Tag: ឆ្នេរសមុទ្រ

  • បេសកកម្ម​ស្រាវ​ជ្រាវ​ព្រះ​អាទិត្យ​ដំបូង​របស់​ឥណ្ឌា​នឹង​ចាប់​ផ្ដើម​ពី​ថ្ងៃ​ស្អែក

    បេសកកម្ម​ស្រាវ​ជ្រាវ​ព្រះ​អាទិត្យ​ដំបូង​របស់​ឥណ្ឌា​នឹង​ចាប់​ផ្ដើម​ពី​ថ្ងៃ​ស្អែក

    បេសកកម្ម​ស្រាវ​ជ្រាវ​ព្រះ​អាទិត្យត្រូវ​បាន​ធ្វើ​ឡើង​ភ្លាម​ៗ​បន្ទាប់​ពី​ជើង​ហោះ​ហើរ​ទៅ​ចុះ​ចត​លើ​ឋាន​ព្រះ​ចន្ទ​របស់​ឥណ្ឌា​បាន​ទទួល​ជោគ​ជ័យ​។ ស្ថានីយ​សង្កេត​ Aditya-L1 ត្រូវ​បាន​ដឹក​ទៅ​ដល់​ទីតាំង​បាញ់​បង្ហោះ​​លើ​កោះ Sriharikota នៅ​លើ​ឆ្នេរសមុទ្រ​ភាគ​ខាង​កើត​នៃ​ប្រទេស​ឥណ្ឌា​ ហើយ​នឹង​បាញ់​បង្ហោះ​នៅ​ថ្ងៃទី 02 ខែ​កញ្ញា​ ឆ្នាំ 2023​។

    អង្គការ​ស្រាវ​ជ្រាវ​អវកាស​ឥណ្ឌា (ISRO) បាន​ប្រកាស​អំពី​ថ្ងៃ​បាញ់​បង្ហោះ​ខាងលើ​​នៅ​លើ​ Twitter ក្រោយ​ពី​បាន​ចែក​រំលែក​រូប​ថត​មួយ​ចំនួន​ស្ដី​ពី​​យាន​អវកាស​ Aditya-L1 (Aditya ក្នុង​ភាសា​សំស្ក្រឹត​មាន​ន័យ​ថា ព្រះ​អាទិត្យ) ​កាល​ពី​ថ្ងៃទី 13 សីហា​។

    ក្រុម​អ្នក​វិទ្យា​សាស្ត្រ​បាន​ដឹង​តិចតួច​អំពី​អ្វី​ដែល​បាន និង​កំពុង​កើត​ឡើង​នៅ​លើ​ព្រះ​អាទិត្យ​ មុន​ពេល​វា​បញ្ចេញ​ពន្លឺ​ និង​ពពក​ប្លាស្មា​ដ៏មហិមា​ទៅ​កាន់​ទី​អវកាស​។ល។ សហគមន៍​អ្នក​ស្រាវ​ជ្រាវ​​សង្ឃឹម​ថា Aditya-L1 នឹង​ផ្ដល់​តម្រុយ​អំពី​អាថ៌កំបាំង​នានា​នៅ​លើ​ព្រះ​អាទិត្យ​។

    យាន​ Aditya-L1 គ្រោង​នឹង​ហោះ​ឡើង​ជាមួយ​នឹង​រ៉ុក្កែត​មួយ​គ្រឿង​ដែល​នឹង​នាំ​វា​ទៅ​កាន់​គន្លង​គោចរ​ស្ថិរភាព​នៅ​ជុំវិញ​ផែនដី មុន​នឹង​ហោះសំដៅ​ទីតាំង​ក្នុង​អវកាស​ដែល​មាន​ចម្ងាយ​ពី​ផែនដី​ប្រហែល 1.5 លាន​គីឡូម៉ែត្រ​ ជា​ទី​ដែល​ពុំ​មាន​ឧបសគ្គ​សម្រាប់​ចក្ខុវិស័យ​របស់​យាន​ពេល​សង្កេត​មើល​ព្រះ​អាទិត្យ​។ តំបន់​នេះ​ត្រូវ​បាន​ហៅ​ថា ចំណុច​ Lagrange ផែនដី​-ព្រះ​អាទិត្យ​ 1 ឬ L1 ហើយ​វា​ក៏​ជា​កន្លែង​ដែល​មាន​យាន​ស្រាវ​ជ្រាវ​ព្រះ​អាទិត្យ​របស់​អាម៉េរិក-​អឺរ៉ុប ដែល​បាន​ដំណើរ​ការ​តាំង​ពី​ឆ្នាំ 1996​ ផងដែរ​។

    ស្ថានីយ​ Aditya-L1

    ស្ថានីយ​ Aditya-L1 មាន​តម្លៃ​ 45 លាន​ដុល្លារ​អាម៉េរិក និង​ត្រូវ​បាន​អភិវឌ្ឍ​ក្នុង​រយៈ​ពេល 15​ ឆ្នាំ​។ Aditya-L1 គឺជា​គម្រោង​បាញ់​បង្ហោះ​សំខាន់​ទីពីរ​របស់​ឥណ្ឌា​នៅ​ក្នុង​ឆ្នាំ 2023 នេះ​។ មុន​នោះ យាន​អវកាស Chandrayaan-3 បាន​ចុះ​ចត​លើ​ឋាន​ព្រះ​ចន្ទ​ដោយ​ជោគ​ជ័យ​កាល​ពី​ថ្ងៃទី 23 សីហា 2023​ នាំ​ឱ្យ​ឥណ្ឌា​បាន​ក្លាយ​ជា​ប្រទេស​​ដំបូង​គេ​ដែល​មាន​យាន​ចុះ​ចត​នៅ​ប៉ូល​ខាង​ត្បូង​របស់​ឋាន​រណប​មួយ​នេះ​៕

