Tag: ពន្ធនាគារ

  • ថៃ​រក​ឃើញ​ពលករ​បរទេស​ខុស​ច្បាប់​រាប់​ពាន់នាក់

    ថៃ​រក​ឃើញ​ពលករ​បរទេស​ខុស​ច្បាប់​រាប់​ពាន់នាក់

    អាជ្ញាធរថៃ កំពុង​តែ​បង្កើន​ការ​តាម​រក​ពលករ​បរទេស​ខុសច្បាប់ នៅ​ទូទាំង​ប្រទេស​។

    សមត្ថកិច្ច​ថៃ​អះអាង​ថា មូលហេតុ​នៃ​ការ​រឹត​បន្តឹង​នេះ​គឺ​ដើម្បីការ​ពារ​ការ​ងារ​សម្រាប់​ពលរដ្ឋ​ថៃ​ និង​បង្កើន​ប្រសិទ្ធភាព​នៃ​ការ​គ្រប់​គ្រង​ពលករ​បរទេស​។

    បន្ទាប់​ពី​បាន​ចាប់​ផ្ដើម​ការ​ងារ​នេះ​ អាជ្ញាធរ​ថៃ​បាន​ត្រួត​ពិនិត្យ​ជន​បរទេស​ជាង 300,000 នាក់​ ក្នុង​នោះ​បាន​រក​ឃើញ​ជាង 1,600 នាក់​ ជា​ពលករ​ខុស​ច្បាប់​។

    យោង​តាម​គោលការណ៍ច្បាប់​ប្រទេស​នេះ ពលករខុស​ច្បាប់​នឹង​ត្រូវ​បាន​ពិន័យ​ពី 5,000 ដល់ 50,000 បាត​ និង​ត្រូវ​ចាប់បញ្ជូន​ត្រឡប់​ទៅ​កាន់​ប្រទេស​ដើម​ ហាម​ចូល​ប្រទេស​ថៃ​រយៈ​ពេល​ពីរ​ឆ្នាំ​។

    ចំណែក​និយោជកដែល​ប្រើ​ប្រាស់​ពលករ​បរទេស​ខុស​ច្បាប់​ នឹង​ត្រូវ​ពិន័យ​ពី 10,000 ដល់ 100,000 បាត។ នៅ​ពេល​រំលោភ​ច្បាប់​នេះ​ពីរ​ដង នឹង​ត្រូវ​ដាក់​ពន្ធនាគារ​មិន​លើស​ពី​មួយ​ឆ្នាំ​ ហើយ​ត្រូវ​បង់ប្រាក់​ពិន័យ​ពី 50,000 ដល់ 200,000 បាត/ពលករ​ម្នាក់​ និង​ហាម​ប្រើ​ប្រាស់​ពលករ​បរទេស​បីឆ្នាំ​។

  • អាជ្ញាធរ​ថៃ​ស្នើឱ្យ ថាក់ស៊ីន ចូល​ស្រុក​ក្នុង​ថ្ងៃ​ធ្វើការ ដើម្បី​ស្រួល​ចាប់ខ្លួន

    អាជ្ញាធរ​ថៃ​ស្នើឱ្យ ថាក់ស៊ីន ចូល​ស្រុក​ក្នុង​ថ្ងៃ​ធ្វើការ ដើម្បី​ស្រួល​ចាប់ខ្លួន

    ឧបនាយករដ្ឋមន្ត្រី​ថៃ Wissanu បានស្នើ​ឱ្យ​លោក ថាក់ស៊ីន កុំ​ត្រលប់​ចូល​ប្រទេស​នៅ​ថ្ងៃ​ចុង​សប្ដាហ៍ និង​ថ្ងៃ​ឈប់​សម្រាក​បុណ្យ ព្រោះ​នឹង​បង្ក​ការលំបាក​នៅពេល​អនុវត្ត​បទបញ្ជា​ចាប់ខ្លួន។

    ឧបនាយករដ្ឋមន្ត្រី​ថៃ លោក Wissanu Krea-ngam កាលពី​ថ្ងៃទី 08 សីហា ឱ្យដឹងថា អាជ្ញាធរ​ប្រទេស​នេះ​បាន​ត្រៀម​ផែនការ​រួចរាល់​ហើយ​សម្រាប់​ថ្ងៃ​ដែល​លោក ថាក់ស៊ីន ត្រលប់​ចូល​ប្រទេស។ យោងតាម​លោក Wissanu តុលាការ និង​អគ្គនាយកដ្ឋាន​ពន្ធនាគារ សុទ្ធតែ​បាន​ត្រៀមខ្លួន​រួចរាល់ ប៉ុន្តែ​ថា លោក ថាក់ស៊ីន មិនគួរ​ត្រលប់​ចូល​ប្រទេស​ក្នុង​ថ្ងៃ​ចុង​សប្ដាហ៍ ឬ​ថ្ងៃ​ឈប់សម្រាក។

    «ក្នុង​ថ្ងៃនោះ តុលាការ ដែលជា​ស្ថាប័ន​ត្រូវ​ធ្វើ​ការ​កំណត់​យកពន្ធ​នាគារ​សម្រាប់​ការ​ឃុំខ្លួន​លោក ថាក់ស៊ីន មិន​ធ្វើការ។ ប្រការនេះ​នឹង​បង្ក​ការលំបាក ព្រោះ​យើង​ត្រូវ​រក​ទីតាំង​ដើម្បី​ឃុំខ្លួន​លោក ថាក់ស៊ីន ជា​បណ្ដោះអាសន្ន ក្នុងពេល​រង់ចាំ​ការសម្រេច​ពី​តុលាការ» ឧបនាយករដ្ឋមន្ត្រី​ថៃ លោក Wissanu និយាយ​ដូច្នេះ។

    លោក ថាក់ស៊ីន ស៊ីណាវ៉ាត្រា ថ្មីៗនេះ​បានប្រកាសថា នឹង​វិល​ចូល​ប្រទេស​ថៃ​វិញ​នៅ​ថ្ងៃទី 10 សីហា ក្រោយ​ការ​រស់​នៅ​ដោយ​និរទេស​ខ្លួន​អស់​មួយ​រយៈពេល​យូរ។ ក៏ប៉ុន្តែ ក្រោយមក អតីត​នាយករដ្ឋមន្ត្រី​ថៃ​រូបនេះ បានប្រកាស​ពន្យារពេល​នៃ​ការវិល​ចូល​ស្រុក ព្រោះ​បញ្ហា​សុខភាព។

    ប្រភពព័ត៌មាន​ខ្លះ​ថា លោក ថាក់ស៊ីន នឹង​ចូល​ស្រុក​វិញ នៅពេល​បក្ស Pheu Thai របស់​កូនស្រី​លោក ឡើងកាន់​អំណាច។ បក្ស Pheu Thai កាលពី​ថ្ងៃទី 07 សីហា បានប្រកាស​បង្ហាញ​សម្ព័ន្ធភាព​​ថ្មី​ដើម្បី​ឡើងកាន់​អំណាច​។ ប្រធានសភា​ថៃ កាលពី​សប្ដាហ៍​កន្លង​ឱ្យដឹងថា ការបោះឆ្នោត​ជ្រើសតាំង​នាយករដ្ឋមន្ត្រី​ថ្មី​នឹង​ធ្វើឡើង​នៅក្រោយ​ថ្ងៃទី 16 សីហា 2023។

    អតីត​នាយករដ្ឋមន្ត្រី​ថៃ លោក ថាក់ស៊ីន ត្រូវបាន​បណ្ដេញចេញ​​ពី​អំណាច​ដោយ​រដ្ឋប្រហារ​យោធា​កាលពី​ឆ្នាំ 2006។ ក្នុងអំឡុងពេល​អវត្តមាន លោក ថាក់ស៊ីន ក៏ត្រូវ​តុលាការ​ថៃ​ផ្ដន្ទា​​ទោស​ឱ្យ​ជាប់ពន្ធនាគារ 12 ឆ្នាំ។

