ពពក​ចំហាយ​ទឹក​ជះ​​ចេញពី​ព្រះ​ចន្ទ​របស់​ភព​សៅរ៍ មាន​​ប្រវែង​ជាង 9,000 គីឡូម៉ែត្រ​

បណ្ដាព្រះចន្ទ ក្នុងនោះមានទាំង Enceladus (ខាងមុខ) ដែលវិលជុំវិញភពសៅរ៍

ក្រុម​តារាវិទូ​បាន​រកឃើញ​ចំហាយ​ទឹក​ដ៏​សម្បើម​ជះ​ចេញពី Enceladus ដែលជា​ព្រះ​ចន្ទ​មួយ​របស់​ភព​សៅរ៍ ដែល​នេះ​កំពុងតែ​ផ្ដល់​ក្ដីសង្ឃឹម​ដល់​គំនិត​ដែល​យល់ថា មាន​ភាវៈ​រស់នៅ​ខាងក្រៅ​ផែនដី។

ទំព័រ Guardian កាលពី​ថ្ងៃទី 30 ឧសភា បាន​ចុះផ្សាយ​ថា ចំហាយ​ឧស្ម័ន​ប្រវែង​ប្រហែល 9,600 គីឡូម៉ែត្រ ដែល​ប្រហាក់ប្រហែល​នឹង​ចម្ងាយ​ពី​ជប៉ុន​ទៅ​អៀឡង់ កំពុង​ជះ​ទឹក​ទៅក្នុង​ទី​អវកាស​ក្នុង​ល្បឿន​ប្រមាណ 300 លីត្រ/វិនាទី។ តាំងពី​យូរ​មកហើយ អ្នកវិទ្យាសាស្ត្រ​ជឿថា ព្រះ​ចន្ទ Enceladus ដែលមាន​ទំហំ​ប្រហែល 500 គីឡូ​ម៉ែ​ទ្រ មាន​លាក់​មហាសមុទ្រ​ទឹកប្រៃ​ខាងក្រោម​សម្បក​ដ៏​ត្រជាក់ ហើយ​ទំនងជា​ជះ​​ចំហាយ​ទឹក​ទៅក្នុង​បរិយាកាស។ ក៏ប៉ុន្តែ នេះ​គឺជា​លើកដំបូង​ដែល​អ្នកវិទ្យាសាស្ត្រ​បាន​មើលឃើញ​ករណី​បាញ់​ជះ​ចំហាយ​​ទឹក​ដ៏​ធំ​សម្បើម​បែបនេះ។

«យើង​ពិតជា​ភ្ញាក់ផ្អើល​នឹង​ទំហំ និង​ប្រវែង​របស់​ចំហាយ​នេះ» អ្នកវិទ្យាសាស្ត្រ Geronimo Villanueva មកពី​អង្គការ​ណា​សា និង​ជា​សមាជិក​ក្រុម​ស្រាវជ្រាវ​ខាងលើ ថ្លែង​ដូច្នេះ។ លទ្ធផល​នៃ​ការស្រាវជ្រាវ​នេះ​ត្រូវបាន​ចុះផ្សាយ​លើ​ទស្សនាវដ្ដី Nature Astronomy។

ក្រុម​ខាងលើ​បាន​សង្កេតមើល Enceladus ដែលជា​ព្រះ​ចន្ទ​ធំជាងគេ​លំដាប់​ទី 6 របស់​ភព​សៅរ៍ ដោយ​តេ​ឡេ​ស្កុប​អវកាស James Webb កាលពី​ខែវិច្ឆិកា 2022។ ឧបករណ៍​គណនា​របស់​តេ​ឡេ​ស្កុប​នេះ​បង្ហាញថា ចំហាយ​​នេះ​ធ្វើឱ្យ Enceladus បាត់បង់​ទឹក 300 គីឡូក្រាម​រៀងរាល់​មួយ​វិនាទី ដែល​អាចបំពេញ​អាងទឹក​ខ្នាត​អូឡាំពិក​មួយ​ ​ក្នុងរយៈ​ពេល​តែ​​ប៉ុន្មាន​ម៉ោង​ប៉ុណ្ណោះ។

ការសង្កេត​មុន​នោះ​បង្ហាញថា ​ចំហាយ​ទឹក​ដែលមាន​ផ្ទុក​ភាគល្អិត​របស់​ព្រឹល និង​សារធាតុ​គីមីសរីរាង្គ បាន​ជះ​​ចេញ​ដូច​ទៅនឹង​ទឹក​ដែល​បាញ់​ចេញពី​ផ្ទៃផែនដី នៅលើ​ព្រះ​ចន្ទ Enceladus។ ដោយសារតែ​​វិលជុំ​វិញ​ភព​សៅរ៍​លឿន​ពេក ពោលគឺ​សម្រេចបាន​មួយ​ជុំ​ដោយ​ប្រើពេល​តែ​ជាង​មួយថ្ងៃ ចំហាយ​ទឹក​ក៏​ច្រាល​ចូលក្នុង​គន្លង​តារាវិថី​របស់​ព្រះ​ចន្ទ​ Enceladus និង​បង្កើតបានជា​រង្វង់​មូល​មួយ​ដ៏​ធំ។ យោងតាម​ទិន្នន័យ​ពី​តេ​ឡេ​ស្កុប បរិមាណ​ទឹក​ប្រហែល 30% ដែល​បាន​រសាត់​ផុតពី Enceladus ត្រូវបាន​រក្សាទុក​ក្នុង​រង្វង់​​មូល​ខាងលើ ខណៈដែល 70% ទៀត​បាន​ភាយ​ទៅក្នុង​អវកាស​ជុំវិញ​ភព​សៅរ៍។

កាលពី​ឆ្នាំ 2017 ក្រុម​អ្នកវិទ្យាសាស្ត្រ​មកពីណា​សា បានឱ្យដឹងថា ព្រះ​ចន្ទ Enceladus មាន​សារធាតុ​ស្ទើរ​គ្រប់យ៉ាង​ដែល​ត្រូវការ​ចាំបាច់​សម្រាប់​ភាវៈ​មានជីវិត​ដែល​មនុស្ស​ធ្លាប់​បានដឹង ក្នុងនោះ​រួមមាន ទឹក ថាមពល និង​កត្តា​គីមី​សាស្ត្រ​ជា​ដើម។

ក្នុង​​អនាគត បណ្ដា​បេសកកម្ម​ស្រាវជ្រាវ​ព្រះ​ចន្ទ Enceladus នឹង​ជួយ​ឱ្យ​​អ្នកវិទ្យាសាស្ត្រ​ដឹង​ច្បាស់​​អំពី​កម្រាស់​របស់​សម្បក​ទឹកកក​ខាងក្រៅ និង​ជម្រៅ​របស់​មហាសមុទ្រ​ក្រោម​ដីរបស់​ព្រះ​ចន្ទ​មួយ​នេះ​៕

Advertisement