មូលហេតុ​នាំឱ្យ​នាវាមុជទឹក Titan បាត់​ខ្លួន អាចមកពី​កត្តា​ទាំងនេះ

រូបភាព​ប្រឌិត បង្ហាញ​អំពី​សកម្មភាព​របស់​នាវា​មុជទឹក Titan នៅ​ក្បែរ​សាកសព​កប៉ាល់​ Titanic

ក្រុម​អ្នកជំនាញ​យល់ថា នាវាមុជទឹក Titan ប្រហែលជា​បាន​ជួប​បញ្ហា​បច្ចេកទេស ឬ​ខូច​សម្បក​ខាងក្រៅ បណ្ដាលឱ្យ​បាត់​ទំនាក់ទំនង​នៅពេល​មុជ​ក្រោម​សមុទ្រ​ទៅមើល​​សាកសព​កប៉ាល់ Titanic។

កងកម្លាំង​ល្បាត​ឆ្នេរសមុទ្រ​អាម៉េរិក កាលពី​ថ្ងៃទី 19 មិថុនា ប្រកាសថា ពួក​គេ​កំពុង​ស្វែងរក​ដាន​របស់​នាវាមុជទឹក​ទេសចរណ៍ Titan ដែល​បាន​បាត់​ខ្លួន​ក្នុងពេល​មុជ​ចុះទៅ​មើល​សាកសព​កប៉ាល់ Titanic នៅបាត​​មហាសមុទ្រ​អា​ត្ល​ង់​ទិ​ក។ នាវា​ជួប​គ្រោះថ្នាក់​​នេះ ​ដឹក​មនុស្ស 5 នាក់ ក្នុងនោះ​ក៏មាន​មហាសេដ្ឋី​អង់គ្លេស បាន​មុជ​ចុះក្រោម​ទឹកសមុទ្រ​នៅ​ព្រឹក​ថ្ងៃទី 18 មិថុនា ហើយ​​រយៈពេល​ជាង​មួយ​ម៉ោង​កន្លះ​ក្រោយ​មក​ វា​ក៏បាន​បាត់​ទំនាក់ទំនង។

OceanGate Expeditions ដែលជា​អ្នកគ្រប់គ្រង​នាវា​ខាងលើ​ឱ្យដឹងថា ខ្លួន​កំពុង​រក​គ្រប់​វិធី​ដើម្បី​នាំ​ក្រុម​អ្នក​ទេសចរណ៍​នេះ​ឡើងមក​ដោយ​សុវត្ថិភាព។ កងកម្លាំង​របស់​ប្រទេស​កាណាដា​ក៏​ចូលរួម​ការស្វែងរក​នា​វា​នេះដែរ ប៉ុន្តែ​មិនទាន់បាន​រកឃើញតម្រុយ​អ្វី​​នៅឡើយ។

ក្រុម​អ្នកជំនាញ​បានលើកឡើង​នូវ​មូលហេតុ​ជាច្រើន​ដែល​ពួកគេ​យល់ថា អាចជា​កត្តា​ដែល​បណ្ដាលឱ្យ​នាវា Titan បាត់​ខ្លួន។ ក្នុងនោះ​មានដូចជា បញ្ហា​ដាច់​ប្រភព​អគ្គិសនី បញ្ហា​ទាក់​ជាប់​នឹង​វត្ថុ​អ្វីមួយ​របស់​សាកសព​កប៉ាល់ Titanic និង​​បញ្ហា​ប្រព័ន្ធ​ទំនាក់ទំនង​ជាដើម។

សាកសព​កប៉ាល់ Titanic ស្ថិតក្នុង​ជម្រៅ​ប្រហែល 3,800 ម៉ែត្រ ខាងក្រោម​​មហា​សមុទ្រ​អា​ត្ល​ង់​ទិ​ក។ នៅ​ជុំវិញ​សាកសព​កប៉ាល់​នេះ ​មាន​បំណែក​ជាច្រើន​ដែល​សេសសល់​ពី​ហេតុការណ៍​លិច​កាលពី​ជាង​មួយ​សតវត្សរ៍​មុន៕

Advertisement