  • លិច​កប៉ាល់​នៅ​ហ្វ៊ី​លី​ពី​ន មនុស្ស​យ៉ាងតិច 26 នាក់​បានបាត់បង់​ជីវិត

    លិច​កប៉ាល់​នៅ​ហ្វ៊ី​លី​ពី​ន មនុស្ស​យ៉ាងតិច 26 នាក់​បានបាត់បង់​ជីវិត

    ប៉ូលិស​ល្បាត​សមុទ្រ​ហ្វ៊ី​លី​ពី​ន (PCG) បានឱ្យដឹងថា កប៉ាល់​មួយគ្រឿង​បាន​ប្រ​ឡាប់​នៅក្បែរ​រដ្ឋធានី​ម៉ា​នីល ដោយសារ​តែមាន​ខ្យល់​ខ្លាំង បណ្ដាលឱ្យ​មនុស្ស​យ៉ាងតិច 26 នាក់ត្រូវ​​បាត់​បង់ជីវិត។

    យោងតាម​សមត្ថកិច្ច​ប្រទេស​ហ្វ៊ី​លី​ពី​ន ខ្យល់​បក់បោក​ខ្លាំង​បណ្ដាលឱ្យ​កប៉ាល់​មួយគ្រឿង​លិច​នៅវេលា​ម៉ោង​ប្រហែល 13 ថ្ងៃទី 27 កក្កដា ពេល​ស្ថិតនៅ​តំបន់​ដែលមាន​ចម្ងាយ​ប្រហែល 45 គីឡូម៉ែត្រ​ពី​ឆ្នេរសមុទ្រ​របស់​ទីរួមស្រុក Binangonan នៃ​ខេត្ត Rizal។ ហេតុការណ៍​នេះ​កើតឡើង​បន្ទាប់ពី​ព្យុះ Doksuri បោកបក់​ឆ្លងកាត់​ភាគ​ខាងជើង​ប្រទេសហ្វ៊ីលីពីន។

    «អ្នកដំណើរ​មានការ​ភ័យខ្លាច​នៅពេល​កប៉ាល់​ជួបនឹង​ខ្យល់​ខ្លាំង។ ពួកគេ​រត់​ទៅកាន់​ចំហៀង​ខាងឆ្វេង ធ្វើឱ្យ​កប៉ាល់​ក្រឡាប់» ឧត្ដមនាវីទោ Armando Balilo នៃ PCG ឱ្យដឹង​ដូច្នេះ។

    យោងតាម​សមត្ថកិច្ច​ទទួលបន្ទុក​ការសង្គ្រោះ កប៉ាល់​នេះ​ជួប​គ្រោះថ្នាក់​នៅពេល​ដឹក​អ្នកដំណើរ​ពី​ទីរួមស្រុក Binangonan ទៅកាន់​កោះ Talim។ លោក​បន្ថែមថា កម្លាំង​សង្គ្រោះបាន​ស្រង់​សាកសព​ចំនួន 23 នាក់ និង​សង្គ្រោះបាន 40 នាក់ ប៉ុន្តែ​នៅមាន​អ្នកដំណើរ 6 នាក់​ផ្សេងទៀត​កំពុង​បាត់​ខ្លួន។

    គិត​មក​ដល់​ពេល​នេះ តួលេខ​ខាង​លើបាន​កើន​ឡើង​មួយ​កម្រិត​ទៀត​ ក្នុង​នោះ​តួលេខ​អ្នក​​ស្លាប់​បាន​កើន​ដល់ 26 នាក់។

  • រូប​ភាព​ Elon Musk ​កាន់​ដៃ​ម្ចាស់ Facebook រត់​លើ​ឆ្នេរ​សមុទ្រ​ ធ្វើ​ឱ្យ​អ្នក​គាំទ្រ​ចូល​ចិត្ត

    រូប​ភាព​ Elon Musk ​កាន់​ដៃ​ម្ចាស់ Facebook រត់​លើ​ឆ្នេរ​សមុទ្រ​ ធ្វើ​ឱ្យ​អ្នក​គាំទ្រ​ចូល​ចិត្ត

    មហាសេដ្ឋី​អាម៉េរិក លោក Elon Musk បង្ហាញ​ការពេញចិត្ត​នឹង​រូបថត​ដែល​បង្ហាញ​ពី​ទិដ្ឋភាព​ដែល​លោក​កាន់​ដៃ​មហាសេដ្ឋី Mark Zuckerberg ដែល​គូរ​ដោយ​បច្ចេកវិទ្យា​បញ្ញា​សិប្បនិម្មិត នៅពេលដែល​រឿង​រ៉ាវ​​បបួលគ្នា​ឡើង​សង្វៀន​ប្រកួត​កំពុង​ត្រូវបាន​សាធារណជន​ចាប់អារម្មណ៍​ខ្លាំង។

