យន្តហោះ​ធ្លា​ក់នៅ​កូ​ឡុំ​ប៊ី បណ្ដាល​ឱ្យ​អ្នកនយោបាយ​ប្រាំ​នាក់​បាត់​បង់ជីវិត

អ្នកនយោបាយ និង​អ្នកបើកបរ​យន្តហោះ​កូ​ឡុំ​ប៊ី បាន​ស្លាប់​នៅក្នុង​ហេតុការណ៍​ធ្លាក់​យន្តហោះ​ធុន​ស្រាល​មួយគ្រឿង​នៅ​ភាគ​កណ្ដាល​ប្រទេស​កូឡុំប៊ី។

យន្តហោះ Cessna T210N ដឹក​មនុស្ស 6 នាក់ បាន​ធ្លាក់​នៅក្នុង​ទីក្រុង San Luis de Gaceno នៃ​ខេត្ត Boyaca នៅពេល​កំពុង​ហោះ​ពី​ទីក្រុង Villavicencio ទៅកាន់​រដ្ឋធានី Bogota ដើម្បី​ចូលរួម​ពិធីជប់លៀង កាលពី​ថ្ងៃទី 19 កក្កដា ឆ្នាំ 2023។

អ្នកនយោបាយ​ទាំង​ប្រាំ​រូប​ដែល​បាន​ស្លាប់ សុទ្ធតែជា​សមាជិក​រប​ស់​បក្ស​ស្ដាំនិយម ឈ្មោះ មជ្ឈមណ្ឌល​ប្រជាធិបតេយ្យ របស់​អតីត​ប្រធានាធិបតី Alvaro Uribe។

យោងតាម​ការ​បង្ហោះ​សារ​នៅលើ Twitter របស់​បក្ស​នេះ អ្នកនយោបាយ​ដែល​បាន​ស្លាប់​រួមមាន អតីត​សមាជិកសភា​ជាន់ខ្ពស់ តំណាងរាស្ត្រ បេក្ខភាព​អភិបាលខេត្ត​ សមាជិក​ក្រុមប្រឹក្សា​ក្រុង និង​អ្នកបើកបរ​យន្តហោះ។

ស្ថាប័ន​គ្រប់គ្រង​អាកាសចរណ៍​ស៊ីវិល​របស់​ប្រទេស​កូ​ឡុំ​ប៊ី កំពុងធ្វើការ​ស៊ើបអង្កេត​រក​មូលហេតុ​នៃ​គ្រោះថ្នាក់​នេះ។

យោងតាម​ប្រកាស​របស់​នាយកដ្ឋាន​ប​ច្ចេកទេស​ស៊ើបអង្កេត​គ្រោះថ្នាក់​អាកាសចរណ៍​ស៊ីវិល ក្នុង​ឆ្នាំ 2022 កូ​ឡុំ​ប៊ី​ធ្លាប់​កើតមាន​ហេតុការណ៍​គ្រោះថ្នាក់​អាកាសចរណ៍ 17 ករណី បណ្ដាលឱ្យ​មនុស្ស 14 នាក់​បាត់​បង់ជីវិត។

Advertisement