ឪពុក​និង​កូន​ដែល​ជាប់​ក្នុង​នាវាមុជទឹក Titan គឺជា​សមាជិក​ត្រកូល​អភិជន​នៅ​ប៉ា​គី​ស្ថាន

Shahzada Dawood (ស្ដាំ) និង​កូន​ប្រុស Suleman Dawood

ឪពុក និង​កូន​ជនជាតិ​ប៉ា​គី​ស្ថាន​ដែល​ស្ថិតនៅក្នុង​នាវាមុជទឹក​កំពុង​បាត់​ខ្លួន គឺជា​សមាជិក​ត្រកូល​អភិជន Dawood ដ៏​ល្បីឈ្មោះ និង​សម្បូរ​ទ្រព្យ ធ្លាប់​រួមចំណែក​យ៉ាងច្រើន​ក្នុងការ​អភិវឌ្ឍ​ប្រទេសជាតិ។

Shahzada Dawood អាយុ 48 ឆ្នាំ និង​កូនប្រុស Suleman Dawood អាយុ 19 ឆ្នាំ គឺជា​មនុស្ស​ពីរ​នាក់​ក្នុងចំណោម​ប្រាំ​នាក់​ដែល​កំពុង​ជាប់​ក្នុង​នាវាមុជទឹក Titan ដែល​បាន​បាត់​ខ្លួន​តាំងពី​ថ្ងៃទី 18 មិថុនា 2023 នៅពេល​ធ្វើដំណើរ​ចុះទៅ មើល​កប៉ាល់ Titanic នៅ​បាត​មហាសមុទ្រ​អា​ត្ល​ង់​ទិ​ក។ អ្នក​ទាំងពីរ​គឺជា​សមាជិក​របស់ Dawood ដែលជា​ត្រកូល​អភិជន​ល្បីឈ្មោះ​នៅ​ប្រទេស​ប៉ា​គី​ស្ថាន។

បុគ្គល​ដែល​នាំមុខគេ​របស់​ត្រកូល Dawood គឺ Hussain Dawood ដែលជា​ឪពុក​របស់ Shahzada។ ត្រកូល​នេះ​បានផ្ដល់​ប្រាក់​យ៉ាងច្រើន​ដល់​រដ្ឋាភិបាល​ប៉ា​គី​ស្ថាន បន្ទាប់ពី​ប្រទេស​នេះ​ត្រូវបាន​បង្កើតឡើង​កាលពី​ឆ្នាំ 1947 និង​បាន​គាំទ្រ​ដល់​និន្នាការ​ឧស្សាហកម្ម​សម័យ​ដំបូង​របស់​ប្រទេស។ នេះ​បើតាម Aqeel Karim Dhedhi ដែលជា​អ្នកជំនួញ​កំពូល​មួយរូប​នៅ Karachi។

ត្រកូល Dawood គឺជា​ម្ចាស់​សាជីវកម្ម Engro ជាទី​ដែល Shahzada ធ្វើជា​អនុប្រធាន។ Engro វិនិយោគ​ទៅលើ​គម្រោង​ថាមពល កសិកម្ម ប្រេង និង​ទូរគមនាគមន៍ ដែល​រកចំណូលបាន 350 ពាន់​លាន​រ៉ូ​ពី (1.2 ពាន់​លាន​ដុល្លារ​អាម៉េរិក) ក្នុង​ឆ្នាំ 2022។

លោក Shahzada កើត​នៅ​ប្រទេស​ប៉ា​គី​ស្ថាន ប៉ុន្តែ​មាន​សញ្ជាតិ​អង់គ្លេស និង​កំពុង​រស់នៅ​ក្នុងប្រទេស​នេះ​ជាមួយ​ភរិយា កូនប្រុស Suleman និង​កូនស្រី Alina៕

Advertisement