Tag: ផែនដី

  • យានអវកាស SpaceX ដឹក​អ្នក​អវកាស​បួន​រូប​ចុះចត​លើ​សមុទ្រ​ដោយ​សុវត្ថិភាព

    យានអវកាស SpaceX ដឹក​អ្នក​អវកាស​បួន​រូប​ចុះចត​លើ​សមុទ្រ​ដោយ​សុវត្ថិភាព

    យាន Dragon បាន​ចុះចត​ដោយ​ជោគ​ជ័យ​លើ​តំបន់​សមុទ្រ​ Jacksonville រដ្ឋ Florida សហរដ្ឋ​អាម៉េរិក​ កាល​ពី​ព្រឹក​ម្សិលមិញ​។

    យាន​អវកាស Dragon ដឹក​ក្រុម​​អវកាស​ចរ​ Crew-6 ដែល​រួម​មាន​ Stephen Bowen និង​ Warren “Woody” Hoburg (អាម៉េរិក), Sultan AlNeyadi (អេមីរ៉ាត​អារ៉ាប់រួម), Andrey Fedyaev (រុស្ស៊ី) បាន​ចុះ​ចត​លើ​មហា​សមុទ្រ​អាត្លង់ទិក នៅ​វេលា​ម៉ោង​ 11 និង 17 នាទី ថ្ងៃទី 04 កញ្ញា (ពេលវេលា​នៅ​កម្ពុជា​)​។

    «យើង​បាន​ចេញ​ដើរ​ក្នុង​អវកាស​បី​លើក ជួយ​យាន​ដឹក​ទំនិញ​ Cygnus មួយ​គ្រឿង​ចូល​ចត​នៅ​ស្ថានីយអវកាស​អន្តរជាតិ (ISS)។ យើង​ក៏​ធ្វើ​កិច្ច​ការ​ថែ​ទាំ​ជា​ច្រើន​ទៀត ហើយ​សង្ឃឹម​ថា ពេលយើង​ចាក​ចេញ ស្ថានីយ​នឹង​ប្រសើរ​ឡើង​​មុន​បន្តិច​ធៀប​នឹង​កាល​ពី​ពេល​ទើប​មក​» Warren ថ្លែង​ដូច្នេះ​។

    យាន Dragon បាន​ផ្ដាច់​ចេញ​ពី ISS កាល​ពី​វេលា​ម៉ោង 16 និង 05 នាទី ថ្ងៃទី 03 កញ្ញា​។ ការ​វិល​ត្រលប់​របស់​ក្រុម​ Crew-6 នេះ ក៏​បាន​បញ្ចប់​បេសកកម្ម​អវកាស 186 ថ្ងៃ​របស់​ពួក​គេ​។ កប៉ាល់​របស់​ SpaceX ដែល​ត្រូវ​បាន​ដាក់​ពង្រាយ​នៅ​ក្បែរ​ទីតាំង​ចុះចត បាន​នាំ​យក​យាន​អវកាស​ រួម​នឹង​អវកាសចរ​ឡើង​គោក​ដោយ​សុវត្ថិភាព​។

    ក្រោយ​ពី​ក្រុម​ Crew-6 ត្រលប់​មក​កាន់​ផែនដី ​លើ​ ISS ​នៅ​សល់​អវកាសចរ​ 7 នាក់​ រួម​មាន​ អ្នក​អវកាស​របស់​អាម៉េរិក អឺរ៉ុប ជប៉ុន និង​រុស្ស៊ី​។ យាន​ Soyuz MS-23 របស់​រុស្ស៊ី​គ្រោង​នឹង​ដឹក​អ្នក​អវកាស​ 3 រូប​ ត្រលប់មក​កាន់​ផែនដី​នៅ​ចុង​ខែ​កញ្ញា​ 2023​៕

  • រកឃើញ​ភព​ដែល​មាន​កន្ទុយ​ដូច​កញ្ជ្រោង​ដ៏មហិមា មាន​ចម្ងាយ​ជិត​​មួយ​ពាន់​ឆ្នាំ​ពន្លឺ​ពី​ផែនដី

    រកឃើញ​ភព​ដែល​មាន​កន្ទុយ​ដូច​កញ្ជ្រោង​ដ៏មហិមា មាន​ចម្ងាយ​ជិត​​មួយ​ពាន់​ឆ្នាំ​ពន្លឺ​ពី​ផែនដី

    ភព​ខ្នាត​យក្ស​មួយ​ដែល​ស្ថិត​ក្នុង​ប្រភេទ​ភព​ព្រហស្បតិ៍​ក្ដៅ​មាន​កន្ទុយ​ដ៏ចម្លែក ​ត្រូវ​បាន​ស្ថានីយ​សង្កេត​តារា​របស់​សហរដ្ឋ​អាម៉េរិករក​ឃើញ​ ក្នុង​នោះ កន្ទុយ​ចម្បង​​វែង​ជាង​ 53 ដង បើ​ធៀប​នឹង​ប្រវែង​កាំ​របស់​ភព​នោះ​។

    ភព​ព្រហស្បតិ៍​ក្ដៅ​គឺជា​ភព​ឧស្ម័ន​ខ្នាត​យក្ស​ដែល​ដូច​ទៅ​នឹង​ភព​ព្រហស្បតិ៍​របស់​ប្រព័ន្ធ​ព្រះ​អាទិត្យ​ ប៉ុន្តែ​ស្ថិត​នៅ​ក្បែរ​ផ្កាយ​មេ​ខ្លាំង​ពេក​ ទើប​មាន​កម្ដៅ​ខ្ពស់​ខ្លាំង​។

