Tag: រដ្ឋាភិបាល

  • អាម៉េរិក​ផ្ដល់អាវុធ​​បន្ថែម​​តម្លៃ​រាប់រយ​លាន​ដុល្លារ​ដល់​អ៊ុយ​ក្រែ​ន

    អាម៉េរិក​ផ្ដល់អាវុធ​​បន្ថែម​​តម្លៃ​រាប់រយ​លាន​ដុល្លារ​ដល់​អ៊ុយ​ក្រែ​ន

    សហរដ្ឋ​អាម៉េរិក​ប្រកាស​អំពី​កញ្ចប់​ជំនួយ​សម្រាប់​អ៊ុយ​ក្រែ​ន តម្លៃ 500 លាន​ដុល្លារ ក្នុងនោះ​មាន​ទាំង​រថពាសដែក និង​គ្រាប់​សម្រាប់​ប្រព័ន្ធ​រ៉ុក្កែត HIMARS។

    មន្ទីរ​បញ្ច​កោណ កាលពី​ថ្ងៃទី 27 មិថុនា 2023 បានប្រកាស​អំពី​កញ្ចប់​ជំនួយ​យោធា​ថ្មី​តម្លៃ 500 លាន​ដុល្លារ​សម្រាប់​អ៊ុយ​ក្រែ​ន។ កញ្ចប់​ជំនួយ​នេះ​រួមមាន រថក្រោះ Bradley 30 គ្រឿង, រថពាសដែក​ដឹក​ទាហាន Stryker 25 គ្រឿង និង​គ្រាប់​រ៉ុក្កែត​សម្រាប់​ប្រព័ន្ធ HIMARS, ប្រព័ន្ធ​ការពារ​ដែនអាកាស Patriot រួម​នឹង​អាវុធ​ធុន​ស្រាល និង​គ្រាប់បែក​ផងដែរ។

    យោងតាម​មន្ទីរ​បញ្ច​កោណ កញ្ចប់​ជំនួយ​ថ្មី​នេះ​នឹង​រួមចំណែក​ជួយ​ដល់ទី​ក្រុង​កៀវ​ក្នុង​យុទ្ធនាការ​វាយបក បង្កើន​កម្លាំង​ការពារ​ដែនអាកាស ការពារ​ប្រជាជន និង​រុញច្រាន​កងទ័ព​រុស្ស៊ី។

    រថក្រោះ Bradley

    នេះ​គឺជា​កញ្ចប់​ជំនួយ​ទី 41 ដែល​សហរដ្ឋ​អាម៉េរិក​បានផ្ដល់​ឱ្យ​អ៊ុយ​ក្រែ​ន ទៅតាម​សិទ្ធិ​សម្របសម្រួល​កម្លាំង​ប្រធានាធិបតី (PDA) ដែលជា​ច្បាប់​អនុញ្ញាតឱ្យ​រដ្ឋាភិបាល​ផ្ដល់​កម្លាំងយោធា​ដល់​ដៃគូ​សហការ​ក្នុង​ស្ថានការណ៍​អាសន្ន ដោយ​មិនចាំបាច់​មានការ​អនុញ្ញាត​ពីស​ភា។

    រាប់​ចាប់តាំងពី​ពេល​រុស្ស៊ី​បើក​យុទ្ធនាការ​យោធា​នៅ​អ៊ុយ​ក្រែ​ន​កាលពី​ខែកុម្ភៈ 2022 មក​ដល់​បច្ចុប្បន្ន​ សហរដ្ឋ​អាម៉េរិក​បានផ្ដល់​ជំនួយ​ផ្នែក​យោធា​ជាង 40 ពាន់​លាន​ដុល្លារ​អាម៉េរិក​ដល់ទី​ក្រុង​កៀវ៕

  • ការ​ស្រង់​សាក​សព​កប៉ាល់ Titanic និង​មូល​ហេតុដែល​គេ​មិនអាចធ្វើបាន​

    ការ​ស្រង់​សាក​សព​កប៉ាល់ Titanic និង​មូល​ហេតុដែល​គេ​មិនអាចធ្វើបាន​

    ការ​ស្រង់​យក​សាកសព​កប៉ាល់ Titanic ដែល​បាន​លិច​កាលពី 111 ឆ្នាំមុន ពិត​ជា​ពិបាក​នឹង​ធ្វើទៅ​រួច ព្រោះ​ត្រូវ​ការចំណាយ​ប្រាក់​​ច្រើន រួម​នឹងកត្តា​ជា​ច្រើន​ផ្សេង​ទៀត​។

    យោងតាម​ទំព័រ Business Insider មូលហេតុ​ដែល​គេ​មិនអាច​ស្រង់​សាកសព​កប៉ាល់ Titanic ឡើងគោកគឺ​ ដោយសារ​មាន​មូលហេតុធំៗបី រួមមាន ការ​ចំណាយ​ប្រាក់​​ច្រើន, Titanic កំពុង​រលាយ និង​ត្រូវបាន​ចាត់ទុក​ជាទី​បញ្ចុះ​សព។

