តម្លៃ​អគ្គិសនី​ «​ចុះ​ថោក​ស្មើ​សូន្យ​​រៀល» នៅ​ប្រទេស​ហ្វាំងឡង់

ប្រទេស​ហ្វាំងឡង់​កំពុង​ប្រឈម​នឹង​ស្ថានភាព​កម្រ​ជួប​ នៅ​ពេល​បរិមាណ​អគ្គិសនី​ស្អាត​សម្បូរ​ហូរហៀរ​ ដល់​ថ្នាក់​ធ្វើ​ឱ្យ​តម្លៃ​អគ្គិសនី​ថោក​ដល់​កម្រិត​សូន្យ​។

ក្នុង​ពេល​ប្រទេស​ជា​ច្រើន​លើ​ពិភពលោក​កំពុង​មាន​ការ​លំបាក​ក្នុង​ការ​ដោះ​ស្រាយ​វិបត្តិ​ថាមពល​ តម្លៃ​អគ្គិសនី​នៅ​ហ្វាំងឡង់​បែរ​ជា​ធ្លាក់​ចុះ​ដល់​កម្រិត​អវិជ្ជមាន​នៅ​ដើម​សប្ដាហ៍​នេះ​។​ តម្លៃ​អគ្គិសនី​កម្រិត​អវិជ្ជមាន​ មាន​ន័យ​ថា ប្រភព​ផ្គត់​ផ្គង់​អគ្គិសនី​នៅ​លើ​ទីផ្សារ​ខ្ពស់​ជាង​តម្រូវ​ការ​​នៃ​ការ​ប្រើ​ប្រាស់​។ បើ​ទោះ​​ហាក់​មិន​ធម្មតា ប៉ុន្តែតម្លៃ​អគ្គិសនី​អវិជ្ជមាន​អាច​នាំ​មក​ទាំង​ផល​ល្អ​ ទាំងផល​អាក្រក់​។

អំពី​ផល​ល្អ​ ស្ថានភាព​ខាងលើ​មាន​ប្រយោជន៍​ដល់​អ្នក​ប្រើប្រាស់​ នៅ​ពេល​ការ​ចំណាយ​លើ​ថ្លៃ​ភ្លើង​​ត្រូវ​ថយ​ចុះ​ខ្លាំង ឬ​ស្មើ​សូន្យ​។ ប៉ុន្តែ តម្លៃ​នេះ​ក៏​ជះ​ឥទ្ធិពល​អាក្រក់​ដល់​​ប្រាក់​ចំណូល​របស់​អ្នក​ផលិត​អគ្គិសនី​ និង​បង្ក​ផលវិបាក​ដល់​ការ​វិនិយោគ​លើ​គម្រោង​ថាមពល​នា​ពេល​អនាគត​។

តម្លៃ​អគ្គិសនី​ធម្យម​ទាប​ជាង​សូន្យ​ កើត​ឡើង​ពី​មូលហេតុ​ធំៗ​ចំនួន​ពីរ​៖ ថាមពល​កកើត​ឡើងវិញ​សល់​ច្រើន​មិន​ធ្លាប់​បាន​ជួប​ និង​ការ​ប្រើប្រាស់​អគ្គិសនី​របស់​ប្រជាជន​ហ្វាំង​ឡង់​ថយ​ចុះ​ដោយ​សារ​តែ​ឥទ្ធិពល​នៃ​សង្គ្រាម​រវៀង​រុស្ស៊ី និង​អ៊ុយក្រែន​។ ប្រការ​នេះ​បាន​ដើរ​បញ្ច្រាស​ស្ថានការណ៍​ បើ​ធៀប​នឹង​រដូវ​រងា​ឆ្នាំ​មុន​ ដែល​រដ្ឋាភិបាល​ហ្វាំង​ប្រឈម​នឹង​បញ្ហា​ខ្វះ​ថាមពល​ និង​តែង​តែ​អំពាវនាវ​ឱ្យ​មាន​ការ​សន្សំ​សំចៃ​អគ្គិសនី​។

បញ្ហា​ខ្វះ​ថាមពល​បាន​ប្ដូរ​ផ្លាស់​ច្រើន​នៅ​ពេល​ហ្វាំងឡើង​ដំណើរ​ការ​​រោង​ចក្រ​ផលិត​អគ្គិសនី​ដើរ​ដោយ​ថាមពល​នុយក្លេអែរ​ កាល​ពី​ខែ​មេសា​ឆ្នាំ​នេះ​។ ទន្ទឹម​នឹង​នេះ ហ្វាំងឡង់​ក៏​នៅ​តែ​ប្រឹង​ប្រែង​តាម​ចាប់​គោលដៅ «​​ប្រែ​ក្លាយ​​ថាមពល​ស្អាត​​ឱ្យ​ទៅ​ជា​ប្រភព​ថាមពល​ចម្បង​នៅ​ឆ្នាំ 2027​។

ក្រៅ​ពី​នេះ​ក៏នៅ​មាន​កត្តា​ជា​ច្រើន​ដែល​រួម​ចំណែក​ធ្វើ​ឱ្យ​តម្លៃ​អគ្គិសនី​នៅ​ហ្វាំងឡង់​ត្រូវ​ធ្លាក់​ចុះ។ ក្នុង​នោះ​មាន​ដូច​ជា រោង​ចក្រ​វារី​អគ្គិសនី​នានា​ត្រូវ​ធ្វើ​ការ​លើស​កម្លាំង​ដោយ​សារ​តែ​ទឹក​ជំនន់​នា​ពេល​ថ្មី​ៗ​នេះ​​ នាំ​ឱ្យ​បរិមាណ​អគ្គិសនី​ត្រូវ​សល់​ច្រើន​។ល។

យោង​តាម​ The Tech Times ក្នុង​ស្ថានការណ៍​បែប​នេះ ក្រុម​អ្នក​ផលិត​អគ្គិសនី​នៅ​ហ្វាំងឡង់ ត្រូវ​ការ​យក​ចិត្ត​ទុក​ដាក់​ទៅលើ​ដំណោះ​ស្រាយសម្រាប់​ការ​​បែង​ចែក​ផលិត​ផល​ដើម្បី​ចៀស​វាង​ការ​ខាត​បង់​៕

Advertisement