    ភព​ដែល​​មាន​ឈ្មោះ​ថា HAT-P-32b ខាងលើ​នេះ​ កំពុង​តែ​បញ្ចេញ​កន្ទុយ​ឧស្ម័ន​ដ៏​វែង​ទៅ​ក្នុង​ទី​អវកាស​។ ការ​សិក្សា​ស្រាវ​ជ្រាវ​ថ្មី​មួយ​បង្ហាញថា វា​កំពុង​តែ​ «ព្រលាត់​សម្បែក» ខ្លួន​ឯង​។

    «អ្វីដែល​យើង​មើល​​ឃើញ​គឺ​កន្ទុយ​អេល្យូមដ៏មហិមា​ដែល​ភ្ជាប់​ទៅ​នឹង​ភព​នេះ វែង​ជាង 53 ដង បើធៀប​នឹង​ប្រវែង​កាំ​របស់​ភព​» អ្នក​វិទ្យា​សាស្ត្រ​របស់​សាកលវិទ្យាល័យ​ California នៅ Santa Cruz ថ្លែង​​​លើទស្សនាវដ្ដី Science Advances ដូច្នេះ​។

    យោង​តាម​ Sci-Tech Daily កន្ទុយមួយចំនួន​ផ្សេង​ទៀត​ដែល​តួច​ជាង និង​ស្ដើង​ជាង​កន្ទុយ​ចម្បង​ អាច​ជា​លំហូរ​នៃ​​ឧស្ម័ន​អេល្យូម​ចាស់​ ដែល​ត្រូវ​បាន​បំភាយ​ចេញ​ពី​បរិយាកាស​របស់​ HAT-P-32b​។ ភព​ HAT-P-32b មាន​ចម្ងាយ​ពីផែនដី​ប្រហែល 950 ឆ្នាំ​ពន្លឺ​។

  • រ៉ូបូត​ឥណ្ឌាចាប់​ផ្ដើម​«ដេកចាំព្រះ​អាទិត្យ» នៅ​លើ​ឋាន​ព្រះ​ចន្ទ

    រ៉ូបូត​ឥណ្ឌាចាប់​ផ្ដើម​«ដេកចាំព្រះ​អាទិត្យ» នៅ​លើ​ឋាន​ព្រះ​ចន្ទ

    អង្គការ​ស្រាវជ្រាវ​អវកាស​ឥណ្ឌា (ISRO) ប្រកាស​ថា រ៉ូបូត​ Pragyan សម្រេច​បាន​បេសក​កម្ម​ដើរ​លើ​ដី​ឋាន​ព្រះ​ចន្ទ និង​ប្ដូរ​មក​របប​ដេក​វិញ ក្រោយ​ការ​ចុះ​ចត​បាន​ជិត​ពីរ​សប្ដាហ៍​នៅក្បែរ​​ប៉ូល​ខាង​ត្បូង​។

    បណ្ដា​ឧបករណ៍​នៅ​លើ​រ៉ូបូត​ Pragyan ត្រូវ​បាន​បិទ​ ហើយ​ទិន្នន័យ​ដែល​វា​ប្រមូល​បាន​​ក៏​ត្រូវ​បាន​បញ្ជូន​មក​កាន់​ផែនដី​តាម​រយៈ​ស្ថានីយ​ចុះ​ចត​ Vikram។ តាម​ផែនការ ទាំង​រ៉ូបូត​ Pragyan ទាំង​ស្ថានីយ​ Vikram របស់​បេសកកម្ម Chandrayaan-3 នឹង​ធ្វើសកម្មភាព​ត្រឹម​តែ​មួយ​ថ្ងៃ​នៃ​ឋាន​ព្រះ​ចន្ទ​ ដែល​ស្មើ​នឹង​ 14 ថ្ងៃ​នៅ​លើផែនដី​។ នេះ​បើ​តាម ABC News

    «រ៉ូបូត​សម្រេច​បាន​បេសក​កម្ម​ដែល​បាន​ប្រគល់។ បច្ចុប្បន្ន វា​បាន​ឈប់​ដំណើរ​ការ និង​ស្ថិត​ក្នុង​របប​ដេក​នៅ​ពេល​ពន្លឺ​​ថ្ងៃ​នៅ​ប៉ូល​ខាង​ត្បូង​ត្រូវ​បាន​បិទ» ISRO ប្រកាស​កាល​ពី​ថ្ងៃទី 02 កញ្ញា​ដូច្នេះ​។

    យោង​តាម ISRO ពេល​នេះ ថ្ម​របស់​វា​មាន​ថាមពល​ពេញ​។ ផ្ទាំងសូឡា​ត្រូវ​បាន​បង្វែរ​ទិស​ដើម្បី​ទទួល​យក​ពន្លឺ​នៅពេល​មាន​ថ្ងៃ​រះ​បន្ទាប់​ ដែល​គ្រោង​នឹង​កើត​ឡើង​នៅ​ថ្ងៃទី 22 កញ្ញា 2023​។ ប្រព័ន្ធ​ប្រមូល​រលក​សញ្ញា​បន្ត​ធ្វើ​សកម្មភាព​។ សង្ឃឹម​ថា រ៉ូបូត​អាច​ភ្ញាក់​ដឹង​ខ្លួន​ដោយ​ជោគ​ជ័យ​ដើម្បី​បំពេញ​បេសក​កម្ម​ថ្មី​។

