Tag: យន្តហោះ

  • ផ្ទុះ​រោងចក្រ​ផលិត​ឧបករណ៍​យោធានៅ​​រុស្ស៊ី ក្រោយ​យន្ត​ហោះ UAV អ៊ុយក្រែន​ត្រូវ​បាន​បាញ់​ទម្លាក់

    ផ្ទុះ​រោងចក្រ​ផលិត​ឧបករណ៍​យោធានៅ​​រុស្ស៊ី ក្រោយ​យន្ត​ហោះ UAV អ៊ុយក្រែន​ត្រូវ​បាន​បាញ់​ទម្លាក់

    ហេតុការណ៍​ផ្ទុះ​ដ៏​ធំ​មួយ​បាន​កើតឡើង​នៅឯ​រោងចក្រ​ផលិត​ឧបករណ៍​អុ​ប​ទិ​ក ស្ថិតក្នុង​ទីក្រុង Sergiev Posad ក្បែរ​រដ្ឋធានី​មូ​ស្គូ បាន​បង្កឱ្យមាន​ផ្សែងខ្មៅ​យ៉ាងខ្ពស់ និង​មនុស្ស 11 នាក់​រងរបួស។

    អ្នកនាំពាក្យ​អង្គភាព​បន្ទាន់​របស់​មូ​ស្គូ ឱ្យដឹងថា ករណី​ផ្ទុះ​បាន​កើតឡើង​កាលពី​ព្រឹក​មិញ នៅឯ​រោងចក្រ​មេកានិច និង​អុ​ប​ទិ​ក Zagorsk ក្នុង​ទីក្រុង Sergiev Posad ជាយ​ខាងក្រៅ​នៃ​រដ្ឋធានី​មូ​ស្គូ។ «ករណី​ផ្ទុះ​នេះ ទំនងជា​ចាប់ផ្ដើម​ចេញពី​តំបន់​ឡ​ចំហាយ និង​បានធ្វើឱ្យ​បែក​ទ្វារ និង​បង្អួច​កញ្ចក់​របស់​អគារ​ជាច្រើន​នៅក្នុង​ទីក្រុង» អ្នកនាំពាក្យ​រូបនេះ​និយាយ​ដូច្នេះ។

    មន្ត្រី​ក្នុង​តំបន់​ឱ្យដឹងថា ហេតុការណ៍​នេះ​បាន​បណ្ដាលឱ្យមាន​មនុស្ស​រងរបួស 11 នាក់ ខណៈដែល​សមត្ថកិច្ច​កំពុង​ស្រាវជ្រាវ​រក​មូលហេតុ។

    រោងចក្រ​ខាងលើ​គឺជា​កន្លែង​ផលិត​ឧបករណ៍​អុ​ប​ទិ​ក​ដែលមាន​សុ​ក្រឹត​ភាព​កម្រិត​ខ្ពស់​សម្រាប់​កងទ័ព​រុស្ស៊ី ក្នុងនោះ​មាន​ទាំង​កែវយឹត និង​វ៉ែនតា​សម្រាប់​មើល​ពេលយប់​ផងដែរ។ ករណីនេះ​កើតឡើង​តែ​ប៉ុន្មាន​ម៉ោង​ប៉ុណ្ណោះ​​បន្ទាប់ពី​កងទ័ព​រុស្ស៊ី​ប្រកាសថា បាន​បាញ់​ទម្លាក់​យន្តហោះ​គ្មាន​មនុស្ស​បើកបរ (UAV) ចំនួន 2 គ្រឿង​របស់​អ៊ុយ​ក្រែ​ន នៅលើ​ដែនអាកាស​រុស្ស៊ី៕

  • យន្តហោះ​ល្បឿន​លឿន​ជាង​សំឡេង​របស់​ណា​សា ត្រៀម​ហោះហើរ​សាកល្បង

    យន្តហោះ​ល្បឿន​លឿន​ជាង​សំឡេង​របស់​ណា​សា ត្រៀម​ហោះហើរ​សាកល្បង

    យន្តហោះ​ល្បឿន​លឿន​ជាង​សំឡេង X-59 ត្រូវបាន​គេ​ជឿថា នឹង​ហោះហើរ​យ៉ាង​ស្ងាត់​នៅលើ​តំបន់​ដីគោក មិន​ដូច​ទៅនឹង​យន្តហោះ Concorde ដែល​លាន់​កក្រើក​មេឃ។

    X-59 QuessT (Quiet SuperSonic Technology) គឺជា​យន្តហោះ​ប្រតិកម្ម​រហ័ស​កំណែ​សាកល្បង​ឆ្ពោះ​ទៅរក​ការកាត់បន្ថយ​សំឡេង​ផ្ទុះ​ដែល​កើតឡើង​នៅពេល​យន្តហោះ​បំបែក​រនាំង​សំឡេង។ ជំនួស​ឱ្យ​ការបញ្ចេញ​សំឡេង​លាន់​កក្រើក​មេឃ​នៅពេល​យន្តហោះ​ធ្វើដំណើរ​ក្នុង​ល្បឿន​លឿន​ជាង​សំឡេង (Mach 1 ឬ 1,235 គីឡូម៉ែត្រ/ម៉ោង) X-59 បញ្ចេញ​សំឡេង​ប្រហាក់ប្រហែល​នឹង​សំឡេង​បិទទ្វារ​ឡាន​ប៉ុណ្ណោះ។

    ក្រុមហ៊ុន Lockheed Martin ដែល​កំពុង​អភិវឌ្ឍ​យន្តហោះ​ប្រតិកម្ម​គំរូ​នៅ​រោងចក្រ​ផលិត​យន្តហោះ Skunk Works ក្នុង​តំបន់ Palmdale នៃ​រដ្ឋ California បាន​ចែករំលែក​វីដេអូ​បង្ហាញ​អំពី​ទិដ្ឋភាព X-59 ត្រូវបាន​បើកបរ​ចេញពី​ឃ្លាំង និង​ត្រៀមខ្លួន​សម្រាប់​ការហោះហើរ​សាកល្បង។ នេះ​បើតាម Space ចុះផ្សាយ​កាលពី​ថ្ងៃទី 04 សីហា។