    ឧបនាយករដ្ឋមន្ត្រី​ថៃ លោក Wissanu បានប្រកាសថា អតីត​នាយករដ្ឋមន្ត្រី​ថៃ លោក ថាក់ស៊ីន នឹងត្រូវ​ជាប់ពន្ធនាគា​រភ្លាមៗនៅពេល​លោក​ត្រ​លាប់​ចូល​ប្រទេស ហើយ​អាចដាក់​លិខិត​​​សូម​ការលើកលែងទោស​ពី​ព្រះ​មហា​ក្សត្រ។ អគ្គនាយកដ្ឋាន​ពន្ធនាគារ​ថៃ ឱ្យដឹងថា បើសិន​លោក ថាក់ស៊ីន វិល​ត្រលប់មក​ទទួលទោស ពួកគេ​គ្រោង​នឹង​ឃុំខ្លួន​លោក​តែម្នាក់ឯង ដើម្បី​ការពារ​សុវត្ថិភាព៕

  • អាជ្ញាធរ​ចិន​ប្រហារជីវិត​គ្រូបង្រៀន​ម្នាក់​ដែល​​បាន​បំពុល​សិស្ស 25 នាក់

    អាជ្ញាធរ​ចិន​ប្រហារជីវិត​គ្រូបង្រៀន​ម្នាក់​ដែល​​បាន​បំពុល​សិស្ស 25 នាក់

    អាជ្ញាធរ​ចិន​ប្រហារជីវិត Wang Yun ជា​គ្រូបង្រៀន​ថ្នាក់​មតេ្តយ្យ​ដែល​បានដាក់​ថ្នាំ​បំពុល​សិស្ស​ចំនួន 25 នាក់​កាលពី​ឆ្នាំ 2019 បណ្ដាលឱ្យ​កុមារ​ម្នាក់​បាត់បង់​ជីវិត។

    Wang Yun អាយុ 40 ត្រូវបាន​កាត់ទោស​ពីបទ​បំពុល​សិស្ស​របស់ខ្លួន​ដោយ​ការដាក់​សូ​ដ្យូ​ម​នីត្រាត​ទៅក្នុង​អាហារ​របស់​សិស្ស។ ដំបូង​ឡើយ Wang Yun ត្រូវបាន​កាត់ទោស​ឱ្យ​ជាប់ពន្ធនាគារ 9 ខែ ពីបទ​មាន​ចេតនា​បង្ក​ឱ្យ​ខូចសុខភាពរបស់​សិស្ស​។ ក៏ប៉ុន្តែ ក្រោយមក កាលពី​ខែកញ្ញា​ឆ្នាំ 2020 សាលក្រម​តុលាការ​ក៏បាន​កែប្រែ នាំឱ្យ​អ្នកគ្រូ​រូបនេះ​ត្រូវ​​ទទួលទោស​ប្រហារជីវិត​។

    យោងតាម​សេចក្ដីប្រកាស​កាលពី​ថ្ងៃទី 14 កក្កដា 2023 Wang Yun ត្រូវបាន​ប្រហារជីវិត​កាលពី​ថ្ងៃទី 13 កក្កដា 2023 នៅក្នុង​ទីក្រុង Jiaozuo នៃ​​ខេត្ត Henan។ សមត្ថកិច្ច​ចិន​មិនបាន​បង្ហើប​ឱ្យដឹង​អំពី​របៀប​នៃ​ការប្រហារជីវិត​នោះទេ នៅក្នុង​ករណីនេះ។

    Wang Yun បានដាក់​សូ​ដ្យូ​ម​នីត្រាត​ទៅក្នុង​បបរ​សម្រាប់​​សិស្ស​កាលពី​ថ្ងៃទី 27 មីនា 2019 នៅឯ​សាលា​​មត្តេយ្យ​​ដែល​ខ្លួន​កំពុង​បង្រៀន បន្ទាប់ពី​បានប្រកែក​គ្នា​ជាមួយនឹង​មិត្ត​រួមការ​ងារ​អំពី​វិធី​គ្រប់គ្រង​សិស្ស។ យោងតាម​ទំព័រ Poison Control ការហូប​ចាំ​សូ​ដ្យូ​ម​នីត្រាត​អាច​នាំឱ្យមាន​បញ្ហា​ខ្វះ​អុកស៊ីសែន ថប់ដង្ហើម កន្ត្រាក់​ដៃជើង ចង្វាក់បេះដូង​មិន​ប្រក្រតី បាត់បង់​ស្មារតី និង​អាច​បាត់​បង់ជីវិត។

    សារធាតុ សូដ្យូមនីត្រាត (sodium nitrate)

    ទង្វើ​របស់ Wang Yun បាន​នាំឱ្យ​សិស្ស 25 នាក់​ពុល​អាហារ ប៉ុន្តែ​ស្ទើរតែ​ទាំងអស់​បានជា​សះស្បើយ​ក្រោយ​ការ​ព្យាបាល​។ ក៏​ប៉ុន្តែ ក្នុងចំណោម​នោះ​មាន​សិស្ស​​ម្នាក់​បាន​ស្លាប់​ក្នុង​ឆ្នាំ 2020 បន្ទាប់ពី​​ការ​ព្យាបាល​​ជំងឺ​ខ្សោយ​គ្រឿងក្នុងដោយ​សារ​តែ​ថ្នាំ​ពុល​អស់​មួយ​រយៈ​ពេល​។

    សិស្ស 25 នាក់របស់ Wang Yun បានក្អួតចង្អោរ និងសន្លប់ក្នុងថ្នាក់រៀន បន្ទាប់ពីបានហូបអាហារដែលមានថ្នាំពុលកាលពីខែមីនា 2019

    ករណី​បំពុល​សិស្ស​ខាងលើនេះ​មិនមែនជា​លើកដំបូង​ឡើយ​ដែល Wang Yun ប្រើប្រាស់​សូ​ដ្យូ​ម​នីត្រាត។ កន្លងមក ជនដៃដល់​នេះ​ក៏​ធ្លាប់​ដាក់​សារធាតុ​នេះ​ដើម្បី​បំពុល​ប្ដី​ខ្លួនឯង បណ្ដាលឱ្យមាន​អា​ការពុល​កម្រិត​ស្រាល​ផងដែរ៕

    សិស្ស 25 នាក់​របស់​ Wang Yun បាន​ក្អួត​ចង្អោរ និង​សន្លប់ក្នុង​ថ្នាក់​រៀន បន្ទាប់​ពី​បាន​ហូប​អាហារ​ដែល​មាន​ថ្នាំ​ពុល​កាល​ពី​ខែ​មីនា 2019

  • បេក្ខភាព​នាយករដ្ឋមន្ត្រី​ថៃ រង​​ការចោទប្រកាន់ថា «មាន​​ផែនការ​ផ្ដួលរំលំ​របប​រាជានិយម»

    បេក្ខភាព​នាយករដ្ឋមន្ត្រី​ថៃ រង​​ការចោទប្រកាន់ថា «មាន​​ផែនការ​ផ្ដួលរំលំ​របប​រាជានិយម»

    តុលាការ​ធម្មនុញ្ញ​ថៃ​បាន​យល់ព្រម​ចាត់ការ​រឿងក្ដី​ដែល​ចោទប្រកាន់​បេក្ខភាព​នាយករដ្ឋមន្ត្រី​មកពី​បក្ស Move Forward លោក Pita ថា មាន​ផែនការ​ផ្ដួលរំលំ​របប​រាជាធិបតេយ្យ​នៅ​ប្រទេស​នេះ។

