ក្រោយពីបានបញ្ជាក់ថានឹងទៅលេងឱ្យក្លឹបអាម៉េរិក Inter Miami តារាបាល់ទាត់ពិភពលោក Lionel Messi ក៏បានទទួលស្គាល់ថា ខ្លួនមិនទទួលបានសុភមង្គលក្នុងរង្វង់ពីរឆ្នាំដែលលេងឱ្យ Paris Saint-Germain។
រឿងរ៉ាវម្ចាស់ជើងឯក World Cup 2022 សម្រេចចិត្តទាត់ឱ្យក្លឹប Inter Miami ត្រូវបានបញ្ជាក់រួចហើយ។ បើតាមគម្រោង M10 នឹងទៅចូលរួមជាមួយក្រុមនេះចាប់ពីខែកក្កដាខាងមុខ៕
កំពូលតារាបាល់ទាត់ពិភពលោក Lionel Messi នឹងចូលជាសមាជិករបស់ក្លឹបបាល់ទាត់អាម៉េរិក Inter Miami ក្រោយពីកិច្ចព្រមព្រៀងជាមួយ PSG អស់សុពលភាព។
យោងតាម BBC កំពូលកីឡាកររបស់អាហ្សង់ទីន នឹងបដិសេធប្រាក់បៀវត្សរ៍ 430 លានដុល្លារអាម៉េរិក/ឆ្នាំ នៅអារ៉ាប៊ីសាអូឌីត ដើម្បីជ្រើសយកការអញ្ជើញពីក្លឹប Inter Miami នៅសហរដ្ឋអាម៉េរិក។ ដើម្បីទាក់ទាញ Messi មកលេងនៅពានរង្វាន់បាល់ទាត់អាជីពអាម៉េរិក (MLS) ក្លឹប Miami បានសហការជាមួយក្រុមហ៊ុនធំៗជាច្រើន មានដូចជា Adidas និង Apple ជាដើម។
នេះគឺជាលើកដំបូងដែល Messi លេងបាល់នៅខាងក្រៅទ្វីបអឺរ៉ុប។ M10 ចង់ទាត់នៅអឺរ៉ុបមួយរដូវកាលទៀត ដោយផ្ដល់អាទិភាពឱ្យ Barca ប៉ុន្តែមិនទទួលបានសំណើទាល់តែសោះ ដោយសារតែក្លឹបនេះកំពុងជួបបញ្ហាហិរញ្ញវត្ថុ។ Messi អាចជ្រើសរើសតែ Inter Miami ឬ Al Hilal។
មនុស្សជាច្រើនចង់ឃើញ Messi លេងឱ្យ Al Hilal ដើម្បីបានប៉ះជាមួយ Ronaldo និង Karim Benzema នៅអារ៉ាប៊ីសាអូឌីត។ ពានរង្វាន់ Saudi League ប្រទេសនេះ អាចមានលក្ខខណ្ឌល្អជាង MLS ប៉ុន្តែ M10 ចង់លេងនៅសហរដ្ឋអាម៉េរិកជាង ព្រោះតែកត្តាមួយចំនួន រួមមាន ការរស់នៅ និងកិច្ចសហការជាមួយបណ្ដាយីហោធំៗ លើសពីវិស័យបាល់ទាត់។ Messi ក៏មានផ្ទះមួយខ្នងនៅ Miami រដ្ឋ Florida ដែលកំពុងជួលឱ្យគេ។
ក្លឹប Inter Miami ជាកម្មសិទ្ធិរបស់មហាសេដ្ឋី Jorge Mas, Jose Mas និងអតីតកំពូលកីឡាករបាល់ទាត់អង់គ្លេស David Beckham។ Beckham ក៏កាន់តំណែងប្រធាននៅក្លឹបនេះផងដែរ៕
(ហុងគ្រី) – អ្នកគាំទ្រក្រុមបាល់ទាត់អ៊ីតាលី Roma នាំគ្នាជេរប្រមាថ គប់ដបទឹក និងកៅអីជាដើម សំដៅលើ Anthony Taylor គ្រាដែលអាជ្ញាកណ្ដាលរូបនេះត្រូវបានប៉ូលិសអមដំណើរចូលបន្ទប់ដោយឡែកនៅព្រលានយន្តហោះ Budapest បន្ទាប់ពីការប្រកួតវគ្គផ្ដាច់ព្រ័ត្រ Europa League។
ពេលបង្ហាញវត្តមាននៅអាកាសយានដ្ឋានដើម្បីត្រៀមចាកចេញពីប្រទេសហុងគ្រីកាលពីថ្ងៃទី 01 មិថុនា 2023 អាជ្ញាកណ្ដាលជនជាតិអង់គ្លេស លោក Taylor ត្រូវបានអ្នកគាំទ្ររបស់ក្រុមបាល់ទាត់អ៊ីតាលី Roma ឡោមព័ន្ធ និងជេរប្រមាថ។ លើសពីនេះក៏មានអ្នកខ្លះស្រែកថា «សម្លាប់វាទៅ» ខណៈដែលអ្នកខ្លះគប់ដបទឹកសុទ្ធសំដៅអាជ្ញាកណ្ដាល និងក្រុមគ្រួសារ។
ដើម្បីការពារសុវត្ថិភាព ក្រុមប៉ូលិសក៏បានអមដំណើរលោក Taylor និងគ្រួសារ ចូលទៅក្នុងបន្ទប់ដោយឡែក។ ពេលនោះ មនុស្សម្នាក់ថែមទាំងបានគប់កៅអីសំដៅប៉ូលិសដែលកំពុងឈរការពារអាជ្ញាកណ្ដាល និងសមាជិកគ្រួសាររបស់គាត់។
