ជនភៀស​ខ្លួន​​​មី​យ៉ាន់​ម៉ា​រាប់ពាន់នាក់​ឆ្លងដែន​ចូល​ទឹកដី​ថៃ

ក្រុមមន្ត្រី​ថៃ​ឱ្យដឹងថា ជនជាតិ​មី​យ៉ាន់​ម៉ា​រាប់ពាន់នាក់​កំពុង​ជ្រកកោន​នៅក្នុង​បណ្ដា​ស្រុក​ជាប់​ព្រំដែន​នៃ​ខេត្ត Mae Hong Son ភាគ​ខាងជើង​ប្រទេស​ថៃ ដើម្បី​គេច​ពី​សង្គ្រាម​ស៊ីវិល​នៅ​មីយ៉ាន់ម៉ា។

ការប្រយុទ្ធ​គ្នា​ដ៏​ខ្លាំងក្លា​រវាង​បណ្ដា​ក្រុម​ប្រដាប់អាវុធ និង​រដ្ឋាភិបាលយោធា​មី​យ៉ាន់​ម៉ា កើតឡើង​នៅតាម​បណ្ដោយ​​ព្រំដែន​ថៃ-មី​យ៉ាន់​ម៉ា ដែល​នៅជាប់​នឹង​ស្រុក Mae Sariang និង​ស្រុក Khun Yuam នៃ​​ខេត្ត Mae Hong Son របស់​ប្រទេស​ថៃ។ ចំនួន​ជនភៀសខ្លួន​មី​យ៉ាន់​ម៉ា​ដែល​មក​ជ្រកកោន​នៅ​តំបន់​ខាងលើ​បាន​ឡើងដល់​ជិត 5,000 នាក់។

រដ្ឋអំណាច​ក្នុង​ខេត្ត​ Mae Hong Son ​​កំពុង​សហការ​ជាមួយ​កាកបាទក្រហម​ថៃ និង​ប្រជាជន​ក្នុង​តំបន់ ធ្វើ​ការ​​រៃអង្គាស​អាហារ ទឹក និង​របស់​ប្រើប្រាស់​ចាំបាច់​ ដើម្បី​ផ្ដល់ឱ្យ​ជនភៀសខ្លួន​មី​យ៉ាន់​ម៉ា​ជា​រៀងរាល់​សប្ដាហ៍ រហូតដល់​ការប្រយុទ្ធ​គ្នា​បានបញ្ចប់។

ចំណែក​មជ្ឈមណ្ឌល​គ្រប់គ្រង​ព្រំដែន​ថៃ-មី​យ៉ាន់​ម៉ាវិញ ក៏​បានរៀបចំ​បណ្ដាញ​លូ និង​ការងារ​ពាក់ព័ន្ធ​នឹង​អនាម័យ ក៏ដូចជា​សន្តិសុខ​នៅតាម​ជំរំ​ជនភៀសខ្លួន និង​នៅតាម​បន្ទាត់​ព្រំដែនសំខាន់ៗរបស់​ប្រទេស​ទាំងពីរ។

ច្រកព្រំដែនថៃ-មីយ៉ាន់ម៉ាជាប់នឹងខេត្ត Mae Hong Son របស់ប្រទេសថៃ
ក្រុម​ទាហាន​ជន​ជាតិ​ការ៉ែននៅ​ប្រទេស​មីយ៉ាន់ម៉ា
Advertisement