    វីដេអូ​នេះ​បង្ហាញ​រូបរាង​ពិសេស​របស់ X-59 ដែលមាន​ក្បាល​ស្រួច ប្រវែង 11.5 ម៉ែត្រ។ យន្តហោះ​នេះ​មាន​ប្រព័ន្ធ​អេក្រង់​មើល​ខាងក្រៅ (XVS) ដែល​អនុញ្ញាតឱ្យ​ពី​ឡុ​ត​មើល​ទិដ្ឋភាព​ខាងក្រៅ​តាម​រយៈ​​អេក្រង់។

    បន្ទាប់ពី​ដំឡើង X-59 រួចរាល់ ក្រុមការងារ​របស់​ណា​សា និង Lockheed Martin នឹងធ្វើ​ការ​សាក​ល្បង​នៅលើ​ដី មុនពេល​ហោះហើរ។ ការហោះហើរ​សាកល្បង​នឹងធ្វើ​ឡើង​ពីលើ​តំបន់​ដែលមាន​ប្រជាជន​រស់នៅ ដើម្បី​ប្រមូល​ទិន្នន័យ​ស្ដីពី​ការ​ប្រតិកម្ម​របស់​មនុស្ស​ទៅនឹង​សំឡេង​របស់ X-59 មុននឹង​ដាក់ពាក្យ​ស្នើ​សូម​ការអនុញ្ញាត​ពី​អាជ្ញាធរ សម្រាប់​ការធ្វើ​ពាណិជ្ជកម្ម​លើ​យន្តហោះ​ល្បឿន​លឿន​ជាង​សំឡេង​នេះ។

    យន្តហោះ​នេះ​មាន​ប្រព័ន្ធ​អេក្រង់​មើល​ខាងក្រៅ (XVS) ដែល​អនុញ្ញាតឱ្យ​ពី​ឡុ​ត​មើល​ទិដ្ឋភាព​ខាងក្រៅ​តាម​រយៈ​​អេក្រង់

    សកម្មភាព​ហោះហើរ​ពីលើ​តំបន់​ដីគោក​នៅ​សហរដ្ឋ​អាម៉េរិក ត្រូវបាន​ហាមឃាត់​តាំងពី​ឆ្នាំ 1973។ ណា​សា​សង្ឃឹមថា ការអភិវឌ្ឍ​យន្តហោះ​ល្បឿន​លឿន​ជាង​សំឡេង​នេះ​អាចជួយ​កាត់បន្ថយ​ពេល​វេលា​នៃ​ការហោះហើរ​ក្នុងប្រទេស ចុះមក​នៅ​ពាក់កណ្ដាល​នាពេល​អនាគត​ដ៏​ខ្លី​ខាងមុខ៕

    យន្តហោះ​ល្បឿន​លឿន​ជាង​សំឡេង X-59

    សំឡេង​ផ្ទុះ​ដែល​កើត​ឡើង​ពេល​យន្តហោះ​មាន​ល្បឿន​លឿន​ជាង​សំឡេង

  • ឱសថ​ដែល​អាច​ «កម្ចាត់​រាល់​ដុំ​គីស​» ទាំង​កាចទាំង​ស្លួត

    ឱសថ​ដែល​អាច​ «កម្ចាត់​រាល់​ដុំ​គីស​» ទាំង​កាចទាំង​ស្លួត

    (សហរដ្ឋ​អាម៉េរិក) – ក្រុម​អ្នកវិទ្យាសាស្ត្រ​អភិវឌ្ឍ​ឱសថ​មួយ​ប្រភេទ​ដែលមាន​ប្រសិទ្ធភាព​ក្នុងការ​កម្ចាត់​រាល់​ដុំ​គិ​សរឹង ទាំង​ប្រភេទ​កាច ទាំង​ប្រភេទ​ស្លូត ដោយ​មិន​ប៉ះពាល់​ដល់​កោសិកា​ដែល​មាន​សុខ​ភាពល្អ។

    ការស្រាវជ្រាវ​នេះ​ត្រូវបាន​ធ្វើឡើង​ដោយ​ក្រុម​អ្នកជំនាញ​ប្រចាំ​មន្ទីរពេទ្យ City of Hope ដែលជា​មជ្ឈមណ្ឌល​ព្យាបាល​ជំងឺមហារីក​ធំជាងគេ​មួយ​នៅ​សហរដ្ឋ​អាម៉េរិក និង​ត្រូវបាន​ចុះផ្សាយ​លើ​ទស្សនាវដ្ដី Cell Chemical Biology កាលពី​ថ្ងៃទី 02 សីហា 2023។ គ្រាប់​ថ្នាំ​នេះ​មាន​ឈ្មោះថា AOH1996។

    City of Hope ឱ្យដឹងថា ឱសថ AOH1996 ដាក់​គោលដៅ​កម្ចាត់​​ប្រូតេអ៊ីន​មួយ​ប្រភេទ​មាន​នៅ​​ក្នុង​ដុំសាច់​មហារីក​ស្ទើរ​គ្រប់​ប្រភេទ ដែល​​បណ្ដាលឱ្យ​ដុំ​គីស​រីក​ធំ និង​កើនឡើង​ច្រើន​នៅក្នុង​រាងកាយ។ ប្រូតេអ៊ីន​នេះ​គឺជា​អង់​ទី​ហ្សែ​ន PCNA (Proliferating cell nuclear antigen) ដែល​ធ្លាប់​ត្រូវបាន​ចាត់ទុកថា មិនអាច​កម្ចាត់​បាន​។