    1-សាកសព​កប៉ាល់ Titanic គឺជា​កន្លែង​បញ្ចុះសព

    មនុស្ស​ប្រហែល 1,500 នាក់​បាន​ស្លាប់​នៅក្នុង​ហេតុការណ៍​លិច​កប៉ាល់​ទេសចរណ៍ Titanic កាលពី​ឆ្នាំ 1912។ ក្រោយ​ហេតុការណ៍​នេះ សាកសព​ជាង 300 នាក់​ត្រូវបាន​ស្រង់​ឡើងគោក ខណៈដែល​សាកសព​ដទៃទៀត ខ្លះ​លិច​ទៅតាម​កប៉ាល់ ខ្លះក៏​អណ្ដែត​ចេញ​ឆ្ងាយ​ពី​តំបន់​កើតហេតុ។ រដ្ឋាភិបាល​អាម៉េរិក និង​អង់គ្លេស យល់ព្រម​ចាត់ទុក​សាកសព​កប៉ាល់ Titanic ជាទី​បញ្ចុះសព ជា​កន្លែង​រម្លឹក​ហេតុការណ៍​សោកនាដកម្ម។ ដូច្នេះ តំបន់​នេះ​នឹងត្រូវ​បានការ​ពារ ជំនួស​ឱ្យ​ការ​ស្រង់​ឡើងគោក។

    2- សាកសព​កប៉ាល់ Titanic កំពុង​រលាយ

    កប៉ាល់​នេះ​ត្រូវបាន​សាងសង់​ពី​បន្ទះ​ដែក​កម្រាស់ 2.5 សង់ទីម៉ែត្រ និង​ប្រើប្រាស់​ដែកគោល​ចំនួន​ពីរលាន​គ្រាប់​។ បាក់តេរី Halomonas titanicae កំពុងតែ​នាំគ្នា​ស៊ី​ដែក និង​ស្ពាន់ធ័រ​នៅលើ​សាកសព​កប៉ាល់ Titanic។ ក្នុងពេល​រំលាយ​អាហារ បាក់តេរី​នេះ​បង្កើតបានជា rusticle គ្របដណ្ដប់​ពេញ​សាកសព​កប៉ាល់។

    Rusticle ជា​វត្ថុ​ធាតុ​ម្យ៉ាង​ដែល​ដូច​ទៅនឹង​កំណក​ច្រែះ និង​ងាយ​រលាយ។ ក្រៅពី rusticle ជាតិ​ប្រៃ​របស់​ទឹកសមុទ្រ និង​លំហូរ​ទឹកសមុទ្រ ក៏​ជា​កត្តា​ដែលនាំឱ្យ​សាកសព​កប៉ាល់ Titanic អាច​បាត់​ខ្លួន​នាពេល​ដ៏ខ្លី​ខាង​មុច ពិបាក​ក្នុង​ការ​ស្រង់​ឡើង​គោក។

    3- គេ​នឹងត្រូវ​ចំណាយ​ប្រាក់​យ៉ាងច្រើន បើសិន​ចង់​ស្រង់​សាកសព Titanic

    ឆ្នាំ 1914 វិ​ស្វាករ Charles Smith ធ្លាប់​រៀប​គម្រោង​ស្រង់​សាកសព​កប៉ាល់ Titanic ឡើងមក​លើគោក។ ពេលនោះ លោក​គណនា​ឃើញថា នឹងត្រូវ​ចំណាយ​ប្រាក់ 1.5 លាន​ដុល្លារ​អាម៉េរិក គឺ​ប្រហែល 45 លាន​ដុល្លារ​បច្ចុប្បន្ន។ ក៏ប៉ុន្តែ កាលពី​ឆ្នាំ 2013 គេ​ត្រូវ​ចំណាយ​ប្រាក់​អស់ 800 លាន​ដុល្លារ​​ក្នុង​ការ​ស្រង់​កប៉ាល់ Costa Concordia ដែល​បាន​ក្រឡាប់។ ដូច្នេះ ការ​ស្រង់​សាកសព​កប៉ាល់ Titanic នឹងត្រូវ​ចំណាយ​អស់ប្រាក់​ច្រើនជាង​នេះ​មិន​ខាន ព្រោះ​វា​មាន​ភាព​ស្មុ​គ​ស្មាញ​ខ្លាំងណាស់៕

  • ជនភៀស​ខ្លួន​​​មី​យ៉ាន់​ម៉ា​រាប់ពាន់នាក់​ឆ្លងដែន​ចូល​ទឹកដី​ថៃ

    ជនភៀស​ខ្លួន​​​មី​យ៉ាន់​ម៉ា​រាប់ពាន់នាក់​ឆ្លងដែន​ចូល​ទឹកដី​ថៃ

    ក្រុមមន្ត្រី​ថៃ​ឱ្យដឹងថា ជនជាតិ​មី​យ៉ាន់​ម៉ា​រាប់ពាន់នាក់​កំពុង​ជ្រកកោន​នៅក្នុង​បណ្ដា​ស្រុក​ជាប់​ព្រំដែន​នៃ​ខេត្ត Mae Hong Son ភាគ​ខាងជើង​ប្រទេស​ថៃ ដើម្បី​គេច​ពី​សង្គ្រាម​ស៊ីវិល​នៅ​មីយ៉ាន់ម៉ា។

    ការប្រយុទ្ធ​គ្នា​ដ៏​ខ្លាំងក្លា​រវាង​បណ្ដា​ក្រុម​ប្រដាប់អាវុធ និង​រដ្ឋាភិបាលយោធា​មី​យ៉ាន់​ម៉ា កើតឡើង​នៅតាម​បណ្ដោយ​​ព្រំដែន​ថៃ-មី​យ៉ាន់​ម៉ា ដែល​នៅជាប់​នឹង​ស្រុក Mae Sariang និង​ស្រុក Khun Yuam នៃ​​ខេត្ត Mae Hong Son របស់​ប្រទេស​ថៃ។ ចំនួន​ជនភៀសខ្លួន​មី​យ៉ាន់​ម៉ា​ដែល​មក​ជ្រកកោន​នៅ​តំបន់​ខាងលើ​បាន​ឡើងដល់​ជិត 5,000 នាក់។

