ផ្កាយ​ដុះ​កន្ទុយ​ដែល​​​មិន​ធ្លាប់​បាន​ដឹងពី​មុន នឹង​បង្ហាញ​ខ្លួន​ឱ្យ​មនុស្ស​គយគន់​ឆាប់​ៗ​នេះ

នៅ​ក្នុង​ប៉ុន្មាន​ថ្ងៃ​ចុង​ក្រោយ​របស់​ខែ​សីហា និង​ដើម​ខែ​កញ្ញា 2023 ដុំបាល់​ភ្លើង​ពណ៌​ខៀវ​ដ៏​ចម្លែក​នឹងបង្ហាញ​ខ្លួន ​ភ្លឺ​ច្បាស់​ពេល​មើល​ពី​ផែនដី​។ នេះ​គឺជា​លើក​ដំបូង ហើយ​អាច​ជា​លើក​ចុង​ក្រោយ​ដែល​មនុស្ស​អាច​មើល​ឃើញ​វា​ដោយ​ភ្នែក​​ទទេ​។

យោង​តាម​ Sky & Telescope ដុំបាល់​ភ្លើង​ពណ៌​ខៀវ​នេះ​គឺជា​ផ្កាយ​ដុះ​កន្ទុយ​ C/2023 P1 Nishimura ឬ​ហៅ​ថាផ្កាយ​ដុះ​កន្ទុយ​ Nishimura​ ដែល​ទើប​ត្រូវ​បាន​អ្នកចូល​ចិត្ត​​តារា​សាស្ត្រ​​ជនជាតិ​ជប៉ុន​ប្រទះ​ឃើញ​លើក​ដំបូង​កាល​ពី​ថ្ងៃទី 12 សីហា​ 2023​។

ពន្លឺ​របស់​ផ្កាយ​ដុះ​កន្ទុយ C/2023 P1 Nishimura ​កើន​ឡើង​ជា​បន្ត​បន្ទាប់​ក្នុង​ពេល​វា​ហោះ​សំដៅ​មក​កាន់​ព្រះ​អាទិត្យ​ ហើយ​វា​ក៏​កាន់​តែ​មក​ក្បែរ​ផែនដី​។

(រូបខាង​ក្រោម) គន្លង​គោចរ​របស់​ផ្កាយ​ដុះកន្ទុយ Nishimura (ពីឆ្វេង​មក​ស្ដាំ) ក្នុង​អំឡុង​ពេល​ដែល​អាច​មើល​ឃើញ​ដោយ​កែវយឹត​ (22 សីហា ដល់ 18 ឬ 20 កញ្ញា) ក្នុង​នោះ​ មាន​ថ្ងៃ​ខ្លះ​អាច​មើល​ឃើញ​ដោយ​ភ្នែក​ទទេ​។ វា​នឹង​ផ្លាស់​ទី​ពី​កញ្ចុំ​ផ្កាយ​ Gemini ឆ្លង​កាត់​ Cancer, Leo និង​ឆ្ពោះ​ទៅ​កាន់​កញ្ចុំ​ផ្កាយ Virgo។

អ្នក​ជំនាញ​របស់ Sky & Telescope ព្យាករ​ថា មនុស្ស​អាច​មើល​ឃើញ​ផ្កាយ​ដុះ​កន្ទុយ​នេះ​ដោយ​ភ្នែក​ទទេ​ចាប់​ពី​ចុង​ខែ​សីហា ខណៈ​ដែល​ណាសា​យល់​ថា អំឡុង​ពេល​ដែល​ល្អ​បំផុត​សម្រាប់​ការ​គយគន់​ដុំ​បាល់​ភ្លើង​ខៀវ​នេះ ​គឺ​នៅ​ដើម​ខែ​កញ្ញា​ នៅ​ពេល​ថ្ងៃ​រះ ឬ​ថ្ងៃ​លិច​។

ក្រុម​អ្នក​ជំនាញ​និយាយ​ថា ផ្កាយ​ដុះ​កន្ទុយ​ Nishimura ​នឹង​មាន​ពន្លឺ​ថយ​ចុះ​ជា​បន្ត​បន្ទាប់​ ហើយ​នឹង​មិន​អាច​មើល​ឃើញ​ចាប់​ពី​ថ្ងៃទី 5 កញ្ញា​ មុន​នឹង​ហោះ​ដល់​ចំណុច​ក្បែរ​ព្រះ​អាទិត្យ​បំផុត​ ហើយ​ក៏​​​អាច​ជា​ទី​អវសាន​របស់​វា​ នៅ​ថ្ងៃទី 18 កញ្ញា 2023​៕

Advertisement