    គ្រាប់​ថ្នាំ AOH1996 កម្ចាត់​កោសិកា​មហារីក​ទៅតាម​របៀប​ដែលមាន​ការជ្រើសរើស ដោយ​យន្តការ​បំបែក​វដ្ដ​នៃ​ការបង្កើត​កូនចៅ​តាម​ធម្មតា​របស់​ដុំ​គីស ទប់ស្កាត់​កោសិកា DNA ដែលមាន​កំហុស កុំឱ្យ​បន្ត​រីកចម្រើន ធ្វើឱ្យ​ពួកវា​​មិនអាច​ចម្លង​ពី​តិច​ទៅ​ច្រើន​ទៀត​បាន។ ប្រការនេះ​នឹង​បណ្ដាលឱ្យ​កោសិកា​មហារីក​ទាំង​ឡាយ​​ត្រូវ​ងាប់​ដោយ​ឯកឯង និង​​មិន​ប៉ះពាល់​ដល់​កោសិកា​ល្អ។

    អ្នកវិទ្យាសាស្ត្រ​នៅ City of Hope អធិប្បាយ​ថា PCNA គឺ​ប្រៀប​ដូច​ទៅនឹង​ព្រលានយន្តហោះ​ដ៏​ធំ​មួយ ជាទី​ដែល​ជើងហោះហើរ​នានា​នាំយក​កោសិកា​មហារីក​ទៅកាន់​គ្រប់​ទីកន្លែង​នៅក្នុង​រាងកាយ។ ថ្នាំ AOH1996 ប្រៀប​ដូច​ព្យុះ​ព្រឹល​ដែល​វាយប្រហារ​កម្ទេច​ព្រលានយន្តហោះ​នេះ ធ្វើឱ្យ​ជើងហោះហើរ​ទាំងអស់​ត្រូវ​ឈប់​ដំណើរការ។

    ថ្នាំ AOH1996 ត្រូវបាន​សាកល្បង​ប្រើប្រាស់​នៅលើ​កោសិកា​មហារីក​ចំនួន 70 ប្រភេទផ្សេងៗគ្នា រួមមាន​ទាំង​មហារីក​សុដន់ មហារីក​ខួរក្បាល ស្បែក សួត មាត់ស្បូន អូ​វ៉ែ​រ និងមហា​រីក​​ប្រពេ​ញ​ប្រូ​ស្តា​ត​ជាដើម។ ថ្នាំ​នេះ​មាន​ប្រសិទ្ធភាព​លើ​គ្រប់​កោសិកា​មហារីក។ City of Hope បាន​ហៅ​ឱសថ​នេះ​ថា ជា​លំដាប់​កំពូល​ក្នុង​រយៈពេល 20 ឆ្នាំ នៃ​ការស្រាវជ្រាវ​ និង​អភិវឌ្ឍ។

    បច្ចុប្បន្ន ឱសថ AOH1996 កំពុង​ត្រូវបាន​ប្រើប្រាស់​សាកល្បង​លើ​មនុស្ស​ដំណាក់កាល​ទីមួយ និង​ត្រូវបាន​ជឿថា អាច​នាំមក​នូវ​លទ្ធផល​ល្អ គួរ​ជាទី​រីករាយ៕

  • យន្តហោះ​ដឹក​មនុស្ស​ប្រហែល 190 នាក់ ផ្ទុះ​កង់​ពេលកំពុង​ចុះចត

    យន្តហោះ​ដឹក​មនុស្ស​ប្រហែល 190 នាក់ ផ្ទុះ​កង់​ពេលកំពុង​ចុះចត

    (សហរដ្ឋ​អាម៉េរិក) – យន្តហោះ​មួយគ្រឿង​របស់ Delta Airlines ដែល​ដឹក​អ្នកដំណើរ​ប្រហែល 190 នាក់ ផ្ទុះ​កង់​នៅពេល​កំពុង​ចុះចត​បន្ទាន់​នៅឯ​ព្រលានយន្តហោះ​ទីក្រុង Atlanta។

    ស្ថាប័ន​គ្រប់គ្រង​ដែនអាកាស​អាម៉េរិក (FAA) កាលពី​ថ្ងៃទី 02 សីហា បានឱ្យដឹងថា កង់​មួយ​គ្រាប់​នៅ​ខាងឆ្វេង​បាន​ផ្ទុះ នៅពេល​យន្តហោះ​ចុះចត​បន្ទាន់​នៅវេលា​ម៉ោង​ប្រហែល 18 នៅលើ​ព្រលានយន្តហោះ​អន្តរជាតិ Hartsfield-Jackson Atlanta ក្នុង​រដ្ឋ Georgia។ អ្នកដំណើរ​លើ​យន្តហោះ​នេះ ត្រូវ​លោត​ចេញពី​យន្តហោះ​តាម​ពោង​រអិល​បន្ទាន់។

    អ្នកដំណើរ​ម្នាក់​រៀបរាប់​ប្រាប់ថា កង់​មួយ​គ្រាប់​បាន​ផ្ទុះ ហើយ​មួយ​គ្រាប់​ទៀត​ក៏​បែកបាក់​ បណ្ដាលឱ្យ​យន្តហោះ​រអិល​នៅលើ​ផ្លូវ​រត់។

    ក្រុមហ៊ុន​អាកាសចរណ៍ Delta Airlines ប្រកាសថា បន្ទាប់ពី​ត្រូវបាន​នាំ​ចេញពី​យន្តហោះ អ្នកដំណើរ​ក៏​ឡើង​រថយន្ត និង​ត្រូវបាន​នាំទៅ​កាន់​អាកាសយានដ្ឋាន។

    យោង​តាម​ ABC News នៅ​លើ​យន្តហោះ​នេះ​មាន​អ្នកដំណើរ​ប្រហែល 190 នាក់ ក្នុងនោះ​មាន​ម្នាក់​រងរបួស​ក្នុង​ហេតុការណ៍​ខាងលើ។ FAA បាន​បើក​ការស៊ើបអង្កេត ហើយ​បញ្ជាក់ថា សកម្មភាព​គ្រប់គ្រង​ចរាចរណ៍​ដែនអាកាស​មិន​រង​ផលប៉ះពាល់​នោះទេ​៕