    រដ្ឋអំណាច​ក្នុង​ខេត្ត​ Mae Hong Son ​​កំពុង​សហការ​ជាមួយ​កាកបាទក្រហម​ថៃ និង​ប្រជាជន​ក្នុង​តំបន់ ធ្វើ​ការ​​រៃអង្គាស​អាហារ ទឹក និង​របស់​ប្រើប្រាស់​ចាំបាច់​ ដើម្បី​ផ្ដល់ឱ្យ​ជនភៀសខ្លួន​មី​យ៉ាន់​ម៉ា​ជា​រៀងរាល់​សប្ដាហ៍ រហូតដល់​ការប្រយុទ្ធ​គ្នា​បានបញ្ចប់។

    ចំណែក​មជ្ឈមណ្ឌល​គ្រប់គ្រង​ព្រំដែន​ថៃ-មី​យ៉ាន់​ម៉ាវិញ ក៏​បានរៀបចំ​បណ្ដាញ​លូ និង​ការងារ​ពាក់ព័ន្ធ​នឹង​អនាម័យ ក៏ដូចជា​សន្តិសុខ​នៅតាម​ជំរំ​ជនភៀសខ្លួន និង​នៅតាម​បន្ទាត់​ព្រំដែនសំខាន់ៗរបស់​ប្រទេស​ទាំងពីរ។

    ច្រកព្រំដែនថៃ-មីយ៉ាន់ម៉ាជាប់នឹងខេត្ត Mae Hong Son របស់ប្រទេសថៃ
    ក្រុម​ទាហាន​ជន​ជាតិ​ការ៉ែននៅ​ប្រទេស​មីយ៉ាន់ម៉ា
  • កាណាដា និង​អាម៉េរិក បើក​ការស៊ើបអង្កេត​ករណី​គ្រោះថ្នាក់​នាវា Titan

    កាណាដា និង​អាម៉េរិក បើក​ការស៊ើបអង្កេត​ករណី​គ្រោះថ្នាក់​នាវា Titan

    រដ្ឋាភិបាល​កាណាដា បើក​ការស៊ើបអង្កេត​លើ​ហេតុការណ៍​គ្រោះថ្នាក់​នាវាមុជទឹក Titan ដែល​បាន​បណ្ដាលឱ្យ​មនុស្ស 5 នាក់​ស្លាប់ ពេល​ចុះទៅ​ទស្សនា​សាកសព​កប៉ាល់ Titanic នៅ​បាត​មហាសមុទ្រ​អា​ត្ល​ង់​ទិ​ក។

    អាជ្ញាធរ​កាណាដា កាលពី​ថ្ងៃទី 23 មិថុនា បានប្រកាសថា ប្រទេស​នេះ​មាន​ភារកិច្ច​ក្នុងការ​ស៊ើបអង្កេត​ទៅលើ​កត្តា​សុវត្ថិភាព​នៅក្នុង​ករណី​គ្រោះថ្នាក់​នាវាមុជទឹក Titan ព្រោះ​កប៉ាល់​មេ​ដែល​ជួយ​គាំទ្រ​ដល់​ដំណើរ​ផ្សេង​ព្រេង​ដែល​មាន​វាសនា​​​អាក្រក់​នេះ ​គឺ​កប៉ាល់ Polar Prince ដែល​ដោត​ទង់ជាតិ​កាណាដា។

    កប៉ាល់ Polar Prince ធ្លាប់​ស្ថិតក្នុង​ជួរ​កងកម្លាំង​ល្បាត​ឆ្នេរ​កាណាដា មុនពេល​ត្រូវ​ប្រគល់ឱ្យ​តំបន់​ស្វយ័ត Miawpukek នៅ​ភាគខាងត្បូង​របស់​កោះ New Foundland។ កប៉ាល់​នេះ​មាន​ភារកិច្ច​ជា​អ្នក​ទម្លាក់ និង​ទាញ​នាវាមុជទឹក Titan ក៏ដូចជា​ធ្វើការ​ទាក់ទង​គ្នា​ក្នុង​ដំណើរ​ផ្សងព្រេង​នេះ។

    ក្រុមមន្ត្រី​ស៊ើបអង្កេត​ត្រូវបាន​បញ្ជូន​ទៅកាន់ St. John នៅ New Foundland ដែលជា​កំពង់ផែ​របស់​កប៉ាល់ Polar Prince និង​នាវា Titan។ ប៉ុន្តែ អាជ្ញាធរ​កាណាដា​បញ្ជាក់​ថា អង្គភាព​នេះ​អាច​ត្រូវ​ចំណាយពេល​ច្រើន​ឆ្នាំ​ក្នុងការ​ស៊ើបអង្កេត ហើយ​ពុំមាន​សិទ្ធិ​ក្នុងការ​អារកាត់​លើ​ការទទួលខុសត្រូវ​រប​ស់​អ្នក​ដែល​ជាប់​ពាក់ព័ន្ធ។

