ស្ត្រី​​ជាប់ពន្ធនាគារ​ព្រោះ​​សម្លាប់​កូន​បួន​នាក់នៅ​អូស្ត្រាលី​ ត្រូវបាន​ដោះលែង

Kathleen Folbigg អាយុ 55 ឆ្នាំ បានជាប់ពន្ធនាគារកាលពីឆ្នាំ 2003

Kathleen Folbigg ជា​ស្ត្រី​ម្នាក់​ដែល​ធ្លាប់​ត្រូវបាន​កាត់ទោស​ពីបទ​សម្លាប់​កូនតូច​បួន​នាក់ ត្រូវបាន​ដោះលែង​ពី​ពន្ធនាគារ​ ក្រោយ​រយៈពេល 20 ឆ្នាំ នៅពេល​មានការ​សង្ស័យថា ត្រូវបាន​កាត់ទោស​ដោយ​អយុត្តិធម៌។

ប្រធាន​តុលាការ New South Wales កាលពី​ថ្ងៃទី 05 មិថុនា 2023 បានឱ្យដឹងថា បាន​ពិភាក្សា​ជាមួយ​អភិបាលរដ្ឋ​នេះ និង​បានស្នើ​ឱ្យមាន​ការដោះលែង​ដោយ​គ្មាន​លក្ខខណ្ឌ​ចំពោះ Kathleen Folbigg ក្រោយពី​លទ្ធផល​នៃ​ការស្រាវជ្រាវ​បឋម​បង្ហាញថា មាន​ចំណុច​ខុស​ប្រក្រតី​ទាក់ទិន​នឹង​ការកាត់ទោស​ស្ត្រី​ដែល​ត្រូវបាន​ចោទថា​បានសម្លាប់​កូនតូច​បួន​នាក់។ Folbigg ត្រូវបាន​ដោះលែង​ក្នុង​ថ្ងៃ​ដដែល។

Kathleen Folbigg អាយុ 55 ឆ្នាំ បាន​ជាប់ពន្ធនាគា​រកា​លពី​ឆ្នាំ 2003 ដោយ​ត្រូវបាន​កាត់ទោស​ពីបទ​សម្លាប់​មនុស្ស បន្ទាប់ពី​កូន​បួន​នាក់​របស់គាត់​បាន​ស្លាប់​ជា​បន្តបន្ទាប់​ក្នុង​រង្វង់​ជាង​មួយ​ទសវត្សរ៍ ចាប់ពី​ឆ្នាំ 1989។ Folbigg សុទ្ធតែជា​អ្នករក​ឃើញ​សាកសព​របស់កូនៗ ប៉ុន្តែ​ពុំមាន​ភស្ដុតាង​អ្វីដែល​បញ្ជាក់ថា ស្ត្រី​រូបនេះ​ជា​ជនដៃដល់។

Kathleen Folbigg ត្រូវជាប់​​ពន្ធនាគារ​ក្រោយពី​តុលាការ​យល់ថា លទ្ធភាព​ដែល​ក្មេង​បួន​នាក់​ក្នុង​គ្រួសារ​សុទ្ធតែ​បាន​ស្លាប់​ដោយ​គ្មាន​មូលហេតុ​គឺជា​រឿង «ពិបាក​ទៅរួច»។ ការសម្រេច​របស់​តុលារ​ក៏​យោងទៅលើ​ខ្លឹមសារ​នៅក្នុង​កំណត់ហេតុ​របស់ Folbigg ដែល​បាន​សរសេរ​អំពី​ការចាកចេញ​របស់កូនៗផងដែរ។

កាល​ពី​មាន​អាយុ 20 ឆ្នាំ Kathleen Folbigg បាន​រៀបការ​ជាមួយ Craig Folbigg។ ក្នុង​រង្វង់​មួយឆ្នាំ Folbigg ក៏មាន​កូននៅ​ក្នុង​ឆ្នាំ 1989 ប៉ុន្តែ​កូន​ច្បង​នេះ​បាន​ស្លាប់​ទៅវិញ​​ក្រោយ​ការ​ចាប់​កំណើត​បាន​​19 ថ្ងៃ។ មួយឆ្នាំ​បន្ទាប់ Folbigg បង្កើតបាន​កូនប្រុស​ឈ្មោះ Patrick តែ​ក៏បាន​ស្លាប់​ពេល​មាន​អាយុ 8 ខែ។ ពីរ​ឆ្នាំ​បន្ទាប់មកទៀត កូន​ទី​បី​ឈ្មោះ Sarah របស់ Folbigg ក៏បាន​ស្លាប់​ក្នុង​​​អាយុ 10 ខែ។ ចំណែក​កូនពៅ​ឈ្មោះ Laura កើត​ឆ្នាំ 1999 ក៏​ឃើញ​ពន្លឺ​ថ្ងៃ​បានតែ 18 ខែ។

ពេល Laura បាន​ស្លាប់ សមត្ថកិច្ច​ក៏​បើក​ការស៊ើបអង្កេត ហើយពីរ​ឆ្នាំ​ក្រោយមក តុលាការ​ក៏​កាត់ទោស​ដាក់ពន្ធនាគារ​ចំពោះ Folbigs។

Kathleen Folbigg មិន​ព្រម​ទទួលកំហុស ប៉ុន្តែ​នៅតែ​ត្រូវ​ជាប់ពន្ធនាគារ 40 ឆ្នាំ។ កាលពី​ឆ្នាំ 2019 រឿងក្ដី​របស់ Kathleen Folbigg ក៏​ត្រូវបាន​សមត្ថកិច្ច​ស៊ើបអង្កេត​ឡើងវិញ ហើយក៏​រកឃើញ​ចំណុច​គួរឱ្យ​សង្ស័យ។ កាលពី​ឆ្នាំ 2022 ការស៊ើបអង្កេត​មួយ​ផ្សេងទៀត​ក៏ត្រូវ​បានធ្វើ​ឡើង បន្ទាប់ពី​ក្រុម​អ្នកវិទ្យាសាស្ត្រ​បង្ហាញ​ភស្ដុតាង​បញ្ជាក់ថា មូលហេតុ​នៃ​ការស្លាប់​របស់​ក្មេង​ទាំង​បូ​ន​នាក់​ខាងលើ​គឺ​ដោយសារ​ជំងឺ​តំណពូជ៕

Advertisement