ជនសង្ស័យ​សម្លាប់​មនុស្ស​ជាង 2,000 នាក់​ត្រូវ​បាន​ចាប់​ខ្លួន​ក្រោយរត់​គេច​ច្រើន​ឆ្នាំ

ជន​សង្ស័យ Fulgence Kayishema ​ដែល​ត្រូវ​ប៉ូលិសស្វែង​រក​​​​ព្រោះ​តែ​បាន​សម្លាប់​មនុស្ស​ជាង 2,000 នាក់​នៅ​ក្នុង​យុទ្ធនាការ​ប្រល័យ​ពូជ​សាសន៍​​នៅ រវ៉ាន់ដា ឆ្នាំ 1994 ត្រូវ​បាន​ចាប់​ខ្លួន​។

Fulgence kayishema អតីត​មន្ត្រី​ប៉ូលិស​អាយុ​ជាង 60​ កាល​ពី​ថ្ងៃ​ទី 24 ឧសភា 2023 ត្រូវ​បាន​ចាប់​ខ្លួន​នៅ​ក្នុង​ចំការ​ទំពាំង​បាយ​ជូរ​​នៅទី​រួម​ស្រុក​មួយ​ក្នុង​តំបន់​ផលិត​ស្រា​ទំពាំង​បាយ​ជូ​រដែល​មាន​ចម្ងាយ​ពីរដ្ឋធានី​ Cape Town របស់​អាហ្វ្រិក​ខាង​ត្បូង​ ជិត 50 គីឡូម៉ែត្រទៅ​ទិស​ខាង​កើត​។

ជន​សង្ស័យនេះ​ត្រូវ​បាន​ចាប់​ខ្លួន​ក្នុង​យុទ្ធនាការ​មួយ​ដែល​មាន​កិច្ច​សហការ​រវាង​អាជ្ញាធរ​អាហ្វ្រិក​ខាង​ត្បូង​ និង​អង្គការ​សហប្រជាជាតិ​។​ យោង​តាម​ប៉ូលិស​​អាហ្វ្រិក​ខាង​ត្បូង Kayishema បាន​សារភាព​ថាខ្លួន​ឈ្មោះ Donatien Nibashumba និងមិន​ព្រម​ទទួល​ស្គាល់​ឈ្មោះ​ពិត​។ ក៏ប៉ុន្តែ រហូត​ដល់​ព្រលប់​ថ្ងៃ​ដដែល ជន​នេះ​និយាយ​ថា​ «ខ្ញុំ​បាន​រង់ចាំ​ការ​ចាប់​ខ្លួន​នេះ​ជា​យូរ​មក​ហើយ»។

Kayishema ត្រូវ​បាន​សមត្ថកិច្ច​ប្រកាស​ចាប់​ខ្លួន​កាល​ពី​ឆ្នាំ 2001​។ សមត្ថកិច្ចបាន​ឱ្យ​ដឹង​ថា​ ជន​នេះ​បាន​ប្រើ​ប្រាស់​ឈ្មោះ​ និង​លិខិត​ស្នាមក្លែងក្លាយ​ជា​ច្រើន​ដើម្បី​ចៀស​វាង​ការ​ចាប់​ខ្លួន​ក្នុង​អំឡុង​ពេល​រត់​គេច និង​លាក់​ខ្លួន​។ សហរដ្ឋ​អាម៉េរិក​បាន​ប្រកាស​ផ្ដល់​រង្វាន់​ 5 លាន​ដុល្លារ​សម្រាប់​អ្នក​ទាំង​ឡាយ​ណា​ដែល​បាន​ផ្ដល់​ព័ត៌មាន​ឈាន​ទៅ​ដល់​ការ​ចាប់​បាន​ Kayishema​។

កាលពី​ឆ្នាំ 1994 ជន​ជាតិ​ Tutsi និង Hutu ជាង 800,000 នាក់​បាន​ស្លាប់​នៅ​ក្នុង​អំពើ​​ប្រល័យ​ពូជ​សាស្ត្រ​​នៅ​ប្រទេស​រវ៉ាន់ដា ដែល​ធ្វើ​ឡើង​ក្នុង​រយៈ​ពេល​បី​ខែ​។ តុលាការ​បាន​ចោទ​ប្រកាន់​ Kayishema ថា បាន​ចូល​រួម​ដោយ​ផ្ទាល់​ក្នុង​ការ​រៀប​​ និង​អនុវត្ត​​គម្រោង​សម្លាប់​មនុស្ស​ជាង 2,000 ​នាក់​នៅ​វិហារ​កាតូលិក Nyange កាល​ពី​ថ្ងៃទី 15 មេសា 1994 នៅ​ពេល​អំពើ​សម្លាប់​រង្គាល​ទើប​តែ​ចាប់​ផ្ដើម​។