  • យន្តហោះ​ខូច​ម៉ាស៊ីន ពី​ឡុ​ត​ក៏បញ្ជា​ឱ្យ​​ចុះចត​លើ​សមុទ្រ

    យន្តហោះ​ខូច​ម៉ាស៊ីន ពី​ឡុ​ត​ក៏បញ្ជា​ឱ្យ​​ចុះចត​លើ​សមុទ្រ

    (បារាំង) – អ្នកបើកបរ​បាន​បញ្ជា​ឱ្យ​យន្តហោះ​ទេសចរណ៍​ចុះចត​លើ​សមុទ្រ​មេ​ឌី​ទែ​រ៉ា​ណេ បន្ទាប់ពី​ម៉ាស៊ីន​របស់​វា​ខូច ​អ្នក​នៅលើ​យន្តហោះ​ក៏បាន​រួច​ពី​ការស្លាប់។

    យន្តហោះធុន​តូច Cessna 177 ចុះចត​លើ​សមុទ្រ​ដែលមាន​ចម្ងាយ​ពី​តំបន់​លំហែកាយ Frejus ខេត្ត Var នៅ​ភាគ​អាគ្នេយ៍​ប្រទេស​បារាំង ប្រហែល 600 ម៉ែត្រ កាលពី​ព្រឹក​ថ្ងៃទី 30 កក្កដា។ កម្លាំង​សង្គ្រោះ​ឱ្យដឹងថា ពី​ឡុ​ត​ជ្រើសរើស​ទីតាំង​ចុះចត​លើទឹក ដើម្បី​ចៀសវាង​ឆ្នេរ​ដែល​កំពុងមាន​ទេសចរ​ច្រើន​នៅ​លេង​កម្សាន្ត។

    «ដើម្បី​ធ្វើបាន​បែបនេះ អ្នកត្រូវការ​ជំនាញ និង​សំណាង» អ្នកនាំពាក្យ​របស់​កម្លាំង​សង្គ្រោះ​ក្នុង​តំបន់ និយាយ​ដូច្នេះ។

     

    បុរស​អ្នកបើកបរ និង​ភ្ញៀវ​ពីរ​នាក់ ក្នុងនោះ​មាន​ម្នាក់​ជា​ស្ត្រី ត្រូវបាន​ជួយសង្គ្រោះ​ពី​យន្តហោះ។ ពួកគេ​មិនមាន​របួស ប៉ុន្តែ​បាន​ប៉ះពាល់​អារម្មណ៍។

    ចំណែក​យន្តហោះ​វិញ បាន​លិច​ចូល​សមុទ្រ បន្ទាប់ពី​ជនរងគ្រោះ​ទាំងអស់​ត្រូវបាន​យកចេញ បើ​ទោះ​ក្រុម​សង្គ្រោះ​ប្រឹងប្រែង​ជួយ​បណ្ដែត៕

  • អាម៉េរិក​ផ្ដល់ជំនួយ​ជា​យន្តហោះ​គ្មាន​មនុស្ស​បើក​មហា​តូច​ឱ្យ​អ៊ុយ​ក្រែ​ន

    អាម៉េរិក​ផ្ដល់ជំនួយ​ជា​យន្តហោះ​គ្មាន​មនុស្ស​បើក​មហា​តូច​ឱ្យ​អ៊ុយ​ក្រែ​ន

    អ៊ុយ​ក្រែ​ន​នឹង​ទទួលបាន​យន្តហោះ​គ្មាន​មនុស្ស​បើកបរ (UAV) Black Hornet ខ្នាតតូច​មួយឈុត នៅក្នុង​កញ្ចប់​ជំនួយ​ថ្មី​ដែលមាន​តម្លៃ 400 លាន​ដុល្លារ​អាម៉េរិក។

    មន្ទីរ​បញ្ច​កោណ​បានប្រកាស​ឱ្យដឹង​អំពី​កញ្ចប់​ជំនួយ​តម្លៃ 400 លាន​ដុល្លារ​សម្រាប់​អ៊ុយ​ក្រែ​ន ក្នុងនោះ​មាន​ទាំង​គ្រាប់កាំភ្លើង​ច្រើន​ប្រភេទ​សម្រាប់​ប្រព័ន្ធ​ការពារ​ដែនអាកាស និង​បណ្ដាញ​យន្តហោះ UAV ខ្នាត​មហា​តូច​ដែលមាន​ឈ្មោះថា Black Hornet។

    Black Hornet គឺជា UAV ដែលមាន​ទំហំ​តូច​ខ្លាំង និង​ត្រូវបាន​ប្រើប្រាស់​ដើម្បី​ប្រមូល​ព័ត៌មាន​ស៊ើបការណ៍​សម្ងាត់។ មុន​នោះ អង់គ្លេស និង​ន័​រ​វែ​ស​ក៏​ធ្លាប់បាន​ផ្ដល់ជំនួយ​ជា​យន្តហោះ Black Hornet នេះ​ដល់​អ៊ុយ​ក្រែ​ន។

    Black Hornet មាន​បណ្ដោយ​ប្រហែល 10 សង់ទីម៉ែត្រ អាច​ហោះ​បាន​ក្នុង​រង្វង់ 2 គីឡូម៉ែត្រ និង​មាន​ល្បឿន 4.7 ម៉ែត្រ/វិនាទី អាច​ដំណើរការ​ជា​បន្តបន្ទាប់​បាន 25 នាទី។

    Black Hornet ត្រូវបាន​បំពាក់​កាមេរ៉ា​ខ្នាតតូច​មួយចំនួន និង​​អាច​ហោះ​ទៅ​ក្បែរ​គោលដៅ​ដោយ​មិន​ងាយ​នឹង​ត្រូវបាន​មើលឃើញ។ ទន្ទឹមនឹងនេះ វា​ក៏​អាច​ថតរូប ថត​វីដេអូ​នៅពេល​យប់ និង​បញ្ជូន​វីដេអូ​ទៅកាន់​មូលដ្ឋាន​នៅក្នុង​រយៈ​ចម្ងាយ​ប្រហែល 2 គីឡូម៉ែត្រ​ផងដែរ។