  • ឥណ្ឌា​បាញ់​បង្ហោះ​យាន​អវកាស​ស្រាវជ្រាវ​ព្រះអាទិត្យ​ដោយ​ជោគ​ជ័យ

    ឥណ្ឌា​បាញ់​បង្ហោះ​យាន​អវកាស​ស្រាវជ្រាវ​ព្រះអាទិត្យ​ដោយ​ជោគ​ជ័យ

    អង្គការ​ស្រាវជ្រាវអវកាស​ឥណ្ឌា (ISRO) បាន​បាញ់​បង្ហោះ​យាន​ស្រាវ​ជ្រាវ​ព្រះ​អាទិត្យ Aditya-L1 ចេញ​ពី​មជ្ឈមណ្ឌល​អវកាស Satish Dhawan បាន​ដោយ​ជោគ​ជ័យ កាលពី​វេលា​ម៉ោង 13 និង 20 នាទី ថ្ងៃទី 02 កញ្ញា (ពេលវេលា​នៅ​កម្ពុជា)​។

    ការ​បាញ់បង្ហោះ​នេះ​នឹង​នាំ​យក​យាន Aditya-L1 ឡើង​ទៅ​កាន់​គន្លង​តារា​វិថី​កម្រិត​ទាប​របស់​ផែនដី​។ ក្រោយ​មក យាន​នេះ​នឹង​បញ្ឆេះ​ម៉ាស៊ីន​រ៉ុក្កែត​ហោះ​ឆ្ពោះ​ទៅ​កាន់​តំបន់ Lagrange 1 (L1) ដែល​នៅ​ចន្លោះ​ផែនដី និង​ព្រះអាទិត្យ​។ ពី Lagrange L1 យាន Aditya-L1 ​អាច​សង្កេតស្រាវ​ជ្រាវ​ព្រះ​អាទិត្យ​បាន​ដោយ​មិន​មាន​ការ​រំខាន​ពី​ឧបសគ្គ​នានា​ដែល​រា​រាំងចក្ខុវិស័យ​របស់​វា​។

    បេសកកម្ម​នេះ​មាន​គោលដៅ​វិទ្យាសាស្ត្រ​ជា​ច្រើន​ រួម​មាន​ការ​ស្វែង​យល់​អំពី​អាថ៌កំបាំង​នៃ​សីតុណ្ហភាព​លើ​ព្រះអាទិត្យ ការ​សង្កេត​មើល​អាកាសធាតុ​របស់​ព្រះអាទិត្យ រួម​នឹង​ការ​ស្រាវជ្រាវ​អំពី​រង្វង់​ដែន​ទំនាញ​នៃ​បាតុភូត​ជះរស្មី​ជុំវិញ​ព្រះអាទិត្យ​។ល។

  • បេសកកម្ម​ស្រាវ​ជ្រាវ​ព្រះ​អាទិត្យ​ដំបូង​របស់​ឥណ្ឌា​នឹង​ចាប់​ផ្ដើម​ពី​ថ្ងៃ​ស្អែក

    បេសកកម្ម​ស្រាវ​ជ្រាវ​ព្រះ​អាទិត្យ​ដំបូង​របស់​ឥណ្ឌា​នឹង​ចាប់​ផ្ដើម​ពី​ថ្ងៃ​ស្អែក

    បេសកកម្ម​ស្រាវ​ជ្រាវ​ព្រះ​អាទិត្យត្រូវ​បាន​ធ្វើ​ឡើង​ភ្លាម​ៗ​បន្ទាប់​ពី​ជើង​ហោះ​ហើរ​ទៅ​ចុះ​ចត​លើ​ឋាន​ព្រះ​ចន្ទ​របស់​ឥណ្ឌា​បាន​ទទួល​ជោគ​ជ័យ​។ ស្ថានីយ​សង្កេត​ Aditya-L1 ត្រូវ​បាន​ដឹក​ទៅ​ដល់​ទីតាំង​បាញ់​បង្ហោះ​​លើ​កោះ Sriharikota នៅ​លើ​ឆ្នេរសមុទ្រ​ភាគ​ខាង​កើត​នៃ​ប្រទេស​ឥណ្ឌា​ ហើយ​នឹង​បាញ់​បង្ហោះ​នៅ​ថ្ងៃទី 02 ខែ​កញ្ញា​ ឆ្នាំ 2023​។

    អង្គការ​ស្រាវ​ជ្រាវ​អវកាស​ឥណ្ឌា (ISRO) បាន​ប្រកាស​អំពី​ថ្ងៃ​បាញ់​បង្ហោះ​ខាងលើ​​នៅ​លើ​ Twitter ក្រោយ​ពី​បាន​ចែក​រំលែក​រូប​ថត​មួយ​ចំនួន​ស្ដី​ពី​​យាន​អវកាស​ Aditya-L1 (Aditya ក្នុង​ភាសា​សំស្ក្រឹត​មាន​ន័យ​ថា ព្រះ​អាទិត្យ) ​កាល​ពី​ថ្ងៃទី 13 សីហា​។