    មុន​នោះ កងកម្លាំង​ល្បាត​ឆ្នេរ​អាម៉េរិក ក៏បាន​ប្រកាសថា នឹង​ដឹកនាំ​ការស៊ើបអង្កេត​ពេញលេញ​អំពី​ករណី​គ្រោះថ្នាក់​នាវា Titan នេះ​ផងដែរ។ គណៈកម្មការ​សុវត្ថិភាព​ចរាចរណ៍​ជាតិ​អាម៉េរិក (NTSB) ឱ្យដឹងថា ករណី​គ្រោះ​ថ្នាក់លើ​មហាសមុទ្រ​អា​ត្ល​ង់​ទិ​ក ស្ថិតក្នុង «ព្រឹត្តិការណ៍​បង្ក​ការស្លាប់​ធំ​នៅលើ​សមុទ្រ» ដូច្នេះ ការទទួលខុសត្រូវ​ក្នុងការ​ស៊ើបអង្កេត​គឺជា​សមត្ថកិច្ច​របស់​ក​ង​កម្លាំង​ល្បាត​ឆ្នេរ​អាម៉េរិក ហើយ NTSB នឹង​បញ្ជូន​មនុស្ស​ទៅ​ជួយ​គាំទ្រ។

    នាវាមុជទឹក Titan បាន​ដាច់​ទំនាក់ទំនង​តាំងពី​ថ្ងៃទី 18 មិថុនា 2023 ក្រោយពី​ចុះ​សមុទ្រ​បាន​ជិត​ពីរ​ម៉ោង​ នៅក្នុង​ដំណើរ​ផ្សងព្រេង​ទៅ​ទស្សនា​សាកសព​កប៉ាល់ Titanic។ កងកម្លាំង​ល្បាត​ឆ្នេរ​អាម៉េរិក កាលពី​ថ្ងៃទី 22 មិថុនា បញ្ជាក់ថា នាវា Titan ត្រូវ​រង​សម្ពាធ​ទឹក​រហូតដល់​បែកខ្ទេច​នៅក្រោម​ទឹកសមុទ្រ បណ្ដាលឱ្យ​មនុស្ស​ទាំង 5 នាក់​បាត់​បង់ជីវិត ប៉ុន្តែ មិនទាន់​ដឹង​ច្បាស់​អំពី​ឫស​គល់​នៃ​មូលហេតុ​នេះ​​នៅឡើយ៕

  • ឪពុក​និង​កូន​ដែល​ជាប់​ក្នុង​នាវាមុជទឹក Titan គឺជា​សមាជិក​ត្រកូល​អភិជន​នៅ​ប៉ា​គី​ស្ថាន

    ឪពុក​និង​កូន​ដែល​ជាប់​ក្នុង​នាវាមុជទឹក Titan គឺជា​សមាជិក​ត្រកូល​អភិជន​នៅ​ប៉ា​គី​ស្ថាន

    ឪពុក និង​កូន​ជនជាតិ​ប៉ា​គី​ស្ថាន​ដែល​ស្ថិតនៅក្នុង​នាវាមុជទឹក​កំពុង​បាត់​ខ្លួន គឺជា​សមាជិក​ត្រកូល​អភិជន Dawood ដ៏​ល្បីឈ្មោះ និង​សម្បូរ​ទ្រព្យ ធ្លាប់​រួមចំណែក​យ៉ាងច្រើន​ក្នុងការ​អភិវឌ្ឍ​ប្រទេសជាតិ។

    Shahzada Dawood អាយុ 48 ឆ្នាំ និង​កូនប្រុស Suleman Dawood អាយុ 19 ឆ្នាំ គឺជា​មនុស្ស​ពីរ​នាក់​ក្នុងចំណោម​ប្រាំ​នាក់​ដែល​កំពុង​ជាប់​ក្នុង​នាវាមុជទឹក Titan ដែល​បាន​បាត់​ខ្លួន​តាំងពី​ថ្ងៃទី 18 មិថុនា 2023 នៅពេល​ធ្វើដំណើរ​ចុះទៅ មើល​កប៉ាល់ Titanic នៅ​បាត​មហាសមុទ្រ​អា​ត្ល​ង់​ទិ​ក។ អ្នក​ទាំងពីរ​គឺជា​សមាជិក​របស់ Dawood ដែលជា​ត្រកូល​អភិជន​ល្បីឈ្មោះ​នៅ​ប្រទេស​ប៉ា​គី​ស្ថាន។

    បុគ្គល​ដែល​នាំមុខគេ​របស់​ត្រកូល Dawood គឺ Hussain Dawood ដែលជា​ឪពុក​របស់ Shahzada។ ត្រកូល​នេះ​បានផ្ដល់​ប្រាក់​យ៉ាងច្រើន​ដល់​រដ្ឋាភិបាល​ប៉ា​គី​ស្ថាន បន្ទាប់ពី​ប្រទេស​នេះ​ត្រូវបាន​បង្កើតឡើង​កាលពី​ឆ្នាំ 1947 និង​បាន​គាំទ្រ​ដល់​និន្នាការ​ឧស្សាហកម្ម​សម័យ​ដំបូង​របស់​ប្រទេស។ នេះ​បើតាម Aqeel Karim Dhedhi ដែលជា​អ្នកជំនួញ​កំពូល​មួយរូប​នៅ Karachi។

    ត្រកូល Dawood គឺជា​ម្ចាស់​សាជីវកម្ម Engro ជាទី​ដែល Shahzada ធ្វើជា​អនុប្រធាន។ Engro វិនិយោគ​ទៅលើ​គម្រោង​ថាមពល កសិកម្ម ប្រេង និង​ទូរគមនាគមន៍ ដែល​រកចំណូលបាន 350 ពាន់​លាន​រ៉ូ​ពី (1.2 ពាន់​លាន​ដុល្លារ​អាម៉េរិក) ក្នុង​ឆ្នាំ 2022។

    លោក Shahzada កើត​នៅ​ប្រទេស​ប៉ា​គី​ស្ថាន ប៉ុន្តែ​មាន​សញ្ជាតិ​អង់គ្លេស និង​កំពុង​រស់នៅ​ក្នុងប្រទេស​នេះ​ជាមួយ​ភរិយា កូនប្រុស Suleman និង​កូនស្រី Alina៕

