លាក់បាំង​រឿង​ម្ដាយ​ស្លាប់​ បន្លំ​​ខ្លួន​​ជាង 30 ឆ្នាំ ស៊ីប្រាក់​រដ្ឋ​ជាង 8 សែន​ដុល្លារ

(សហរដ្ឋ​អាម៉េរិក) – បុរស​ម្នា​ក់នៅ California បាន​សារភាពថា បាន​លាក់បាំង​រឿង​ម្ដាយ​ស្លាប់​ជាង 30 ឆ្នាំ ដើម្បី​ទទួលបាន​ប្រាក់​របប​សន្តិសុខ​សង្គម និង​ប្រាក់ខែ​ចូលនិវត្តន៍​របស់​ម្ដាយ។

Randy Grossman រដ្ឋអាជ្ញា​នៅ California ខាងត្បូង បានឱ្យដឹងថា Donald Felix Zampach អាយុ 65 ឆ្នាំ រស់នៅ​តំបន់ Poway បាន​បន្លំ​ជា​ម្ដាយ​ ទទួល​ប្រាក់​មូលនិធិ​សាធារណៈ​ចំនួន 830,000 ដុល្លារ និង​ប្រាក់​ជិត 30,000 ដុល្លារ ពី​ប័ណ្ណឥណទាន ក្នុង​រយៈពេល 30 ឆ្នាំ។ នេះ​បើតាម Guardian ចុះផ្សាយ​កាលពី​ថ្ងៃទី 03 កក្កដា 2023។

ករណីនេះ​ចាប់ផ្ដើម​តាំងពី​ឆ្នាំ 1990 នៅពេល​ម្ដាយ​របស់ Zampach បានទទួល​មរណភាព​នៅ​ប្រទេស​ជប៉ុន។ មុនពេល​ម្ដាយ​ស្លាប់ លោក Zampach បាន​ប្ដូរ​ឈ្មោះ​កម្មសិទ្ធិ​កាន់កាប់​ផ្ទះ​របស់​ម្ដាយ​នៅ California ខាងត្បូង មកជា​ឈ្មោះ​ខ្លួន។

ច្រើន​ឆ្នាំ​ក្រោយមក បុរស​នេះ​នៅតែ​រក្សា​គណនី​ធនាគារ​របស់​ម្ដាយ និង​បន្លំ​ហត្ថលេខា​របស់​ម្ដាយ​។ Zampach មិនបាន​រាយការណ៍​ប្រាប់​សមត្ថកិច្ច​អំពី​ការស្លាប់​របស់​ម្ដាយ​ដើម្បីឱ្យ​រដ្ឋ​​ឈប់​ផ្ដល់​ប្រាក់ខែ និង​ប្រាក់ឧបត្ថម្ភ។ ម្ដាយ​របស់ Zampach ធ្លាប់​បម្រើការ​ក្នុង​ជួរ​កងទ័ព។

«នេះ​គឺជា​សកម្មភាព​បោកប្រាស​ដែលមាន​ផែនការ​ក្នុង​រយៈពេល 30 ឆ្នាំ ហើយ​ត្រូវតែ​ចាត់ការ​ឱ្យបាន​ម៉ឺងម៉ាត់» Grossman ថ្លែង​ដូច្នេះ។

Zampach បាន​សារភាព​កំហុស និង​ត្រូវបានការ​​អនុញ្ញាតឱ្យ​នៅក្រៅ​ឃុំ។ បុរស​នេះ​នឹង​ត្រូវបាន​កាត់ទោស​នៅ​ថ្ងៃទី 20 កញ្ញា​ខាងមុខ ហើយ​អាច​ប្រឈម​នឹង​ការជាប់​ពន្ធនាគារ 25 ឆ្នាំ។ ជននេះ​ក៏​នឹងត្រូវរដ្ឋ​​រឹបអូស​យក​ផ្ទះ​នៅ Poway ដើម្បី​ជា​សំណង 830,000 ដុល្លារ​ដែល​បាន​បន្លំ​យក។

ក្នុង​ឆ្នាំ 2020 ពលរដ្ឋ​ជិត 70 លាន​នាក់​បានទទួល​ប្រាក់ខែ​ចូលនិវត្តន៍​នៅ​សហរដ្ឋ​អាម៉េរិក ក្នុងនោះ​មាន​ករណី​បន្លំ​ក្រោម 1%៕

Advertisement