មនុស្ស​ហោះដល់ភពអង្គារ​ក្នុងរយៈ​ពេល​ខ្លីជាង​បច្ចុប្បន្ន ពេល​ប្រើ​បច្ចេកវិទ្យា​ថ្មី​នេះ

បច្ចេកវិទ្យា​រ៉ុក្កែតនុយក្លេអែរ​មួយ​ប្រភេទ​ដែល​ហៅ​ថា Pulsed Plasma Rocket (PPR) អនុញ្ញាត​ឱ្យ​យាន​អវកាស​ហោះ​ដល់​ភព​អង្គារ​ដោយ​ប្រើ​ពេល​តែ​ពីរ​ខែ​ ខណៈ​ដែល​បច្ចុប្បន្ន​គេ​ត្រូវ​ចំណាយ​ពេល​ប្រហែល​ 9​​ខែ។

កាល​ពី​ថ្ងៃទី 1 ឧសភា​ ទីភ្នាក់​ងារ​អវកាស​អាម៉េរិក ណាសា ប្រកាស​ថា ក្រុម​ហ៊ុន​អាម៉េរិក Howe Industries កំពុង​អភិវឌ្ឍ​បច្ចេកវិទ្យា​រ៉ុក្កែតប្លាស្មា​មួយ​ប្រភេទ​ដែល​ត្រូវ​បាន​ដាក់​ឈ្មោះ​ថា​ Pulsed Plasma Rocket PPR​ ដើម្បី​ឆ្លើយតប​នឹង​តម្រូវ​ការ​របស់​ជើង​ហោះ​ហើរ​ទៅ​កាន់​ភព​អង្គារ​ និង​ឆ្ងាយ​ជាង​នេះ​។ ប្រព័ន្ធ​នេះ​នឹង​បង្កើត​បាន​កម្លាំង​រុញ​ច្រាន​ឡើង​ដល់​ 100,000 N ជាមួយ​នឹង​កម្លាំង​រុញ​ច្រាន​ផ្ទាល់ខ្លួន (Isp) ​គឺ 5,000 វិនាទី​។

យាន​អវកាស​បច្ចុប្បន្ន ទាម​ទារ​ឱ្យ​មាន​ល្បឿន​លឿន​ដើម្បី​ហោះ​រយៈ​ចម្ងាយ​ឆ្ងាយ​នៅក្នុង​ទីអវកាស​។ ប្រការ​នេះ​អាច​សម្រេច​បាន​ដោយ​រចនា​ប្រព័ន្ធ​រុញ​ច្រាន​ដែល​មាន​កម្លាំង​ខ្លាំង​ក្លា និង​កម្លាំង​រុញ​ច្រាន​ផ្ទាល់​ខ្លួន​កម្រិត​ខ្ពស់​។ ក៏ប៉ុន្តែ ប្រព័ន្ធ​បែប​នេះ​មិនទាន់​មាន​វត្តមាន​នៅ​លើ​ពិភពលោក​។ បច្ចេកវិទ្យា​ PPR ត្រូវ​បាន​អភិវឌ្ឍ​ដើម្បី​ឆ្លើយ​តប​នឹង​តម្រូវ​ការ​នេះ​។

PPR គឺជា​ការ​វិវត្ត​របស់​បច្ចេកវិទ្យាកម្លាំង​​ប្រតិកម្មនុយក្លេអែរ​បែប​បំបែក​អាតូម និង​បែប​ប្រមូលផ្ដុំ​អាតូម (PuFF)។ នេះ​គឺជា​បច្ចេកវិទ្យា​រុញ​ច្រាន​ទំនើប​ដែល​ប្រើប្រាស់​ថាមពល​នុយក្លេអែរ ដើម្បី​កម្លាំង​រុញ​សម្រាប់​យាន​អវកាស​។ ជា​មូលដ្ឋាន PPR ប្រើ​ប្រាស់​ប្រព័ន្ធ​ថាមពល​នុយក្លេអែរ​ដោយ​យោង​ទៅ​លើ​ការ​បំបែក​អាតូមដែល​ស្ថិត​ក្នុងរង្វង់​​​គ្រប់គ្រង​។ PPR ក៏តូចជាង សាមញ្ញ​ជាង និង​មាន​តម្លៃ​ទាប​ជាង​ បើ​ធៀប​នឹង​ PuFF

