អាជ្ញាធរ​ថៃ​ស្នើឱ្យ ថាក់ស៊ីន ចូល​ស្រុក​ក្នុង​ថ្ងៃ​ធ្វើការ ដើម្បី​ស្រួល​ចាប់ខ្លួន

អតីតនាយករដ្ឋមន្ត្រីថៃ លោក ថាក់ស៊ីន ស៊ីណាវ៉ាត្រា

ឧបនាយករដ្ឋមន្ត្រី​ថៃ Wissanu បានស្នើ​ឱ្យ​លោក ថាក់ស៊ីន កុំ​ត្រលប់​ចូល​ប្រទេស​នៅ​ថ្ងៃ​ចុង​សប្ដាហ៍ និង​ថ្ងៃ​ឈប់​សម្រាក​បុណ្យ ព្រោះ​នឹង​បង្ក​ការលំបាក​នៅពេល​អនុវត្ត​បទបញ្ជា​ចាប់ខ្លួន។

ឧបនាយករដ្ឋមន្ត្រី​ថៃ លោក Wissanu Krea-ngam កាលពី​ថ្ងៃទី 08 សីហា ឱ្យដឹងថា អាជ្ញាធរ​ប្រទេស​នេះ​បាន​ត្រៀម​ផែនការ​រួចរាល់​ហើយ​សម្រាប់​ថ្ងៃ​ដែល​លោក ថាក់ស៊ីន ត្រលប់​ចូល​ប្រទេស។ យោងតាម​លោក Wissanu តុលាការ និង​អគ្គនាយកដ្ឋាន​ពន្ធនាគារ សុទ្ធតែ​បាន​ត្រៀមខ្លួន​រួចរាល់ ប៉ុន្តែ​ថា លោក ថាក់ស៊ីន មិនគួរ​ត្រលប់​ចូល​ប្រទេស​ក្នុង​ថ្ងៃ​ចុង​សប្ដាហ៍ ឬ​ថ្ងៃ​ឈប់សម្រាក។

«ក្នុង​ថ្ងៃនោះ តុលាការ ដែលជា​ស្ថាប័ន​ត្រូវ​ធ្វើ​ការ​កំណត់​យកពន្ធ​នាគារ​សម្រាប់​ការ​ឃុំខ្លួន​លោក ថាក់ស៊ីន មិន​ធ្វើការ។ ប្រការនេះ​នឹង​បង្ក​ការលំបាក ព្រោះ​យើង​ត្រូវ​រក​ទីតាំង​ដើម្បី​ឃុំខ្លួន​លោក ថាក់ស៊ីន ជា​បណ្ដោះអាសន្ន ក្នុងពេល​រង់ចាំ​ការសម្រេច​ពី​តុលាការ» ឧបនាយករដ្ឋមន្ត្រី​ថៃ លោក Wissanu និយាយ​ដូច្នេះ។

លោក ថាក់ស៊ីន ស៊ីណាវ៉ាត្រា ថ្មីៗនេះ​បានប្រកាសថា នឹង​វិល​ចូល​ប្រទេស​ថៃ​វិញ​នៅ​ថ្ងៃទី 10 សីហា ក្រោយ​ការ​រស់​នៅ​ដោយ​និរទេស​ខ្លួន​អស់​មួយ​រយៈពេល​យូរ។ ក៏ប៉ុន្តែ ក្រោយមក អតីត​នាយករដ្ឋមន្ត្រី​ថៃ​រូបនេះ បានប្រកាស​ពន្យារពេល​នៃ​ការវិល​ចូល​ស្រុក ព្រោះ​បញ្ហា​សុខភាព។

ប្រភពព័ត៌មាន​ខ្លះ​ថា លោក ថាក់ស៊ីន នឹង​ចូល​ស្រុក​វិញ នៅពេល​បក្ស Pheu Thai របស់​កូនស្រី​លោក ឡើងកាន់​អំណាច។ បក្ស Pheu Thai កាលពី​ថ្ងៃទី 07 សីហា បានប្រកាស​បង្ហាញ​សម្ព័ន្ធភាព​​ថ្មី​ដើម្បី​ឡើងកាន់​អំណាច​។ ប្រធានសភា​ថៃ កាលពី​សប្ដាហ៍​កន្លង​ឱ្យដឹងថា ការបោះឆ្នោត​ជ្រើសតាំង​នាយករដ្ឋមន្ត្រី​ថ្មី​នឹង​ធ្វើឡើង​នៅក្រោយ​ថ្ងៃទី 16 សីហា 2023។

អតីត​នាយករដ្ឋមន្ត្រី​ថៃ លោក ថាក់ស៊ីន ត្រូវបាន​បណ្ដេញចេញ​​ពី​អំណាច​ដោយ​រដ្ឋប្រហារ​យោធា​កាលពី​ឆ្នាំ 2006។ ក្នុងអំឡុងពេល​អវត្តមាន លោក ថាក់ស៊ីន ក៏ត្រូវ​តុលាការ​ថៃ​ផ្ដន្ទា​​ទោស​ឱ្យ​ជាប់ពន្ធនាគារ 12 ឆ្នាំ។

ឧបនាយករដ្ឋមន្ត្រី​ថៃ លោក Wissanu បានប្រកាសថា អតីត​នាយករដ្ឋមន្ត្រី​ថៃ លោក ថាក់ស៊ីន នឹងត្រូវ​ជាប់ពន្ធនាគា​រភ្លាមៗនៅពេល​លោក​ត្រ​លាប់​ចូល​ប្រទេស ហើយ​អាចដាក់​លិខិត​​​សូម​ការលើកលែងទោស​ពី​ព្រះ​មហា​ក្សត្រ។ អគ្គនាយកដ្ឋាន​ពន្ធនាគារ​ថៃ ឱ្យដឹងថា បើសិន​លោក ថាក់ស៊ីន វិល​ត្រលប់មក​ទទួលទោស ពួកគេ​គ្រោង​នឹង​ឃុំខ្លួន​លោក​តែម្នាក់ឯង ដើម្បី​ការពារ​សុវត្ថិភាព៕

Advertisement