ចិន​ប្រកាស​រក​អ្នក​ស្ម័គ្រ​ចិត្ត​500នាក់​ ដើម្បី​ពិសោធ​វ៉ាក់​សាំង​COVID-19 ដំណាក់​កាល​ទី​2

ចិន​ប្រកាស​រក​អ្នក​ស្ម័គ្រ​ចិត្ត​500នាក់​ ដើម្បី​ពិសោធ​វ៉ាក់​សាំង​COVID-19 ដំណាក់​កាល​ទី​2

ក្រុម​ហ៊ុន​ជីវ​សាស្ត្រ​ CanSino Biologics ជ្រើស​រើស​អ្នក​ស្ម័គ្រ​ចិត្ត​500​នាក់ ដើម្បី​ពិសោធវ៉ាក់សាំង​​COVID-19 ដំណាក់​កាល​ទី​2​។

ក្រុម​ហ៊ុន​ខាង​លើ​នេះ​ សហការ​ជាមួយ​មន្ទីរ​បច្ចេក​វិទ្យា​ជីវ​សាស្ត្រ​នៅ​វិទ្យា​ស្ថាន​វិទ្យា​សាស្ត្រ​​នៃ​ពេទ្យ​យោធា​ចិន​ ចាប់​ផ្ដើម​ដំណាក់​កាល​ទី​2​នៃ​ការ​ពិសោធ​ន៍វ៉ាក់​សាំង​នៅ​លើ​មនុស្ស​ បន្ទាប់​ពី​ទិន្ន​ន័យ​ប្រមូល​បាន​ពី​ការ​សាកល្បង​ដំណាក់​កាល​ដំបូង​បង្ហាញ​ថាមាន​សុវត្ថិ​ភាព​។ នេះ​បើ​តាម​របាយការណ៍​របស់​ CanSino Biologics ដែល​ចេញ​ផ្សាយ​កាល​ពី​ថ្ងៃទី​9​មេសា​។

រយៈ​ពេល​នៃ​ការ​អភិវឌ្ឍវ៉ាក់​សាំង តែង​តែ​ត្រូវ​ចំណាយ​ពេល​ជា​ច្រើន​ឆ្នាំ​ទើប​អាច​ទទួល​បាន​ជោគ​ជ័យ​។ អ្នក​វិទ្យា​សាស្ត្រ​ជា​ច្រើន​ប្រទេស​នៅ​ក្នុង​ពិភពលោក​ កំពុង​ប្រជែង​គ្នា​ធ្វើ​ការ​អភិវឌ្ឍជា​ច្រើន​ដែល​មាន​សក្ដា​នុពល​ ក្នុង​អំឡុង​ COVID-19 កំពុង​សម្លាប់​មនុស្ស​ជា​រៀង​រាល់​ថ្ងៃ​។

នៅ​ប្រទេស​ចិន​​ដំណាក់​កាល​ដំបូង​នៃ​ការពិសោធ​ ក្រុម​ហ៊ុន​ CanSino បាន​ចាក់​វ៉ាក់់​សាំង​ការ​​ពារ​វីរុស​COVID-19 ទៅ​លើ​អ្នក​ស្ម័គ្រ​ចិត្ត​ចំនួន​108​នាក់​ នៅ​ទីក្រុង​Wuhan ចាប់​ពី​ថ្ងៃទី​18​មីនាដល់​ថ្ងៃទី​2មេសា​។ ពួកគេ​ត្រូវ​ចែក​ជា​3​ក្រុម​ និង​ត្រូវ​បាន​ចាក់​វ៉ាក់សាំង​ពី​បរិមាណ​ទាប​ទៅ​ខ្ពស់​ ដើម្បី​វាយ​តម្លៃ​ប្រសិទ្ធ​ភាព​ និង​សុវត្ថិ​ភាព​។

ក្រុម​អ្នក​វិទ្យា​សាស្ត្រ​បាន​ឱ្យ​ដឹង​ថា ការ​ពិសោធដំណាក់​កាល​ដំបូង​ មាន​ផល​វិបាក​ខ្លះ​ៗ​នៅ​លើ​ក្រុម​ដែល​ប្រើ​បរិមាណ​ខ្ពស់ ដោយ​ពួក​គេ​ត្រូវ​ក្ដៅ​ខ្លួន​38.5​អង្សា​សេ។ អាការ​គ្រុន​ក្ដៅ​នេះ​កើត​ឡើង​​បន្ទាប់​ពី​បាន​ចាក់​វ៉ាក់​សាំង​ តែ​វាបាត់​ទៅ​វិញ​ក្រោយ​​រយៈ​ពេល​24​ម៉ោង​។