    មេធាវី Theerayuth Suwankaesorn បានដាក់​ពាក្យបណ្ដឹង​ប្រឆាំងនឹង​បេក្ខភាព​នាយករដ្ឋមន្ត្រី Pita Limjaroenrat ដោយ​ចោទថា លោក និង​បក្ស Move Forward ដែល​បាន​សន្យាថា​នឹង​កែប្រែ​ច្បាប់​ប្រមាថ​ព្រះមហាក្សត្រ គឺមានន័យ​ស្មើនឹង «ការ​ព្យាយាម​ផ្ដួលរំលំ​របប​រាជាធិបតេយ្យ»។ មេធាវី​រូបនេះ​ចង់ឱ្យ​តុលាការ​រំសាយ​បក្ស Move Forward។

    តុលាការ​ធម្មនុញ្ញ​ថៃ កាលពី​ថ្ងៃទី 12 កក្កដា ប្រកាសថា បានទទួល​ចាត់ការ​រឿងក្ដី​នេះ។ តុលាការ​នេះ​ទុកពេល 15 ថ្ងៃ ដើម្បីឱ្យ​បក្ស Move Forward និង​លោក Pita ឆ្លើយតប និង​ការពារ​ខ្លួន​នៅ​ចំពោះមុខ​ពាក្យបណ្ដឹង​របស់ Suwankaesorn។

    នៅក្នុងពេល​ឃោសនា​រក​សំឡេងឆ្នោត បក្ស Move Forward បាន​សន្យាថា នឹងធ្វើ​វិសោធនកម្ម​មាត្រា 112 នៃ​ ​ក្រមព្រហ្មទណ្ឌ​របស់​ប្រទេស​ថៃ។ ច្បាប់​នេះ​បាន​ចែងថា អ្នក​ទាំងឡាយណា​ដែល​បំពាន​ច្បាប់​ប្រមាថ​ព្រះមហាក្សត្រ ឬ​រាជវង្សានុវង្ស នឹង​ត្រូវបាន​កាត់ទោស​ឱ្យ​ជាប់ពន្ធនាគារ​ពី 3 ទៅ 15 ឆ្នាំ។

    បក្ស Move Forward បាន​បកស្រាយ​ថា ពួកគេ​មិន​ស្នើឱ្យ​លុបចោល​ច្បាប់​នេះ​ទាំងស្រុង ប៉ុន្តែ​ចង់​កំណត់ឱ្យ​បានច្បាស់លាស់​ថា មាត្រា​ច្បាប់​នេះ​គួរតែ​ត្រូវបាន​អនុវត្ត​នៅពេល​រាជវង្ស​ថៃធ្វើការ​តវ៉ា ដើម្បី​ចៀស​វា​ង​ការ​​​ប្រើ​អំណាច​តាម​អំពើ​ចិត្ត។

    បេក្ខភាព​នាយករដ្ឋមន្ត្រី​ថៃ លោក Pita Limjaroenrat

    ប្រកាស​របស់​តុលាការ​ធម្មនុញ្ញ​ថៃ ត្រូវបាន​លើកឡើង​ក្នុង​ថ្ងៃ​ដែល​គណៈកម្មការ​រៀបចំ​ការបោះឆ្នោត​ថៃ (EC) ស្នើឱ្យ​មានការ​ព្យួរ​អភ័យឯកសិទ្ធិ​សមាជិកសភា​របស់លោក Pita ក្នុង​គ្រា​ដែល​តុលាការ​ពិនិត្យ​ពាក្យបណ្ដឹង​ដែលថា លោក Pita កាន់កាប់​ភាគហ៊ុន​នៅក្នុង​ក្រុមហ៊ុន​បណ្ដាញ​ផ្សព្វផ្សាយ iTV ដែល​ផ្ទុយ​ពី​ច្បាប់​។

    ក្នុងករណី​មេដឹកនាំ​បក្ស Move Forward បាន​ឆ្លងកាត់​ច្រើន​ដំណាក់កាល​នៅតែ​មិនបាន​ក្លាយជា​នាយករដ្ឋមន្ត្រី បក្ស Pheu Thai ដែលជា​បក្ស​ធំ​លំដាប់​ទី​ពីរ​ក្នុង​សម្ព័ន្ធភាព 8 បក្ស ត្រូវបាន​គេ​ជឿថា នឹង​លើក​តំណាង​មួយរូប​របស់ខ្លួន​ឱ្យធ្វើជា​បេក្ខភាព៕

  • គ្រាន់​តែ​កិន​ឆ្មា​ងាប់​សោះ ក្រុមហ៊ុន​បារាំង​រង​ការពិន័យ​ជា​ប្រាក់​ 3,000 ដុល្លារ​អាម៉េរិក​

    គ្រាន់​តែ​កិន​ឆ្មា​ងាប់​សោះ ក្រុមហ៊ុន​បារាំង​រង​ការពិន័យ​ជា​ប្រាក់​ 3,000 ដុល្លារ​អាម៉េរិក​

    ក្រុមហ៊ុន​គ្រប់គ្រង​ផ្លូវដែក​ជាតិ​បារាំង ត្រូវបាន​ពិន័យ​ជា​ប្រា​ក់ជាង 1,000 ដុល្លារ​អាម៉េរិក ពីបទ​ខ្វះ​ការទទួលខុសត្រូវ ដោយ​សារ​តែ​បាន​កិន​ឆ្មា​សំណព្វ​របស់​អ្នកដំណើរ​ម្នាក់ ​រហូតដល់​ងាប់។

    តុលាការ​បារាំង កាលពី​ថ្ងៃទី 04 កក្កដា បានសម្រេច​ថា ក្រុមហ៊ុន​ផ្លូវដែក​ជាតិ (SNCF) បានធ្វើ​ឱ្យមាន​កំហុស​ទា​ក់​ទិន​នឹង​បញ្ហា​ខ្វះ​ការទទួលខុសត្រូវ បន្ទាប់ពី​មាន​ករណី​រថភ្លើង​មួយ​​ខ្សែ​បាន​កិន​ឆ្មា​សំណព្វ​របស់​អ្នកដំណើរ​រហូតដល់​ងាប់ កាលពី​ខែមករា។

    ការចោទប្រកាន់​ខាងលើ​នេះ​អាចដាក់​ពិន័យ​ជា​ប្រាក់​ឡើងដល់ 75,000 អឺរ៉ូប (ជាង 80,000 ដុល្លារ​អាម៉េរិក) និង​ដាក់ពន្ធនាគារ 5 ឆ្នាំ។ ក៏ប៉ុន្តែ តុលាការ​បានសម្រេច​ពិន័យ​ជា​ប្រាក់​ត្រឹមតែ 1,000 អឺរ៉ូ (ជាង 1,000 ដុល្លារ​អាម៉េរិក) ចំពោះ SNCF។

    SNCF ក៏ត្រូវ​បាន​បញ្ជា​ឱ្យ​បង់ប្រាក់​ជំងឺ​ចិត្ត​បន្ថែមចំនួន 2,000 អឺរ៉ូ (ជិត 2,200 ដុល្លារ​អាម៉េរិក) ដល់​ម្ចាស់​ពីរ​នាក់​របស់​សត្វ​មួយ​ក្បាល​ឈ្មោះ Neko ដែល​ត្រូវ​រថភ្លើង​កិន​នោះ​ផងដែរ។

    រឿងរ៉ាវ​ខាងលើ​បាន​កើតឡើង​កាលពី​ខែមករា 2023។ កាលណោះ Georgia និង​កូនស្រី Melaina អាយុ 15 ឆ្នាំ បានឃើញ Neko លោត​ចុះ​ពី​ថង់ និង​រត់​ទៅកាន់​ផ្លូវដែក​នៅមុន​ពេល​រថភ្លើង​ចេញដំណើរ។ Georgia បាន​ចោទថា បុគ្គលិក​របស់​ក្រុមហ៊ុន​រថភ្លើង​មានចិត្ត​ឃោរឃៅ ព្រោះ​បាន​បដិសេធ​ការស្នើសុំ​ពន្យារ​ការចេញដំណើរ​ពី Paris ទៅកាន់ Bordeaux ដើម្បី​ជួយ​ស្វែងរក​ឆ្មា។