    កំណែ​ថ្មី​របស់ ​Black Hornet មិន​តម្រូវឱ្យ​យក​ឧបករណ៍​អម​មួយ​ចំនួន​​ទៅជា​មួយ ដើម្បី​លុបបំបាត់​ហានិភ័យ​ព័ត៌មាន​ត្រូវ​ធ្លាក់​ទៅលើ​ដៃ​សត្រូវ។

    Black Hornet មាន​ប្រយោជន៍​ច្រើន​នៅក្នុងការ​តាមដានគោល​ដៅ និង​ឈ្លបយកការណ៍។ ប៉ុន្តែ UAV នេះ​ក៏​ពិបាក​ប្រើប្រាស់​នៅពេលមាន​​អាកាសធាតុ​អាក្រក់ មានដូចជា ខ្យល់ព្យុះ និង​ភ្លៀង​ធំ​ជាង​ដើម។ ទោះ​ជាយ៉ាងនេះ​ក៏ដោយ អ្នកជំនាញ​និយាយថា កំណែ​ថ្មី​ដែល​មាន​ទម្ងន់​ធ្ងន់​ជាង អាច​ទប់​ទល់នឹង​ខ្យល់ព្យុះ​ដែលមាន​ល្បឿន 28 គីឡូម៉ែត្រ/ម៉ោង៕

  • ចិន​បាញ់​រ៉ុក្កែត «ហៅ​ទឹកភ្លៀង» បាន​ជិត 40 ពាន់​លាន​តោន និង​សង្គ្រោះបាន​ជាង 14 ពាន់​លាន​យុន

    ចិន​បាញ់​រ៉ុក្កែត «ហៅ​ទឹកភ្លៀង» បាន​ជិត 40 ពាន់​លាន​តោន និង​សង្គ្រោះបាន​ជាង 14 ពាន់​លាន​យុន

    សកម្មភាព​បាញ់​រ៉ុក្កែត​ទៅលើ​អាកាស​ដើម្បី​ហៅ​ភ្លៀង គឺជា​ការងារ​ស្មុគស្មាញ និង​ទាមទារ​ឱ្យមាន​ស្ដង់ដា​ប្រកប​ដោយ​​ភាពស៊ីចង្វាក់​គ្នា រវាង​ស្ថាប័ន​ដែល​ពាក់ព័ន្ធ។

    វេលា​ម៉ោង 22 និង 23 នាទី ថ្ងៃទី 18 មីនា 2023 នៅ​មូលដ្ឋាន​គ្រប់គ្រង​ដំណើរការ​បង្កើន​ទឹកភ្លៀង​សិប្បនិម្មិត ក្នុងស្រុក Fushun ខេត្ត Sichuan ប្រទេស​ចិន រ៉ុក្កែត​ហៅ​ភ្លៀង​សិប្បនិម្មិត​ចំនួន​ពីរ​គ្រាប់​ត្រូវបាន​បាញ់​ឡើងទៅ​កាន់​អាកាស និង​បាន​ផ្ទុះ បង្កើតជា​សំឡេង​យ៉ាង​កក្រើក​មេឃ ហើយ​ការបាញ់​លើកទីមួយ​នេះ​ក៏បាន​សម្រេច​ជា​ស្ថាពរ។

    បួន​នាទី​ក្រោយ​ការបាញ់​រ៉ុក្កែត ទឹកភ្លៀង​ក៏​ចាប់ផ្ដើម​ធ្លា​ក់នៅ​តំបន់ Fushun។ មកដល់​ម៉ោង 23 និង 48 នាទី រ៉ុក្កែត​ហៅ​ភ្លៀង​ពីរ​គ្រាប់​ទៀត​ក៏ត្រូវ​បាន​បាញ់​ឡើងទៅ​កាន់​អាកាស ធ្វើឱ្យ​ទឹកភ្លៀង​បង្អោរ​ចុះ​មកជា​បន្តបន្ទាប់។

    យោងតាម​ប្រព័ន្ធ​ផ្សព្វ​ផ្កាយ​នៅ​ខេត្ត Sichuan សកម្មភាព​បាញ់​បង្ហោះ​រ៉ុក្កែត​ហៅ​ភ្លៀង គឺជា​ការងារ​ស្មុគស្មាញ និង​ទាមទារ​ឱ្យមាន​ស្ដង់ដា​ប្រកបដោយ​ភាពស៊ីចង្វាក់​គ្នា រវាង​ស្ថាប័ន​ដែល​ពាក់ព័ន្ធ។

    បច្ចេកទេស «ហៅ​ភ្លៀង»

    មន្ត្រី​ជំនាញ​នៅ​មជ្ឈមណ្ឌល​សេវាកម្ម​កាត់បន្ថយ​គ្រោះធម្មជាតិ​នៃ​ស្រុក Fushun និយាយថា ដើម្បី​សម្រេចបាន​កិច្ចការ​បង្កើន​ទឹកភ្លៀង​សិប្បនិម្មិត គេ​ត្រូវបំពេញ​លក្ខខណ្ឌ​ជាច្រើន មានដូចជា ការវិភាគ​និន្នាការ​អាកាសធាតុ ការប្រឹក្សា​យោបល់​រួម ការត្រៀម ការកែតម្រូវ​ឧបករណ៍​ដំណើរការ ការតាមដាន​ដោយផ្ទាល់ និង​ការស្នើ​សូម​ប្រើប្រាស់​ដែនអាកាស​ជាដើម។