  • បុរស​ជនជាតិ​ជប៉ុន​ម្នាក់ ជូន​មាស 29 គីឡូក្រាម​ដល់​រាជរដ្ឋាភិបាល

    បុរស​ជនជាតិ​ជប៉ុន​ម្នាក់ ជូន​មាស 29 គីឡូក្រាម​ដល់​រាជរដ្ឋាភិបាល

    លោកតា Natsuo Nakajima អាយុ 87 ឆ្នាំ បាន​ជូន​មាស​ដុំ​ទម្ងន់ 29 គីឡូក្រាម និង​ប្លា​ទីន​ទម្ងន់ 1 គីឡូក្រាម ដល់​អាជ្ញាធរ​ក្រុង Minoh ដើម្បី​ទិញ​រថយន្ត​សង្គ្រោះបន្ទាន់ និង​អភិវឌ្ឍ​វិស័យ​ទេសចរណ៍។

    រដ្ឋបាល​ក្រុង Minoh ខេត្ត Osaka ប្រទេស​ជប៉ុន កាលពី​ថ្ងៃទី 20 មិថុនា បានរៀបចំ​ពិធី​ទទួល​ដុំ​មាស និង​ប្លា​ទីន តម្លៃ​សរុប 280 លាន​យេន (ជិត 2 លាន​ដុល្លារ​អាម៉េរិក) ពី​លោកតា Nakajima បន្ទាប់ពី​គាត់​ជូន​កាលពី​ខែឧសភា។

    «ខ្ញុំ​ចង់​ប្រគល់​ទៅវិញ​នូវ​អ្វីដែល​ខ្ញុំ​សន្សំ​បាន​នៅ Minoh ក្នុង​រយៈពេល​ជាង 50 ឆ្នាំ​កន្លងមកនេះ» លោកតា Nakajima មាន​ប្រសាសន៍​​ដូច្នេះ និង​ចង់ឃើញ​រដ្ឋអំណាច​ប្រើប្រាស់​អំណោយ​នេះ​ដើម្បី​ទិញ​រថយន្ត​​សង្គ្រោះ​បន្ទាន់ និង​អភិវឌ្ឍ​វិស័យ​ទេសចរណ៍។

    អភិបាលក្រុង Minoh លោក Ueshima ប្រគល់វិញ្ញាបនបត្រថ្លែងអំណរគុណ និងសរសើរ ដល់លោកតា Nakajima

    លោកតា Nakajima គឺជា​ម្ចាស់​ហាង​លក់​សាច់​គោមួយ​ដែល​បើកទ្វារ​តាំងពី​ឆ្នាំ 1960 នៅ​ទីក្រុង Minoh។ បច្ចុប្បន្ន គាត់​បាន​ចូលនិវត្តន៍ និង​បានប្រគល់​មុខរបរ​នេះ​ឱ្យ​កូនចៅ​គ្រប់​គ្រង​បន្ត​។

    អភិបាលក្រុង លោក Ueshima បាន «សម្ដែង​ការគោរព​ដឹងគុណ​ចំពោះ​លោកតា Nakajima ដែល​បាន​បរិច្ចាគ​ទ្រព្យ​ដែលជា​ញើស​ជា​ឈាម​របស់ខ្លួន»។ អាជ្ញាធរ​​ក្រុង​នឹង​ប្ដូរ​មាស និង​ប្លា​ទីន​ទាំងនេះ​ទៅជា​សាច់ប្រាក់​ដើម្បី​ដាក់ចូល​ថវិកាជាតិ​សម្រាប់​ការ​ចាត់​ចែង​នា​ពេល​ខាងមុខ​៕

  • Great Wall Motor ផលិត​ថ្ម​ផ្ទុក​ថាមពល​សម្រាប់​រថ​យន្ត​អគ្គិសនី​នៅ​ប្រទេស​ថៃ

    Great Wall Motor ផលិត​ថ្ម​ផ្ទុក​ថាមពល​សម្រាប់​រថ​យន្ត​អគ្គិសនី​នៅ​ប្រទេស​ថៃ

    Great Wall Motor (GWM) គ្រោង​នឹង​សាងសង់​រោងចក្រ​ផលិត​ថ្ម​ផ្ទុក​ថាមពល​សម្រាប់​រថ​យន្ត​អគ្គិសនី​អគ្គិសនី​នៅ​ប្រទេស​ថៃ ហើយ​អាច​ស្រាវជ្រាវ និង​អភិវឌ្ឍ​សម្រាប់​រថយន្ត​ទ្រុង​អគ្គិសនី​ផងដែរ។

    ប្រទេស​ថៃ​គឺជា​ខឿនសេដ្ឋកិច្ច​សម្រាប់​ការផលិត​រថយន្ត​ធំជាងគេ​លំដាប់​ទី​ដប់​របស់​ពិភពលោក និង​មាន​គោល ដៅ​ប្ដូរ​ទៅរក​ការផលិត​រថយន្ត​អគ្គិសនី​ឱ្យបាន 30% ក្នុង​រយៈពេល​តែ​ប៉ុន្មាន​ឆ្នាំ​ទៀត​ប៉ុណ្ណោះ។ រាជរដ្ឋាភិបាល​ថៃ​ក៏​កំពុងផ្ដល់​អត្ថប្រយោជន៍​ជាច្រើន​ដល់​អ្នក​ផលិត​ថ្ម​ផ្ទុក​ថាមពល​អគ្គិសនី​នៅក្នុង​ស្រុក។