    ក្រុម​អ្នក​វិទ្យា​សាស្ត្រ​បាន​ដឹង​តិចតួច​អំពី​អ្វី​ដែល​បាន និង​កំពុង​កើត​ឡើង​នៅ​លើ​ព្រះ​អាទិត្យ​ មុន​ពេល​វា​បញ្ចេញ​ពន្លឺ​ និង​ពពក​ប្លាស្មា​ដ៏មហិមា​ទៅ​កាន់​ទី​អវកាស​។ល។ សហគមន៍​អ្នក​ស្រាវ​ជ្រាវ​​សង្ឃឹម​ថា Aditya-L1 នឹង​ផ្ដល់​តម្រុយ​អំពី​អាថ៌កំបាំង​នានា​នៅ​លើ​ព្រះ​អាទិត្យ​។

    យាន​ Aditya-L1 គ្រោង​នឹង​ហោះ​ឡើង​ជាមួយ​នឹង​រ៉ុក្កែត​មួយ​គ្រឿង​ដែល​នឹង​នាំ​វា​ទៅ​កាន់​គន្លង​គោចរ​ស្ថិរភាព​នៅ​ជុំវិញ​ផែនដី មុន​នឹង​ហោះសំដៅ​ទីតាំង​ក្នុង​អវកាស​ដែល​មាន​ចម្ងាយ​ពី​ផែនដី​ប្រហែល 1.5 លាន​គីឡូម៉ែត្រ​ ជា​ទី​ដែល​ពុំ​មាន​ឧបសគ្គ​សម្រាប់​ចក្ខុវិស័យ​របស់​យាន​ពេល​សង្កេត​មើល​ព្រះ​អាទិត្យ​។ តំបន់​នេះ​ត្រូវ​បាន​ហៅ​ថា ចំណុច​ Lagrange ផែនដី​-ព្រះ​អាទិត្យ​ 1 ឬ L1 ហើយ​វា​ក៏​ជា​កន្លែង​ដែល​មាន​យាន​ស្រាវ​ជ្រាវ​ព្រះ​អាទិត្យ​របស់​អាម៉េរិក-​អឺរ៉ុប ដែល​បាន​ដំណើរ​ការ​តាំង​ពី​ឆ្នាំ 1996​ ផងដែរ​។

    ស្ថានីយ​ Aditya-L1

    ស្ថានីយ​ Aditya-L1 មាន​តម្លៃ​ 45 លាន​ដុល្លារ​អាម៉េរិក និង​ត្រូវ​បាន​អភិវឌ្ឍ​ក្នុង​រយៈ​ពេល 15​ ឆ្នាំ​។ Aditya-L1 គឺជា​គម្រោង​បាញ់​បង្ហោះ​សំខាន់​ទីពីរ​របស់​ឥណ្ឌា​នៅ​ក្នុង​ឆ្នាំ 2023 នេះ​។ មុន​នោះ យាន​អវកាស Chandrayaan-3 បាន​ចុះ​ចត​លើ​ឋាន​ព្រះ​ចន្ទ​ដោយ​ជោគ​ជ័យ​កាល​ពី​ថ្ងៃទី 23 សីហា 2023​ នាំ​ឱ្យ​ឥណ្ឌា​បាន​ក្លាយ​ជា​ប្រទេស​​ដំបូង​គេ​ដែល​មាន​យាន​ចុះ​ចត​នៅ​ប៉ូល​ខាង​ត្បូង​របស់​ឋាន​រណប​មួយ​នេះ​៕

  • ថ្ងៃ​នេះ​មហា​ចន្ទ​ពេញ​វង់​ «រីក» ធំជាង​គេ​បង្អស់​​ក្នុង​ឆ្នាំ​ 2023

    ថ្ងៃ​នេះ​មហា​ចន្ទ​ពេញ​វង់​ «រីក» ធំជាង​គេ​បង្អស់​​ក្នុង​ឆ្នាំ​ 2023

    បើ​សិន​អាកាសធាតុ​មាន​អំណោយ​ផល​ល្អ នៅ​​ថ្ងៃ​ទី 31 សីហា​នេះ អ្នក​ដែល​ចូល​ចិត្ត​វិស័យ​តារា​សាស្ត្រ​នឹង​មានឱកាស​គយគន់ចន្ទ​ពេញ​បូណ៌មីធំជាង​គេ​បង្អស់​នៅ​ក្នុង​ឆ្នាំនេះ​ បើធៀប​នឹង​ចន្ទ​ពេញ​វង់​ធម្មតា​។

    ឆ្នាំ​ 2023 ត្រូវ​បាន​ចាត់​ទុក​ថា​ជា​ឆ្នាំ​ពិសេស​សម្រាប់​វិស័យ​តារា​សាស្ត្រ​ ដោយ​សារ​មាន​បាតុភូត​ចន្ទ​ពេញ​វង់​ធំជាង​គេ​បង្ហាញ​​ខ្លួន​​ពីរ​ដង​។ បាតុភូត​ចន្ទ​ពេញ​វង់​ធំជាង​គេ​លើក​នេះគឺ​ជា​ចន្ទ​ពេញបូណ៌មី​លើក​ទីពីរ​ក្នុង​ខែ​សីហា​ឆ្នាំ 2023 និង​​ត្រូវ​បាន​គេ​ផ្ដល់​រហ័សនាម​ថា ព្រះ​ចន្ទ​ពណ៌ខៀវ។ មហា​ចន្ទ​ពេញ​វង់​លើក​នេះ​នឹង​មាន​រូប​រាង​ធំជាង​ និង​ភ្លឺ​ជាង​ប្រហែល 7%​ ធៀប​នឹង​ព្រះចន្ទ​ពេញ​វង់​ធម្មតា​។

