Tag: ប្រកាស

  • ដែកវិស​ក្នុង​នាវា​មុជ​ទឹក​ Titan អាច​ជា​ដើម​ហេតុ​នៃ​គ្រោះ​ថ្នាក់​នៅ​បាត​សមុទ្រ

    ដែកវិស​ក្នុង​នាវា​មុជ​ទឹក​ Titan អាច​ជា​ដើម​ហេតុ​នៃ​គ្រោះ​ថ្នាក់​នៅ​បាត​សមុទ្រ

    បណ្ដា​វិស​ដែល​ភ្ជាប់​អេក្រង់​ទូរទស្សន៍​​ទៅ​នឹង​តួ​នាវា​ Titan អាច​ជា​មូលហេតុដែល​នាំ​ឱ្យ​សម្បក​ធ្វើ​អំពី​សរសៃ​កាបូន​ថម​ថយ​កម្លាំង​​ជា​បន្ត​បន្ទាប់​ រហូត​ដល់​ត្រូវ​សម្ពាធ​ទឹក​គាប​បែក​បាក់​ខ្ទេច​ខ្ទី​នៅពេល​ចុះ​ទៅ​មើល​សាក​សព​កប៉ាល់​ Titanic។

    សោកនាដកម្ម​នាវា​មុជ​ទឹក​ Titan ដែល​ត្រូវ​គាប​ផ្ទុះ​បែក​ក្រោម​បាត​មហា​សមុទ្រ​អាត្លង់ទិក​កាល​ពី​ថ្ងៃ​ 23 មិថុនា​ 2023 នាំ​ឱ្យ​មាន​ការ​ចាប់​អារម្មណ៍​ច្រើន​ពី​សំណាក់​ក្រុម​អ្នក​សារព័ត៌មាន​ និង​អ្នក​ជំនាញ​។ ក្រៅ​ពី​ការ​អះអាង​អំពី​កំហុស​ឆ្គង​ក្នុង​ការ​រចនា​ ការ​ផលិត ឬ​មុជ​ជ្រៅ​ជាង​សមត្ថភាព គ្រោះ​ថ្នាក់​​របស់នាវា​ Titan ក៏​នៅ​មាន​ការ​អះអាង​មួយ​ផ្សេង​ទៀត នោះ​គឺ​ ទ្រឹស្តី​បរាជ័យ​ដោយ​សារ​វត្ថុ​ធាតុ (Materials Failure)។

    ព័ត៌មាន​ជា​ច្រើន​បង្ហាញ​ថា ក្រុម​ហ៊ុន​​ OceanGate បាន​កែ​ប្រែ​នាវា Titan ពី​គោល​ដៅ​សម្រាប់​វិទ្យា​សាស្ត្រ​ ទៅ​ជា​ទេសចរណ៍​ដឹក​មនុស្ស​។ រូប​ភាព​ស្ដី​ពី​ដំណើរ​ការ​ផលិត​ដែល​​ក្រុម​ហ៊ុន OceanGate ប្រកាស ​បង្ហាញថា អេក្រង់​ទូរទស្សន៍​ចំនួន​ពីរ​ត្រូវ​បាន​​​ភ្ជាប់​​ដោយ​វិស​ទៅ​នឹង​ជញ្ជាំង​នាវា​ដែល​គ្រប​ដណ្ដប់​ដោយ​សរសៃ​កាបូន​។​

    ខាង​ក្នុង​នាវា​មុជ​ទឹក​ Titan

    នេះ​គឺជា​ប្រការ​ដែល​ត្រូវ​ចៀស​វាង​បំផុត ព្រោះ​ថ្វី​បើ​សរសៃ​កាបូនធុន​ជាង​ដែក​ប្រាំ​ដង ប៉ុន្តែ​ស្រួយ​ជាង​ដែក ហើយ​តែង​ត្រូវ​បាន​លាយ​ជាមួយ​នឹង​កាវ​ resin ដើម្បី​ភ្ជាប់​ទៅ​នឹង​វត្ថុ​ដែល​ត្រូវ​ការ​គ្រប​ដណ្ដប់​។ ដំណើរ​ការ​បិទ​ភ្ជាប់​នេះ​ត្រូវ​បាន​ធ្វើ​ឡើង​​ជា​ស្រទាប់​​​តម្រួត​លើ​គ្នា​។