    កាលពី​ថ្ងៃទី 14 កក្កដា ជាង​ថតរូប Julian Van Dieken បាន​បង្ហោះ​កម្រង​រូបភាព​បង្ហាញ​ពី​ទិដ្ឋភាព​មហាសេដ្ឋី Elon Musk និង Mark Zuckerberg សប្បាយរីករាយ​ជាមួយគ្នា​នៅលើ​ឆ្នេរសមុទ្រ។ Julian Van Dieken ឱ្យដឹងថា រូបភាព​នេះ​គឺជា​ការរួម​ផ្សំ​​ដោយ​ការ​ប្រើ​ប្រាស់​​​ឧបករណ៍ AI ឈ្មោះ Midjourney, Insight, Adobe Firefly, Photoshop, Dazz Cam និង FaceApp។ នៅក្នុង​ការ​ស្រមៃ​របស់ AI ជំនួស​ឱ្យ​ការបញ្ចប់​ការប្រកួត​នៅលើ​សង្វៀន​ប្រដាល់ មហាសេដ្ឋី​ទាំងពីរ​រូបនេះ​បែរជា​សប្បាយរីករាយ ចាប់​កាន់​ដៃ​គ្នា​រត់​លេង​លើ​ឆ្នេរសមុទ្រ​ដូច​គូសង្សារ។

    មួយថ្ងៃ​ក្រោយមក គណនី Sir Doge of the coin បាន​បង្ហោះ​រូបភាព​ទាំងនេះ​ជាថ្មី​នៅលើ Twitter ហើយក៏​ទាក់ទាញ​អ្នក​ចូលចិត្ត​ជាង 142 ពាន់​លើក, មតិ​ជាង 5 ពាន់​លើក និង​ចែករំលែក​​បន្ត​ជាង 17 ពាន់​លើក។ បច្ចុប្បន្ន កម្រង​រូប​ថត​ខាងលើ​របស់​គណនី​នេះ​ មាន​អ្នក​ចូល​មើល​ប្រមាណ 8 លាន​​លើក​។​

    ថ្ងៃទី 16 កក្កដា លោក Elon Musk ក៏បាន​បញ្ចេញមតិ​ជា​រូប​សើ​ច​ចេញ​ទឹកភ្នែក ទាក់ទាញ​អ្នក​ចូលចិត្ត​​បាន​ជិត 13 ពាន់​លើក។ អ្នកលេង​បណ្ដាញ​សង្គម​ជាច្រើន​យល់ថា នេះ​នឹង​ជាការ​បញ្ចប់​ដ៏​សម​ហេតុផល​សម្រាប់​ការប្រកួត​របស់​មហាសេដ្ឋី​ទាំងពីរ​រូបនេះ។

    ការ​ភ្នាល់​ប្រកួត​វាយ​គ្នា​លើស​ង្វៀង​ប្រដាល់​​រវាង​ម្ចាស់ Twitter និង​ម្ចាស់ Facebook កើតឡើង​ដោយ​វិធី​ចម្លែក​ខុសគេ។ រឿងរ៉ាវ​ចាប់ផ្ដើម​ពី​ពេល​លោក Musk និយាយ​លេង​កាលពី​ថ្ងៃទី 21 មិថុនា​ថា លោក​នឹង​ទទួល​ការប្រកួត​ក្នុង​ទ្រុង​ជាមួយ​ម្ចាស់ Facebook។ មួយថ្ងៃ​ក្រោយមក CEO របស់ Meta ដែលជា​ក្រុមហ៊ុនមេ​របស់ Facebook ក៏បាន​បង្ហោះ​សារ​លើ Instagram ថា «បញ្ជូន​ទីតាំង​មកឱ្យ​ខ្ញុំ» ដែល​នេះ​ជា​សញ្ញា​បញ្ជាក់ថា Zuckerberg បានទទួល​យក​ការ​បបួល​ប្រកួត។

    ក្នុង​រយៈពេល​ច្រើន​ថ្ងៃក្រោយ​មកទៀត ព័ត៌មាន​ស្ដីពី​ការប្រកួត​លើស​ង្វៀន​រវាង​មហាសេដ្ឋី​អាម៉េរិក​ដើមកំណើត​អាហ្វ្រិក​ខាងត្បូង និង​មហាសេដ្ឋី​អាម៉េរិក​ដើមកំណើត​ជ្វី​ប ក៏​ចាប់ផ្ដើម​លេច​ឡើងជា​បន្តបន្ទាប់ ហើយ​នេះ​ក៏​ជា​ព្រឹត្តិការណ៍​ដែល​មនុស្ស​ជាច្រើន​កំពុង​ទន្ទឹងរង់ចាំ៕

  • ការ​បាញ់​បង្ហោះ​យាន​ចុះ​ចត​លើ​ឋាន​ព្រះចន្ទ​​របស់​ឥណ្ឌា នឹង​ធ្វើ​ឡើង​នៅ​ថ្ងៃ​នេះ

    ការ​បាញ់​បង្ហោះ​យាន​ចុះ​ចត​លើ​ឋាន​ព្រះចន្ទ​​របស់​ឥណ្ឌា នឹង​ធ្វើ​ឡើង​នៅ​ថ្ងៃ​នេះ

    យោងតាម​អង្គការ​ស្រាវជ្រាវ​អវកាស​ឥណ្ឌា (ISRO) បេសកកម្ម Chandrayann 3 បាន​ដោះស្រាយ​បញ្ហា​ធំ​រួចរាល់​ហើយ​នៅមុន​កាលបរិច្ឆេទ​នៃ​ការបាញ់​បង្ហោះ​ដែល​គ្រោង​នឹងធ្វើ​ឡើង​នៅ​ល្ងាច​ថ្ងៃទី 14 កក្កដា 2023។