    សកម្មភាព​បង្កើន​ទឹកភ្លៀង​សិប្បនិម្មិត​មិនមែន​មានន័យថា ចង់​ហៅ​ភ្លៀង​ពេលណា​ក៏បាន។ ដើម្បី​អាចធ្វើឱ្យ​ទឹកភ្លៀង​ធ្លាក់ គេ​ត្រូវបំពេញ​លក្ខខណ្ឌសំខាន់ៗចំនួន​បី៖ កម្រាស់​របស់​ពពក​ដែល​ផ្ទុក​ទឹកភ្លៀង​ត្រូវតែ​ធំ​ជាង 2 គីឡូ​ម៉ែត្រ, ពពក​នោះ​ត្រូវតែមាន​ចំហាយ​ទឹក​គ្រប់គ្រាន់ និង​ត្រូវតែមាន​តំបន់​ភាយ​ចំហាយ​ទឹក។

    តំបន់​ដែល​ត្រូវការ​ទឹកភ្លៀង​ត្រូវតែ​ជាទី​ដែល​អនុញ្ញាតឱ្យ​រ៉ុក្កែត​ហោះ​ឡើងដល់​កម្ពស់​ពី 4 ពាន់ ទៅ 8 ពាន់​ម៉ែត្រ ដែល​នេះ​ក៏ត្រូវ​ការ​កិច្ចសហការ​ឱ្យបាន​ម៉ត់ចត់​ជាមួយនឹង​ស្ថាប័ន​គ្រប់គ្រង​ដែនអាកាស ដើម្បី​ធានា​សុវត្ថិភាព។

    ពេលវេលា​ដែល​អាច​ឱ្យគេ​ដំណើរ​ការបាញ់​រ៉ុក្កែត​ហៅ​ភ្លៀង គឺជា​រឿង​ស្មុគស្មាញ​មួយ​ផ្សេងទៀត។ ព្រោះថា គេ​ត្រូវការ​ជ្រើសរើស​ពេលវេលា និង​ការរង់ចាំ មុននឹង​អាច​បាញ់​រ៉ុក្កែត​ហៅ​ភ្លៀង បន្ទាប់ពី​បាន​ត្រៀម​ផែនការ​រួចរាល់។

    បច្ចេកទេស​ហៅ​ទឹកភ្លៀង​សិប្បនិម្មិត កាត់បន្ថយ​ការខាតបង់​ប្រាក់​បាន​ជិត 2 ពាន់​ដុល្លារ​អាម៉េរិក

    ជាក់ស្ដែង សកម្មភាព​កែសម្រួល​អាកាសធាតុ​បែប​សិប្បនិម្មិត មិន​ត្រឹមតែ​ដើម្បី​បង្កើន​ទឹកភ្លៀង​នោះទេ តែ​នៅ​អាច​​ទប់ស្កាត់​បាតុភូត​ភ្លៀង​ទឹកកក ចុះ​អ័ព្ទ និង​បាតុភូត​ត្រជាក់​ដល់​កក​ផងដែរ។

    ក្រោយ​ការអភិវឌ្ឍ​ជាង 60 ឆ្នាំ បច្ចេកទេស​កែប្រែ​អាកាសធាតុ និង​បង្កើន​ទឹកភ្លៀង​របស់​ប្រទេស​ចិន បាន​រីក​ចម្រើន​យ៉ាងខ្លាំង បង្កើតជា​ប្រព័ន្ធ​មួយ​ដែលមាន​បួន​ថ្នាក់ រួមមាន ថ្នាក់ស្រុក ថ្នាក់ក្រុង ថ្នាក់​ខេត្ត និង​ថ្នាក់ជាតិ។

    កាលពី​ឆ្នាំ 2022 ស្ទើរតែ​ទាំង​អស់នៃ​តំបន់​ភាគខាងត្បូង​ប្រទេស​ចិន បាន​ឆ្លងកាត់​រលក​កម្ដៅ និង​គ្រោះរាំងស្ងួត​ជាច្រើនលើក ចាប់ពី​ខែមិថុនា ដល់​ពាក់កណ្ដាល​ខែវិច្ឆិកា នាំឱ្យ​អាជ្ញាធរ​តំបន់​ជាច្រើន​ត្រូវ​ប្រើប្រាស់​បច្ចេក​ទេស​ហៅ​ទឹកភ្លៀង។ ក្នុងអំឡុង​ពេលនោះ ពួកគេ​បានធ្វើ​ការហៅ​ទឹកភ្លៀង​សរុប​ជាង 15,000 លើក ក្នុងនោះ ការប្រើប្រាស់​យន្តហោះ​មាន​ចំនួន 241 លើក និង​ការបាញ់​រ៉ុក្កែត​ចំនួន 15,000 លើក ហើយ​ទាញយក​ទឹកភ្លៀង​បាន​ប្រហែល 8.56 ពាន់​លាន​តោន។

    យោងតាម​ស្ថាប័ន​ឧតុនិយម​ចិន ពេញ​មួយឆ្នាំ 2022 ប្រទេស​ចិន​បង្កើត​ទឹកភ្លៀង​បាន​ប្រហែល 39.8 ពាន់​លាន​តោន ជួយ​ការពារ​ផ្ទៃដី​បាន​ប្រហែល 650,000 គីឡូម៉ែត្រ​ការ៉េ និង​កាត់បន្ថយ​ការខាតបង់​ផ្នែក​សេដ្ឋកិច្ច​បាន​ប្រហែល 14.1 ពាន់​លាន​យុន (ប្រហែល 1,972,900,000 ដុល្លារ​អាម៉េរិក)៕

  • ម៉ិ​ក​ស៊ិ​ក​បង្កើត​ភ្លៀង​សិប្បនិម្មិត​ដើម្បី​ទប់ទល់​នឹង​អាកាសធាតុ​ក្ដៅ​ខ្លាំង

    ម៉ិ​ក​ស៊ិ​ក​បង្កើត​ភ្លៀង​សិប្បនិម្មិត​ដើម្បី​ទប់ទល់​នឹង​អាកាសធាតុ​ក្ដៅ​ខ្លាំង

    រដ្ឋាភិបាល​ម៉ិ​ក​ស៊ិ​ក​ប្រកាសថា ការបង្កើត​ភ្លៀង​សិប្បនិម្មិត​ទទួលបាន​ជោគជ័យ 98% ស្របពេលដែល​​អាកាសធាតុ​​ក្ដៅ​ខ្លាំង​ បង្ក​ឱ្យ​មាន​គ្រោះរាំង​ស្ងួត​ទ្រង់​ទ្រាយ​ធំ​។

