ផ្ទុះ​រោងចក្រ​ផលិត​ឧបករណ៍​យោធានៅ​​រុស្ស៊ី ក្រោយ​យន្ត​ហោះ UAV អ៊ុយក្រែន​ត្រូវ​បាន​បាញ់​ទម្លាក់

ហេតុការណ៍​ផ្ទុះ​ដ៏​ធំ​មួយ​បាន​កើតឡើង​នៅឯ​រោងចក្រ​ផលិត​ឧបករណ៍​អុ​ប​ទិ​ក ស្ថិតក្នុង​ទីក្រុង Sergiev Posad ក្បែរ​រដ្ឋធានី​មូ​ស្គូ បាន​បង្កឱ្យមាន​ផ្សែងខ្មៅ​យ៉ាងខ្ពស់ និង​មនុស្ស 11 នាក់​រងរបួស។

អ្នកនាំពាក្យ​អង្គភាព​បន្ទាន់​របស់​មូ​ស្គូ ឱ្យដឹងថា ករណី​ផ្ទុះ​បាន​កើតឡើង​កាលពី​ព្រឹក​មិញ នៅឯ​រោងចក្រ​មេកានិច និង​អុ​ប​ទិ​ក Zagorsk ក្នុង​ទីក្រុង Sergiev Posad ជាយ​ខាងក្រៅ​នៃ​រដ្ឋធានី​មូ​ស្គូ។ «ករណី​ផ្ទុះ​នេះ ទំនងជា​ចាប់ផ្ដើម​ចេញពី​តំបន់​ឡ​ចំហាយ និង​បានធ្វើឱ្យ​បែក​ទ្វារ និង​បង្អួច​កញ្ចក់​របស់​អគារ​ជាច្រើន​នៅក្នុង​ទីក្រុង» អ្នកនាំពាក្យ​រូបនេះ​និយាយ​ដូច្នេះ។

មន្ត្រី​ក្នុង​តំបន់​ឱ្យដឹងថា ហេតុការណ៍​នេះ​បាន​បណ្ដាលឱ្យមាន​មនុស្ស​រងរបួស 11 នាក់ ខណៈដែល​សមត្ថកិច្ច​កំពុង​ស្រាវជ្រាវ​រក​មូលហេតុ។

រោងចក្រ​ខាងលើ​គឺជា​កន្លែង​ផលិត​ឧបករណ៍​អុ​ប​ទិ​ក​ដែលមាន​សុ​ក្រឹត​ភាព​កម្រិត​ខ្ពស់​សម្រាប់​កងទ័ព​រុស្ស៊ី ក្នុងនោះ​មាន​ទាំង​កែវយឹត និង​វ៉ែនតា​សម្រាប់​មើល​ពេលយប់​ផងដែរ។ ករណីនេះ​កើតឡើង​តែ​ប៉ុន្មាន​ម៉ោង​ប៉ុណ្ណោះ​​បន្ទាប់ពី​កងទ័ព​រុស្ស៊ី​ប្រកាសថា បាន​បាញ់​ទម្លាក់​យន្តហោះ​គ្មាន​មនុស្ស​បើកបរ (UAV) ចំនួន 2 គ្រឿង​របស់​អ៊ុយ​ក្រែ​ន នៅលើ​ដែនអាកាស​រុស្ស៊ី៕

Advertisement