    នៅពេល​រថភ្លើង​ចេញដំណើរ ម្ចាស់​ឆ្មា​ក៏បានឃើញ Neko ត្រូវ​រថភ្លើង​កិន។ ពេលនោះ SNCF ស្នើសុំ​បង់ថ្លៃ​ខូចខាត​ដោយ​សំបុត្រ​រថភ្លើង​មួយ​ទៅកាន់ Bordeaux។

    ករណី​ខាងលើ​ក៏បាន​ធ្វើឱ្យមាន​បាតុកម្ម រួម​នឹង​ញត្តិ​តវ៉ា​ដែលមាន​ស្នាម​មេដៃ​របស់​មនុស្ស​ 100,000 នាក់។ រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​បារាំង Gerald Darmanin និយាយថា លោក​ភ្ញាក់ផ្អើល​ខ្លាំងណាស់​នៅ​ចំពោះ​ហេតុការណ៍​នេះ។ អង្គការ​ការពារ​សិទ្ធិ​សត្វ​មួយ​ក៏បាន​ដាក់​ញត្តិ​តវ៉ា​ចំពោះ SNCF ព្រោះតែ «អំពើហិង្សា​ធ្ងន់ធ្ងរ និង​ឃោរឃៅ​ដែលនាំឱ្យ​សត្វ​ស្លាប់»។

    ចៅក្រម​តុលាការ​បារាំង កាលពី​ថ្ងៃទី 04 កក្កដា 2023 យល់ថា បុគ្គលិក​នៅលើ​រថភ្លើង «មិនបាន​ប្រឹងប្រែង​ក្នុងការ​សង្គ្រោះ​សត្វ​ឆ្មា»។ សាលក្រម​របស់​តុលាការ​នេះ​ក៏​ដើរ​ផ្ទុយ​ពី​អនុសាសន៍​របស់​ក្រុម​រដ្ឋអាជ្ញា ជា​ក្រុម​ដែល​អំពាវនាវ​ឱ្យ​ទម្លាក់ចោល​រាល់​​ការចោទប្រកាន់​ទៅលើ SNCF ដោយ​យល់ថា បុគ្គលិក​របស់​ស្ថាប័ន​នេះ​មិនបាន​បញ្ចេញ​ភាព​គ្មាន​មនុស្សធម៌​។

    នៅលើ​បណ្ដាញ​សង្គម មនុស្ស​មួយចំនួន​បាន​រិះគន់​សាលក្រម​តុលាការ​ខាងលើ។ អ្នកខ្លះ​ថា លើក​ក្រោយ​បើ​មាន​ករណីនេះ​កើតឡើង ពួកគេ​គិតថា ម្ចាស់​សត្វ​ត្រូវតែ​បង់ថ្លៃ​ខាតបង់​ពេលវេលា​ដល់​អ្នក​ដំណើរ​ដទៃ​ នៅពេល​រថភ្លើង​ត្រូវបាន​ពន្យារ​ពេល​ចេញដំណើ​រ៕

  • លាក់បាំង​រឿង​ម្ដាយ​ស្លាប់​ បន្លំ​​ខ្លួន​​ជាង 30 ឆ្នាំ ស៊ីប្រាក់​រដ្ឋ​ជាង 8 សែន​ដុល្លារ

    លាក់បាំង​រឿង​ម្ដាយ​ស្លាប់​ បន្លំ​​ខ្លួន​​ជាង 30 ឆ្នាំ ស៊ីប្រាក់​រដ្ឋ​ជាង 8 សែន​ដុល្លារ

    (សហរដ្ឋ​អាម៉េរិក) – បុរស​ម្នា​ក់នៅ California បាន​សារភាពថា បាន​លាក់បាំង​រឿង​ម្ដាយ​ស្លាប់​ជាង 30 ឆ្នាំ ដើម្បី​ទទួលបាន​ប្រាក់​របប​សន្តិសុខ​សង្គម និង​ប្រាក់ខែ​ចូលនិវត្តន៍​របស់​ម្ដាយ។

    Randy Grossman រដ្ឋអាជ្ញា​នៅ California ខាងត្បូង បានឱ្យដឹងថា Donald Felix Zampach អាយុ 65 ឆ្នាំ រស់នៅ​តំបន់ Poway បាន​បន្លំ​ជា​ម្ដាយ​ ទទួល​ប្រាក់​មូលនិធិ​សាធារណៈ​ចំនួន 830,000 ដុល្លារ និង​ប្រាក់​ជិត 30,000 ដុល្លារ ពី​ប័ណ្ណឥណទាន ក្នុង​រយៈពេល 30 ឆ្នាំ។ នេះ​បើតាម Guardian ចុះផ្សាយ​កាលពី​ថ្ងៃទី 03 កក្កដា 2023។

    ករណីនេះ​ចាប់ផ្ដើម​តាំងពី​ឆ្នាំ 1990 នៅពេល​ម្ដាយ​របស់ Zampach បានទទួល​មរណភាព​នៅ​ប្រទេស​ជប៉ុន។ មុនពេល​ម្ដាយ​ស្លាប់ លោក Zampach បាន​ប្ដូរ​ឈ្មោះ​កម្មសិទ្ធិ​កាន់កាប់​ផ្ទះ​របស់​ម្ដាយ​នៅ California ខាងត្បូង មកជា​ឈ្មោះ​ខ្លួន។

    ច្រើន​ឆ្នាំ​ក្រោយមក បុរស​នេះ​នៅតែ​រក្សា​គណនី​ធនាគារ​របស់​ម្ដាយ និង​បន្លំ​ហត្ថលេខា​របស់​ម្ដាយ​។ Zampach មិនបាន​រាយការណ៍​ប្រាប់​សមត្ថកិច្ច​អំពី​ការស្លាប់​របស់​ម្ដាយ​ដើម្បីឱ្យ​រដ្ឋ​​ឈប់​ផ្ដល់​ប្រាក់ខែ និង​ប្រាក់ឧបត្ថម្ភ។ ម្ដាយ​របស់ Zampach ធ្លាប់​បម្រើការ​ក្នុង​ជួរ​កងទ័ព។

    «នេះ​គឺជា​សកម្មភាព​បោកប្រាស​ដែលមាន​ផែនការ​ក្នុង​រយៈពេល 30 ឆ្នាំ ហើយ​ត្រូវតែ​ចាត់ការ​ឱ្យបាន​ម៉ឺងម៉ាត់» Grossman ថ្លែង​ដូច្នេះ។

    Zampach បាន​សារភាព​កំហុស និង​ត្រូវបានការ​​អនុញ្ញាតឱ្យ​នៅក្រៅ​ឃុំ។ បុរស​នេះ​នឹង​ត្រូវបាន​កាត់ទោស​នៅ​ថ្ងៃទី 20 កញ្ញា​ខាងមុខ ហើយ​អាច​ប្រឈម​នឹង​ការជាប់​ពន្ធនាគារ 25 ឆ្នាំ។ ជននេះ​ក៏​នឹងត្រូវរដ្ឋ​​រឹបអូស​យក​ផ្ទះ​នៅ Poway ដើម្បី​ជា​សំណង 830,000 ដុល្លារ​ដែល​បាន​បន្លំ​យក។

    ក្នុង​ឆ្នាំ 2020 ពលរដ្ឋ​ជិត 70 លាន​នាក់​បានទទួល​ប្រាក់ខែ​ចូលនិវត្តន៍​នៅ​សហរដ្ឋ​អាម៉េរិក ក្នុងនោះ​មាន​ករណី​បន្លំ​ក្រោម 1%៕