    រដ្ឋាភិបាល​ម៉ិ​ក​ស៊ិ​ក អនុវត្ត​ដំណាក់កាល​ថ្មី​បំផុត​របស់​គម្រោង​បង្កើត​ភ្លៀង​សិប្បនិម្មិត ដោយ​សង្ឃឹមថា អាច​កែលំអ​បរិមាណ​ទឹក​ភ្លៀង​នៅក្នុង​រដូវក្ដៅ​ដែលមាន​សីតុណ្ហភាព​ខ្ពស់បំផុត​ក្នុង​ប្រវត្តិសាស្ត្រ និង​គ្រោះរាំងស្ងួត​ដែល​បានអូសបន្លាយ​អស់​ជាច្រើន​ខែ។ នេះ​បើតាម Guardian ចុះផ្សាយ​កាលពី​ថ្ងៃទី 23 កក្កដា 2023។

    គម្រោង​ខាងលើ​ដែលបានចាប់ផ្ដើម​ក្នុង​ខែកក្កដា រួមមាន ការពង្រាយ​យន្តហោះ​ទៅកាន់​បណ្ដា​ពពក​ដើម្បី​បាច​គ្រាប់​អ៊ីយ៉ូដ​ប្រាក់ (Silver Iodide) ជួយ​បន្ថែម​ទំហំ​តំណក់ទឹក​ក្នុង​ពពក និង​បង្កើន​បរិមាណ​ទឹកភ្លៀង។

    យោងតាម​រដ្ឋមន្ត្រីក្រសួង​កសិកម្ម​ម៉ុក​ស៊ិ​ក ការបង្កើត​ភ្លៀង​សិប្បនិម្មិត​នេះ​គឺ​ដើម្បី​ទប់ទល់​នឹង​ផលប៉ះពាល់​ពី​គ្រោះរាំងស្ងួត​នៅ​តំបន់​ជនបទ។ សកម្មភាព​នេះ​ត្រូវបាន​ធ្វើឡើង​យ៉ាងតិច​មួយឆ្នាំ​ម្ដង រាប់​ចាប់ពី​ឆ្នាំ 2020។ រដ្ឋាភិបាល​ប្រទេស​នេះ​ក៏បាន​ប្រកាសថា ទទួលបាន​ជោគជ័យ 98% នៅ​ក្នុង​ការ​បង្កើត​ភ្លៀង​សិប្បនិម្មិត។

  • យន្តហោះ​ធ្លា​ក់នៅ​កូ​ឡុំ​ប៊ី បណ្ដាល​ឱ្យ​អ្នកនយោបាយ​ប្រាំ​នាក់​បាត់​បង់ជីវិត

    យន្តហោះ​ធ្លា​ក់នៅ​កូ​ឡុំ​ប៊ី បណ្ដាល​ឱ្យ​អ្នកនយោបាយ​ប្រាំ​នាក់​បាត់​បង់ជីវិត

    អ្នកនយោបាយ និង​អ្នកបើកបរ​យន្តហោះ​កូ​ឡុំ​ប៊ី បាន​ស្លាប់​នៅក្នុង​ហេតុការណ៍​ធ្លាក់​យន្តហោះ​ធុន​ស្រាល​មួយគ្រឿង​នៅ​ភាគ​កណ្ដាល​ប្រទេស​កូឡុំប៊ី។

    យន្តហោះ Cessna T210N ដឹក​មនុស្ស 6 នាក់ បាន​ធ្លាក់​នៅក្នុង​ទីក្រុង San Luis de Gaceno នៃ​ខេត្ត Boyaca នៅពេល​កំពុង​ហោះ​ពី​ទីក្រុង Villavicencio ទៅកាន់​រដ្ឋធានី Bogota ដើម្បី​ចូលរួម​ពិធីជប់លៀង កាលពី​ថ្ងៃទី 19 កក្កដា ឆ្នាំ 2023។

    អ្នកនយោបាយ​ទាំង​ប្រាំ​រូប​ដែល​បាន​ស្លាប់ សុទ្ធតែជា​សមាជិក​រប​ស់​បក្ស​ស្ដាំនិយម ឈ្មោះ មជ្ឈមណ្ឌល​ប្រជាធិបតេយ្យ របស់​អតីត​ប្រធានាធិបតី Alvaro Uribe។

    យោងតាម​ការ​បង្ហោះ​សារ​នៅលើ Twitter របស់​បក្ស​នេះ អ្នកនយោបាយ​ដែល​បាន​ស្លាប់​រួមមាន អតីត​សមាជិកសភា​ជាន់ខ្ពស់ តំណាងរាស្ត្រ បេក្ខភាព​អភិបាលខេត្ត​ សមាជិក​ក្រុមប្រឹក្សា​ក្រុង និង​អ្នកបើកបរ​យន្តហោះ។

    ស្ថាប័ន​គ្រប់គ្រង​អាកាសចរណ៍​ស៊ីវិល​របស់​ប្រទេស​កូ​ឡុំ​ប៊ី កំពុងធ្វើការ​ស៊ើបអង្កេត​រក​មូលហេតុ​នៃ​គ្រោះថ្នាក់​នេះ។

    យោងតាម​ប្រកាស​របស់​នាយកដ្ឋាន​ប​ច្ចេកទេស​ស៊ើបអង្កេត​គ្រោះថ្នាក់​អាកាសចរណ៍​ស៊ីវិល ក្នុង​ឆ្នាំ 2022 កូ​ឡុំ​ប៊ី​ធ្លាប់​កើតមាន​ហេតុការណ៍​គ្រោះថ្នាក់​អាកាសចរណ៍ 17 ករណី បណ្ដាលឱ្យ​មនុស្ស 14 នាក់​បាត់​បង់ជីវិត។

