យានអវកាស SpaceX ដឹក​អ្នក​អវកាស​បួន​រូប​ចុះចត​លើ​សមុទ្រ​ដោយ​សុវត្ថិភាព

យាន Dragon បាន​ចុះចត​ដោយ​ជោគ​ជ័យ​លើ​តំបន់​សមុទ្រ​ Jacksonville រដ្ឋ Florida សហរដ្ឋ​អាម៉េរិក​ កាល​ពី​ព្រឹក​ម្សិលមិញ​។

យាន​អវកាស Dragon ដឹក​ក្រុម​​អវកាស​ចរ​ Crew-6 ដែល​រួម​មាន​ Stephen Bowen និង​ Warren “Woody” Hoburg (អាម៉េរិក), Sultan AlNeyadi (អេមីរ៉ាត​អារ៉ាប់រួម), Andrey Fedyaev (រុស្ស៊ី) បាន​ចុះ​ចត​លើ​មហា​សមុទ្រ​អាត្លង់ទិក នៅ​វេលា​ម៉ោង​ 11 និង 17 នាទី ថ្ងៃទី 04 កញ្ញា (ពេលវេលា​នៅ​កម្ពុជា​)​។

«យើង​បាន​ចេញ​ដើរ​ក្នុង​អវកាស​បី​លើក ជួយ​យាន​ដឹក​ទំនិញ​ Cygnus មួយ​គ្រឿង​ចូល​ចត​នៅ​ស្ថានីយអវកាស​អន្តរជាតិ (ISS)។ យើង​ក៏​ធ្វើ​កិច្ច​ការ​ថែ​ទាំ​ជា​ច្រើន​ទៀត ហើយ​សង្ឃឹម​ថា ពេលយើង​ចាក​ចេញ ស្ថានីយ​នឹង​ប្រសើរ​ឡើង​​មុន​បន្តិច​ធៀប​នឹង​កាល​ពី​ពេល​ទើប​មក​» Warren ថ្លែង​ដូច្នេះ​។

យាន Dragon បាន​ផ្ដាច់​ចេញ​ពី ISS កាល​ពី​វេលា​ម៉ោង 16 និង 05 នាទី ថ្ងៃទី 03 កញ្ញា​។ ការ​វិល​ត្រលប់​របស់​ក្រុម​ Crew-6 នេះ ក៏​បាន​បញ្ចប់​បេសកកម្ម​អវកាស 186 ថ្ងៃ​របស់​ពួក​គេ​។ កប៉ាល់​របស់​ SpaceX ដែល​ត្រូវ​បាន​ដាក់​ពង្រាយ​នៅ​ក្បែរ​ទីតាំង​ចុះចត បាន​នាំ​យក​យាន​អវកាស​ រួម​នឹង​អវកាសចរ​ឡើង​គោក​ដោយ​សុវត្ថិភាព​។

ក្រោយ​ពី​ក្រុម​ Crew-6 ត្រលប់​មក​កាន់​ផែនដី ​លើ​ ISS ​នៅ​សល់​អវកាសចរ​ 7 នាក់​ រួម​មាន​ អ្នក​អវកាស​របស់​អាម៉េរិក អឺរ៉ុប ជប៉ុន និង​រុស្ស៊ី​។ យាន​ Soyuz MS-23 របស់​រុស្ស៊ី​គ្រោង​នឹង​ដឹក​អ្នក​អវកាស​ 3 រូប​ ត្រលប់មក​កាន់​ផែនដី​នៅ​ចុង​ខែ​កញ្ញា​ 2023​៕

Advertisement