    ដូច្នេះ រចនា​សម្ព័ន្ធ​សរសៃ​កាបូននៅ​លើ​នាវា Titan ​មិន​មែន​ជា​ទម្រង់​បន្ទះកាបូន​សុទ្ធ​ និង​​តែ​មួយ​ ប៉ុន្តែ​វា​គឺជា​ទម្រង់​ផ្សំ​រវាង​សរសៃ​កាបូន និង​កាវ resin ដែល​ក្រុម​ហ៊ុន OceanGate ហៅ​ថា «carbon fiber  composite»​។

    វត្ថុធាតុ និង​ទ្រង់​ទ្រាយ​របស់​នាវា Titan

    ដោយ​សារ​តែ​ជា​ទម្រង់​ composite ដូច្នេះ​ ក្នុង​រចនា​សម្ព័ន្ធ​សរសៃ​កាបូន​នេះក៏​​មាន​ចន្លោះ​​ប្រហោង​​ល្អិត​ៗ​ដែល​កាវ resin មិន​អាច​លុបបំ​ពេញ​។ OceanGate ថា អត្រា​នៃ​ចន្លោះ​ប្រហោង​នេះ​គឺ​ក្រោម​ 1% ប៉ុន្តែ​តួលេខ​នេះ​មិន​ត្រូវ​បាន​បញ្ជាក់​ច្បាស់​លាស់​។ ភាព​ខុស​គ្នា​រវាង​អត្រា​ចន្លោះ​ប្រហោង​ 0.99% និង 0.0000000000001% អាច​មាន​ឥទ្ធិពល​ធំ​ទៅ​លើ​តួ​ទាំង​មូល​​​ ក៏​ដូច​ជា​ល្បឿន​នៃ​ការ​បែក​បាក់​របស់​វត្ថុ​ធាតុ​។

    បំណែក​របស់​នាវា​ Titan

    ការ​ខួង​ និង​ចាប់​វិស​ភ្ជាប់​អេក្រង់​ទូរទស្សន៍​ទៅ​នឹង​ជញ្ជាំង​នាវា​ នឹង​បង្កើត​ឱ្យ​មាន​ស្នាម​ប្រេះ​តូច​លើ​ផ្ទៃ​ composite ខាង​ក្នុង​នាវា​។ ស្នាម​ប្រេះ​នេះ​ក៏​កាន់​តែ​រីក​ធំ​ទៅ​តាម​ពេល​វេលា និង​ចំនួន​លើក​ដែល​នាវា Titan បាន​ចុះ​ទៅ​បាត​សមុទ្រ​ ដូច​ទៅ​នឹង​ស្នាម​ប្រេះ​លើ​កញ្ចក់​ ហើយ​ក៏​បែក​ខ្ទេច​ភ្លាម​ៗ​​នៅ​ពេល​វា​ទ្រាំ​ទ្រ​នឹង​សម្ពាធ​ទឹក​​លែង​បាន​៕

  • ​ក្រុម​ទាហាន​សេរី​រុស្ស៊ី​គំរាមថា​នឹង​វាយប្រហារ​ចូលទៅ​ដី​រុស្ស៊ី​បន្ត​ទៀត​

    ​ក្រុម​ទាហាន​សេរី​រុស្ស៊ី​គំរាមថា​នឹង​វាយប្រហារ​ចូលទៅ​ដី​រុស្ស៊ី​បន្ត​ទៀត​

    មេបញ្ជាការ​របស់​កង​កម្លាំង​ប្រជា​ការពារ​ដែល​ស្និទ្ធ​នឹង​រដ្ឋាភិបាល​ទីក្រុង​កៀវ បានឱ្យដឹងថា ខ្លួន​នឹង​ឆ្លងដែន​ចូល​វាយប្រហារ​ក្នុង​ទឹកដី​រុស្ស៊ី​នៅ​ប៉ុន្មាន​ខែ​ខាងមុខ ក្រោយពី​បាន​វាយលុក Belgorod កាលពី​ពីរ​ខែ​មុន។