    បេសកកម្ម Chandrayaan 3 កំណត់​គោលដៅ​នាំ​យានអវកាស​របស់​ឥណ្ឌា ទៅ​ចុះចត​លើ​ផ្ទៃ​ព្រះ​ចន្ទ​ដោយ​ជោគជ័យ​ជា​លើកដំបូង។ «ការវាយតម្លៃ​ចំពោះ​ការត្រៀមខ្លួន​សម្រាប់​បេសកកម្ម បាន​ចប់សព្វគ្រប់។ ការបាញ់​បង្ហោះ​ក៏​ទទួលបាន​ការអនុញ្ញាត» ISRO ប្រកាស​នៅលើ Twitter ដូច្នេះ។

    ការបាញ់​បង្ហោះ​គ្រោង​នឹងធ្វើ​ឡើង​នៅលើ​កោះ Sriharikota ក្បែរ​ឆ្នេរសមុទ្រ​ភាគ​ខាងកើត​របស់​ប្រទេស​ឥណ្ឌា នៅវេលា​ម៉ោង 16 និង 05 នាទី ថ្ងៃទី 14 កក្កដា (ម៉ោង​នៅ​កម្ពុជា) ដោយ​ប្រើប្រាស់​រ៉ុក្កែត LVM3។ ក្នុង​បេសកកម្ម Chandrayaan 3 យានអវកាស-​រ៉ូ​បូត នឹង​ចុះចត​នៅក្បែរ​ប៉ូល​ខាងត្បូង​របស់​ព្រះ​ចន្ទ នៅ​ចុងខែ​សីហា 2023។ បើសិនជា​គ្រប់យ៉ាង​ដំណើរ​ការល្អ ឥណ្ឌា​នឹង​ក្លាយជា​ប្រទេស​ទី​បួន​ដែល​ចុះចត​លើ​ឋាន​ព្រះ​ចន្ទ​ដោយ​ជោគជ័យ បន្ទាប់ពី​សហរដ្ឋ​អាម៉េរិក សូ​វៀត និង​ចិន។

    យាន​ចុះចត​របស់​ឥណ្ឌា នឹង​ប្រមូល​ទិន្នន័យ​ច្រើន​ប្រភេទ​ទាក់ទង​នឹង​បរិស្ថាន​ជុំវិញ ដោយ​ប្រើប្រាស់​ឧបករណ៍​វិទ្យាសាស្ត្រទំនើប។

    Chandrayaan 3 គឺជា​បេសកកម្ម​ព្រះ​ចន្ទ​ទី​បី​របស់​ប្រទេស​ឥណ្ឌា និង​ជាការ​ប្រឹងប្រែង​លើក​ទី​ពីរ​ដើម្បី​អាច​ចុះចត​លើ​ឋាន​ព្រះ​ចន្ទ​ដោយ​ជោគជ័យ។ ការប្រឹងប្រែង​លើកដំបូង​ត្រូវបាន​ធ្វើឡើង​កាលពី​ខែកញ្ញា 2019 និង​បញ្ចប់​ដោយ​បរាជ័យ នៅពេល​យាន​ចុះចត-រ៉ូ​បូត​របស់ Chandrayaan 2 ទម្លាក់ខ្លួន​ទៅបុក​នឹង​ផ្ទៃ​ព្រះ​ចន្ទ​ពេញ​មួយ​ទំហឹង។

    Chandrayaan 2 ក៏មាន​ទាំង​យានអវកាស​ដែល​គោចរ​ជុំវិញ​គន្លង​តារាវិថី​ព្រះ​ចន្ទ ដែល​បច្ចុប្បន្នកំពុង​ប្រមូល​ទិន្នន័យ​នៅ​ជុំវិញ​ឋាន​នេះ។ Chandrayaan 3 មិនមាន​យាន​គោចរ​លើ​គន្លង​តារាវិថី ប៉ុន្តែ​ម៉ូឌុល​រុញច្រាន​របស់​បេសកកម្ម​នេះ​នឹង​នាំ​ឧបករណ៍​ស្រាវជ្រាវ​ផែនដី​ពី​ចម្ងាយទៅ​ជាមួយ​។ ទិន្នន័យ​ដែល​វា​ប្រមូលបាន​នឹងមាន​ប្រយោជន៍​សម្រាប់​បេសកកម្ម​បន្ទាប់៕

  • ក្រុមហ៊ុន​គ្រប់គ្រង​នាវា​មុជ​ទឹក​ Titan ផ្អាក​ដំណើរ​ការ​ទាំង​ស្រុង​

    ក្រុមហ៊ុន​គ្រប់គ្រង​នាវា​មុជ​ទឹក​ Titan ផ្អាក​ដំណើរ​ការ​ទាំង​ស្រុង​

    ក្រុមហ៊ុន OceanGate ដែល​គ្រប់គ្រង​កូន​នាវាមុជទឹក Titan បានប្រកាស​បញ្ឈប់​រាល់​សកម្មភាព​ដោយ​មិន​កំណត់​ពេលវេលា ក្រោយពី​មាន​ហេតុការណ៍​គ្រោះថ្នាក់​នៅ​បាតសមុទ្រ​ដែល​បាន​បណ្ដាល​​ឱ្យ​មនុស្ស 5 នាក់​បាត់​បង់ជីវិត។