  • អាម៉េរិក​អនុម័ត​លក់​មី​ស៊ី​លបាញ់​លើ​អាកាស តម្លៃ​ជិត​បី​ពាន់​លាន​ដុល្លារ​ឱ្យ​​អាល្លឺម៉ង់

    អាម៉េរិក​អនុម័ត​លក់​មី​ស៊ី​លបាញ់​លើ​អាកាស តម្លៃ​ជិត​បី​ពាន់​លាន​ដុល្លារ​ឱ្យ​​អាល្លឺម៉ង់

    ក្រសួងការបរទេស​អា​ម៉េ​រិ​ក បាន​យល់ព្រម​លក់​មី​ស៊ី​ល​អាកាស​ប្រឆាំង​អាកាស​ខ្នាត​មធ្យម AMRAAM ជិត 1,000 ដើម ក្នុងតម្លៃ 2.9 ពាន់​លាន​ដុល្លារ ដល់​ប្រទេស​អាល្លឺម៉ង់។

    មន្ទីរ​បញ្ច​កោណ កាលពី​ថ្ងៃទី 19 កក្កដា បានប្រកាសថា ក្រសួងការបរទេស​អា​ម៉េ​រិ​កបាន​អនុញ្ញាតឱ្យ​លក់​មី​ស៊ី​លបាញ់​ពី​អាកាស​ទៅ​អាកាស​ប្រភេទ​មធ្យម AIM-120C-8 AMRAAM ចំនួន 969 ដើម រួម​នឹង​ប្រព័ន្ធ​បញ្ជា​បម្រុង រូបមន្ត​នៃ​ការហ្វឹកហាត់ ឧបករណ៍​បច្ចេកទេស និង​ជំនួយ​ផ្នែកហ្វឹក​​ហ្វឺ​ន ក្នុងតម្លៃ 2.9 ពាន់​លាន​ដុល្លារ ទៅឱ្យ​ប្រទេស​អាល្លឺម៉ង់។

    «ការលក់​អាវុធ​នេះ​នឹង​ជួយ​គាំទ្រ​ដល់​គោលនយោបាយ​ការបរទេស និង​សន្តិសុខ​ជាតិ​របស់​សហរដ្ឋ​អាម៉េរិក តាមរយៈ​ការកែលំអ​សន្តិសុខសម្រាប់​សម្ព័ន្ធមិត្ត​មួយ​នៅក្នុង​ណា​តូ ហើយក៏​ជា​ប្រទេស​ដែល​ដើរតួនាទី​សំខាន់​នៅក្នុង​ការរក្សា​ស្ថិរភាព​នយោបាយ និង​សេដ្ឋកិច្ច​អឺរ៉ុប» ប្រកាស​របស់​ក្រសួងការពារជាតិ​អាម៉េរិក មាន​ឃ្លា​សរសេរ​ដូច្នេះ។

    យោងតាម​មន្ទីរ​បញ្ច​កោណ ការ​ទិញដូរ​អាវុធ​នេះ​នឹង​ជួយ​ឱ្យ​អាល្លឺម៉ង់​មាន​អាវុធ​ប្រឆាំង​អាកាស​ទំនើប លើកកម្ពស់​សមត្ថភាព​ទប់ទល់​នឹង​ការគំរាមកំហែង​នាបច្ចុប្បន្ន និង​អនាគត។

    ការលក់​អាវុធ​ខាងលើ​ក៏ត្រូវ​បាន​ជូនដំណឹង​ដល់​សភា​អាម៉េរិក ជាទី​ដែល​ស្ថាប័ន​នេះ​មាន​ពេលវេលា 30 ថ្ងៃ ដើម្បី​ធ្វើការ​សម្រេចចិត្តថា ត្រូវ​យល់ព្រម​ឱ្យ​លក់ ឬ​បដិសេធ។ បើសិន​ទទួលបាន​ការយល់ព្រម​ពីស​ភា ការលក់​អាវុធ​នេះ​នឹងត្រូវ​បញ្ជូន​ឡើងទៅ​កាន់​ប្រធានាធិបតី ចូ បៃ​ដិ​ន ដើម្បី​ចុះហត្ថលេខា​ចុងក្រោយ។

    បុគ្គលិក​យោធាអាម៉េរិក កំពុង​ដំឡើង​មីស៊ីល AMRAAM

    AIM-120 AMRAAM គឺជា​មី​ស៊ី​លម្ចាស់​ការ​ដែល​​នាំ​ផ្លូវ​ដោយ​រ៉ា​ដា​ អាចធ្វើ​សកម្មភាព​នៅក្នុង​លក្ខខណ្ឌ​អាកាសធាតុខុសៗគ្នា។ ក្បាល​រ៉ា​ដា​បំពាក់​បច្ចេកវិទ្យា​ម្ចាស់ការ អនុញ្ញាតឱ្យ​មី​ស៊ី​ល​អនុវត្ត​គោលការណ៍ «បាញ់ ហើយ​ភ្លេច» ដែល​ជួយ​ឱ្យ​យន្តហោះ​មិនចាំបាច់​ចុច​តម្រង់​គោលដៅ​ជា​បន្តបន្ទាប់ និង​គេច​ផុតពី​ការបាញ់​តបត​​ពី​​សត្រូវ​។

    កំណែ​ដើម AIM-120A អាច​បាញ់​បាន​ចម្ងាយ 50 គីឡូម៉ែត្រ គ្រា​ដែល​កំណែ AIM-120C-8 របស់​ AMRAAM  អាច​បាញ់​ចំ​គោលដៅ​ពី​ចម្ងាយ 180 គីឡូម៉ែត្រ។

    ក្រុមហ៊ុន​ការពារជាតិ Raytheon ឱ្យដឹងថា មី​ស៊ី​ល AMRAAM កំពុង​ត្រូវបាន​ដាក់ឱ្យ​ប្រើប្រាស់​នៅក្នុង​ជួរ​កងទ័ព​អាម៉េរិក និង​ប្រទេស​ជិត 40 ក្នុង​ពិភពលោក៕