    មហា​ចន្ទ​ពេញ​វង់​លើក​នេះ​​កើត​ឡើង​នៅ​ថ្ងៃទី 30 និង 31 ខែ​សីហា ប៉ុន្តែ​នឹង​ធំបំផុត​នៅ​វេលា​ម៉ោង 8 និង 35 នាទី ថ្ងៃ​ទី 31 សីហានៅ​កម្ពុជា។ ថ្វី​បើ​នេះ​មិន​មែន​ជា​ពេល​វេលា​ល្អ​សម្រាប់​ការ​គយគន់ ប៉ុន្តែ​ប្រជាជន​នៅ​កម្ពុជា​អាច​មើល​ព្រះ​ចន្ទ​ពេញ​វង់​ពិសេស​នេះ​នៅពេល​យប់​ តែ​ពន្លឺ​របស់​វា​នឹង​ថយ​ចុះ​បន្តិច​ធៀប​នឹង​វេលា​ខាង​លើ។

    បាតុភូតចន្ទពេញវង់ធំជាងគេលើកនេះ ត្រូវបានគេផ្ដល់រហ័សនាមថា ព្រះចន្ទពណ៌ខៀវ

    មហា​ចន្ទ​​ពេញ​វង់​កើត​ឡើង​នៅ​ពេល​ព្រះ​ចន្ទ​​ពេញ​បូណ៌មី​ និង​​ស្ថិត​នៅ​ក្បែរ​ផែនដី​បំផុត។ ​គន្លង​តារាវិថី​​របស់​ព្រះ​ចន្ទ​ជុំវិញ​ផែនដី​មាន​រាង​ដូច​ពង​ក្រពើ​ ដូច្នេះ​ជា​រៀង​រាល់​ខែ​ ព្រះចន្ទ​តែង​តែ​គោចរ​ឆ្លង​កាត់​តំបន់​ជិត​ផែនដី​បំផុត​ និង​តំបន់​ឆ្ងាយ​ពី​ផែនដី​បំផុត​។

    ព្រះ​ចន្ទ​ពេញបូរណ៌មី​​លើក​ទី​ពីរ​ក្នុង​ខែ​សីហានេះ គឺជា​មហា​ចន្ទ​ពេញ​វង់​ទីបី​​ និង​ស្ថិត​នៅ​ជិត​ផែនដី​បំផុត​​ក្នុង​ចំណោម​មហា​ចន្ទ​​ពេញ​វង់​ទាំង​បួន​ក្នុង​ឆ្នាំ 2023​៕

  • ​​​​​ឥណ្ឌា​នឹង​បង្ហោះ​យាន​អវកាសទៅ​​ស្រាវជ្រាវ​ព្រះ​អាទិត្យ​ឆាប់​ៗ​នេះ

    ​​​​​ឥណ្ឌា​នឹង​បង្ហោះ​យាន​អវកាសទៅ​​ស្រាវជ្រាវ​ព្រះ​អាទិត្យ​ឆាប់​ៗ​នេះ

    បន្ទាប់​ពី​បាន​ចុះ​ចត​លើ​ឋាន​ព្រះចន្ទ​ដោយ​ជោគ​ជ័យ ឥណ្ឌា​ក៏​បាន​កំណត់​កាល​បរិ​ច្ឆេទ​សម្រាប់​ការ​អនុវត្ត​បេសក​កម្ម​អវកាស​បន្ទាប់​ នោះ​គឺជា​ការ​ស្រាវ​ជ្រាវ​ព្រះ​អាទិត្យ​។​

    យោង​តាម​អង្គការ​ស្រាវ​ជ្រាវ​អវកាស​ឥណ្ឌា (ISRO) យាន​អវកាស Aditya-L1 ដែលជា​ស្ថានីយ​សង្កេត​តារា​ជំនាញ​ខាង​ស្រាវ​ជ្រាវ​ព្រះ​អាទិត្យ​ដំបូង​របស់​ឥណ្ឌា បាន​ត្រៀម​ខ្លួន​រួច​រាល់​ដើម្បី​ហោះ​ឡើង​ពី​ព្រលាន​យាន​អវកាសក្នុង​តំបន់ Sriharikota ​របស់​ប្រទេស​នេះ​។ «យើង​គ្រោង​បាញ់បង្ហោះ​នៅ​សប្ដាហ៍​ដំបូង​របស់​ខែ​កញ្ញា» Reuters កាល​ពី​ថ្ងៃទី 28 សីហា​បាន​ដកស្រង់​សម្ដី​របស់​ប្រធាន ISRO ឱ្យ​ដឹង​ដូច្នេះ​។

    យាន Aditya-L1 មាន​ភារកិច្ច​ស្រាវ​ជ្រាវ​ខ្យល់ព្រះអាទិត្យ ជា​បាតុភូត​ដែល​អាច​ជះឥទ្ធិពល​ដល់​ផែនដី​ និង​តែង​តែ​ធ្វើ​ឱ្យ​មាន​ពន្លឺ​អូរ៉ូរ៉ា​នៅ​លើ​ផែនដី​។ ទិន្នន័យ​ពី​យាន​របស់​ឥណ្ឌានេះ​នឹងជួយ​ឱ្យ​អ្នក​វិទ្យា​សាស្ត្រ​យល់​ច្បាស់​បន្ថែម​ទៀត​អំពី​ឥទ្ធិពល​របស់​ព្រះ​អាទិត្យ​មក​លើ​​អាកាសធាតុ​របស់​ផែនដី​។

