ក្រុម​ហ៊ុន​របស់ នូវែលសេឡង់ កំពុង​អភិវឌ្ឍ​បច្ចេកវិទ្យា​បញ្ជូន​អគ្គិសនី​​មិន​មាន​ខ្សែ​ពី​ទីអវកាស​មក​កាន់​ផែន​ដី

ក្រុម​ហ៊ុន​មួយ​របស់​ នូវែលសេឡង់ កំពុង​អភិវឌ្ឍ​បច្ចេកវិទ្យា​បញ្ជូន​អគ្គិសនី​ដោយ​មិន​ប្រើ​ខ្សែ​ ពី​ផ្ទាំង​សូឡា​ក្នុង​ទីអវកាស​មក​កាន់​ផែនដី​ តាម​រយៈ​​ការ​ប្រើប្រាស់​​កាំរស្មីអេឡិចត្រូម៉ាញ៉េទិច។

ក្រុម​ហ៊ុន​បច្ចេកវិទ្យា​ Emrod នៅ នូវែលសេឡង់ កំពុង​តែ​អភិវឌ្ឍ​បច្ចេកវិទ្យា​បញ្ជូន​អគ្គិសនី​ដោយ​មិន​បាច់​ប្រើ​ខ្សែ​។ Emrod កាលពី​ថ្ងៃទី ២៧ កញ្ញា បាន​ប្រកាស​ថា ខ្លួន​​បាន​ទទួល​ជោគ​ជ័យ​ក្នុង​ការ​បញ្ជូន​អគ្គិសនី​ដោយ​មិន​ប្រើ​ខ្សែ ពី​ម៉ាស៊ីន​បញ្ជូន​​អគ្គិសនី​ ទៅ​កាន់​ម៉ាស៊ីន​​ទទួល​អគ្គិសនី​ ក្នុង​រយៈ​ចម្ងាយ​ ៣៦ ម៉ែត្រ នៅ​ក្នុង​មូលដ្ឋាន​មួយ​ដែល​គ្រប់គ្រង​ដោយ​ក្រុម​ហ៊ុន​អាកាស​ចរណ៍​ Airbus នៅ Munich ប្រទេស​អាល្លឺម៉ង់​។

ម៉ាស៊ីន​បញ្ជូន​អគ្គិសនី​ដែល​មាន​អង្កត់ផ្ចិត​ ១.៩២ ម៉ែត្រ បញ្ជេញ​រលក​សញ្ញា​​ដែល​មានប្រេកង់ ៥.៨ gigahertz ឆ្លង​កាត់​បន្ទប់​ ទៅ​កាន់​ម៉ាស៊ីន​ទទួល​ដែល​មាន​ទំហំ​ប៉ុន​គ្នា​នេះ​។ Emrod សង្ឃឹម​ថា បច្ចេកវិទ្យា​នេះ​អាច​ប្រើប្រាស់​ដើម្បី​បញ្ជូន​អគ្គិសនី​នៅ​ពាស​ពេញ​ផែនដី​ ដោយ​មិន​បាច់​ដំឡើង​បណ្ដាញ​ខ្សែ​កាប​អគ្គិសនី​​តង់ស្យុង​ខ្ពស់​។

«គោលដៅ​សំខាន់​របស់​យើង​គឺ​ប្រព័ន្ធ​ដែល​ប្រើប្រាស់​នៅ​លើ​ដី​ ក្នុង​ករណី​តភ្ជាប់​ជាមួយ​ប្រភព​អគ្គិសនី​កកើត​ឡើង​វិញ​ពី​ចម្ងាយ​ ការ​ផ្គត់ផ្គង់​អគ្គិសនី​សម្រាប់​សហគមន៍​ដាច់​ស្រយាល តំបន់​ដែល​មាន​ឧបសគ្គ​ច្រើន​សម្រាប់​ការ​ដំឡើង​បណ្ដាញ​ខ្សែ​ភ្លើង​ តំបន់​រងគ្រោះ​ធម្មជាតិ​ ប្រតិកម្ម​រហ័ស​ករណី​ដាច់​ភ្លើង​ និង​ការ​ផ្ដល់​ថាមពល​អគ្គិសនី​ដល់​មធ្យោបាយ​ដឹក​ជញ្ជូន​ខ្នាត​ធំ​ដូចជា កប៉ាល់ រថភ្លើង​ ក្នុង​បំណង​កាត់បន្ថយ​ការ​បំភាយ​ឧស្ម័ន​កាបូន​ក្នុង​វិស័យ​ឧស្សាហកម្ម​» អ្នក​នាំពាក្យ​របស់ Emrod ឱ្យ​ដឹង​ដូច្នេះ​។

អ្នក​នាំពាក្យខាង​លើ​បន្ថែម​ថា «ចំពោះ​អគ្គិសនី​ពី​ថាមពល​ព្រះអាទិត្យ​នៅ​ទីអវកាស​វិញ ដំណើរ​ការ​ស្រាវជ្រាវ​ និង​អភិវឌ្ឍ​នឹង​ត្រូវ​ការ​ពេល​យូរ និង​ទាម​ទារ​ទុន​វិនិយោគ​ធំ​ជាង​នេះ​។ ត្រូវ​ការ​ពេល​យ៉ាង​តិច ១០ ឆ្នាំ ដើម្បី​បង្កើត​ប្រព័ន្ធ​ដែល​អាច​ធ្វើ​សកម្មភាព​ពាណិជ្ជកម្ម​»។

បច្ចុប្បន្ន​នេះ ក្រុម​ហ៊ុន Emrod កំពុង​ឆ្ពោះ​ទៅ​កាន់​គោល​ដៅ​សាកល្បង​បច្ចេកវិទ្យា​នៅ​លើ​គន្លង​គោចរ​របស់​ផែនដី នៅ​ក្នុង​រង្វង់ ៥ ឆ្នាំ​ខាងមុខ៕

Advertisement