    «យើង​ផ្អាក​រាល់​សកម្មភាព​ស្វែងយល់ និង​ពាណិជ្ជកម្ម» ក្រុមហ៊ុន OceanGate ដែលមាន​ទីស្នាក់ការ​ក​ណ្ដា​ល​នៅ Everett រដ្ឋ Washington សហរដ្ឋ​អាម៉េរិក ប្រកាស​កាលពី​ថ្ងៃទី 06 កក្កដា​ដូច្នេះ។ ក្រុមហ៊ុន​នេះ​មិនបាន​លើកឡើង​ច្បាស់​អំពី​មូលហេតុ ក៏​ដូច​ជា​​ពេលវេលា​ដែល​ក្រុមហ៊ុន​នេះ​​នឹង​ដំណើរការ​ឡើងវិញ​។

    OceanGate គឺជា​ក្រុមហ៊ុន​ដែល​គ្រប់គ្រង​កូន​នាវាមុជទឹក Titan។ Titan បាន​ដាច់​ទំនាក់ទំនង​ជាមួយ​កប៉ាល់​មេ​កាលពី​ថ្ងៃទី 18 មិថុនា 2023 នៅក្នុង​ដំណើរ​នាំ​មនុស្ស 5 នាក់​ចុះទៅ​ទស្សនា​សាកសព​កប៉ាល់ Titanic ដែល​បាន​លិច​កាលពី​ប្រហែល 111 ឆ្នាំមុន នៅ​បាត​មហាសមុទ្រ​អា​ត្ល​ង់​ទិ​ក ជម្រៅ 3,800 ម៉ែត្រ។ ជនរងគ្រោះ​ត្រូវបាន​គេ​ជឿថា បាន​ស្លាប់ភ្លាមៗ ក្រោយពី​នាវា Titan ត្រូវ​បែកខ្ទេច​ខ្ទី​ដោយសារ​សម្ពាធ​ទឹក។

    នាយក​ប្រតិបត្តិ​របស់ OceanGate លោក Stockton Rush គឺជា​មនុស្ស​ម្នាក់​ក្នុងចំណោម​ជនរងគ្រោះ​ដែល​បាន​ស្លាប់​ក្នុង​ហេតុការណ៍​ខាងលើ។ នៅលើ​នាវា Titan ក៏មាន​មហាសេដ្ឋី​ជនជាតិ​អង់គ្លេស លោក Hamish Harding, អ្នក​ផ្សងព្រេង​ជនជាតិ​បារាំង Paul-Henri Nargeolet, មហាសេដ្ឋី​អង់គ្លេស​ដើមកំណើត​ប៉ា​គិ​ស្ថាន ​លោក Shahzada Dawood និង​កូនប្រុស Suleman។

    ក្រុម​អ្នកជំនាញ​បាន​ប្រមូលយក​បំណែក​សាកសព​ដែល​ត្រូវបាន​គេ​ជឿថា​ជា​របស់​មនុស្ស ពី​បំណែក​នាវា​ដែល​បាន​រកឃើញ​នៅ​បាតសមុទ្រ និង​យកទៅ​កាន់​កំពង់ផែ St. John’s នៅ​ប្រទេស​កាណាដា។ កងកម្លាំង​ល្បាត​ឆ្នេរសមុទ្រ​អាម៉េរិក និង​កាណាដា កំពុង​ស៊ើបអង្កេត​រក​មូលហេតុ​នៃ​គ្រោះថ្នាក់​នេះ៕

  • អភិបាលក្រុង​នៅ​ប្រទេស​ម៉ិ​ក​ស៊ី​ក រៀបការ​ជាមួយ​សត្វ​ក្រពើ

    អភិបាលក្រុង​នៅ​ប្រទេស​ម៉ិ​ក​ស៊ី​ក រៀបការ​ជាមួយ​សត្វ​ក្រពើ

    អភិបាលក្រុងនៅ​ទីរួម​ស្រុក San Pedro Huamelula ថើប​សត្វ​ក្រពើ​នៅក្នុង​ពិធី​ប្រពៃណី​មួយ​ដើម្បី​សួង​បួង​សូម​សេចក្ដីសុខ ​របស់​ប្រជាជន​ក្នុង​តំបន់។

    លោក Victor Hugo Sosa អភិបាលទីរួម​ស្រុក San Pedro Huamelula ដែល​មាន​ទី​តាំង​នៅក្បែរ​ឆ្នេរសមុទ្រ​ប៉ាស៊ីហ្វិក ក្នុង​រដ្ឋ Oaxaca កាលពី​ថ្ងៃទី 30 មិថុនា 2023 បានរៀបចំ​ពិធី​រៀបការ​ជាមួយ​កូនក្រមុំ​ជាស​ត្វ​ក្រពើ។

    លោក Sosa បាន​ថើប​សត្វ​ក្រពើ​តូច​មួយ​ក្បាល​ដែល​កំពុង​ត្រូវ​ចង​មាត់។ ពិធី​ដែលមាន​តាំងពី​រាប់​សតវត្សរ៍​មកហើយ​នៅក្នុង​សហគមន៍​ជនជាតិដើម Chontal និង Huave ក្នុង​រដ្ឋ Oaxaca នេះ ត្រូវបាន​ធ្វើឡើង​ក្នុង​បំណង​បួងសួង​សូម​សេចក្ដីសុខ។ «យើង​បួងសួង​សូម​ឱ្យមាន​ទឹកភ្លៀង​គ្រប់គ្រាន់ មាន​អាហារ​គ្រប់គ្រាន់ និង​មាន​ត្រី​ច្រើន​នៅក្នុង​ទន្លេ» លោក Sosa និយាយ​ដូច្នេះ។