    យាន Aditya-L1 បានត្រៀមខ្លួនរួចហើយ

    រ៉ុក្កែត PSLV របស់​ឥណ្ឌា នឹង​នាំ​យាន Aditya-L1 ឡើង​ទៅ​កាន់​ទីអវកាស។ យាន​នេះ​នឹង​ហោះ​ហើរ​ 1.5 លាន​គីឡូម៉ែត្រ​ក្នុង​រយៈ​ពេល​ប្រហែល​បួន​ខែ​ មុន​នឹង​ទៅ​ដល់​គន្លង​គោចរ​ជុំវិញ​ចំណុច​ Lagrange 1 (L1) ជា​ទី​ដែល​វត្ថុ​ហោះ​ហើរ​នានា​មាន​ទំនោរ​នៅ​ស្ងៀម​ ដោយ​សារ​តែ​តុល្យភាព​ទំនាញ​។

    កាលពី​ឆ្នាំ 2019 ឥណ្ឌា​បាន​អនុម័ត​ថវិកា​ប្រហាក់​ប្រហែល​នឹង 46 លាន​ដុល្លារ​អាម៉េរិក​សម្រាប់ Aditya-L1។ ប៉ុន្តែ បច្ចុប្បន្ន ISRO មិន​ទាន់​ឱ្យ​ដឹង​សេចក្ដី​លំអិត​អំពី​បច្ចុប្បន្ន​ភាព​នៃ​ថវិកា​​សម្រាប់​គម្រោង​នេះ​នៅ​ឡើយ​៕

  • SpaceX នាំ​អ្នក​អវកាស​អន្តរជាតិ​ឡើង​ទៅ​កាន់​ស្ថានីយ ISS

    SpaceX នាំ​អ្នក​អវកាស​អន្តរជាតិ​ឡើង​ទៅ​កាន់​ស្ថានីយ ISS

    រ៉ុក្កែត​ Falcon 9 នាំ​យាន​ Crew Dragon ដែល​ដឹក​អវកាសចរ​ 4​ នាក់​ក្នុង​បេសកកម្ម Crew-7 ពី​មជ្ឈមណ្ឌល​អវកាស Kennedy នៅ​វេលា​ម៉ោង 14 និង 27 នាទី ថ្ងៃទី 26 សីហា (ម៉ោង​នៅ​កម្ពុជា)។

    កំណាត់​ដំបូង​របស់ Falcon 9 បាន​ផ្ដាច់​ខ្លួន​ពី​កំណាត់​ខាង​លើ​បន្ទាប់​ពី​ហោះ​ឡើង​បាន​ប្រហែល 2 នាទី និង 40 វិនាទី​ មុន​ពេល​បញ្ឆេះ​ម៉ាស៊ីន​ហោះ​ត្រលប់​មក​កាន់​ផែនដី​។ ប្រហែល 7.5 នាទី​ក្រោយ​ការ​បាញ់បង្ហោះ កំណាត់​ទីមួយ​ក៏​បាន​ចុះចត​នៅ​មូលដ្ឋាន​នៃ​កងកម្លាំង​អវកាស​ Cape Canaveral ដែល​នៅ​ក្បែរ​មជ្ឈមណ្ឌល​អវកាស Kennedy។

    នេះ​គឺជា​ការ​បាញ់​បង្ហោះ និង​ចុះ​ចត​ដំបូង​របស់​រ៉ុក្កែត​ Falcon 9 គ្រា​ដែល​យាន Crew Dragon មានបទពិសោធន៍​ច្រើន​ជាង​ក្នុង​ការ​នាំ​អវកាសចរ​ឡើង​ទៅ​កាន់​ស្ថានីយ​អវកាស​អន្តរជាតិ (ISS) ក្នុង​បេសកកម្ម Crew-3 និង Crew-5 របស់ SpaceX។

    នេះ​ក៏​ជា​ជើង​ហោះ​ហើរ​នាំ​យក​ក្រុម​អវកាសចរ​​មាន​លក្ខណៈ​អន្តរជាតិ​បំផុត​ដែល​ SpaceX ធ្លាប់​ធ្វើ​ឡើង​។ អ្នក​អវកាស​ 4 រូប​តំណាង​ឱ្យ​ទីភ្នាក់​ងារ​​​អវកាស​ផ្សេង​ៗ​គ្នា​ចំនួន​ 4 ស្ថាប័ន​។ ប្រធាន​បេសកកម្ម Crew-7 គឺជា​​អ្នក​អវកាស​របស់​ណាសា អ្នក​ស្រី Jasmin Moghbeli។ នេះ​គឺជា​ជើង​ហោះ​ហើរ​ទៅកាន់​អវកាស​លើក​ដំបូង​របស់​ Moghbeli។ អ្នក​ស្រី​គឺជា​ពលរដ្ឋ​អាម៉េរិក​ដើម​កំណើត​អ៊ីរ៉ង់ទីពីរ​ដែល​បាន​ហោះ​ទៅ​ទីអវកាស​​ បន្ទាប់​ពី ​Anousheh Ansari។

    សមាជិក​ 3 រូប​ផ្សេ​ងទៀត​របស់​ក្រុម​ហោះ​ហើរ​ Crew-7 រួម​មាន​ Andreas Mogensen ដែល​ជា​អ្នក​អវកាស​ជនជាតិ​ដាណឺម៉ាក មក​ពី​ទីភ្នាក់​ងារ​អវកាស​អឺរ៉ុប (ESA), Satoshi Furukawa របស់​ទីភ្នាក់​ងារ​អវកាស​ជប៉ុន (JAXA) និង Konstantin Borisov មក​ពី​ Roscosmos របស់​រុស្ស៊ី​។