    «នឹងមាន​ការភ្ញាក់ផ្អើល​ក្នុង​ខែ​ខាងមុខ ឬ​យូរ​ជាង​នេះ​បន្តិច។ នេះ​នឹង​ជា​ប្រតិបត្តិការ​សឹក​លើក​ទី​បី​របស់​យើង បន្ទាប់មក​នឹងមាន​លើក​ទី​បួន និង​ទី​ប្រាំ» មេបញ្ជាការ​ក្រុម​ទាហាន​សេរី​រុស្ស៊ី (FRL) Caesar កាលពី​ថ្ងៃទី 08 កក្កដា បានឱ្យដឹង​ដូច្នេះ។

    FRL គឺជា​ទី​ប្រមូលផ្ដុំ​របស់​ជនជាតិ​រុស្ស៊ី​ដែល​ឈរ​ខាង​អ៊ុយ​ក្រែ​ន​នៅក្នុង​សង្គ្រាម និង​ត្រូវបាន​ចាត់ទុកថា​ជា​ផ្នែក​មួយ​របស់​កងទ័ព​អន្តរជាតិ​ដែល​ចូលរួម​ការពារ​អ៊ុយ​ក្រែ​ន។ ក្រុម​នេះ​បាន​វាយលុក​ចូល​ខេត្ត Belgorod នៅ​ភាគ​ខាងលិច​ប្រទេស​រុស្ស៊ី​កាលពី​ខែឧសភា និង​ខែមិថុនា 2023។ កងទ័ព​រុស្ស៊ី ក្រោយមក​ក៏បាន​ប្រកាសថា បាន​វាយ​រុញច្រាន FRL ចេញពី​ទឹកដី។

    FRL មាន​ទីស្នាក់ការ​នៅ​ប្រទេស​អ៊ុយ​ក្រែ​ន និង​មាន​កម្លាំង​ច្រើន​រយ​នាក់។ សារព័ត៌មាន​មួយចំនួន​ថា FRL ធ្វើ​សកម្មភាព​ក្រោម​បញ្ជា​របស់​អ៊ុយ​ក្រែ​ន ប៉ុន្តែ​ទីក្រុង​កៀវ​បាន​ច្រាល​ចោល​ព័ត៌មាន​នេះ ហើយ​ថា ក្រុម​នេះ​គឺជា​ក្រុម​ឯករាជ្យ។

    Caesar ទទួលស្គាល់ថា កងទ័ព​អ៊ុយ​ក្រែ​ន​ជួយ​ក្រុម FRL ប៉ុន្តែ​ក្រុម​នេះ​សម្រេចចិត្ត​ដោយ​ខ្លួនឯង​នៅពេល​សម្រុកចូល​ទឹកដី​រុស្ស៊ី។ Caesar ដែលមាន​ឈ្មោះ​ពិត​ថា Maximillian Andronnikov ធ្លាប់ជា​គ្រូបង្វឹក​ផ្នែក​កាយសម្ព័ន្ធ​នៅ​ប្រទេស​រុស្ស៊ី និង​បានមក​កាន់​ទឹកដី​អ៊ុយ​ក្រែ​ន​នៅពេល​សង្គ្រាម​បាន​ផ្ទុះឡើង​កាលពី​ខែកុម្ភៈ 2022។ Caesar កំពុង​ត្រូវបាន​រុស្ស៊ី​តាម​ចាប់ខ្លួន​ពីបទ​ក្បត់ជាតិ និង​ទោស​ជាច្រើន​ផ្សេងទៀត៕