ដីកា​តុលាការ​បាន​ឱ្យ​ដឹង​ថា Kayishema ដែល​ពេល​នោះ​គឺជា​មន្ត្រី​ស៊ើង​អង្កេត​ បាន​ទិញ​សាំង​ដើម្បី​ដុត​​វិហារ​ដែល​មាន​ជន​ភៀស​ខ្លួន​ជា​ច្រើន​នៅ​ខាង​ក្នុង​។ ជន​នេះ និង​បក្ខ​ពួក​ក៏​ត្រូវ​បាន​ចោទ​ប្រកាន់​ថា​​ បាន​ប្រើ​ប្រាស់​គ្រឿង​ចក្រ​ដើម្បី​កម្ទេច​វិហារ​​បន្ទាប់​ពី​មាន​ករណី​អគ្គិភ័យ​។

នៅ​ពេល​យុទ្ធនាការ​ប្រល័យ​ពូជ​សាសន៍​​ដែល​បាន​បញ្ចប់​កាល​ពី​ខែ​កក្កដា ឆ្នាំ 1994 Kayishema ក៏​រត់​ចូល​សាធារណរដ្ឋ​កុងហ្កោ​ ជាមួយ​នឹង​ប្រពន្ធ​កូន និង​បង​ថ្លៃ​។ បន្ទាប់​ពី​បាន​រត់​ទៅ​កាន់​ប្រទេស​ជា​ច្រើន​នៅ​ទ្វីប​អាហ្វ្រិក​ ជន​នេះ​ក៏​បាន​ទៅ​កាន់​ប្រទេស​អាហ្វ្រិក​ខាង​ត្បូង​នៅ​ឆ្នាំ 1999​ និង​ប្រើ​ប្រាស់​ឈ្មោះ​ក្លែង​ក្លាយ​ដើម្បី​សុំ​សិទ្ធិ​ជ្រក​កោន​នៅ Cape Town​។

Fulgence kayishema ពេល​ត្រូវ​បាន​ចាប់​ខ្លួន ។ រូប​ភាព​ពី Gistmania

ចាប់​តាំង​ពី​បាន​ទៅ​ដល់​អាហ្វ្រិក​ខាងត្បូង ជន​សង្ស័យ​បាន​ពឹង​អាស្រ័យ​លើ​បណ្ដាញ​ជំនួយ​មួយ​ដែល​រួម​មាន​ទាំង​ក្រុម​អតីត​សមាជិក​កងទ័ព​រវ៉ាន់ដា ​ជា​ក្រុម​មនុស្ស​ដែល​បាន​ស្វែង​រក​វិធី​លាក់​បាំង​សកម្មភាព​ និង​កន្លែង​ស្នាក់​នៅ​​របស់​ Kayishema​។

Kayishema​ គ្រោង​នឹង​ត្រូ​វ​បាន​កាត់​ទោស​​នៅ​ក្នុង​តុលាការ​មួយ​នៅ​ Cape Town នៅ​ថ្ងៃទី 26 ឧសភា​នេះ​ មុន​ពេល​អាច​ត្រូវ​បាន​នាំ​ខ្លួន​ទៅ​កាន់​​ប្រទេស​រវ៉ាន់ដា។

«Kayishema បាន​រត់​គេច​ខ្លួន​ជាង 20 ឆ្នាំ​។ ការ​ចាប់​ខ្លួន​នេះ​បាន​ធានា​ថា​ ចុង​ក្រោយ​ជន​នេះ​ក៏​ត្រូវ​ទទួល​ទោស​សម​ស្រប​សម្រាប់​អំពើ​ឧក្រិដ្ឋ​របស់​ខ្លួន​» Serge Brammertz ប្រធាន​រដ្ឋអាជ្ញា​នៃ​យន្តការ​ដោះ​ស្រាយ​រឿង​ក្ដី​នៅ​សេស​សល់​របស់​តុលាការ​អន្តរជាតិ​ (IRMCT) នៃ​​អង្គការ​សហប្រជាជាតិ​ ថ្លែង​ដូច្នេះ​ និង​បន្ថែម​ថា «អំពើ​ប្រល័យ​ពូជ​សាសន៍​​គឺជា​ទោស​ធ្ងន់​ធ្ងរ​បំផុត​ចំពោះ​មនុស្ស​ជាតិ​»៕

Advertisement