ក្រុមហ៊ុន​គ្រប់គ្រង​នាវា​មុជ​ទឹក​ Titan ផ្អាក​ដំណើរ​ការ​ទាំង​ស្រុង​

ក្រុមហ៊ុន OceanGate ដែល​គ្រប់គ្រង​កូន​នាវាមុជទឹក Titan បានប្រកាស​បញ្ឈប់​រាល់​សកម្មភាព​ដោយ​មិន​កំណត់​ពេលវេលា ក្រោយពី​មាន​ហេតុការណ៍​គ្រោះថ្នាក់​នៅ​បាតសមុទ្រ​ដែល​បាន​បណ្ដាល​​ឱ្យ​មនុស្ស 5 នាក់​បាត់​បង់ជីវិត។

«យើង​ផ្អាក​រាល់​សកម្មភាព​ស្វែងយល់ និង​ពាណិជ្ជកម្ម» ក្រុមហ៊ុន OceanGate ដែលមាន​ទីស្នាក់ការ​ក​ណ្ដា​ល​នៅ Everett រដ្ឋ Washington សហរដ្ឋ​អាម៉េរិក ប្រកាស​កាលពី​ថ្ងៃទី 06 កក្កដា​ដូច្នេះ។ ក្រុមហ៊ុន​នេះ​មិនបាន​លើកឡើង​ច្បាស់​អំពី​មូលហេតុ ក៏​ដូច​ជា​​ពេលវេលា​ដែល​ក្រុមហ៊ុន​នេះ​​នឹង​ដំណើរការ​ឡើងវិញ​។

OceanGate គឺជា​ក្រុមហ៊ុន​ដែល​គ្រប់គ្រង​កូន​នាវាមុជទឹក Titan។ Titan បាន​ដាច់​ទំនាក់ទំនង​ជាមួយ​កប៉ាល់​មេ​កាលពី​ថ្ងៃទី 18 មិថុនា 2023 នៅក្នុង​ដំណើរ​នាំ​មនុស្ស 5 នាក់​ចុះទៅ​ទស្សនា​សាកសព​កប៉ាល់ Titanic ដែល​បាន​លិច​កាលពី​ប្រហែល 111 ឆ្នាំមុន នៅ​បាត​មហាសមុទ្រ​អា​ត្ល​ង់​ទិ​ក ជម្រៅ 3,800 ម៉ែត្រ។ ជនរងគ្រោះ​ត្រូវបាន​គេ​ជឿថា បាន​ស្លាប់ភ្លាមៗ ក្រោយពី​នាវា Titan ត្រូវ​បែកខ្ទេច​ខ្ទី​ដោយសារ​សម្ពាធ​ទឹក។

នាយក​ប្រតិបត្តិ​របស់ OceanGate លោក Stockton Rush គឺជា​មនុស្ស​ម្នាក់​ក្នុងចំណោម​ជនរងគ្រោះ​ដែល​បាន​ស្លាប់​ក្នុង​ហេតុការណ៍​ខាងលើ។ នៅលើ​នាវា Titan ក៏មាន​មហាសេដ្ឋី​ជនជាតិ​អង់គ្លេស លោក Hamish Harding, អ្នក​ផ្សងព្រេង​ជនជាតិ​បារាំង Paul-Henri Nargeolet, មហាសេដ្ឋី​អង់គ្លេស​ដើមកំណើត​ប៉ា​គិ​ស្ថាន ​លោក Shahzada Dawood និង​កូនប្រុស Suleman។

ក្រុម​អ្នកជំនាញ​បាន​ប្រមូលយក​បំណែក​សាកសព​ដែល​ត្រូវបាន​គេ​ជឿថា​ជា​របស់​មនុស្ស ពី​បំណែក​នាវា​ដែល​បាន​រកឃើញ​នៅ​បាតសមុទ្រ និង​យកទៅ​កាន់​កំពង់ផែ St. John’s នៅ​ប្រទេស​កាណាដា។ កងកម្លាំង​ល្បាត​ឆ្នេរសមុទ្រ​អាម៉េរិក និង​កាណាដា កំពុង​ស៊ើបអង្កេត​រក​មូលហេតុ​នៃ​គ្រោះថ្នាក់​នេះ៕

Advertisement