  • ស្ត្រី​​ជាប់ពន្ធនាគារ​ព្រោះ​​សម្លាប់​កូន​បួន​នាក់នៅ​អូស្ត្រាលី​ ត្រូវបាន​ដោះលែង

    ស្ត្រី​​ជាប់ពន្ធនាគារ​ព្រោះ​​សម្លាប់​កូន​បួន​នាក់នៅ​អូស្ត្រាលី​ ត្រូវបាន​ដោះលែង

    Kathleen Folbigg ជា​ស្ត្រី​ម្នាក់​ដែល​ធ្លាប់​ត្រូវបាន​កាត់ទោស​ពីបទ​សម្លាប់​កូនតូច​បួន​នាក់ ត្រូវបាន​ដោះលែង​ពី​ពន្ធនាគារ​ ក្រោយ​រយៈពេល 20 ឆ្នាំ នៅពេល​មានការ​សង្ស័យថា ត្រូវបាន​កាត់ទោស​ដោយ​អយុត្តិធម៌។

    ប្រធាន​តុលាការ New South Wales កាលពី​ថ្ងៃទី 05 មិថុនា 2023 បានឱ្យដឹងថា បាន​ពិភាក្សា​ជាមួយ​អភិបាលរដ្ឋ​នេះ និង​បានស្នើ​ឱ្យមាន​ការដោះលែង​ដោយ​គ្មាន​លក្ខខណ្ឌ​ចំពោះ Kathleen Folbigg ក្រោយពី​លទ្ធផល​នៃ​ការស្រាវជ្រាវ​បឋម​បង្ហាញថា មាន​ចំណុច​ខុស​ប្រក្រតី​ទាក់ទិន​នឹង​ការកាត់ទោស​ស្ត្រី​ដែល​ត្រូវបាន​ចោទថា​បានសម្លាប់​កូនតូច​បួន​នាក់។ Folbigg ត្រូវបាន​ដោះលែង​ក្នុង​ថ្ងៃ​ដដែល។

    Kathleen Folbigg អាយុ 55 ឆ្នាំ បាន​ជាប់ពន្ធនាគា​រកា​លពី​ឆ្នាំ 2003 ដោយ​ត្រូវបាន​កាត់ទោស​ពីបទ​សម្លាប់​មនុស្ស បន្ទាប់ពី​កូន​បួន​នាក់​របស់គាត់​បាន​ស្លាប់​ជា​បន្តបន្ទាប់​ក្នុង​រង្វង់​ជាង​មួយ​ទសវត្សរ៍ ចាប់ពី​ឆ្នាំ 1989។ Folbigg សុទ្ធតែជា​អ្នករក​ឃើញ​សាកសព​របស់កូនៗ ប៉ុន្តែ​ពុំមាន​ភស្ដុតាង​អ្វីដែល​បញ្ជាក់ថា ស្ត្រី​រូបនេះ​ជា​ជនដៃដល់។

    Kathleen Folbigg ត្រូវជាប់​​ពន្ធនាគារ​ក្រោយពី​តុលាការ​យល់ថា លទ្ធភាព​ដែល​ក្មេង​បួន​នាក់​ក្នុង​គ្រួសារ​សុទ្ធតែ​បាន​ស្លាប់​ដោយ​គ្មាន​មូលហេតុ​គឺជា​រឿង «ពិបាក​ទៅរួច»។ ការសម្រេច​របស់​តុលារ​ក៏​យោងទៅលើ​ខ្លឹមសារ​នៅក្នុង​កំណត់ហេតុ​របស់ Folbigg ដែល​បាន​សរសេរ​អំពី​ការចាកចេញ​របស់កូនៗផងដែរ។

    កាល​ពី​មាន​អាយុ 20 ឆ្នាំ Kathleen Folbigg បាន​រៀបការ​ជាមួយ Craig Folbigg។ ក្នុង​រង្វង់​មួយឆ្នាំ Folbigg ក៏មាន​កូននៅ​ក្នុង​ឆ្នាំ 1989 ប៉ុន្តែ​កូន​ច្បង​នេះ​បាន​ស្លាប់​ទៅវិញ​​ក្រោយ​ការ​ចាប់​កំណើត​បាន​​19 ថ្ងៃ។ មួយឆ្នាំ​បន្ទាប់ Folbigg បង្កើតបាន​កូនប្រុស​ឈ្មោះ Patrick តែ​ក៏បាន​ស្លាប់​ពេល​មាន​អាយុ 8 ខែ។ ពីរ​ឆ្នាំ​បន្ទាប់មកទៀត កូន​ទី​បី​ឈ្មោះ Sarah របស់ Folbigg ក៏បាន​ស្លាប់​ក្នុង​​​អាយុ 10 ខែ។ ចំណែក​កូនពៅ​ឈ្មោះ Laura កើត​ឆ្នាំ 1999 ក៏​ឃើញ​ពន្លឺ​ថ្ងៃ​បានតែ 18 ខែ។

    ពេល Laura បាន​ស្លាប់ សមត្ថកិច្ច​ក៏​បើក​ការស៊ើបអង្កេត ហើយពីរ​ឆ្នាំ​ក្រោយមក តុលាការ​ក៏​កាត់ទោស​ដាក់ពន្ធនាគារ​ចំពោះ Folbigs។

    Kathleen Folbigg មិន​ព្រម​ទទួលកំហុស ប៉ុន្តែ​នៅតែ​ត្រូវ​ជាប់ពន្ធនាគារ 40 ឆ្នាំ។ កាលពី​ឆ្នាំ 2019 រឿងក្ដី​របស់ Kathleen Folbigg ក៏​ត្រូវបាន​សមត្ថកិច្ច​ស៊ើបអង្កេត​ឡើងវិញ ហើយក៏​រកឃើញ​ចំណុច​គួរឱ្យ​សង្ស័យ។ កាលពី​ឆ្នាំ 2022 ការស៊ើបអង្កេត​មួយ​ផ្សេងទៀត​ក៏ត្រូវ​បានធ្វើ​ឡើង បន្ទាប់ពី​ក្រុម​អ្នកវិទ្យាសាស្ត្រ​បង្ហាញ​ភស្ដុតាង​បញ្ជាក់ថា មូលហេតុ​នៃ​ការស្លាប់​របស់​ក្មេង​ទាំង​បូ​ន​នាក់​ខាងលើ​គឺ​ដោយសារ​ជំងឺ​តំណពូជ៕

  • វីដេអូ​៖ តំណាង​រាស្ត្រ​ប្រហែល​ម្ភៃ​នាក់​វាយ​តប់​គ្នា​ក្នុង​សភា​នៅ​បូលីវី

    វីដេអូ​៖ តំណាង​រាស្ត្រ​ប្រហែល​ម្ភៃ​នាក់​វាយ​តប់​គ្នា​ក្នុង​សភា​នៅ​បូលីវី

    តំណាង​​រាស្ត្រ​ច្រើន​រូប​នៅ​សភា​បូលីវី វាយតប់ បោចសក់​គ្នា​នៅក្នុង​សភា​នៅ​ពេល​តំណាង​រដ្ឋាភិបាល​វាយ​ការណ៍​អំពី​ការ​ដាក់​ពន្ធនាគារ​ចំពោះ​អតីត​អភិបាល​​មួយ​រូប​។

    រដ្ឋមន្ត្រី​ Eduardo del Castillo កាល​ពី​ថ្ងៃទី 23 ឧសភា ត្រូវ​បាន​សភា​បូលីវី​កោះហៅ​ឱ្យ​ចូល​មក​រាយការណ៍​អំពី​ករណីលោក​​ Luis Fernando Camacho អតីត​អភិបាល​​តំបន់ Santa Cruz និង​ជា​អ្នក​នយោបាយ​ដ៏ល្បី​ឈ្មោះ​របស់​បក្ស​ប្រឆាំង​ ដែល​ត្រូវ​បាន​កាត់​ទោស​ឱ្យ​ជាប់​ពន្ធនាគារ​ 12 ឆ្នាំ ក្រោម​ការ​ចោទ​ប្រកាន់​ថា មាន​ផែនការ​ធ្វើ​រដ្ឋប្រហារ​។