    Crew-7 គឺជា​បេសកកម្ម​​មាន​អវកាសចរ​លើក​ទី ៨ ដែល​ SpaceX អនុវត្ត​ឱ្យ​ណាសា និង​ជា​បេសកកម្ម​មាន​អ្នក​អវកាស​លើក​ទី​ 11 របស់​ក្រុម​ហ៊ុន SpaceX។

    អ្នក​អវកាស​ 4 រូប​របស់ Crew-7 ឡើង​ដល់​ ISS វេលា​ម៉ោង 19 និង 50 នាទី​ ក្នុង​ថ្ងៃ​បាញ់​បង្ហោះ​ ហើយ​ក្រោយ​មក​នឹង​ចាប់​ផ្ដើម​ធ្វើ​ការ​លើ​ស្ថានីយ​អវកាស​អន្តរជាតិ​រយៈ​ពេល 6​ ខែ​។ ប្រហែល 5 ថ្ងៃ​បន្ទាប់​ពី Crew-7 ឡើង​ដល់​ ISS ក្រុម Crew-6 នឹង​ចាកចេញ​ពី​ស្ថានីយ​នេះដើម្បី​ត្រលប់​មក​កាន់​ផែនដី​៕

  • ផ្កាយ​ដុះ​កន្ទុយ​ដែល​​​មិន​ធ្លាប់​បាន​ដឹងពី​មុន នឹង​បង្ហាញ​ខ្លួន​ឱ្យ​មនុស្ស​គយគន់​ឆាប់​ៗ​នេះ

    ផ្កាយ​ដុះ​កន្ទុយ​ដែល​​​មិន​ធ្លាប់​បាន​ដឹងពី​មុន នឹង​បង្ហាញ​ខ្លួន​ឱ្យ​មនុស្ស​គយគន់​ឆាប់​ៗ​នេះ

    នៅ​ក្នុង​ប៉ុន្មាន​ថ្ងៃ​ចុង​ក្រោយ​របស់​ខែ​សីហា និង​ដើម​ខែ​កញ្ញា 2023 ដុំបាល់​ភ្លើង​ពណ៌​ខៀវ​ដ៏​ចម្លែក​នឹងបង្ហាញ​ខ្លួន ​ភ្លឺ​ច្បាស់​ពេល​មើល​ពី​ផែនដី​។ នេះ​គឺជា​លើក​ដំបូង ហើយ​អាច​ជា​លើក​ចុង​ក្រោយ​ដែល​មនុស្ស​អាច​មើល​ឃើញ​វា​ដោយ​ភ្នែក​​ទទេ​។

    យោង​តាម​ Sky & Telescope ដុំបាល់​ភ្លើង​ពណ៌​ខៀវ​នេះ​គឺជា​ផ្កាយ​ដុះ​កន្ទុយ​ C/2023 P1 Nishimura ឬ​ហៅ​ថាផ្កាយ​ដុះ​កន្ទុយ​ Nishimura​ ដែល​ទើប​ត្រូវ​បាន​អ្នកចូល​ចិត្ត​​តារា​សាស្ត្រ​​ជនជាតិ​ជប៉ុន​ប្រទះ​ឃើញ​លើក​ដំបូង​កាល​ពី​ថ្ងៃទី 12 សីហា​ 2023​។

    ពន្លឺ​របស់​ផ្កាយ​ដុះ​កន្ទុយ C/2023 P1 Nishimura ​កើន​ឡើង​ជា​បន្ត​បន្ទាប់​ក្នុង​ពេល​វា​ហោះ​សំដៅ​មក​កាន់​ព្រះ​អាទិត្យ​ ហើយ​វា​ក៏​កាន់​តែ​មក​ក្បែរ​ផែនដី​។

    (រូបខាង​ក្រោម) គន្លង​គោចរ​របស់​ផ្កាយ​ដុះកន្ទុយ Nishimura (ពីឆ្វេង​មក​ស្ដាំ) ក្នុង​អំឡុង​ពេល​ដែល​អាច​មើល​ឃើញ​ដោយ​កែវយឹត​ (22 សីហា ដល់ 18 ឬ 20 កញ្ញា) ក្នុង​នោះ​ មាន​ថ្ងៃ​ខ្លះ​អាច​មើល​ឃើញ​ដោយ​ភ្នែក​ទទេ​។ វា​នឹង​ផ្លាស់​ទី​ពី​កញ្ចុំ​ផ្កាយ​ Gemini ឆ្លង​កាត់​ Cancer, Leo និង​ឆ្ពោះ​ទៅ​កាន់​កញ្ចុំ​ផ្កាយ Virgo។

    អ្នក​ជំនាញ​របស់ Sky & Telescope ព្យាករ​ថា មនុស្ស​អាច​មើល​ឃើញ​ផ្កាយ​ដុះ​កន្ទុយ​នេះ​ដោយ​ភ្នែក​ទទេ​ចាប់​ពី​ចុង​ខែ​សីហា ខណៈ​ដែល​ណាសា​យល់​ថា អំឡុង​ពេល​ដែល​ល្អ​បំផុត​សម្រាប់​ការ​គយគន់​ដុំ​បាល់​ភ្លើង​ខៀវ​នេះ ​គឺ​នៅ​ដើម​ខែ​កញ្ញា​ នៅ​ពេល​ថ្ងៃ​រះ ឬ​ថ្ងៃ​លិច​។