ណាសា​ឱ្យ​ដឹង​ថា ប្រសិទ្ធភាព​ល្អឥតខ្ចោះ​របស់ PPR បូក​រួម​នឹង​ការ​រុញ​ច្រាន​ផ្ទាល់​ខ្លួន (Isp) កម្រិត​ខ្ពស់ និង​កម្លាំងរុញ​ច្រាន​ខ្លាំង ត្រូវ​បាន​គេ​រំពឹង​ថា នឹង​ជាបដិវត្ត​សម្រាប់​សកម្មភាព​ស្រាវ​ជ្រាវ​ទីអវកាស​។ ប្រសិទ្ធភាព​ខ្ពស់​អនុញ្ញាត​ឱ្យ​បេសកកម្ម​នានា​ដែល​មាន​ក្រុម​ហោះហើរ ឆ្ពោះទៅ​កាន់​ភព​អង្គារ​ ដោយ​ចំណាយ​ពេល​តែ​ពីរ​ខែ​។ បច្ចុប្បន្ន ជើង​ហោះ​ហើរ​មួយ​ទិសពី​ផែនដី​ទៅ​កាន់​ភព​អង្គារ​ ត្រូវ​ការ​ពេល​ប្រហែល 9​ខែ​។

បច្ចេកវិទ្យា PPR អាច​ជួយ​រុញ​ច្រាន​បណ្ដា​យាន​អវកាស​ដែល​មាន​ទម្ងន់​ធ្ងន់​ជាង​ឆ្ងាយ​​ បើ​ធៀប​នឹង​ប្រព័ន្ធ​រុញ​ច្រាន​បច្ចុប្បន្ន​។ យាន​អវកាស​ដែល​ប្រើ​ប្រាស់​បច្ចេកវិទ្យា​ថ្មី​នេះ​នឹង​ត្រូវ​បាន​រចនា​​ជាមួយ​នឹង​ខែល​ការ​ពារ​ទំនើប​បំផុត​ អាច​ទប់​ទល់​នឹង​កាំរស្មី​ចក្រវាល​បញ្ចេញ​ពី​កាឡាក់ស៊ី​នានា​ (GCR) ដែល​ជា​ភាគ​ល្អិត​ថាមពល​ខ្ពស់​ អាច​បង្ក​គ្រោះថ្នាក់​ដល់សុខភាព​មនុស្ស នៅ​ពេល​ធ្វើ​ដំណើរក្នុង​ចក្រវាល​​រយៈ​ពេល​យូរ​។

សមត្ថភាព​រុញ​ច្រាន​ដ៏​ទំនើប​របស់ PPR ក៏​សម​ស្រប​នឹង​បណ្ដា​បេសកកម្ម​ឆ្ងាយ​ជាង​ភព​អង្គារ​​ផងដែរ​។ ឧទាហរណ៍​ ជើង​ហោះ​ហើរ​ទៅ​កាន់​តំបន់ខ្សែ​ក្រវាត់​អាចម៍​ផ្កាយ​ដើម្បី​ទាញ​យក​ធនធាន​រ៉ែ​ជា​ដើម គឺអាច​ទៅ​រួច​នៅពេល​ប្រើ​ប្រាស់​ PPR

ដំណាក់កាល​ទីមួយនៅ​ក្នុង​ការ​ស្រាវ​ជ្រាវ​ Concept ទំនើប​ថ្មី (NIAC) របស់​ណាសា ស្ដី​ពី​បច្ចេកវិទ្យា PPR គឺ​ផ្ដោត​ទៅ​លើ​ការ​វាយតម្លៃ​លំហូរនឺត្រុង​របស់​ប្រព័ន្ធ ការរចនា​យានអវកាស ប្រព័ន្ធ​អគ្គិសនី និង​បណ្ដា​ប្រព័ន្ធ​រង​សំខាន់​ៗ​ ការ​វិភាគ​លទ្ធភាព​របស់​ទូយោ​ម៉ាញេទិច ការ​កំណត់​គន្លង​គោចរ និង​ផល​ប្រយោជន៍​របស់ PPR

ដំណាក់​កាល​ទីពីរ​អាច​ជួយ​ឱ្យ​ណាសា​ឆ្ពោះ​ទៅ​ជិត​ដល់​គោលដៅ​ប្រែ​ក្លាយ​សុបិន​ភព​អង្គារ​ឱ្យ​ទៅ​ជា​ការ​ពិត​ ដោយ​ការ​រចនា​ម៉ាស៊ីន​ជំនាន់​បន្ទាប់​ ក៏ដូចជា​ការ​ធ្វើ​តេស្ត​សាកល្បង​ជាក់​ស្ដែង និង​រចនា​យាន​អវកាស​សម្រាប់​បេសកកម្ម​ដែល​មាន​អវកាសចរ​ ហោះ​ទៅ​កាន់​ភព​ព្រះ​អង្គារ​។ នេះ​បើ​តាម​ទំព័រ Interesting Engineering

Advertisement