    GWM បាន​ទិញ​រោងចក្រ​មួយ​របស់ GM កាលពី​ឆ្នាំ 2020 ហើយ​ចាប់ពីពេលនោះ GWM បាន​ផលិត​រថយន្ត hybrid Haval នៅ​ប្រទេស​ថៃ។ ឆ្នាំ 2021 GWM បានបង្ហាញ​រថយន្ត Ora Good Cat នៅ​ប្រទេស​ថៃ ហើយ​បច្ចុប្បន្ន​វា​គឺជា​ម៉ូ​ដែល​រថយន្ត​ដែល​លក់ដាច់​ជាងគេ​នៅ​ប្រទេស​នេះ។ GWM ក៏មាន​គម្រោង​ផលិត​រថយន្ត​អគ្គិសនី Ora Good Cat EV នៅ​ប្រទេស​ថៃ នា​ឆ្នាំ 2024 ដែល​អាច​លក់​ក្នុងតម្លៃ 24,475 ដុល្លារ​អាម៉េរិក/គ្រឿង។

    ការសាងសង់​រោងចក្រ​ដំឡើង​ថ្ម​ផ្ទុក​អគ្គិសនី​ថ្មី​នៅ​ប្រទេស​ថៃ នឹងត្រូវ​ចំណាយ​ប្រាក់​ពី 14 ដល់ 28 លាន​ដុល្លារ។ លោក Narong Sritayon ប្រធាន​ផ្នែក​ពាណិជ្ជកម្ម​របស់ GWM នៅ​ប្រទេស​ថៃ និយាយថា រោងចក្រ​នេះ​អាច​នឹង​ត្រូវបាន​ប្រើប្រាស់​ជា​កន្លែង​ផលិត និង​ផ្គត់ផ្គង់​ថ្ម​ផ្ទុក​ថាមពល​សម្រាប់​រថ​យន្ត​អគ្គិសនី​នាពេលខាងមុខ៕

  • ​បច្ចេក​វិទ្យា​​ «ផលិត​ និង​បាញ់​បញ្ជូន​អគ្គិសនី​ពី​អវកាស​មក​កាន់​ផែនដី» កំពុង​ទាក់​ទាញ​ការវិនិយោគ​​នៅ​អង់គ្លេស

    ​បច្ចេក​វិទ្យា​​ «ផលិត​ និង​បាញ់​បញ្ជូន​អគ្គិសនី​ពី​អវកាស​មក​កាន់​ផែនដី» កំពុង​ទាក់​ទាញ​ការវិនិយោគ​​នៅ​អង់គ្លេស

    បណ្ដា​សាកល​វិទ្យាល័យ​ និង​ក្រុម​ហ៊ុន​បច្ចេក​វិទ្យា​នៅ​ប្រទេស​អង់គ្លេស​នឹង​ទទួល​បាន​ប្រាក់​ 5.4 លាន​ដុល្លារ​អាម៉េរិក​ពី​រាជ​រដ្ឋាភិបាល​ ដើម្បី​អភិវឌ្ឍ​ប្រព័ន្ធ​ផលិត​អគ្គិសនី​​នៅ​ទីអវកាស​។

    បច្ចេកវិទ្យា​ទាញ​យក​ថាមពល​ពី​ព្រះ​អាទិត្យ​តាម​រយៈ​ផ្ទាំង​សូឡា​នៅ​លើ​ផ្កាយ​រណប​ និង​បាញ់​បញ្ជូន​អគ្គិសនី​​មក​កាន់​ផែនដី​ មាន​សក្ដានុពល​ធំធេង​នៅ​ក្នុង​ការ​ពង្រឹង​សន្តិសុខ​ថាមពល​របស់​ប្រទេស​អង់គ្លេស។ នេះ​បើ​តាម​ការ​ចុះ​ផ្សាយ​កាល​ពី​ថ្ងៃទី 12 មិថុនា 2023 ​​របស់​គេហទំព័រ​ Guardian។

    ក្នុង​ចំណោម​សាកល​វិទ្យាល័យ​ និងស្ថាប័ន​​នានា​ដែល​ទទួល​បាន​ប្រាក់​វិនិយោគ 5.4 លាន​ដុល្លារ​អាម៉េរិក​ពី​ការ​ប្រកួត​អភិវឌ្ឍ​ថាមពល​ព្រះ​អាទិត្យ​នៅ​ទី​អវកាស​របស់​​រាជ​រដ្ឋាភិបាល​​អង់គ្លេស​ ក៏​មាន​សាកល​វិទ្យា​ល័យ​ Cambridge និង​សាកល​វិទ្យាល័យ Queen Mary ផងដែរ​។ ស្ថាប័ន​ទាំង​នេះ​​កំពុង​អភិវឌ្ឍ​ប្រព័ន្ធ​គ្មាន​ខ្សែ​ដែល​អនុញ្ញាត​ឱ្យ​ទាញ​យក​ថាមពល​ព្រះ​អាទិត្យ​ និង​បាញ់​បញ្ជូន​អគ្គិសនី​ពី​អវកាស​មក​កាន់​ផែនដី​

    បច្ចេក​វិទ្យា​ខាង​លើ​នេះ​កំពុង​តែ​ទាក់​ទាញ​ចំណាប់​អារម្មណ៍​ពី​រដ្ឋាភិបាល​នានា​នៅ​លើ​ពិភព​លោក​។ កាល​ពី​ដើម​ខែ​មិថុនា 2023 សហរដ្ឋ​អាម៉េរិក​​ប្រកាស​ថា​ បាន​ទទួល​ជោគ​ជ័យ​ក្នុង​ការ​ធ្វើ​តេស្ត​ទាញ​យក​ថាមពល​ព្រះ​អាទិត្យនៅ​ទី​អវកាស​​ និង​បាញ់បញ្ជូន​មក​កាន់​ស្ថានីយ​ទទួល​នៅ​លើ​ដី​។​

