ចិន​នាំ​អវកាស​ចរ​ស៊ីវិល​ដំបូង​ឡើងទៅ​កាន់ស្ថានីយ​​អវកាស​ Tiangong

(ពីឆ្វេងទៅ​ស្ដាំ) Gui Haichao, Jing Haipeng, Zhu Yangzhu

Gui Haichao ដែលជា​សាស្ត្រាចារ្យ​នៃ​សាកលវិទ្យាល័យ​អវកាស​ប៉េកាំង នឹង​ក្លាយជា​អ្នក​អវកាស​ស៊ីវិល​ដំបូង​គេ​របស់​ប្រទេស​ចិន ដែល​ហោះ​ឡើងទៅ​កាន់​ទី​អវកាស។

តាម​ផែនការ Gui Haichao នឹង​​រួម​ដំណើរ​ជាមួយ​អ្នក​អវកាស Jing Haipeng និង Zhu Yangzhu របស់​យានអវកាស Shenzhou 16 ហោះ​ឡើង​ទៅ​កាន់​ស្ថានីយ​អវកាស​ Tiangong ​ពី​មជ្ឈមណ្ឌល​បាញ់​បង្ហោះ​ផ្កាយរណប Jiuquan នៅ​ភាគ​ពាយព្យ​ប្រទេស​ចិន នៅវេលា​ម៉ោង 09:31 ថ្ងៃទី 30 ឧសភា ម៉ោង​នៅ​ប៉េកាំង (ម៉ោង​ប្រហែល 8 កន្លះ​នៅ​ភ្នំពេញ)។ មុន​នោះ អ្នក​អវកាស​ចិន​ដែល​បាន​ហោះ​ឡើងទៅ​កាន់​ទី​អវកាស​គឺ​សុទ្ធតែជា​មនុស្ស​របស់​ក​ង​ទ័ព​ចិន (PLA)។

អ្នកនាំពាក្យ​របស់​ស្ថាប័ន​អវកាស​មាន​មនុស្ស​បើកបរ​របស់​ចិន (CMSA) បានឱ្យដឹងថា សាស្ត្រាចារ្យ Gui Haichao ទទួលបន្ទុក​ក្នុងការ​ពិសោធ​ផ្នែក​វិទ្យាសាស្ត្រ​នៅលើ​ស្ថានីយ​អវកាស​ចិន Tiangong។ អ្នកវិភាគ Chen Lan អះអាងថា ការចូលរួម​របស់ Gui គឺជា​រឿង​សំខាន់ ព្រោះថា កន្លងមក​មានតែ​អ្នក​អវកាស​ជំនាញ​ខាង​បច្ចេកទេសប៉ុណ្ណើ​ ពុំទាន់​មាន​អ្នកវិទ្យាសាស្ត្រ​ដែលមាន​ឯកទេស​ក្នុងការ​សិក្សា​​ស្រាវជ្រាវ​ពិតប្រាកដ។

ប្រធាន​ក្រុម​ហោះហើរ​របស់​យាន Shenzhou 16 គឺ Jing Haipeng ​នឹង​បំពេញបេសកកម្ម​អវកាស​លើក​ទី​បួន។ សមាជិក​ចុងក្រោយ​របស់​ជើងហោះហើរ​លើក​នេះ​គឺ​វិស្វករ Zhu Yangzhou។ តាម​គម្រោង អ្នក​អវកាស Jing, Gui និង Zhu នឹងធ្វើ​ការ​នៅលើ​ស្ថានីយ​អវកាស Tiangong ក្នុង​រយៈ​ពេល​ប្រហែល 5 ខែ។

​យាន Shenzhou 16

តាម​ផែនការ ស្ថានីយ​អវកាស Tiangong នឹងធ្វើ​សកម្មភាព​ក្នុង​គន្លង​តារាវិថី​ផែនដី​នៅលើ​កម្ពស់​ពី 400 ទៅ 450 គីឡូម៉ែត្រ យ៉ាងតិច 10 ឆ្នាំ។ ហេដ្ឋារចនាសម្ព័ន្ធ​ស្ថានីយ​អវកាស​ដែលមាន​រាង​ជា​អក្សរ T នេះ ត្រូវបាន​ដំឡើង​រួចរាល់​កាលពី​ឆ្នាំ 2022។ មុន​នោះ ក្នុង​ឆ្នាំ 2011 ចិន​ត្រូវបាន​បណ្ដេញ​ចេញពី​ស្ថានីយ​អវកាស​អន្តរជាតិ នៅពេល​សហរដ្ឋ​អាម៉េរិក​មិន​អនុញ្ញាតឱ្យ​ណា​សា​សហការ​ជាមួយ​ប្រទេស​នេះ។

ស្ថានីយអវកាសចិន Tiangong

ចិន​មិនមាន​គម្រោង​ប្រើប្រាស់​ស្ថានីយ Tiangong សម្រាប់​កិច្ចសហប្រតិបត្តិការ​ទូ​ទាំង​សកលលោក​ក្នុង​ទ្រង់​ទ្រាយ​ធំ​ដូច ISS ប៉ុន្តែ នៅតែ​ត្រៀមខ្លួន​សហការ​ជាមួយ​បរទេស។

Advertisement