ក្រោយមក ស្ថានប័នគ្រប់គ្រងអាជ្ញាកណ្ដាលអាជីពអង់គ្លេស (PGMOL) បានប្រកាសថា ស្ថាប័ននេះមានការភ័យខ្លាចនៅចំពោះមុនទង្វើមិនសមហេតុផល និងអាក្រក់ដែលអ្នកគាំទ្របានប្រព្រឹត្តចំពោះ Taylor និងគ្រួសារ នៅពេលពួកគេព្យាយាមត្រលប់ទៅផ្ទះ ក្រោយពីវគ្គផ្ដាច់ព្រ័ត្រ Europa League។
សារព័ត៌មានអ៊ីតាលីបានហៅហេតុការណ៍នេះថាជា «ករណីវឹកវរ Taylor» និងយល់ថា គ្រូបង្វឹក Jose Mourinho ត្រូវទទួលខុសត្រូវចំពោះការបង្កឱ្យមានបរិយាកាសតានតឹងនេះ។ ព្រោះថា ក្រោយវគ្គផ្ដាច់ព្រ័ត្រនៅ Europa League លោក Mourinho បានជេរប្រទេចអាជ្ញាកណ្ដាលនៅឯចំណតរថយន្ត ដោយសារយល់ថា លោក Taylor កាត់ក្ដីលំអៀងទៅរកក្រុមអេស្ប៉ាញ Sevilla។
(អង់គ្លេស) – ខ្សែប្រយុទ្ធ Marcus Rashford ចាត់ទុកថា ការរារាំង Man City បង្កើតឡើងវិញទិដ្ឋភាពលើកពានជើងឯកទាំងបីនៃរដូវកាល 1998-1999 របស់ Manchester United គឺជារឿងសំខាន់បំផុត នៅមុនវគ្គផ្ដាច់ព្រ័ត្រ FA Cup។
«ការធានាថា Man Utd នៅតែជាក្លឹបអង់គ្លេសតែមួយគត់ដែលដណ្ដើមបានពានជើងឯកទាំងបីក្នុងមួយរដូវកាល (Treble) គឺជារឿងសំខាន់បំផុត» Rashford ថ្លែងដូច្នេះនៅពេលត្រូវបានសួរអំពីការជំរុញទឹកចិត្តរបស់គាត់នៅមុនវគ្គផ្ដាច់ព្រ័ត្រ FA Cup (Football Association Challenge Cup)។
ក្រោយពីដណ្ដើមបានពានរង្វាន់ជើងឯកលិគកំពូលអង់គ្លេសបន្តបន្ទាប់ជាលើកទីបី Man City នៅសល់ពីរប្រកួតទៀតដែលនឹងត្រូវប៉ះ Man Utd ក្នុងវគ្គផ្ដាច់ព្រ័ត្រ FA Cup នៅទីលាន Wembley របស់អង់គ្លេស ថ្ងៃទី 03 មិថុនា រួចប្រកួតជាមួយ Inter Milan ក្នុងវគ្គផ្ដាច់ព្រ័ត្រ Champions League នៅប្រទេសតួកគី ថ្ងៃទី 10 មិថុនា។ គ្រូបង្វឹក Pep Guardiola របស់ក្លឹប Man City ធ្លាប់បានសម្ដែងអំពីមហិច្ឆតាលើកពានទាំងបីនេះដើម្បីបង្កើតឡើងវិញទិដ្ឋភាពនៃជ័យជម្នះរបស់ Man Utd នៅរដូវកាល 1998-1999។
ខ្សែប្រយុទ្ធ Marcus Rashford របស់ Manchester United
សម្រាប់ Man Utd វិញ ការផ្ដួល Man City នៅលើទីលាន Wembley របស់ក្រុងឡុងដ៍នៅចុងសប្ដាហ៍នេះ មិនត្រឹមតែជួយឱ្យពួកគេលើកពានជើងឯកបានពីរបន្ទាប់ពី EFL Cup (League Cup) ក្នុងមួយរដូវកាលនោះទេ ប៉ុន្តែក៏រារាំងគូប្រកួតមកពីទីក្រុងជាមួយគ្នា បង្កើតឡើងជាថ្មីនូវជោគជ័យក្រោមការដឹកនាំរបស់ Sir Alex Ferguson កាលពី 24 ឆ្នាំមុនផងដែរ។
ក្នុងពិធីប្រគល់រង្វាន់ចុងរដូវកាលរបស់ Manchester United កាលពីព្រលប់ថ្ងៃទី 19 ឧសភា ខ្សែប្រយុទ្ធ Rashford ដណ្ដើមបានពានរង្វាន់ប្រចាំរដូវកាលចំនួនពីរសំខាន់ៗ គឺ ពានរង្វាន់កីឡាករឆ្នើមបំផុតដែលបោះឆ្នោតដោយអ្នកគាំទ្រ (Sir Matt Busby Player of the Year) និងពានរង្វាន់កីឡាករឆ្នើមបំផុតដែលបោះឆ្នោតដោយសមាជិកក្នុងក្រុម៕