  • អាម៉េរិកកម្ចាត់មេដឹកនាំជាន់ខ្ពស់របស់ IS នៅប្រទេសស៊ីរី

    អាម៉េរិកកម្ចាត់មេដឹកនាំជាន់ខ្ពស់របស់ IS នៅប្រទេសស៊ីរី

    សហរដ្ឋអាម៉េរិកបានឱ្យដឹងថា បានកម្ចាត់មេដឹកនាំជាន់ខ្ពស់មួយរូបរបស់អង្គការភារវកម្មរដ្ឋអ៊ីស្លាមនៅប្រទេសស៊ីរី ក្រោយពីការវាយប្រហារតាមផ្លូវអាកាសដោយយន្តហោះគ្មានមនុស្សបើក (UAV)។

    ការវាយប្រហារតាមអាកាសកាលពីថ្ងៃទី 07 កក្កដា បានកម្ចាត់ Osam al-Muhajer មេដឹកនាំរបស់ក្រុមដែលហៅខ្លួនឯងថា អង្គការរដ្ឋអ៊ីស្លាម (IS) នៅភាគខាងកើតប្រទេសស៊ីរី។ នេះបើតាមបញ្ជាការដ្ឋានកងទ័ពអាម៉េរិក (CENTCOM) ប្រកាសកាលពីថ្ងៃទី 09 កក្កដា 2023។

    «យើងបាននិយាយយ៉ាងច្បាស់ថា យើងនៅតែសន្យាថាកម្ចាត់ IS ទាំងអស់នៅទូទាំងតំបន់។ IS នៅតែជាការគំរាមកំហែង មិនត្រឹមតែក្នុងតំបន់ ប៉ុន្តែនៅឆ្ងាយជាងនេះទៅទៀត» មេដឹកនាំរបស់ CENTCOM លោក Michael Kurilla បញ្ជាក់ដូច្នេះ។

    យោងតាម CENTCOM ក្នុងការវាយប្រហារខាងលើ ពុំមានជនស៊ីវិលណាម្នាក់បានស្លាប់ ប៉ុន្តែកងកម្លាំងនេះ «កំពុង​វាយតម្លៃរបាយការណ៍អំពីការបាត់បង់ធនធានមនុស្ស»។

    CENTCOM ឱ្យដឹងថា យុទ្ធនាការវាយប្រហារត្រូវបានធ្វើឡើងដោយ UAV MQ-9 Reaper ជាយន្តហោះគ្មានមនុស្សបើកមួយគ្រឿងដែលត្រូវបានយន្តហោះចម្បាំងរុស្ស៊ីរំខានជិតពីរម៉ោងមុននោះ។ រុស្ស៊ីគឺជាសម្ព័ន្ធមិត្តសំខាន់របស់ប្រធានាធិបតីស៊ីរី Bashar al-Assad។

    របាយការណ៍មួយរបស់អង្គការសហប្រជាជាតិកាលពីខែកុម្ភៈ បានឱ្យដឹងថា IS មានសមាជិក និងអ្នកគាំទ្រប្រហែលពី 5,000 ទៅ 7,000 នាក់នៅស៊ីរី និងអ៊ីរ៉ាក់ ក្នុងនោះមានជិតពាក់កណ្ដាលគឺជាខ្មាន់កាំភ្លើង។ ការគំរាមកំហែងពី IS និងសាខារបស់ក្រុមនេះចំពោះសន្តិភាព និងសន្តិសុខអន្តរជាតិគឺមានខ្ពស់ខ្លាំងនៅពាក់ កណ្ដាលចុងឆ្នាំ 2022។

    កាលពីចុងឆ្នាំ 2022 IS ប្រកាសថា បានតែងតាំង Abu al-Hussein al-Husseini al-Quraishi ជាមេដឹកនាំកំពូល បន្ទាប់ពីមេដឹកនាំមុននោះត្រូវបានធ្វើឃាតនៅភាគខាងត្បូងប្រទេសស៊ីរី៕

