស​ទៅកាន់​ស្ថានីយ​អវកាស​ផ្ទាល់ខ្លួន​ដែលមាន​ឈ្មោះថា Orbital Reef នៅក្នុង​គម្រោង​ដែល​សហការ​ជាមួយ Blue Origin របស់​មហាសេដ្ឋី Jeff Bezos ផងដែរ។

បច្ចុប្បន្ន Sierra Space កំពុង​ត្រៀមខ្លួន​​សម្រាប់​ការ​​នាំ​យាន Dream Chaser ដំបូង​ដែលមាន​ឈ្មោះថា Tenacity ទៅកាន់​មូលដ្ឋាន​ធ្វើតេស្ត Neil Armstrong របស់​ណា​សា នៅ Ohio ដើម្បី​ត្រួតពិនិត្យ មុនពេល​ចាប់ផ្ដើម​ការហោះហើរ​លើក​ទី​មួយ​៕

Advertisement