    Oaxaca ស្ថិតនៅ​ភាគខាងត្បូង​ប្រទេស​ម៉ិ​ក​ស៊ី​ក ជា​តំបន់​ក្រីក្រ និង​ជាទី​រស់នៅ​របស់​ជនជាតិ​ដើម​ជាច្រើន​ក្រុម ដែល​នៅ​រក្សា​ទំនៀមទម្លាប់​បុរាណ និង​ភាសា​ផ្ទាល់​ខ្លួន​។ ក្នុង​ពិធី​រៀបការ​ខាងលើ កូនក្រមុំ​ជាស​ត្វ​ក្រពើ​អាយុ 7 ឆ្នាំ ស្លៀក​​​រ៉ូ​ប​ពណ៌​ស និងពាក់​កម្រង​​ផ្កា​ដ៏​ស្រស់ស្អាត​ផងដែរ។

  • សាកសព​កប៉ាល់ Titanic នឹង​ទៅជា​យ៉ាង បើសិន​បូមទឹក​អស់​ពី​​ជុំវិញ?

    សាកសព​កប៉ាល់ Titanic នឹង​ទៅជា​យ៉ាង បើសិន​បូមទឹក​អស់​ពី​​ជុំវិញ?

    ថ្មីៗនេះ គម្រោង​មួយ​បាន​ប្រើប្រាស់​បច្ចេកវិទ្យា​ស្កេ​ន 3D ដ៏​ទំនើប ដើម្បី​បង្ហាញ​ឡើងវិញ​នូវ​រូបភាព​សាកសព​កប៉ាល់​ដែល​បាន​លិច​កាលពី​ប្រហែល 111 ឆ្នាំមុន​ យ៉ាង​លំអិត​បំផុត។

    បច្ចេកវិទ្យា​ខាងលើ មិន​ត្រឹមតែ​បង្ហាញ​រូបភាព​ដ៏​ស្រស់ស្អាត និង​ភាព​អស្ចារ្យ​របស់​កប៉ាល់​មួយ​កាលពី​អតីតកាល ប៉ុន្តែ​ក៏​ជួយ​ឱ្យ​អ្នកស្រាវជ្រាវ​ដឹង​អំពី​អាថ៌កំបាំង​ស្ដីពី​គ្រោះថ្នាក់​កាលពី​ឆ្នាំ 1912 ផងដែរ។

    គម្រោង​ខាងលើនេះ​ត្រូវបាន​អនុវត្ត​កាលពី​រដូវក្ដៅ​ឆ្នាំ 2022 ដោយ​ក្រុមហ៊ុន​បង្កើត​ផែនទី​បាតសមុទ្រ Magellan Ltd. និង​ផលិតកម្ម​ភាពយន្ត​ឯកសារ Atlantic Production។ ពួកគេ​ប្រើប្រាស់​កាមេរ៉ា​បញ្ជា​ពី​ចម្ងាយ​ដើម្បី​ស្វែងយល់​ពី​គំនរ​បាក់បែក​របស់​សាកសព​កប៉ាល់ Titanic ក្នុង​ជម្រៅ​ប្រហែល 4,000 ម៉ែត្រ នៅ​បាត​មហាសមុទ្រ​អា​ត្ល​ង់​ទិ​ក ដែលមាន​ចម្ងាយ​ប្រហែល 450 គីឡូម៉ែត្រ​ពី​ឆ្នេរសមុទ្រ Newfoundland និង Labrador របស់​ប្រទេស​កាណាដា។

    ក្រោយ​ការថត​នៅ​បាតសមុទ្រ​ជាង 200 ម៉ោង ពួកគេ​ក៏​ប្រមូលបាន​រូបភាព​ចំនួន 700,000 រូប និង​បាន​កាត់ត​​ចូលគ្នា​ដើម្បី​បង្កើតបានជា​រូបភាព 3D ដ៏​លំអិត​ដំបូង​ស្ដីពី​សាកសព​កប៉ាល់ Titanic។

    Titanic នៅតែ​ជា​និមិត្តរូប​របស់​មហា​គ្រោះថ្នាក់​នៅលើ​សមុទ្រ​របស់​មនុស្សជាតិ។ ដោយសារ​មាន​បច្ចេកវិទ្យា​ស្កេ​ន 3D យើង​អាច​មើលឃើញ​សាកសព​កប៉ាល់​នេះ​បាន​យ៉ាងច្បាស់ និងប្រកប​ដោយ​ភាព​​រស់​រវើក​ជាងពេលណាៗទាំងអស់៕

     

  • មូលហេតុ​នាំឱ្យ​នាវាមុជទឹក Titan បាត់​ខ្លួន អាចមកពី​កត្តា​ទាំងនេះ

    មូលហេតុ​នាំឱ្យ​នាវាមុជទឹក Titan បាត់​ខ្លួន អាចមកពី​កត្តា​ទាំងនេះ

    ក្រុម​អ្នកជំនាញ​យល់ថា នាវាមុជទឹក Titan ប្រហែលជា​បាន​ជួប​បញ្ហា​បច្ចេកទេស ឬ​ខូច​សម្បក​ខាងក្រៅ បណ្ដាលឱ្យ​បាត់​ទំនាក់ទំនង​នៅពេល​មុជ​ក្រោម​សមុទ្រ​ទៅមើល​​សាកសព​កប៉ាល់ Titanic។

