អាជ្ញាធរ​ចិន​ប្រហារជីវិត​គ្រូបង្រៀន​ម្នាក់​ដែល​​បាន​បំពុល​សិស្ស 25 នាក់

Wang Yun ត្រូវបានប្រហារជីវិតកាលពីថ្ងៃទី 13 កក្កដា 2023

អាជ្ញាធរ​ចិន​ប្រហារជីវិត Wang Yun ជា​គ្រូបង្រៀន​ថ្នាក់​មតេ្តយ្យ​ដែល​បានដាក់​ថ្នាំ​បំពុល​សិស្ស​ចំនួន 25 នាក់​កាលពី​ឆ្នាំ 2019 បណ្ដាលឱ្យ​កុមារ​ម្នាក់​បាត់បង់​ជីវិត។

Wang Yun អាយុ 40 ត្រូវបាន​កាត់ទោស​ពីបទ​បំពុល​សិស្ស​របស់ខ្លួន​ដោយ​ការដាក់​សូ​ដ្យូ​ម​នីត្រាត​ទៅក្នុង​អាហារ​របស់​សិស្ស។ ដំបូង​ឡើយ Wang Yun ត្រូវបាន​កាត់ទោស​ឱ្យ​ជាប់ពន្ធនាគារ 9 ខែ ពីបទ​មាន​ចេតនា​បង្ក​ឱ្យ​ខូចសុខភាពរបស់​សិស្ស​។ ក៏ប៉ុន្តែ ក្រោយមក កាលពី​ខែកញ្ញា​ឆ្នាំ 2020 សាលក្រម​តុលាការ​ក៏បាន​កែប្រែ នាំឱ្យ​អ្នកគ្រូ​រូបនេះ​ត្រូវ​​ទទួលទោស​ប្រហារជីវិត​។

យោងតាម​សេចក្ដីប្រកាស​កាលពី​ថ្ងៃទី 14 កក្កដា 2023 Wang Yun ត្រូវបាន​ប្រហារជីវិត​កាលពី​ថ្ងៃទី 13 កក្កដា 2023 នៅក្នុង​ទីក្រុង Jiaozuo នៃ​​ខេត្ត Henan។ សមត្ថកិច្ច​ចិន​មិនបាន​បង្ហើប​ឱ្យដឹង​អំពី​របៀប​នៃ​ការប្រហារជីវិត​នោះទេ នៅក្នុង​ករណីនេះ។

Wang Yun បានដាក់​សូ​ដ្យូ​ម​នីត្រាត​ទៅក្នុង​បបរ​សម្រាប់​​សិស្ស​កាលពី​ថ្ងៃទី 27 មីនា 2019 នៅឯ​សាលា​​មត្តេយ្យ​​ដែល​ខ្លួន​កំពុង​បង្រៀន បន្ទាប់ពី​បានប្រកែក​គ្នា​ជាមួយនឹង​មិត្ត​រួមការ​ងារ​អំពី​វិធី​គ្រប់គ្រង​សិស្ស។ យោងតាម​ទំព័រ Poison Control ការហូប​ចាំ​សូ​ដ្យូ​ម​នីត្រាត​អាច​នាំឱ្យមាន​បញ្ហា​ខ្វះ​អុកស៊ីសែន ថប់ដង្ហើម កន្ត្រាក់​ដៃជើង ចង្វាក់បេះដូង​មិន​ប្រក្រតី បាត់បង់​ស្មារតី និង​អាច​បាត់​បង់ជីវិត។

សារធាតុ សូដ្យូមនីត្រាត (sodium nitrate)

ទង្វើ​របស់ Wang Yun បាន​នាំឱ្យ​សិស្ស 25 នាក់​ពុល​អាហារ ប៉ុន្តែ​ស្ទើរតែ​ទាំងអស់​បានជា​សះស្បើយ​ក្រោយ​ការ​ព្យាបាល​។ ក៏​ប៉ុន្តែ ក្នុងចំណោម​នោះ​មាន​សិស្ស​​ម្នាក់​បាន​ស្លាប់​ក្នុង​ឆ្នាំ 2020 បន្ទាប់ពី​​ការ​ព្យាបាល​​ជំងឺ​ខ្សោយ​គ្រឿងក្នុងដោយ​សារ​តែ​ថ្នាំ​ពុល​អស់​មួយ​រយៈ​ពេល​។

សិស្ស 25 នាក់របស់ Wang Yun បានក្អួតចង្អោរ និងសន្លប់ក្នុងថ្នាក់រៀន បន្ទាប់ពីបានហូបអាហារដែលមានថ្នាំពុលកាលពីខែមីនា 2019

ករណី​បំពុល​សិស្ស​ខាងលើនេះ​មិនមែនជា​លើកដំបូង​ឡើយ​ដែល Wang Yun ប្រើប្រាស់​សូ​ដ្យូ​ម​នីត្រាត។ កន្លងមក ជនដៃដល់​នេះ​ក៏​ធ្លាប់​ដាក់​សារធាតុ​នេះ​ដើម្បី​បំពុល​ប្ដី​ខ្លួនឯង បណ្ដាលឱ្យមាន​អា​ការពុល​កម្រិត​ស្រាល​ផងដែរ៕

សិស្ស 25 នាក់​របស់​ Wang Yun បាន​ក្អួត​ចង្អោរ និង​សន្លប់ក្នុង​ថ្នាក់​រៀន បន្ទាប់​ពី​បាន​ហូប​អាហារ​ដែល​មាន​ថ្នាំ​ពុល​កាល​ពី​ខែ​មីនា 2019

Advertisement