    ការ​ផលិត​អគ្គិសនី​ពី​អវកាស​​នឹង​មាន​ប្រៀប​ជាង​ឆ្ងាយ​បើ​ធៀប​នឹង​ការ​ផលិត​នៅ​លើ​ផែនដី​ ព្រោះ​ថា ក្នុង​អវកាស ​កម្ដៅ​របស់​ព្រះ​អាទិត្យ​មិន​រង​ការ​រំខាន​ពី​វដ្ដ​របស់​ថ្ងៃ​​​ និង​យប់​។ ការ​សិក្សា​ស្រាវជ្រាវ​របស់​អង់គ្លេស​កាល​ពី​ឆ្នាំ​ 2021 បង្ហាញ​ថា ថាមពល​ព្រះ​អាទិត្យ​នៅ​ទី​អវកាស​អាច​ឱ្យ​ប្រទេស​នេះ​​ផលិត​អគ្គិសនី​បាន​រហូត​ដល់ 10 GW ជា​រៀង​រាល់​ឆ្នាំ ដែល​ស្មើ​នឹង ¼ នៃ​តម្រូវ​ការ​ប្រើ​ប្រាស់​របស់​​​អង់គ្លេស​ នៅ​ឆ្នាំ​ 2050​៕

  • ឥណ្ឌូណេស៊ី​វិនិយោគ​ជាង 30 ពាន់​លាន​ដុល្លារ​សម្រាប់​វិស័យ​ថ្ម​រថយន្ត​​អគ្គិសនី

    ឥណ្ឌូណេស៊ី​វិនិយោគ​ជាង 30 ពាន់​លាន​ដុល្លារ​សម្រាប់​វិស័យ​ថ្ម​រថយន្ត​​អគ្គិសនី

    រដ្ឋមន្ត្រី​ក្រសួង​​វិនិយោគ​ឥណ្ឌូណេស៊ី កាលពី​ថ្ងៃទី 30 ឧសភា ប្រកាសថា ប្រទេស​នេះ​អាច​ទទួលបាន​ខ្ទង់​ប្រាក់​វិនិយោគ​ប្រមាណ 31.9 ពាន់​លាន​ដុល្លារ​អាម៉េរិក សម្រាប់​បណ្ដា​គម្រោង​ដែល​ជាប់ទាក់ទង​នឹង​បណ្ដាញ​ផ្គត់ផ្គង់​ថ្ម​រថយន្ត​អគ្គិសនី​នៅ​ឆ្នាំ 2026។

    យោងតាម​រដ្ឋមន្ត្រី​​ក្រសួង​សម្របសម្រួល​កិច្ចការ​សមុទ្រ និង​វិនិយោគ​ឥណ្ឌូណេស៊ី លោក Luhut Binsar Pandjaitan ការដែល​ប្រទេស​នេះ​សម្បូររ៉ែ​​នី​កែ​ល​ដែល​ប្រើប្រាស់​ក្នុង​ថ្ម​រថយន្ត​អគ្គិសនី រដ្ឋាភិបាល​ឥណ្ឌូណេស៊ី ចង់​វិនិយោគ​​កាន់​តែ​ច្រើន​​ថែមទៀត​ទៅក្នុង​បណ្ដា​វិស័យ​ដែល​ប្រើ​ប្រាស់​​នី​កែ​ល ដើម្បី​ជំរុញ​កំណើនសេដ្ឋកិច្ច។

    រដ្ឋមន្ត្រី​រូបនេះ​ឱ្យដឹងថា តំបន់ Kalimantan របស់​ឥណ្ឌូណេស៊ី​ អាចនឹងទទួល​បាន​ប្រាក់​វិនិយោគ 12.35 ពាន់​លាន​ដុល្លារ​អាម៉េរិក ស្រប​ពេលដែល​តំបន់ Maluku ខាងជើង និង Sulawesi អាច​នឹង​ទាក់ទាញ​បាន​ការ​វិនិយោគ​​បន្តបន្ទាប់​គឺ 9.78 ពាន់​លាន​ដុល្លារ និង 9.84 ពាន់​លាន​ដុល្លារ នៅ​ក្នុង​បណ្ដា​គម្រោង​បណ្ដាញ​ផ្គត់ផ្គង់​ថ្ម​ផ្ទុក​ថាមពល​សម្រាប់​រថ​យន្ត​អគ្គិសនី។

  • តម្លៃ​អគ្គិសនី​ «​ចុះ​ថោក​ស្មើ​សូន្យ​​រៀល» នៅ​ប្រទេស​ហ្វាំងឡង់

    តម្លៃ​អគ្គិសនី​ «​ចុះ​ថោក​ស្មើ​សូន្យ​​រៀល» នៅ​ប្រទេស​ហ្វាំងឡង់

    ប្រទេស​ហ្វាំងឡង់​កំពុង​ប្រឈម​នឹង​ស្ថានភាព​កម្រ​ជួប​ នៅ​ពេល​បរិមាណ​អគ្គិសនី​ស្អាត​សម្បូរ​ហូរហៀរ​ ដល់​ថ្នាក់​ធ្វើ​ឱ្យ​តម្លៃ​អគ្គិសនី​ថោក​ដល់​កម្រិត​សូន្យ​។

