អាចម៍ផ្កាយដែលទើបតែធ្លាក់បុកផែនដីថ្មីៗនេះ មាន​រង្វិល​ខ្ញាល់​លឿន​បំផុត

2024 BX1 ​ដែលទើប​តែ​បាន​ធ្លាក់​មក​បុក​នឹង​ផែន​ដី​កាល​ពី​ថ្ងៃទី 21 មករា គឺ​ជា​​អាចម៍​ផ្កាយ​ដែល​ធ្វើដំណើរ​ក្នុង​ល្បឿន​​លឿន​ជាង​វត្ថុអវកាស​ទាំង​ឡាយ​ដែល​ស្ថិត​នៅ​ក្បែរ​ផែនដី​។

អាចម៍​ផ្កាយ ​2024 BX1 ប្រែក្លាយ​ជា​ដុំ​ភ្លើង​ និង​ផ្ទុះ​នៅ​លើ​អាកាស​នៃ​ទីក្រុង​បែកឡាំង​ប្រទេស​អាល្លឺម៉ង់ កាល​ពី​ថ្ងៃទី 21 មករា​ 2024​។ បើ​ទោះ​ជា​អាចម៍​ផ្កាយតូច​ៗ​ដែល​ធ្លាក់​មក​បុក​នឹង​ផែនដី​ តែង​តែ​ត្រូវ​បាន​ឃើញនៅ​ពេល​ពួក​វា​ហោះ​ចូល​មក​ដល់​បរិយាកាស​ផែនដី ប៉ុន្តែ​ក្រុម​អ្នកវិទ្យាសាស្ត្រ​បាន​ប្រទះ​ឃើញ​អាចម៍​ផ្កាយ ​2024 BX1 ប្រហែល​បី​ម៉ោង​ មុន​ពេល​វា​បុក​នឹង​ផ្ទៃ​ផែនដី​។

​ទំព័រ Live Science ចុះ​ផ្សាយ​កាល​ពី​ថ្ងៃទី 2ឧសភា ឱ្យដឹង​ថា​ ខាង​លើ​នេះ​មិន​មែន​ជា​ចំនុចពិសេស​ដែល​នាំ​ឱ្យ​ អាចម៍​ផ្កាយ ​2024 BX1 ប្រែ​ជា​ពិសេស​ជាង​គេ​នោះទេ​។ យោង​តាម​លទ្ធផលនៃ​ការសិក្សា​ស្រាវ​ជ្រាវ​ថ្មី​មួយ​ដែល​ទើប​តរូវ​បាន​ចុះ​ផ្សាយ​លើទស្សនាវដ្ដី​ទិន្នន័យ arXiv អាចម៍​ផ្កាយនេះ​ផ្លាស់​ទី​ក្នុង​ល្បឿន​ 5ម៉ឺន​គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង​ ហើយ​រៀង​រាល់​ជាង 2វិនាទី​កន្លះ វា​វិល​មួយ​ជុំ​ខ្លួន​វា​។ នេះ​គឺជា​ល្បឿន​រង្វិល​ខ្ញាល់​ដែល​លឿន​បំផុត​មិន​ធ្លាប់​ត្រូវ​បាន​ដឹង​នៅ​លើ​អាចម៍​ផ្កាយ​ក្បែរ​ផែនដី​។

មុន​នោះ កំណត់​ត្រា​បែប​នេះ​គឺ​បាន​ទៅ​លើ​ 2020 HS7 ដោយសារ​តែ​រង្វិល​ខ្ញាល់​មួយ​ជុំ​របស់​វា​ ស៊ី​ពេល​តែ​ 2.99 វិនាទី​។ អាចម៍​ផ្កាយ​នេះ​មាន​អង្កត់​ផ្ចិត​ប្រវែង​ពី 4 ទៅ 8ម៉ែត្រ​ ធំ​ជាង​បន្តិច​បើ​ធៀប​នឹង​អាចម៍​ផ្កាយ ​2024 BX1

មាន​មូលហេតុ​ជា​ច្រើន​ដែល​នាំ​ឱ្យ​អាចម៍​ផ្កាយ​វិល​ខ្ញាល់ ឧទាហរណ៍​ វា​ត្រូវ​បាន​រុញត្រលប់ទៅ​កាន់​អវកាស​​បន្ទាប់​ពី​បាន​ប៉ះទង្គិច​នឹង​អាចម៍​ផ្កាយ​ដទៃ​។ ព្រោះ​តែ​តូច​ជាង​ ទើប​អាចម៍​ផ្កាយ​តូច​ៗ​តែង​តែ​មាន​រង្វិល​ខ្ញាល់​លឿន​ជាង​អាចម៍​ផ្កាយ​ធំ​ៗ​។

អ្នក​វិទ្យាសាស្ត្រ​បាន​អភិវឌ្ឍ​បច្ចេកទេស​ថ្មី​ដែល​អាច​ជួយ​សង្កេត​ដឹង​អំពី​ល្បឿន​នៃ​រង្វិល​ខ្ញាល់​របស់​បណ្ដា​អាចម៍​ផ្កាយ​ ដោយ​យោង​ទៅ​លើ​រូប​ភាព​។ ការ​ប្រែ​ប្រួល​កម្រិត​ពន្លឺ​ក្នុង​ពេល​គោចរ​ គឺជា​បង្ហាញ​អំពី​ចំនួន​ជុំនៃ​រង្វិល​ខ្ញាល់​របស់​​អាចម៍​ផ្កាយ​។

ក្រុម​ស្រាវ​ជ្រាវ​បាន​វាស់​ប្រវែង​នៃ​គម្លាត​រវាង​ចំនុច​ភ្លឺ​ខ្លាំង​ រួច​ធ្វើ​ការ​សន្និដ្ឋាន​ថា ថេរវេលា​វិល​មួយ​ជុំ​ខ្លួន​ឯង​របស់​អាចម៍​ផ្កាយ​ ​2024 BX1 គឺ​ 2.588 វិនាទី​ ពោល​គឺ​ប្រហាក់ប្រហែល​នឹង​ 33​ពាន់​ជុំ​ក្នុង​មួយ​ថ្ងៃ​។

ការ​ក្ដាប់​បាន​នូវ​ល្បឿន​ល្បឿន​នៃ​រង្វិល​ខ្ញាល់​របស់​បណ្ដា​អាចម៍​ផ្កាយ​ដែល​ស្ថិត​នៅក្បែរ​ផែនដី​ នឹង​ជួយ​កាត់​បន្ថយ​ហានិភ័យ​ដែល​ពួក​វា​អាច​បង្ក​ឡើង​មក​លើ​មនុស្ស​ ក៏ដូចជា​ហេដ្ឋារចនា​សម្ព័ន្ធ​នៅ​លើ​ផែនដី​៕

Advertisement