យន្តហោះ​ដឹក​មនុស្ស​ប្រហែល 190 នាក់ ផ្ទុះ​កង់​ពេលកំពុង​ចុះចត

(សហរដ្ឋ​អាម៉េរិក) – យន្តហោះ​មួយគ្រឿង​របស់ Delta Airlines ដែល​ដឹក​អ្នកដំណើរ​ប្រហែល 190 នាក់ ផ្ទុះ​កង់​នៅពេល​កំពុង​ចុះចត​បន្ទាន់​នៅឯ​ព្រលានយន្តហោះ​ទីក្រុង Atlanta។

ស្ថាប័ន​គ្រប់គ្រង​ដែនអាកាស​អាម៉េរិក (FAA) កាលពី​ថ្ងៃទី 02 សីហា បានឱ្យដឹងថា កង់​មួយ​គ្រាប់​នៅ​ខាងឆ្វេង​បាន​ផ្ទុះ នៅពេល​យន្តហោះ​ចុះចត​បន្ទាន់​នៅវេលា​ម៉ោង​ប្រហែល 18 នៅលើ​ព្រលានយន្តហោះ​អន្តរជាតិ Hartsfield-Jackson Atlanta ក្នុង​រដ្ឋ Georgia។ អ្នកដំណើរ​លើ​យន្តហោះ​នេះ ត្រូវ​លោត​ចេញពី​យន្តហោះ​តាម​ពោង​រអិល​បន្ទាន់។

អ្នកដំណើរ​ម្នាក់​រៀបរាប់​ប្រាប់ថា កង់​មួយ​គ្រាប់​បាន​ផ្ទុះ ហើយ​មួយ​គ្រាប់​ទៀត​ក៏​បែកបាក់​ បណ្ដាលឱ្យ​យន្តហោះ​រអិល​នៅលើ​ផ្លូវ​រត់។

ក្រុមហ៊ុន​អាកាសចរណ៍ Delta Airlines ប្រកាសថា បន្ទាប់ពី​ត្រូវបាន​នាំ​ចេញពី​យន្តហោះ អ្នកដំណើរ​ក៏​ឡើង​រថយន្ត និង​ត្រូវបាន​នាំទៅ​កាន់​អាកាសយានដ្ឋាន។

យោង​តាម​ ABC News នៅ​លើ​យន្តហោះ​នេះ​មាន​អ្នកដំណើរ​ប្រហែល 190 នាក់ ក្នុងនោះ​មាន​ម្នាក់​រងរបួស​ក្នុង​ហេតុការណ៍​ខាងលើ។ FAA បាន​បើក​ការស៊ើបអង្កេត ហើយ​បញ្ជាក់ថា សកម្មភាព​គ្រប់គ្រង​ចរាចរណ៍​ដែនអាកាស​មិន​រង​ផលប៉ះពាល់​នោះទេ​៕

Advertisement