ក្នុង​ដំណាក់​កាល​ទី​2​នេះ ក្រុម​អ្នក​វិទ្យា​សាស្ត្រ​នឹង​សាក​ល្បង​ចាក់​វ៉ាក់​សាំង​ក្នុង​បរិមាណ​ទាប​ និង​មធ្យម​។ អ្នក​ស្ម័គ្រ​ចិត្ត​​250​នាក់​​នឹង​ត្រូវ​ចាក់​វ៉ាក់​សាំង​ក្នុង​បរិមាណ​មធ្យម ខណៈ​ដែល​125​នាក់​ទៀត​ត្រូវ​ចាក់​​ក្នុង​បរិមាណ​ទាប​ ចំណែក​​125​នាក់​ផ្សេង​ទៀត​នឹង​ត្រូវ​ចាក់​ថ្នាំវ៉ាក់​សាំង​ក្លែង​ក្លាយ​ Placebo(Placebo គឺជា​ថ្នាំ​ដែល​មិន​មាន​ប្រសិទ្ធ​ភាព​អ្វី​ទាំង​អស់​ទៅ​លើ​ជំងឺ​ ដោយ​សារ​វា​មិន​មាន​ផ្ទុក​សារធាតុ​ជា​ឱសថ​អ្វី​នោះ​ទេ​។ គេ​ប្រើ​ថ្នាំ​នេះ​ទៅ​លើ​អ្នក​ជំងឺ​/អ្នក​ស្ម័គ្រ​ចិត្ត​ក្នុង​ការ​ពិសោធ​ឱសថ​ថ្មី​ ក្នុង​លក្ខខណ្ឌ​អ្នក​ជំងឺ​/ស្ម័គ្រ​ចិត្ត​មិន​ដឹង​ថា​ខ្លួន​ត្រូវ​ចាក់​ថ្នាំ​ក្លែង​ក្លាយ​ Placeboនេះ​នោះ​ឡើយ​)។

ការ​ពិសោធ​វ៉ាក់​សាំង​នៅ​លើ​មនុស្ស​មាន​3ដំណាក់​កាល​។ ដំណាក់​កាល​ដំបូង​ គឺ​ពិសោធ​ទៅ​លើ​ក្រុម​មនុស្ស​ដែល​មាន​ចំនួន​តិច​​ដើម្បី​បញ្ជាក់​ថា​ផលិត​ផល​មាន​សុវត្ថិ​ភាព​។ ដំណាក់​កាល​ទី​2​ គឺ​គេ​ត្រូវ​ពិសោធ​ទៅ​លើ​អ្នក​ស្ម័គ្រ​ចិត្ត​ច្រើន​ជាង​ដំណាក់​កាល​ដំបូង​ ដែល​ជា​ទូទៅ​គឺ​រាប់​រយ​នាក់​ ដើម្បី​ពិនិត្យ​ទៅ​លើ​សុវត្ថិ​ភាព​ ប្រសិទ្ធ​ភាព​ និង​កំណត់​ផែន​ការ​ចាក់​​វ៉ាក់​សាំង​។ ដំណាក់​កាល​ទី​3 គេ​ត្រូវ​ពិសោធ​លើ​មនុស្ស​ច្រើន​ជាង​ដំណាក់​កាល​ទី​2 ដើម្បី​បាន​យល់​កាន់​តែ​ច្បាស់​អំពី​ប្រសិទ្ធ​ភាព​ក្នុង​ការ​ការ​ពារ​ការ​ឆ្លង​វីរុស​នៅ​លើ​រាង​កាយ​មនុស្ស​។

អ្នក​ស្ម័គ្រ​ចិត្ត​ក្នុង​ដំណាក់​កាលទី​2​នេះ ត្រូវ​មាន​អាយុ​ពី​18​ដល់​60​ឆ្នាំ និង​មិន​ធ្លាប់​ឆ្លង​វីរុស​COVID-19 ឬ​ប្រតិ​កម្ម​ជាមួយ​វ៉ាក់​សាំង​។

កាល​ពី​ថ្ងៃទី​16​មីនា វិទ្យា​ស្ថាន​សុខាភិបាល​ជាតិ​អាមេរិកាំង​ ​សហការ​ជា​មួយ​ក្រុម​ហ៊ុន​បច្ចេក​វិទ្យា​ជីវសាស្ត្រ Moderna បាន​ធ្វើ​ការ​សាក​ល្បង​វ៉ាក់​សាំង​របស់​ពួកគេ​នៅ​លើ​អ្នក​ស្ម័គ្រ​ចិត្ត​45​នាក់​​ដែល​មាន​អាយុ​ចាប់​ពី​18​ដល់​55​ឆ្នាំ​ ដោយ​ចំណាយ​ពេល​6​សប្ដាហ៍​។ ចំណែក​ក្រុម​ហ៊ុនមួយ​ទៀត​​របស់​សហរដ្ឋ​អាមេរិក​ គឺក្រុម​ហ៊ុន​​ Inovio ក៏​បាន​ឱ្យ​ដឹង​ថា ពួកគេ​នឹង​ធ្វើ​ការ​ពិសោធ​​វ៉ាក់​សាំង​COVID-19 នៅ​លើ​អ្នក​ស្ម័គ្រ​ចិត្ត​40​នាក់​ នៅ​ក្នុង​សប្ដាហ៍​នេះ​ផងដែរ​៕

ប្រភព៖ SCMP

Advertisement