គ្រាន់​តែ​កិន​ឆ្មា​ងាប់​សោះ ក្រុមហ៊ុន​បារាំង​រង​ការពិន័យ​ជា​ប្រាក់​ 3,000 ដុល្លារ​អាម៉េរិក​

ក្រុមហ៊ុន​គ្រប់គ្រង​ផ្លូវដែក​ជាតិ​បារាំង ត្រូវបាន​ពិន័យ​ជា​ប្រា​ក់ជាង 1,000 ដុល្លារ​អាម៉េរិក ពីបទ​ខ្វះ​ការទទួលខុសត្រូវ ដោយ​សារ​តែ​បាន​កិន​ឆ្មា​សំណព្វ​របស់​អ្នកដំណើរ​ម្នាក់ ​រហូតដល់​ងាប់។

តុលាការ​បារាំង កាលពី​ថ្ងៃទី 04 កក្កដា បានសម្រេច​ថា ក្រុមហ៊ុន​ផ្លូវដែក​ជាតិ (SNCF) បានធ្វើ​ឱ្យមាន​កំហុស​ទា​ក់​ទិន​នឹង​បញ្ហា​ខ្វះ​ការទទួលខុសត្រូវ បន្ទាប់ពី​មាន​ករណី​រថភ្លើង​មួយ​​ខ្សែ​បាន​កិន​ឆ្មា​សំណព្វ​របស់​អ្នកដំណើរ​រហូតដល់​ងាប់ កាលពី​ខែមករា។

ការចោទប្រកាន់​ខាងលើ​នេះ​អាចដាក់​ពិន័យ​ជា​ប្រាក់​ឡើងដល់ 75,000 អឺរ៉ូប (ជាង 80,000 ដុល្លារ​អាម៉េរិក) និង​ដាក់ពន្ធនាគារ 5 ឆ្នាំ។ ក៏ប៉ុន្តែ តុលាការ​បានសម្រេច​ពិន័យ​ជា​ប្រាក់​ត្រឹមតែ 1,000 អឺរ៉ូ (ជាង 1,000 ដុល្លារ​អាម៉េរិក) ចំពោះ SNCF។

SNCF ក៏ត្រូវ​បាន​បញ្ជា​ឱ្យ​បង់ប្រាក់​ជំងឺ​ចិត្ត​បន្ថែមចំនួន 2,000 អឺរ៉ូ (ជិត 2,200 ដុល្លារ​អាម៉េរិក) ដល់​ម្ចាស់​ពីរ​នាក់​របស់​សត្វ​មួយ​ក្បាល​ឈ្មោះ Neko ដែល​ត្រូវ​រថភ្លើង​កិន​នោះ​ផងដែរ។

រឿងរ៉ាវ​ខាងលើ​បាន​កើតឡើង​កាលពី​ខែមករា 2023។ កាលណោះ Georgia និង​កូនស្រី Melaina អាយុ 15 ឆ្នាំ បានឃើញ Neko លោត​ចុះ​ពី​ថង់ និង​រត់​ទៅកាន់​ផ្លូវដែក​នៅមុន​ពេល​រថភ្លើង​ចេញដំណើរ។ Georgia បាន​ចោទថា បុគ្គលិក​របស់​ក្រុមហ៊ុន​រថភ្លើង​មានចិត្ត​ឃោរឃៅ ព្រោះ​បាន​បដិសេធ​ការស្នើសុំ​ពន្យារ​ការចេញដំណើរ​ពី Paris ទៅកាន់ Bordeaux ដើម្បី​ជួយ​ស្វែងរក​ឆ្មា។

នៅពេល​រថភ្លើង​ចេញដំណើរ ម្ចាស់​ឆ្មា​ក៏បានឃើញ Neko ត្រូវ​រថភ្លើង​កិន។ ពេលនោះ SNCF ស្នើសុំ​បង់ថ្លៃ​ខូចខាត​ដោយ​សំបុត្រ​រថភ្លើង​មួយ​ទៅកាន់ Bordeaux។

ករណី​ខាងលើ​ក៏បាន​ធ្វើឱ្យមាន​បាតុកម្ម រួម​នឹង​ញត្តិ​តវ៉ា​ដែលមាន​ស្នាម​មេដៃ​របស់​មនុស្ស​ 100,000 នាក់។ រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​បារាំង Gerald Darmanin និយាយថា លោក​ភ្ញាក់ផ្អើល​ខ្លាំងណាស់​នៅ​ចំពោះ​ហេតុការណ៍​នេះ។ អង្គការ​ការពារ​សិទ្ធិ​សត្វ​មួយ​ក៏បាន​ដាក់​ញត្តិ​តវ៉ា​ចំពោះ SNCF ព្រោះតែ «អំពើហិង្សា​ធ្ងន់ធ្ងរ និង​ឃោរឃៅ​ដែលនាំឱ្យ​សត្វ​ស្លាប់»។

ចៅក្រម​តុលាការ​បារាំង កាលពី​ថ្ងៃទី 04 កក្កដា 2023 យល់ថា បុគ្គលិក​នៅលើ​រថភ្លើង «មិនបាន​ប្រឹងប្រែង​ក្នុងការ​សង្គ្រោះ​សត្វ​ឆ្មា»។ សាលក្រម​របស់​តុលាការ​នេះ​ក៏​ដើរ​ផ្ទុយ​ពី​អនុសាសន៍​របស់​ក្រុម​រដ្ឋអាជ្ញា ជា​ក្រុម​ដែល​អំពាវនាវ​ឱ្យ​ទម្លាក់ចោល​រាល់​​ការចោទប្រកាន់​ទៅលើ SNCF ដោយ​យល់ថា បុគ្គលិក​របស់​ស្ថាប័ន​នេះ​មិនបាន​បញ្ចេញ​ភាព​គ្មាន​មនុស្សធម៌​។

នៅលើ​បណ្ដាញ​សង្គម មនុស្ស​មួយចំនួន​បាន​រិះគន់​សាលក្រម​តុលាការ​ខាងលើ។ អ្នកខ្លះ​ថា លើក​ក្រោយ​បើ​មាន​ករណីនេះ​កើតឡើង ពួកគេ​គិតថា ម្ចាស់​សត្វ​ត្រូវតែ​បង់ថ្លៃ​ខាតបង់​ពេលវេលា​ដល់​អ្នក​ដំណើរ​ដទៃ​ នៅពេល​រថភ្លើង​ត្រូវបាន​ពន្យារ​ពេល​ចេញដំណើ​រ៕

Advertisement