  • ក្រុមហ៊ុន​គ្រប់គ្រង​នាវា​មុជ​ទឹក​ Titan ផ្អាក​ដំណើរ​ការ​ទាំង​ស្រុង​

    ក្រុមហ៊ុន​គ្រប់គ្រង​នាវា​មុជ​ទឹក​ Titan ផ្អាក​ដំណើរ​ការ​ទាំង​ស្រុង​

    ក្រុមហ៊ុន OceanGate ដែល​គ្រប់គ្រង​កូន​នាវាមុជទឹក Titan បានប្រកាស​បញ្ឈប់​រាល់​សកម្មភាព​ដោយ​មិន​កំណត់​ពេលវេលា ក្រោយពី​មាន​ហេតុការណ៍​គ្រោះថ្នាក់​នៅ​បាតសមុទ្រ​ដែល​បាន​បណ្ដាល​​ឱ្យ​មនុស្ស 5 នាក់​បាត់​បង់ជីវិត។

    «យើង​ផ្អាក​រាល់​សកម្មភាព​ស្វែងយល់ និង​ពាណិជ្ជកម្ម» ក្រុមហ៊ុន OceanGate ដែលមាន​ទីស្នាក់ការ​ក​ណ្ដា​ល​នៅ Everett រដ្ឋ Washington សហរដ្ឋ​អាម៉េរិក ប្រកាស​កាលពី​ថ្ងៃទី 06 កក្កដា​ដូច្នេះ។ ក្រុមហ៊ុន​នេះ​មិនបាន​លើកឡើង​ច្បាស់​អំពី​មូលហេតុ ក៏​ដូច​ជា​​ពេលវេលា​ដែល​ក្រុមហ៊ុន​នេះ​​នឹង​ដំណើរការ​ឡើងវិញ​។

    OceanGate គឺជា​ក្រុមហ៊ុន​ដែល​គ្រប់គ្រង​កូន​នាវាមុជទឹក Titan។ Titan បាន​ដាច់​ទំនាក់ទំនង​ជាមួយ​កប៉ាល់​មេ​កាលពី​ថ្ងៃទី 18 មិថុនា 2023 នៅក្នុង​ដំណើរ​នាំ​មនុស្ស 5 នាក់​ចុះទៅ​ទស្សនា​សាកសព​កប៉ាល់ Titanic ដែល​បាន​លិច​កាលពី​ប្រហែល 111 ឆ្នាំមុន នៅ​បាត​មហាសមុទ្រ​អា​ត្ល​ង់​ទិ​ក ជម្រៅ 3,800 ម៉ែត្រ។ ជនរងគ្រោះ​ត្រូវបាន​គេ​ជឿថា បាន​ស្លាប់ភ្លាមៗ ក្រោយពី​នាវា Titan ត្រូវ​បែកខ្ទេច​ខ្ទី​ដោយសារ​សម្ពាធ​ទឹក។

    នាយក​ប្រតិបត្តិ​របស់ OceanGate លោក Stockton Rush គឺជា​មនុស្ស​ម្នាក់​ក្នុងចំណោម​ជនរងគ្រោះ​ដែល​បាន​ស្លាប់​ក្នុង​ហេតុការណ៍​ខាងលើ។ នៅលើ​នាវា Titan ក៏មាន​មហាសេដ្ឋី​ជនជាតិ​អង់គ្លេស លោក Hamish Harding, អ្នក​ផ្សងព្រេង​ជនជាតិ​បារាំង Paul-Henri Nargeolet, មហាសេដ្ឋី​អង់គ្លេស​ដើមកំណើត​ប៉ា​គិ​ស្ថាន ​លោក Shahzada Dawood និង​កូនប្រុស Suleman។

