ពលរដ្ឋ​ឥណ្ឌូណេស៊ី​រាប់ពាន់នាក់​បោះ​សត្វ​ចិញ្ចឹម​ទៅលើ​ភ្នំភ្លើង​ដើម្បី​បូជាយញ្ញ

ហិណ្ឌូ​សាសនិក​រាប់ពាន់នាក់ នាំគ្នា​ឡើងលើ​កំពូលភ្នំ​ភ្លើង​សកម្ម Bromo ដើម្បី​ទម្លាក់​​មាន់​ទា បន្លែផ្លែឈើ និង​ប្រាក់​ជាដើម ចូលទៅ​មាត់​ភ្នំភ្លើង​នៅក្នុង​ពិធី​បូជាយញ្ញ​តាម​ទម្លាប់​សាសនា។

ក្រុម​អ្នក​កាន់សាសនា​ហិណ្ឌូ​រាប់ពាននាក់ កាលពី​ថ្ងៃទី 05 មិថុនា បាន​ប្រមូល​ផ្ដុំគ្នា​នៅ​ជុំវិញ​ភ្នំភ្លើង Bromo ដោយ​នាំយក​មាន់​ទា ពពែ និង​របស់របរ​ជាច្រើន​ផ្សេងទៀត ទៅ​ចូលរួម​ពិធី​បូជាយញ្ញ Yadnya Kasada ដែលជា​ទំនៀមទម្លាប់​តាំងពី​រាប់ពាន់​ឆ្នាំមុន។

ជា​រៀងរាល់ឆ្នាំ សមាជិក​កុលសម្ព័ន្ធ Tengger សុទ្ធតែ​ទៅកាន់​ភ្នំភ្លើង Bromo ដើម្បី​ធ្វើ​ពិធីបុណ្យ​បូជាយញ្ញ ដោយ​សង្ឃឹមថានឹង​ធ្វើឱ្យ​វិញ្ញាណ​ទាំង​ឡាយ​បាន​​សប្បាយចិត្ត ហើយ​ប្រទាន​ពរ​ដល់​ពួកគេ។

ចំណែក​ប្រជាជន​ដែល​មិនមែនជា​សមាជិក​កុលសម្ព័ន្ធ Tengger ក៏​នាំគ្នា​ទៅកាន់​ភ្នំភ្លើង Bromo។ ក៏ប៉ុន្តែ ពួកគេ​ទាំងនេះ​ទៅ​ដើម្បី​រើសយក​របស់របរ​ដែ​ល​ត្រូវគេ​បោះទម្លាក់​ចោល ក្នុង​បំណង​កុំឱ្យមាន​ភាព​​ខ្ជះខ្ជាយ​ពេក ​មិនមែន​ទៅ​បូជាយញ្ញ​ឡើយ។

ពិធី Yadnya Kasada ចាប់​កំណើត​​​តាំងពី​សតវត្សរ៍​ទី 15 ដោយយោង​ទៅតាម​រឿងរ៉ាវ​ដែល​តំណាល​ថា ព្រះ​នាង Roro Anteng និង​ស្វាមី​នៅ​រាជាណាចក្រ Majapahit បានរួមរ​ស់នឹង​គ្នា​ជាច្រើន​ឆ្នាំ ប៉ុន្តែ​មិនមាន​បុត្រ ទើប​នាំគ្នា​ទៅ​បួងសួង។ វិញ្ញាណ​ទាំងនោះ​ក៏​យល់ព្រម និង​បាន​ប្រទាន​បុត្រ 25 នាក់​ដល់​ពួកគេ ប៉ុន្តែ​ក្នុង​លក្ខខណ្ឌ​ត្រូវ​បូជាយញ្ញ​ដោយ​ការទម្លាក់​កូនពៅ​ទៅក្នុង​ភ្នំភ្លើង Bromo៕

Advertisement