បច្ចេកវិទ្យា​ «បាញ់​បញ្ជូន​អគ្គិសនី​​​ពី​អវកាស​មកកាន់​ផែនដី​» កំពុង​មាន​ការ​ប្រកួត​ប្រជែង​ខ្លាំង

ប្រព័ន្ធ​ផ្គត់ផ្គង់​ថាមពល​ព្រះអាទិត្យ​ពី​អវកាស​មក​កាន់​ផែនដី

ក្រុម​អ្នកវិទ្យាសាស្ត្រ​នៅ​សាកលវិទ្យាល័យ Kyoto នឹងធ្វើ​តេស្ត​ក្នុងការ​ប្រើប្រាស់​ផ្កាយរណប​បាញ់​​បញ្ជូន​អគ្គិសនី​បាន​ពី​​ព្រះអាទិត្យ​ មកកាន់​ផែនដី ក្នុង​ទម្រង់​រលក​ម៉ៃ​ក្រូ​វេ​វ នៅ​ឆ្នាំ 2025។

ការប្រណាំង​ប្រជែង​គ្នា​អភិវឌ្ឍ​បច្ចេកវិទ្យា​​បាញ់​បញ្ជូន​អគ្គិសនី​ព្រះអាទិត្យ​ដែល​ប្រមូលបាន​ពី​ទី​អវកាស មកកាន់​ផែនដី កំពុង​ឡើងក​ម្ដៅ​ខ្លាំង។ នៅ​ប្រទេស​ជប៉ុន ក្រុមហ៊ុន​របស់ Hiroshi Matsumoto អតីត​នាយក​​សាកលវិទ្យាល័យ Kyoto កំពុង​នាំមុខគេ​នៅក្នុង​ការស្រាវជ្រាវ​អំពី​បច្ចេកវិទ្យា​នេះ។ បន្ទាប់មក​គឺ​សាស្ត្រាចារ្យ Naoki Shinohara នៅ​សាកលវិទ្យាល័យ Kyoto ក៏​បន្ត​ការស្រាវជ្រាវ។ នេះ​បើតាម Nikkei ចុះផ្សាយ​កាលពី​ថ្ងៃទី 27 ឧសភា។

ឆ្នាំ 2009 ក្រុម​របស់ Shinohara បាន​ប្រើប្រាស់​បា​ឡុង​ហោះ​ដើម្បី​បាញ់​​បញ្ជូន​អគ្គិសនី​ពី​កម្ពស់ 30 ម៉ែត្រ មកកាន់​ទូរស័ព្ទ​ចល័ត​នៅលើ​ដី។ នៅក្នុង​ឆ្នាំ​ដដែល Shinohara ក៏​ត្រូវបាន​ជ្រើសតាំង​ជា​ប្រធាន​ក្រុមប្រឹក្សា​បច្ចេក​វិទ្យា​របស់​គម្រោង​ពី​ក្រសួង​សេដ្ឋកិច្ច ពាណិជ្ជកម្ម និង​ឧស្សាហកម្ម​របស់​ប្រទេស​ជប៉ុន ដើម្បី​អភិវឌ្ឍ​មធ្យោបាយ​ផ្គត់ផ្គង់​អគ្គិសនី​ដោយ​មិន​ប្រើ​ខ្សែ។ ក្រុម​អ្នកវិទ្យាសាស្ត្រ​ក្នុង​គម្រោង​នេះ​បានទទួល​ជោគជ័យ​ក្នុងការ​ធ្វើតេស្ត​​បាញ់​បញ្ជូន​អគ្គិសនី​ក្នុង​ទម្រង់​ម៉ៃ​ក្រូ​វេ​វរ​លក​ទទឹង (transverse waves) កាល​ពី​​ឆ្នាំ 2015 និង​ក្នុង​​ទម្រ​ម៉ៃ​ក្រូ​វេ​វរ​លក​បណ្ដោយ (longitudinal waves) ​កាល​ពី​​ឆ្នាំ 2018 ក្នុង​រយៈ​ចម្ងាយ​ពី​ប្រហែល 40 ម៉ែត្រ។ នាពេលខាងមុខ ពួកគេ​នឹងធ្វើ​តេស្ត​​បាញ់​បញ្ជូន​អគ្គិសនី​ក្នុង​ទម្រ​ម៉ៃ​ក្រូ​វេ​វរ​លក​បណ្ដោយ​ពី​ចម្ងាយ​ចាប់ពី 1 ដល់ 5 គីឡូម៉ែត្រ។

បច្ចុប្បន្ន ក្រុម​អ្នកវិទ្យាសាស្ត្រ​ខាងលើ​កំពុង​ដាក់​គោលដៅ​ធ្វើតេស្ត​ការ​បាញ់​បញ្ជូន​អគ្គិសនី​ពី​អវកាស​មកកាន់​ផែនដី​នៅ​ឆ្នាំ 2025។ ពួកគេ​នឹង​ប្រើប្រាស់​ផ្កាយរណប​ខ្នាតតូច​ដើម្បី​បាញ់​បញ្ជូន​​អគ្គិសនី​មកកាន់​ទីតាំង​ទទួល​នៅ​លើដី​ដែលមាន​គម្លាត​ពីគ្នា​រាប់រយ​គីឡូម៉ែត្រ។

រូបភាព​បង្ហាញ​ពី​ការ​បាញ់​បញ្ជូន​រលក​ម៉ៃក្រូវេវ​អវកាស​មក​កាន់​ស្ថានីយ​ទទួល​នៅ​លើដី

គំនិត​ស្ដីពី​ការប្រមូល​ថាមពលព្រះអាទិត្យ​ក្នុង​ទី​អវកាស ​ត្រូវបាន​អ្នកវិទ្យាសាស្ត្រ​អាម៉េរិក​លើកឡើង​កាលពី​ឆ្នាំ 1968។ មធ្យោបាយ​របស់​ពួកគេ​គឺ​​ការ​បាញ់​បង្ហោះ​ផ្ទាំង​សូ​ឡា​ឡើងទៅ​កាន់​ទី​អវកាស​ដើម្បី​ផលិត​អគ្គិសនី​ពី​កម្ដៅ​ព្រះ​អាទិត្យ​នៅ​​លើ​កម្ពស់ 36,000 គីឡូម៉ែត្រ។ ថាមពលព្រះអាទិត្យ​ត្រូវបាន​បំប្លែង​ទៅជា​រលក​ម៉ៃ​ក្រូ​វេ​វ និងបាញ់​​បញ្ជូន​មកកាន់​ស្ថានីយ​ទទួល​នៅលើ​ដី រួច​បំប្លែង​វា​មកជា​អគ្គិសនី​វិញ។ រលក​ម៉ៃ​ក្រូ​វេ​វ​អាច​ត្រូវបាន​បាញ់​បញ្ជូន​ឆ្លងកាត់​ពពក និង​បង្កើតបានជា​ប្រភព​ផ្គត់ផ្គង់​អគ្គិសនី​ដែលមាន​ស្ថិរភាព មិន​ថា​ថ្ងៃ ឬ​យប់ ក្ដៅ ឬ​ភ្លៀង៕

Advertisement