ឱសថ​ដែល​អាច​ «កម្ចាត់​រាល់​ដុំ​គីស​» ទាំង​កាចទាំង​ស្លួត

(សហរដ្ឋ​អាម៉េរិក) – ក្រុម​អ្នកវិទ្យាសាស្ត្រ​អភិវឌ្ឍ​ឱសថ​មួយ​ប្រភេទ​ដែលមាន​ប្រសិទ្ធភាព​ក្នុងការ​កម្ចាត់​រាល់​ដុំ​គិ​សរឹង ទាំង​ប្រភេទ​កាច ទាំង​ប្រភេទ​ស្លូត ដោយ​មិន​ប៉ះពាល់​ដល់​កោសិកា​ដែល​មាន​សុខ​ភាពល្អ។

ការស្រាវជ្រាវ​នេះ​ត្រូវបាន​ធ្វើឡើង​ដោយ​ក្រុម​អ្នកជំនាញ​ប្រចាំ​មន្ទីរពេទ្យ City of Hope ដែលជា​មជ្ឈមណ្ឌល​ព្យាបាល​ជំងឺមហារីក​ធំជាងគេ​មួយ​នៅ​សហរដ្ឋ​អាម៉េរិក និង​ត្រូវបាន​ចុះផ្សាយ​លើ​ទស្សនាវដ្ដី Cell Chemical Biology កាលពី​ថ្ងៃទី 02 សីហា 2023។ គ្រាប់​ថ្នាំ​នេះ​មាន​ឈ្មោះថា AOH1996។

City of Hope ឱ្យដឹងថា ឱសថ AOH1996 ដាក់​គោលដៅ​កម្ចាត់​​ប្រូតេអ៊ីន​មួយ​ប្រភេទ​មាន​នៅ​​ក្នុង​ដុំសាច់​មហារីក​ស្ទើរ​គ្រប់​ប្រភេទ ដែល​​បណ្ដាលឱ្យ​ដុំ​គីស​រីក​ធំ និង​កើនឡើង​ច្រើន​នៅក្នុង​រាងកាយ។ ប្រូតេអ៊ីន​នេះ​គឺជា​អង់​ទី​ហ្សែ​ន PCNA (Proliferating cell nuclear antigen) ដែល​ធ្លាប់​ត្រូវបាន​ចាត់ទុកថា មិនអាច​កម្ចាត់​បាន​។

គ្រាប់​ថ្នាំ AOH1996 កម្ចាត់​កោសិកា​មហារីក​ទៅតាម​របៀប​ដែលមាន​ការជ្រើសរើស ដោយ​យន្តការ​បំបែក​វដ្ដ​នៃ​ការបង្កើត​កូនចៅ​តាម​ធម្មតា​របស់​ដុំ​គីស ទប់ស្កាត់​កោសិកា DNA ដែលមាន​កំហុស កុំឱ្យ​បន្ត​រីកចម្រើន ធ្វើឱ្យ​ពួកវា​​មិនអាច​ចម្លង​ពី​តិច​ទៅ​ច្រើន​ទៀត​បាន។ ប្រការនេះ​នឹង​បណ្ដាលឱ្យ​កោសិកា​មហារីក​ទាំង​ឡាយ​​ត្រូវ​ងាប់​ដោយ​ឯកឯង និង​​មិន​ប៉ះពាល់​ដល់​កោសិកា​ល្អ។

អ្នកវិទ្យាសាស្ត្រ​នៅ City of Hope អធិប្បាយ​ថា PCNA គឺ​ប្រៀប​ដូច​ទៅនឹង​ព្រលានយន្តហោះ​ដ៏​ធំ​មួយ ជាទី​ដែល​ជើងហោះហើរ​នានា​នាំយក​កោសិកា​មហារីក​ទៅកាន់​គ្រប់​ទីកន្លែង​នៅក្នុង​រាងកាយ។ ថ្នាំ AOH1996 ប្រៀប​ដូច​ព្យុះ​ព្រឹល​ដែល​វាយប្រហារ​កម្ទេច​ព្រលានយន្តហោះ​នេះ ធ្វើឱ្យ​ជើងហោះហើរ​ទាំងអស់​ត្រូវ​ឈប់​ដំណើរការ។

ថ្នាំ AOH1996 ត្រូវបាន​សាកល្បង​ប្រើប្រាស់​នៅលើ​កោសិកា​មហារីក​ចំនួន 70 ប្រភេទផ្សេងៗគ្នា រួមមាន​ទាំង​មហារីក​សុដន់ មហារីក​ខួរក្បាល ស្បែក សួត មាត់ស្បូន អូ​វ៉ែ​រ និងមហា​រីក​​ប្រពេ​ញ​ប្រូ​ស្តា​ត​ជាដើម។ ថ្នាំ​នេះ​មាន​ប្រសិទ្ធភាព​លើ​គ្រប់​កោសិកា​មហារីក។ City of Hope បាន​ហៅ​ឱសថ​នេះ​ថា ជា​លំដាប់​កំពូល​ក្នុង​រយៈពេល 20 ឆ្នាំ នៃ​ការស្រាវជ្រាវ​ និង​អភិវឌ្ឍ។

បច្ចុប្បន្ន ឱសថ AOH1996 កំពុង​ត្រូវបាន​ប្រើប្រាស់​សាកល្បង​លើ​មនុស្ស​ដំណាក់កាល​ទីមួយ និង​ត្រូវបាន​ជឿថា អាច​នាំមក​នូវ​លទ្ធផល​ល្អ គួរ​ជាទី​រីករាយ៕

Advertisement