    កងកម្លាំង​ល្បាត​ឆ្នេរសមុទ្រ​អាម៉េរិក កាលពី​ថ្ងៃទី 19 មិថុនា ប្រកាសថា ពួក​គេ​កំពុង​ស្វែងរក​ដាន​របស់​នាវាមុជទឹក​ទេសចរណ៍ Titan ដែល​បាន​បាត់​ខ្លួន​ក្នុងពេល​មុជ​ចុះទៅ​មើល​សាកសព​កប៉ាល់ Titanic នៅបាត​​មហាសមុទ្រ​អា​ត្ល​ង់​ទិ​ក។ នាវា​ជួប​គ្រោះថ្នាក់​​នេះ ​ដឹក​មនុស្ស 5 នាក់ ក្នុងនោះ​ក៏មាន​មហាសេដ្ឋី​អង់គ្លេស បាន​មុជ​ចុះក្រោម​ទឹកសមុទ្រ​នៅ​ព្រឹក​ថ្ងៃទី 18 មិថុនា ហើយ​​រយៈពេល​ជាង​មួយ​ម៉ោង​កន្លះ​ក្រោយ​មក​ វា​ក៏បាន​បាត់​ទំនាក់ទំនង។

    OceanGate Expeditions ដែលជា​អ្នកគ្រប់គ្រង​នាវា​ខាងលើ​ឱ្យដឹងថា ខ្លួន​កំពុង​រក​គ្រប់​វិធី​ដើម្បី​នាំ​ក្រុម​អ្នក​ទេសចរណ៍​នេះ​ឡើងមក​ដោយ​សុវត្ថិភាព។ កងកម្លាំង​របស់​ប្រទេស​កាណាដា​ក៏​ចូលរួម​ការស្វែងរក​នា​វា​នេះដែរ ប៉ុន្តែ​មិនទាន់បាន​រកឃើញតម្រុយ​អ្វី​​នៅឡើយ។

    ក្រុម​អ្នកជំនាញ​បានលើកឡើង​នូវ​មូលហេតុ​ជាច្រើន​ដែល​ពួកគេ​យល់ថា អាចជា​កត្តា​ដែល​បណ្ដាលឱ្យ​នាវា Titan បាត់​ខ្លួន។ ក្នុងនោះ​មានដូចជា បញ្ហា​ដាច់​ប្រភព​អគ្គិសនី បញ្ហា​ទាក់​ជាប់​នឹង​វត្ថុ​អ្វីមួយ​របស់​សាកសព​កប៉ាល់ Titanic និង​​បញ្ហា​ប្រព័ន្ធ​ទំនាក់ទំនង​ជាដើម។

    សាកសព​កប៉ាល់ Titanic ស្ថិតក្នុង​ជម្រៅ​ប្រហែល 3,800 ម៉ែត្រ ខាងក្រោម​​មហា​សមុទ្រ​អា​ត្ល​ង់​ទិ​ក។ នៅ​ជុំវិញ​សាកសព​កប៉ាល់​នេះ ​មាន​បំណែក​ជាច្រើន​ដែល​សេសសល់​ពី​ហេតុការណ៍​លិច​កាលពី​ជាង​មួយ​សតវត្សរ៍​មុន៕

  • Beckham ចំណាយ​មួយ​ពាន់​លាន​ដុល្លារ​ដើម្បី «បម្រើ» ដល់ Messi ក្នុង​ការ​​ប្រកួត​នៅ​សហរដ្ឋ​អាម៉េរិក

    Beckham ចំណាយ​មួយ​ពាន់​លាន​ដុល្លារ​ដើម្បី «បម្រើ» ដល់ Messi ក្នុង​ការ​​ប្រកួត​នៅ​សហរដ្ឋ​អាម៉េរិក

    កីឡាដ្ឋាន​ថ្មី​របស់​ក្លឹប Inter Miami ដែល​ត្រូវ​ចំណាយ​ប្រាក់​ឡើងដល់​មួយ​ពាន់​លាន​ដុល្លារ​អាម៉េរិក កំពុងស្ថិត​ក្នុងដំណាក់កាល​បង្ហើយ​ការងារ​ចុងក្រោយ មុននឹង​ដាក់ឱ្យ Messi និង​មិត្ត​រួម​ក្រុម​ប្រើប្រាស់។

    គម្រោង​ស្ថាបនា​កីឡាដ្ឋាន​ថ្មី​​ស្ថិតនៅ​លើដី​មួយកន្លែង​មានឈ្មោះ​ថា Miami Freedom Park ​លាតសន្ធឹង​ក្បែរ​ឆ្នេរសមុទ្រ​របស់​រដ្ឋ Florida ទំហំ 73,000 ហិកតា អម​នឹងអ្វីៗជាច្រើន​ទៀត​ដែល​នឹង​ទាក់ទាញ​សាធារណជន​ក្នុងពេល​ខាងមុខ។ ក្នុងនោះ​មាន​ជាអាទិ៍ ឧទ្យាន​ធំ​បំផុត​ប្រចាំ​ទីក្រុង សណ្ឋាគារ ហាង និង​ភោជនីយដ្ឋាន​លំដាប់​ប្រណិត។ល។