    ក្នុង​ពេល​ប្រទេស​ជា​ច្រើន​លើ​ពិភពលោក​កំពុង​មាន​ការ​លំបាក​ក្នុង​ការ​ដោះ​ស្រាយ​វិបត្តិ​ថាមពល​ តម្លៃ​អគ្គិសនី​នៅ​ហ្វាំងឡង់​បែរ​ជា​ធ្លាក់​ចុះ​ដល់​កម្រិត​អវិជ្ជមាន​នៅ​ដើម​សប្ដាហ៍​នេះ​។​ តម្លៃ​អគ្គិសនី​កម្រិត​អវិជ្ជមាន​ មាន​ន័យ​ថា ប្រភព​ផ្គត់​ផ្គង់​អគ្គិសនី​នៅ​លើ​ទីផ្សារ​ខ្ពស់​ជាង​តម្រូវ​ការ​​នៃ​ការ​ប្រើ​ប្រាស់​។ បើ​ទោះ​​ហាក់​មិន​ធម្មតា ប៉ុន្តែតម្លៃ​អគ្គិសនី​អវិជ្ជមាន​អាច​នាំ​មក​ទាំង​ផល​ល្អ​ ទាំងផល​អាក្រក់​។

    អំពី​ផល​ល្អ​ ស្ថានភាព​ខាងលើ​មាន​ប្រយោជន៍​ដល់​អ្នក​ប្រើប្រាស់​ នៅ​ពេល​ការ​ចំណាយ​លើ​ថ្លៃ​ភ្លើង​​ត្រូវ​ថយ​ចុះ​ខ្លាំង ឬ​ស្មើ​សូន្យ​។ ប៉ុន្តែ តម្លៃ​នេះ​ក៏​ជះ​ឥទ្ធិពល​អាក្រក់​ដល់​​ប្រាក់​ចំណូល​របស់​អ្នក​ផលិត​អគ្គិសនី​ និង​បង្ក​ផលវិបាក​ដល់​ការ​វិនិយោគ​លើ​គម្រោង​ថាមពល​នា​ពេល​អនាគត​។

    តម្លៃ​អគ្គិសនី​ធម្យម​ទាប​ជាង​សូន្យ​ កើត​ឡើង​ពី​មូលហេតុ​ធំៗ​ចំនួន​ពីរ​៖ ថាមពល​កកើត​ឡើងវិញ​សល់​ច្រើន​មិន​ធ្លាប់​បាន​ជួប​ និង​ការ​ប្រើប្រាស់​អគ្គិសនី​របស់​ប្រជាជន​ហ្វាំង​ឡង់​ថយ​ចុះ​ដោយ​សារ​តែ​ឥទ្ធិពល​នៃ​សង្គ្រាម​រវៀង​រុស្ស៊ី និង​អ៊ុយក្រែន​។ ប្រការ​នេះ​បាន​ដើរ​បញ្ច្រាស​ស្ថានការណ៍​ បើ​ធៀប​នឹង​រដូវ​រងា​ឆ្នាំ​មុន​ ដែល​រដ្ឋាភិបាល​ហ្វាំង​ប្រឈម​នឹង​បញ្ហា​ខ្វះ​ថាមពល​ និង​តែង​តែ​អំពាវនាវ​ឱ្យ​មាន​ការ​សន្សំ​សំចៃ​អគ្គិសនី​។

    បញ្ហា​ខ្វះ​ថាមពល​បាន​ប្ដូរ​ផ្លាស់​ច្រើន​នៅ​ពេល​ហ្វាំងឡើង​ដំណើរ​ការ​​រោង​ចក្រ​ផលិត​អគ្គិសនី​ដើរ​ដោយ​ថាមពល​នុយក្លេអែរ​ កាល​ពី​ខែ​មេសា​ឆ្នាំ​នេះ​។ ទន្ទឹម​នឹង​នេះ ហ្វាំងឡង់​ក៏​នៅ​តែ​ប្រឹង​ប្រែង​តាម​ចាប់​គោលដៅ «​​ប្រែ​ក្លាយ​​ថាមពល​ស្អាត​​ឱ្យ​ទៅ​ជា​ប្រភព​ថាមពល​ចម្បង​នៅ​ឆ្នាំ 2027​។

    ក្រៅ​ពី​នេះ​ក៏នៅ​មាន​កត្តា​ជា​ច្រើន​ដែល​រួម​ចំណែក​ធ្វើ​ឱ្យ​តម្លៃ​អគ្គិសនី​នៅ​ហ្វាំងឡង់​ត្រូវ​ធ្លាក់​ចុះ។ ក្នុង​នោះ​មាន​ដូច​ជា រោង​ចក្រ​វារី​អគ្គិសនី​នានា​ត្រូវ​ធ្វើ​ការ​លើស​កម្លាំង​ដោយ​សារ​តែ​ទឹក​ជំនន់​នា​ពេល​ថ្មី​ៗ​នេះ​​ នាំ​ឱ្យ​បរិមាណ​អគ្គិសនី​ត្រូវ​សល់​ច្រើន​។ល។

    យោង​តាម​ The Tech Times ក្នុង​ស្ថានការណ៍​បែប​នេះ ក្រុម​អ្នក​ផលិត​អគ្គិសនី​នៅ​ហ្វាំងឡង់ ត្រូវ​ការ​យក​ចិត្ត​ទុក​ដាក់​ទៅលើ​ដំណោះ​ស្រាយសម្រាប់​ការ​​បែង​ចែក​ផលិត​ផល​ដើម្បី​ចៀស​វាង​ការ​ខាត​បង់​៕