    លោក Castillo ការ​ពារ​សេចក្ដីសម្រេច​ចំពោះ​ការ​កាត់​ទោស​អតីត​អភិបាល​ Camacho ព្រម​ទាំង​បាន​រិះ​គន់​ថា​ ក្រុម​តំណាង​រាស្ត្រ​បក្ស​របស់​លោក Camacho ជា​ «ក្រុម​ជ្រុល​និយម លួច​ប្លន់ ហិង្សា ចូល​ចិត្ត​រឹប​អូប​ទ្រព្យ​​របស់​ប្រជាជន​បូលីវី»។

    ​ពេល​លោក Castillo កំពុងនិយាយ​ តំណាង​រាស្ត្រ​មួយ​ក្រុម​របស់​បក្ស​ប្រឆាំង​ នាំ​គ្នា​លើក​បដា​​ប្រឆាំង​នឹង​ការ​ដាក់​ទោស​លើ​លោក Camacho អម​នឹង​អក្សរមួយ​ឃ្លា «រដ្ឋមន្ត្រី​ភេរវកម្ម»។ ក្នុង​ពេល​តំណាង​រាស្ត្រ​មួយ​ក្រុម​ដែល​គាំទ្រ​រដ្ឋាភិបាល​ព្យាយាម​ដណ្ដើម​យក​បដា ភ្លាម​នោះ​ តំណាង​រាស្ត្រ​ប្រហែល​ 20 នាក់​ ភាគ​ច្រើន​ជា​ស្ត្រី ក៏​​ចូល​ទៅ​វាយ​តប់​ និង​បោច​សក់​គ្នា​ក្នុង​សភា។

    ប៉ុន្មាន​នាទី​ក្រោយ​មក ហេតុ​ការណ៍​វាយ​តប់​គ្នា​ក៏បាន​បញ្ចប់​នៅ​ពេល​ក្រុម​តំណាង​រាស្ត្រ​ជា​បុរស​ចូល​ធ្វើ​អន្តរាគមន៍​។ ក្នុង​ហេតុ​ការណ៍​នេះ​ពុំ​មាន​អ្នក​រង​របួសធ្ងន់​ធ្ងរ​​នោះ​ទេ​។

    នេះ​គឺជា​ហេតុការណ៍​ថ្មី​បំផុត​ដែល​បង្ហាញ​អំពី​ស្ថានការណ៍​ប្រកាន់​បក្ស​ពួក​ក្នុងរឿង​នយោបាយ​នៅ​ ​បូលីវី​ ជា​ប្រទេស​ដែល​បក្ស​ប្រឆាំង​ប្រកាស​ថា សកម្មជន​បក្ស​ប្រឆាំង​ប្រហែល 180 នាក់​កំពុង​ត្រូវ​បាន​ឃុំ​ខ្លួន​។

    រដ្ឋាភិបាល​របស់​ប្រធានាធិបតី Luis Arce បាន​ចោទ​ប្រកាន់​សកម្មជន​ទាំង​នោះ​ថា បាន​គាំទ្រ​រដ្ឋប្រហារ​ប្រឆាំង​អតីត​ប្រធានាធិបតី​​ Evo Morales កាល​ពី​ឆ្នាំ 2019 និង​ជួយ​ឱ្យលោក​ស្រី Jeanine Anez អ្នក​នយោបាយ​ស្ដាំនិយម​ឡើង​កាន់​អំណាច​។

    យោង​តាម AFP លោក Arce ធ្លាប់​ជា​រដ្ឋមន្ត្រី​សេដ្ឋកិច្ច​ក្នុង​សម័យ​ប្រធានាធិបតី Morales និង​ត្រូវ​សុំ​សិទ្ធិ​ជ្រក​កោន​នៅ​ប្រទេស​ម៉ិកស៊ិក នៅ​ពេល​លោក Morales ត្រូវ​បាន​ផ្ដួល​រំលំ​។ ក្រោយ​មក លោក Arce ក៏​បាន​ត្រលប់​មក​ប្រទេស​ និង​ត្រូវ​បាន​បោះ​ឆ្នោត​ជា​ប្រធានាធិបតី​បូលីវី​កាល​ពី​ឆ្នាំ 2020​ គ្រា​ដែល​លោក​ស្រី Anez ត្រូវ​បាន​កាត់​ទោស​ឱ្យ​ជាប់​ពន្ធនាគារ​៕

  • កូរ៉េខាង​ជើង​ឆ្នាំ​2020៖ ករណី​ប្រហារ​ជីវិត​ព្រោះ​តែ​មើល​ភាព​យន្ត​កូរ៉េខាងត្បូង​​ មាន​ការ​កើន​ឡើង

    កូរ៉េខាង​ជើង​ឆ្នាំ​2020៖ ករណី​ប្រហារ​ជីវិត​ព្រោះ​តែ​មើល​ភាព​យន្ត​កូរ៉េខាងត្បូង​​ មាន​ការ​កើន​ឡើង

    ជីវភាព​រស់​នៅ​របស់​ប្រជា​ជន​កូរ៉េខាង​ជើង​ក្រោម​ការ​គ្រប់​គ្រង​របស់​គ្រួសារ​ត្រកូល​ Kim នៅតែជា​អាថ៌កំបាំង​ដែល​ពិភពលោក​ចាប់​អារម្មណ៍​។ ក្នុង​សៀវ​ភៅ​ “សៀវ​ភៅ​ស​ស្ដី​អំពី​សិទ្ធិ​មនុស្សរបស់​កូរ៉េខាង​ជើង​​ឆ្នាំ​2020​” របស់​​វិទ្យា​ស្ថាន​បង្រួប​បង្រួម​កូរ៉េ​ខាង​ត្បូង​ (Korea Institute for National) ដែល​ត្រូវ​បាន​ចេញ​ផ្សាយ​កាល​ពី​ថ្ងៃទី​12​ឧសភា​កន្លង​ទៅ​ បាន​បង្ហាញ​ថា ក្នុង​រយៈ​ពេល​ច្រើន​ឆ្នាំ​ចុង​ក្រោយ​នេះ ករណី​កាត់​ទោស​ប្រហារ​ជីវិត​នៅ​កូរ៉េខាង​ជើង​មាន​ការ​កើន​ឡើង​ខ្ពស់​ ពិសេស​គឺ​ពាក់​ព័ន្ធ​នឹង​ការ​ប្រើ​ប្រាស់​គ្រឿង​ញៀន ការ​រក្សា​ទុក​ និងចែក​រំលែក​ខ្សែ​ភាព​យន្ត​​កូរ៉េខាង​ត្បូង​ ទន្ទឹម​នឹង​​នេះ ការ​ផ្សព្វផ្សាយ​សាសនា​គ្រិស្ត​ និង​រក្សា​ទុក​គម្ពីរ​គ្រិស្ត​សាសនា​ក៏​ត្រូវ​បាន​កាត់ទោស​ប្រហារ​ជីវិតផង​ដែរ​។

    រូបភាព​៖ យោង​តាម​ “សៀវ​ភៅ​ស​ស្ដី​អំពី​សិទ្ធិ​មនុស្សរបស់​កូរ៉េខាង​ជើង​​ឆ្នាំ​2020​” ស្ថាន​ភាព​នៃ​ការណី​ប្រហារ​ជីវិត​​នៅ​កូរ៉េខា​ង​ជើង​​បង្ហាញ​ថា​ ការ​ចែក​ចាយ​ និងប្រើ​ប្រាស់គ្រឿង​ញៀន​ ការ​មើល​និង​ចែក​រំលែក​ភាព​យន្ត​ទូរទស្សន៍​កូរ៉េខាង​ត្បូង​ ការ​ផ្សព្វ​ផ្សាយ​សាសនា​គ្រិស្ត​និង​រក្សា​គម្ពីរ​គ្រិស្ត​សាសនា​​នៅ​ក្នុង​ប្រទេស​នេះ​​មាន​ការ​កើន​ឡើង​​

