រុស្ស៊ី ប្រកាសថា ខ្លួន​វាយយក​បាន​ទីក្រុង​ចំនួន ២ និង​មានប្រៀប​ជាង អ៊ុយ​ក្រែ​ន នៅលើ​ផ្ទៃ​អាកាស

ក្រសួងការពារជាតិ​រុស្ស៊ី បានប្រកាសថា កងទ័ព​រុស្ស៊ី បច្ចុប្បន្ន​វាយយក​បាន​ទីក្រុង Berdyansk និង Enerhodar ព្រមទាំង​មានប្រៀប​ជាង កងទ័ព​អ៊ុយ​ក្រែ​ន នៅលើ​អាកាស។

ព័ត៌មាន​ខាងលើ​គឺជា​ប្រកាស​នា​ថ្ងៃនេះ​របស់​អ្នកនាំពាក្យ​ក្រសួងការពារជាតិ​រុស្ស៊ី Igor Konashenkov។ អ្នកនាំពាក្យ​នេះ​ក៏បាន​និយាយថា ពួកគេ​បាន​គ្រប់គ្រង​តំបន់​ជុំវិញ​រោងចក្រ​ថាមពល​នុយ​ក្លេ​អែរ Zaporizhzhya ប៉ុន្តែ ភាគី​ខាង​អ៊ុយ​ក្រែ​ន ភ្លាមនោះ​ក៏បាន​បដិសេធ។

រុស្ស៊ី ថែមទាំង​ប្រកាសថា ប្រជាជន​ក្នុង រដ្ឋធានី​កៀវ អាច​ចាក​ចេញពី​ទីក្រុង​ដោយ​សេរី។ ប៉ុន្តែ ក្រសួងមហាផ្ទៃ​របស់ អ៊ុយ​ក្រែ​ន កាលពី​ថ្ងៃទី ២៧ កុម្ភៈ រាយការណ៍​ថា ប្រជាជន​ប្រមាណ ៣៥២ នាក់ បាន​ស្លាប់ ក្នុងនោះ​មាន​កុមារ ១៤ នាក់ និង​មនុស្ស​ជាង ១,៦៨0 នាក់ បាន​រងរបួស ក្នុងនោះ​មាន​ក្មេង​ចំនួន ១១៦ នាក់ ក្រោយពី រុស្ស៊ី បាន​បញ្ឆេះ​សង្គ្រាម។

ទាហានរុស្ស៊ី នៅ​រោង​ចក្រ​ថាមពល​នុយក្លេអែរ Chernomyl ក្នុងតំបន់ Pripyat កាលពីថ្ងៃទី ២៦ កុម្ភៈ

សហរដ្ឋ​អាម៉េរិក និង​សម្ព័ន្ធមិត្ត បានដាក់​ទណ្ឌកម្ម​លើ រុស្ស៊ី និង​កំពុង​ញាប់ដៃ ញាប់ជើង ក្នុងការ​ផ្ដល់​អាវុធ​ឱ្យ អ៊ុយ​ក្រែ​ន។ កាលពី​ថ្ងៃទី ២៦ កុម្ភៈ បស្ចិម​លោក​បានសម្រេច​កាត់ផ្ដាច់​ធនា​ការធំៗមួយចំនួន​របស់ រុស្ស៊ី ចេញពី​ប្រព័ន្ធ​ទូរគមនាគមន៍​ហិរញ្ញវត្ថុ​នៃ​ធានា​គារ​ទូទាំង​សកលលោក (SWIFT) ដែល​ត្រូវបាន​គេ​ចាត់ទុកថា ជា​ទណ្ឌកម្ម​ដ៏​ធ្ងន់ធ្ងរ។

រុស្ស៊ី ឈ្លានពាន​ អ៊ុយក្រែន ពី​ច្រើន​ទិស

ថ្ងៃនេះ គណៈប្រតិភូ​របស់ អ៊ុយ​ក្រែ​ន បានធ្វើ​ដំណើរ​ទៅដល់ ប្រទេស​បេឡា​រូស ដើម្បី​ចាប់ផ្ដើម​កិច្ចចរចា​ជាមួយ ភាគី​រុស្ស៊ី។ តំណាង​របស់ រុស្ស៊ី និយាយថា រាល់​ការព្រមព្រៀង​គឺ​សុទ្ធតែ​ត្រូវ​ផ្អែកលើ​ផលប្រយោជន៍​របស់​ប្រទេស​ទាំងពីរ។

Advertisement