    ក្រុម​អ្នក​ជំនាញ​និយាយ​ថា ផ្កាយ​ដុះ​កន្ទុយ​ Nishimura ​នឹង​មាន​ពន្លឺ​ថយ​ចុះ​ជា​បន្ត​បន្ទាប់​ ហើយ​នឹង​មិន​អាច​មើល​ឃើញ​ចាប់​ពី​ថ្ងៃទី 5 កញ្ញា​ មុន​នឹង​ហោះ​ដល់​ចំណុច​ក្បែរ​ព្រះ​អាទិត្យ​បំផុត​ ហើយ​ក៏​​​អាច​ជា​ទី​អវសាន​របស់​វា​ នៅ​ថ្ងៃទី 18 កញ្ញា 2023​៕

  • ចន្ទពេញ​វង់​ធំជាងគេបង្អស់​​ប្រចាំឆ្នាំ​ 2023 ជិត​បង្ហាញ​ខ្លួន

    ចន្ទពេញ​វង់​ធំជាងគេបង្អស់​​ប្រចាំឆ្នាំ​ 2023 ជិត​បង្ហាញ​ខ្លួន

    ចន្ទ​ពេញ​បូណ៌មីថ្ងៃ​ទី​ 30 សីហា នឹង​ស្ថិត​នៅ​ក្បែរ​ផែនដីបំផុត​ ហើយ​បង្កើត​បាន​ជា​ចន្ទ​ពេញ​វង់​​មាន​ពន្លឺភ្លឺ​ជាង​គេ​​បង្អស់​នៅ​ក្នុង​ឆ្នាំ​ 2023​ ដែល​យើងសូម​​ហៅ​ថា «មហា​ចន្ទ»។

    ចន្ទ​ពេញ​វង់​ដ៏ធំ និង​ភ្លឺ​បំផុត​ប្រចាំ​ឆ្នាំ 2023 ដែល​នឹង​រះ​នៅយប់​​ថ្ងៃទី 30 សីហា ត្រូវ​បាន​គេ​ដាក់​​រហ័សនាម​ថា «ព្រះ​ចន្ទ​ខៀវ»។ នេះ​គឺជា​លទ្ធផល​ដែល​កើត​ឡើង​ដោយ​សារ​បាតុភូត​ព្រះ​ចន្ទ​បី​កើត​ឡើង​ក្នុង​ពេល​ដំណាល​គ្នា​។ យោង​តាម​ Live Science រហ័សនាម​ «ព្រះចន្ទ​ខៀវ» មិន​ជាប់​ទាក់ទង​នឹង​ពណ៌​របស់​ព្រះ​ចន្ទ​នោះទេ ប៉ុន្តែ​នេះ​កើត​ចេញ​ពី​ការ​ពិត​ដែល​ថា វា​ជា​ចន្ទ​ពេញ​បូណ៌មី​លើក​ទីពីរ​ក្នុង​ខែ​សីហា។ នេះ​គឺ​ជា​លើក​ទីពីរ​ដែល​មហា​ចន្ទ​​បង្ហាញ​ខ្លួន​ក្នុង​ខែ​តែ​មួយ​ (យប់​ថ្ងៃ​ទី 01 សីហា និង​ទៀបភ្លឺ​ថ្ងៃ​ទី 31 សីហា 2023)​។

    «ព្រះចន្ទ​ខៀវ» មាន​ពីរ​ប្រភេទ ក្នុង​នោះ​ មួយ​ប្រភេទ​កើត​ឡើង​ទៅ​តាម​ប្រតិទិនដែល​បង្ហាញ​ខ្លួន​ពី​ពីរ​ទៅ​បី​ឆ្នាំ​ម្ដង។ ប្រភេទ​ទីពីរ​គឺ​កើត​ឡើង​ទៅ​តាម​រដូវ​ ដោយ​​កើត​ឡើង​នៅ​ពេល​ឆ្នាំ​សូរិយាគតិ​មាន​ចន្ទ​ពេញ​វង់ 13 ដង មិន​មែន​ 12 ដង​ដូច​ធម្មតា​។

    មហា​ចន្ទ​​កើត​ឡើង​នៅ​ពេល​វា​ពេញ​បូណ៌មី​ ហើយ​ស្ថិត​នៅ​ក្បែរ​ផែនដី​បំផុត។ ​គន្លង​តារាវិថី​​របស់​ព្រះ​ចន្ទ​ជុំវិញ​ផែនដី​មាន​រាង​ដូច​ពង​ក្រពើ​ ដូច្នេះ​ជា​រៀង​រាល់​ខែ​ ព្រះចន្ទ​តែង​តែ​គោចរ​ឆ្លង​កាត់​តំបន់​ជិត​ផែនដី​បំផុត​ និង​តំបន់​ឆ្ងាយ​ពី​ផែនដី​បំផុត​។

    ចន្ទ​ពេញបូរណ៌មី​​លើក​ទី​ពីរ​ក្នុង​ខែ​សីហា គឺជា​មហា​ចន្ទ​ទីបី​​ និង​ស្ថិត​នៅ​ជិត​ផែនដី​បំផុត​​ក្នុង​ចំណោម​មហា​ចន្ទ​ទាំង​បួន​ក្នុង​ឆ្នាំ 2023​។