    យោងតាម​សារព័ត៌មាន​ JoongAng Ilbo របស់​រដ្ឋាភិបាល​កូរ៉េ​ខាង​ត្បូង​ ខ្លឹម​សារ​របស់​សៀវ​ភៅ​ស​បាន​ឱ្យ​ដឹង​ថា ស្ថាន​ភាព​ប្រជាជន​នៅ​កូរ៉េខាង​ជើង​ដែល​ទស្សនា​និងចែក​រំលែក​ខ្សែ​ភាព​យន្ត​ទូរទស្សន៍​របស់​កូរ៉េខាង​ត្បូង​មាន​ការ​កើន​ឡើង​ច្រើន​ ធ្វើ​ឱ្យ​រដ្ឋាភិបាល​ទីក្រុង​ព្យុង​យ៉ាង​​រឹត​បន្តឹង​ការ​ហាម​ និង​ការ​ដាក់​ទណ្ឌ​កម្ម​។ ពលរដ្ឋ​​ម្នាក់​ដែល​បាន​រត់​ចេញ​ពី​ប្រទេស​កូរ៉េខាង​ជើង​​បាន​សម្រេច​ បាន​និយាយ​ថា កាល​ពី​ឆ្នាំ​2014​ នៅ​ទីលាន​មួយ​ក្នុង​ខេត្ត​ North Hamgyong រដ្ឋ​អំណាច​បាន​ប្រហារ​ជីវិត​ពលរដ្ឋ​​ដែល​បាន​រត់​ពន្ធ​ថាស​ភាព​យន្ត​ទូរ​ទស្សន៍​កូរ៉េខាង​ត្បូង​ និង​អ្នក​ជួញ​ដូរ​ថ្នាំ​ញៀន។ ក្នុង​ឆ្នាំ​ដដែល​ រដ្ឋ​អំណាច​ខេត្ត​​ Ryanggang ក៏​បាន​ប្រហារ​ជីវិត​បុរស​2នាក់​​ដោយ​ចោទ​ប្រកាន់​ថា​បាន​ចែក​ចាយ​ខ្សែ​ភាព​យន្ត​កូរ៉េខាង​ត្បូង​ និង​ផ្ដល់​អាសយដ្ឋានទីតាំង​​អ្នក​រក​ស៊ី​ផ្លូវ​ភេទ។

    កូរ៉េខាង​ជើង​ឆ្នាំ​2020៖ ករណី​ប្រហារ​ជីវិត​ព្រោះ​តែ​មើល​ភាព​យន្ត​កូរ៉េខាងត្បូង​​ មាន​ការ​កើន​ឡើងអ្នក​រត់​គេច​ខ្លួន​ពី​កូរ៉េខាង​ជើង​ក៏បាន​និយាយថា រដ្ឋាភិបាល​ប្រទេស​នេះ​បាន​ហាម​ការ​ផ្សព្វ​ផ្សាយ​សាសនា​គ្រិស្ត​ផងដែរ​ ហើយ​អ្នក​ដែល​រក្សា​ទុក​គម្ពីរ​គ្រិស្ត​​សាសនា​ក៏​នឹង​ត្រូវ​ប្រហារ​ជីវិត​ជា​សាធារណៈ។ ស្ថាន​ភាព​សិទ្ធិ​មនុស្ស​នៅ​ក្នុង​បណ្ដា​ពន្ធ​នាគារ​របស់​កូរ៉េខាង​ជើង​​ មាន​លក្ខណៈ​អាក្រក់​ជាង​ការ​ស្មាន​ទៅ​ទៀត​ ដោយ​រដ្ឋ​អំណាច​​តែ​ង​តែ​ធ្វើការ​ហួស​ពី​ច្បាប់​ដែល​បាន​កំណត់​ ពួកគេ​ប្រហារ​ជីវិត​មនុស្ស​ដោយ​មិន​បាច់​មាន​ការ​កាត់​ទោស​។ ជនជាតិកូរ៉េខាង​ជើង​​​ដែល​បាន​រត់​ចោល​ប្រទេស​បាន​ថ្លែង​ថា កន្លង​មក​ នៅ​ក្នុង​ជំរំ​អ្នក​ទោស​ Chongori នៅ​ខេត្ត North Hamgyong មាន​ករណី​អ្នក​ទោស​វាយ​តប់​គ្នា​​ដែល​ធ្វើ​ឱ្យ​អ្នក​ទោស​ម្នាក់​ស្លាប់ ក្រោយ​មក​អ្នក​ទោស​​ម្នាក់​ដែល​បាន​ចូល​រួម​ក្នុង​ការ​វាយ​គ្នា​នោះក៏​ត្រូវ​បាន​ប្រហារ​ជីវិត​ដោយ​ការ​បាញ់​សម្លាប់​នៅ​នឹង​មុខ​​អ្នក​ទោស​ផ្សេង​ទៀត​។

    “សៀវ​ភៅ​ស​ស្ដី​អំពី​សិទ្ធិ​មនុស្សរបស់​កូរ៉េខាង​ជើង​​ឆ្នាំ​2020​” ក៏​បាន​ឱ្យ​ដឹង​ថា បើ​ទោះ​ជា​អាជ្ញាធរ​កូរ៉េខាង​ជើង​តែង​តែ​ប្រហារ​ជីវិត​ជា​សាធារណៈ ប៉ុន្តែ​ក្នុង​មួយរយៈ​ពេល​ចុង​ក្រោយ​នេះ ក្រុម​មេដឹក​នាំ​​បាន​កាត់​បន្ថយ​ការ​បង្ខិត​បង្ខំ​ឱ្យពលរដ្ឋ​មូលដ្ឋាន​​ទៅ​មើល​​ការ​ប្រហារ​ជីវិត​របស់​រដ្ឋ​អំណាច ដូច្នេះ តួលេខ​នៃ​អ្នក​ទៅ​មើល​ការ​ប្រហារ​ជីវិត​នៅ​កូរ៉េខាង​ជើង​មាន​ការ​ថយ​ចុះ​ច្រើន​​ជា​បន្ត​បន្ទាប់​។

    សោកនាដកម្ម​នៅ​ក្នុង​ជំរំអ្នក​ទោស​

    យោង​តាម​សារ​ព័ត៌មាន​ The Asahi Shimbun របស់​ជប៉ុន កាល​ពី​ឆ្នាំ​2018​ បាន​ចេញផ្សាយ​ថា ស្ថាប័ន​នេះ​បាន​សម្ភាស​ជាមួយ​ស្ត្រី​ជនជាតិ​កូរ៉េខាង​ជើង​ម្នាក់​ដែល​មាន​ឈ្មោះ​សម្គាល់​ថា Eun-sook ដែល​ធ្លាប់​ត្រូវ​បាន​ឃុំ​ខ្លួន​នៅ​ក្នុង​ជំរំ​អ្នក​ទោស​ Chongori​ (ឬ​ហៅថា​ជំរំ Kyo-hwa-so No.12) ក្នុង​ទីក្រុង​ Hoeryong ខែត្ត​ North Hamgyong។

    កូរ៉េខាង​ជើង​ឆ្នាំ​2020៖ ករណី​ប្រហារ​ជីវិត​ព្រោះ​តែ​មើល​ភាព​យន្ត​កូរ៉េខាងត្បូង​​ មាន​ការ​កើន​ឡើង
    ជំរំ​ពលកម្ម​មួយ​នៅ​កូរ៉េខាង​ជើង​ (North Korea’s gulag in Siberia, Khabarovsk Territory, Chegdomynsky District, Zimovye, 2001. Photo / Getty Images)