    កីឡដ្ឋាន​ថ្មី​នេះ​នឹង​ជា​កន្លែង​សម្រាប់​ហ្វឹកហាត់​របស់​ក្រុម​ទីមួយ​ក្នុង​​ក្លឹប Inter Miami និង​បណ្ដា​ក្រុម​វ័យក្មេង​របស់​វិទ្យាស្ថាន Inter Miami ដែល​រួមមាន​ចាប់ពី​ក្រុម U12 ដល់ U17 និង​​ស្ថិតក្នុង​កម្មវិធី​អភិវឌ្ឍ​កីឡាបាល់ទាត់​យូរអង្វែង​នៅ Miami និង​សហរដ្ឋ​អាម៉េរិក ដែល​មាន​ឈ្មោះថា MLS NEXT។

    David Beckham និង Lionel Messi កាល​ពី​ឆ្នាំ 2013

    Lionel Messi ​ក្លាយជា​មនុស្ស​រប​ស់​ក្លឹប Inter Miami នៅ​ថ្ងៃ​ដំបូង​របស់​ខែកក្កដា ឆ្នាំ 2023 ក្រោយពី​កិច្ចព្រមព្រៀង​ជាមួយ​ក្លឹប​បារាំង PGS ​អស់​សុពលភាព។

    កីឡដ្ឋាន​បាល់ទាត់​ខាងលើ​គ្រោង​នឹងដាក់​ឱ្យប្រើ​ប្រាស់​នៅ​ឆ្នាំក្រោយ បន្ទាប់ពី​បានចាប់ផ្ដើម​ស្ថាបនា​តាំងពី​ឆ្នាំ 2019៕

  • នាវា​អគ្គិសនី​បំពាក់​ក្ដោង​សូ​ឡា​ខ្នាត​ធំ អាច​ដឹក​អ្នកដំណើរ​បាន 500 នាក់

    នាវា​អគ្គិសនី​បំពាក់​ក្ដោង​សូ​ឡា​ខ្នាត​ធំ អាច​ដឹក​អ្នកដំណើរ​បាន 500 នាក់

    (ន័​រ​វែ​ស) – ក្រុមហ៊ុន Hurtigruten បង្ហាញ​នាវា​អគ្គិសនី​ដឹក​អ្នកដំណើរ​មាន​ក្ដោង​សូ​ឡា​ដែល​អាច​បង្រួម​បាន និង​គ្រោង​ដាក់​ដំណើរការ​នៅ​ឆ្នាំ 2030។

    ក្រុមហ៊ុន​ខាងលើ បច្ចុប្បន្ន​មាន​ក្រុម​នាវា​ចំនួន 8 គ្រឿង ក្នុងនោះ មួយគ្រឿងៗអាច​ដឹក​អ្នកដំណើរ​បាន 500 នាក់ ដែល​ផ្លាស់​ទី​តាម​បណ្ដោយ​ឆ្នេរសមុទ្រ​ន័​រ​វែ​ស ចាប់ពី Oslo ដល់​តំបន់​ប៉ូល​ខាងជើង។

    គម្រោង​មាន​ឈ្មោះថា «Sea Zero» ដែល​ត្រូវ​បានប្រកាស​លើកដំបូង​កាលពី​ឆ្នាំ 2022 ត្រូវបាន​រំពឹងថា អាចរួមចំណែក​ក្នុងការ​បំផុសគំនិត និង​ជំរុញឱ្យមាន​យានយន្ត​មិន​បំ​ភាយ​ឧស្ម័ន​នៅក្នុង​វិស័យ​ដឹកជញ្ជូន​ផ្លូវទឹក​ទាំងមូល។

    នាវា​ដឹក​អ្នកដំណើរ​របស់ Hurtigruten នឹង​ដំណើរការ​ដោយ​ថ្ម 60 មេ​ហ្គា​វ៉ា​ត់ អាច​បញ្ចូល​ថាមពល​ស្អាត​នៅឯ​កំពង់ផែ ដោយសារ​ថាមពល​មិន​បំ​ភាយ​ឧស្ម័ន​នេះ​កំពុង​គ្របដណ្ដប់ 98% នៅក្នុង​បណ្ដាញ​អគ្គិសនី​របស់​ប្រទេស​ន័​រ​វែ​ស។

    ក្រុមហ៊ុន​ខាងលើ​ឱ្យដឹងថា ថ្ម​ផ្ទុក​អគ្គិសនី​របស់​នាវា​នេះ​អាចឱ្យ​ធ្វើដំណើរ​បាន​ពី 555 ដល់ 648 គីឡូម៉ែត្រ គ្រា​ដែល​ក្ដោង​របស់​វា​បំពាក់​ផ្ទាំង​សូ​ឡា​សរុប 1,500 ម៉ែត្រក្រឡា ក៏​អាចជួយ​បន្ថែម​អគ្គិសនី​បាន​ច្រើន​ដល់​នាវា។

    យោងតាម CNN នាវា​ដែល​នឹងមាន​កាប៊ីន​ចំនួន 270 អាចដាក់​អ្នកដំណើរ​បាន 500 នាក់ និង​ក្រុម​នាវិក 99 នាក់​មួយ​នេះ នឹងត្រូវ​បានចាប់ផ្ដើម​ការផលិត​នៅ​ឆ្នាំ 2027 ហើយ​គ្រោង​នឹងដាក់​ឱ្យ​ដំណើរការ​ពាណិជ្ជកម្ម​ចាប់ពី​ឆ្នាំ 2030៕