    Eun-sook បាន​ឱ្យ​ដឹង​ថា ជំរំអ្នក​ទោស​ខាងលើ​នេះ​មាន​អ្នក​ទោស​ភេទ​ប្រុស​សរុប​ប្រហែល​2,000​នាក់ និង​ស្រី​600​នាក់​ ដែល​ភាគ​ច្រើន​ (60%) ជា​អ្នក​រត់​គេច​ខ្លួន​ពី​ប្រទេសកូរ៉េខាង​ជើង​ ​ប៉ុន្តែ​ត្រូវ​ចិន​បញ្ជូន​ត្រឡប់​មក​ស្រុក​​វិញ​ ហើយ​ក្រៅ​ពី​នេះ​គឺជា​អ្នក​ទោស​គ្រឿង​ញៀន​ និង​អ្នក​ទោស​លួច​មើល​ខ្សែ​ភាព​យន្ត​កូរ៉េខាង​ត្បូង​។ នៅ​ក្នុង​បន្ទប់​ឃុំខ្លួន​ អ្នក​ទោស​មាន​ចំនួន​ច្រើន គឺ​ច្រើន​​រហូត​ដល់​ពេល​គេង​ ពួកគេ​ស្ទើរ​តែ​មិន​អាច​រើ​ខ្លួន​រួច​។

    Eun-sook បន្ត​ថា អ្នកទោស​ក្នុង​ជំរំ​នេះ​បាន​ធ្លាក់​ខ្លួន​ឈឺជា​បន្ត​បន្ទាប់​ និង​ស្លាប់​ដោយ​សារ​តែ​កង្វះ​អាហារូបត្ថម្ភ ឬ​កង្វះ​អនាម័យ​។ នៅ​ទី​នេះ អ្នក​ទោស​ម្នាក់​នឹង​ទទួល​បាន​អាហារ​ជា​ម្សៅ​ពោធ​ត្រឹម​តែ​150​ក្រាម​ និង​សម្ល​ប្រៃ​មួយ​កូន​ចាន​ប៉ុណ្ណោះសម្រាប់​អាហារ​មួយ​ពេល​។

    ឆ្នាំ​2012 របាយ​ការណ៍​របស់​គណៈកម្មធិការ​សិទ្ធិ​មនុស្ស​កូរ៉េខាង​ជើង​ (Committee for Human Rights in North Korea) ដែល​ជា​អង្គ​ការ​សិទ្ធិ​មនុស្ស​មួយ​របស់​សហរដ្ឋ​អាមេរិក​ក៏​បាន​ដក​ស្រង់​សម្ដី​ពល​រដ្ឋ​ម្នាក់​ដែល​បាន​រត់​រួច​ពី​ទឹក​ដី​កូរ៉េខាង​ជើង​ ដែល​ធ្លាប់​ត្រូវ​ឃុំ​ខ្លួន​នៅ​ជំរំ​អ្នក​ទោស​ Kyo-hwa-so No.12 បាន​ឱ្យ​ដឹង​ថា អ្នក​ទោស​ប្រហែល​800​នាក់​បាន​ស្លាប់​នៅក្នុង​ជំរំ​ ក្នុង​អំឡូង​8​ខែ​ដែល​គាត់​ត្រូវ​ជាប់​ឃុំ​នៅ​ទីនោះ​។

    កូរ៉េខាង​ជើង​ឆ្នាំ​2020៖ ករណី​ប្រហារ​ជីវិត​ព្រោះ​តែ​មើល​ភាព​យន្ត​កូរ៉េខាងត្បូង​​ មាន​ការ​កើន​ឡើងពន្ធ​នាគារ​គួរ​ឱ្យ​ខ្លាច​នៅ​កូរ៉េខាង​ជើង​

    យោង​តាម​ BBC កាល​ពីឆ្នាំ​2012 អ្នក​ផ្សព្វ​ផ្សាយ​សាសនា​ម្នាក់​ឈ្មោះ Kenneth Bae ត្រូវ​បាន​អាជ្ញាធរ​កូរ៉េខាង​ជើង​ចាប់​ខ្លួន​​ ព្រោះ​តែ​ត្រូវ​បាន​គេ​ចាត់​ទុក​ថា​ជា​សត្រូវ​របស់​ប្រទេស​ជាតិ​។ Kenneth Bae គឺជា​ជន​ជាតិ​កូរ៉េខាង​ត្បូង ប៉ុន្តែ​មាន​សញ្ជាតិ​អាមេរិកាំង​។ គាត់​បាន​ទៅកាន់​កូរ៉េខាង​ជើង​ជា​ច្រើន​លើក ហើយ​នៅ​ពេល​ត្រូវ​បាន​ចាប់​ខ្លួន​ គេ​រកឃើញ​​ឧបករណ៍​មួយ​ដែល​មាន​ផ្ទុក​ព័ត៌មាន​ស្ដីអំពី​សាសនា​គ្រិស្ត​។ ដោយ​សារ​តែ​ភ័ស្តុ​តាង​នេះ​ហើយ ទើប​លោក​ត្រូវ​បាន​កាត់​ទោស​ឱ្យ​ជាប់​ពន្ធនាគារ​រយៈ​ពេល​15​ឆ្នាំ​។

    Kenneth Bae បាន​សរសេរ​​នៅក្នុង​សៀវ​ភៅ​កំណត់​ហេតុ​របស់​លោក​ថា ក្នុង​ខែ​ដំបូង​នៃ​ការ​ជាប់​ពន្ធ​នាគារ​ លោក​ក៏ត្រូវ​មន្ត្រី​ពន្ធ​នាគារ​ហៅ​ទៅ​សួរ​នាំ​តាំង​ពីម៉ោង​8​ព្រឹក​ដល់​ម៉ោង​10 ឬ​11​យប់​ ហើយ​ក្រោយ​មក​ក៏បាន​បង្ខំ​ឱ្យ​លោក​សរសេរ​ពាក្យ​សុំ​ទោស​រាប់សិប​ទំព័រ។ ​ចុងក្រោយ​ក៏បាន​បញ្ជូន​លោក​ទៅកាន់​ជំរំ​ពលកម្ម ដែល​នៅក្នុង​ជំរំនេះ អ្នកទោស​ត្រូវ​ក្រោក​ពី​ម៉ោង​6ព្រឹក​ បន្ទាប់​មក​ត្រូវ​ធ្វើ​ការ​ងារ​ធ្ងន់​ធ្ងរ​គ្រប់​យ៉ាង។ ក្នុង​1សប្ដាហ៍​ អ្នក​ទោស​ត្រូវ​ជញ្ជូន​ថ្ម​ និង​រក​រ៉ែ​ធ្យូងថ្ម​ចាប់​ពី​ម៉ោង​8​ព្រឹក​ដល់​ម៉ោង​6​ល្ងាច។ លោក Kenneth Bae បន្ត​ថា ក្នុង​រយៈ​ពេល​735​ថ្ងៃ​នៃ​ការ​ទទួលទោស​ដោយ​ពលកម្ម រាងកាយ​របស់​លោក​ត្រូវ​ស្រក​ទម្ងន់​ប្រហែល​27​គីឡូក្រាម​ ហើយ​សុខ​ភាព​ក៏ទ្រុឌ​ទ្រោម​ ដែល​សព្វ​ថ្ងៃ​លោក​ត្រូវ​ទៅ​ពេទ្យ​ជា​ញឹក​ញាប់​។ ក្រៅ​ពី​រង​ផល​វិបាក​ផ្នែក​រាងកាយ លោក Kenneth Bae ក៏​បាន​រង​ផល​វិបាក​ផ្នែក​សតិ​អារម្មណ៍​ផងដែរ​៕

    ប្រភព៖ សារ​ព័ត៌មានបរទេស