    ក្រុម​អ្នកជំនាញ​បាន​ប្រមូលយក​បំណែក​សាកសព​ដែល​ត្រូវបាន​គេ​ជឿថា​ជា​របស់​មនុស្ស ពី​បំណែក​នាវា​ដែល​បាន​រកឃើញ​នៅ​បាតសមុទ្រ និង​យកទៅ​កាន់​កំពង់ផែ St. John’s នៅ​ប្រទេស​កាណាដា។ កងកម្លាំង​ល្បាត​ឆ្នេរសមុទ្រ​អាម៉េរិក និង​កាណាដា កំពុង​ស៊ើបអង្កេត​រក​មូលហេតុ​នៃ​គ្រោះថ្នាក់​នេះ៕

  • នាវាមុជទឹក Titan ប្រហែលជា​បាន​រក​វិធី​ងើប​ឡើង​មុនពេល​ត្រូវ​គាប​ខ្ទេច

    នាវាមុជទឹក Titan ប្រហែលជា​បាន​រក​វិធី​ងើប​ឡើង​មុនពេល​ត្រូវ​គាប​ខ្ទេច

    អតីត​ទីប្រឹក្សា​របស់ OceanGate និយាយថា នាវាមុជទឹក Titan បាន​ទម្លាក់ចោល​វត្ថុ​ដែលមាន​ទម្ងន់​ធ្ងន់​ដើម្បី​ងើបឡើង​មកលើ​ផ្ទៃ​ទឹក មុនពេល​ត្រូវបាត់​​ខ្លួន និង​ត្រូវ​គាប​ខ្ទេច​ដោយ​សម្ពាធ​ទឹក។

    លោក Rob McCallum អតីត​ទីប្រឹក្សា​ផ្នែក​ទីផ្សារ​​របស់​ក្រុមហ៊ុន OceanGate កាលពី​ថ្ងៃទី 01 កក្កដា​ បានឱ្យដឹងថា លោក​បាន​ដឹងព័ត៌មាន​បឋម​អំពី​ដំណើរ​ចុងក្រោយ​របស់ Titan ជា​នាវាមុជទឹក​ដែល​បាន​ជួប​គ្រោះថ្នាក់​នៅ​បាត​មហាសមុទ្រ​អា​ត្ល​ង់​ទិ​ក​កាលពី​ថ្ងៃទី 18 មិថុនា 2023 ពេល​កំពុងចុះ​ទៅ​​ទស្សនា​សាក​សព​កប៉ាល់ Titanic ដែល​បាន​លិច​កាលពី​ជាង 100 ឆ្នាំមុន។

    «របាយការណ៍​ដែល​ខ្ញុំ​ទទួលបាន​បន្ទាប់ពី​គ្រោះថ្នាក់​កើតឡើង​បង្ហាញថា នាវា Titan បាន​ទម្លាក់ចោល​វត្ថុ​ដែលមាន​ទម្ងន់​ធ្ងន់​ដើម្បី​រក​វិធី​ងើបឡើង​ពេល​ស្ថិតក្នុង​ជម្រៅ 3,500 ម៉ែត្រ បន្ទាប់ពី​វា​បាន​ដាច់​ទំនាក់ទំនង​ជាមួយ​កប៉ាល់​មេ មុនពេល​ត្រូវ​គាប​បែកខ្ទេច​ដោយ​សម្ពាធ​ទឹក​នៅ​បាតសមុទ្រ» លោក Rob McCallum ថ្លែង​ដូច្នេះ។

    វត្ថុ​ធ្ងន់​នោះ​គឺជា​របស់​ដែល​ត្រូវបាន​ភ្ជាប់​ជាមួយ Titan ដើម្បីឱ្យ​វា​អាច​មុជ​ចុះ​ជ្រៅ​ទៅ​បាតសមុទ្រ។ មនុស្ស​នៅក្នុង​នាវា​​នឹង​ទម្លាក់ចោល​វត្ថុ​ធ្ងន់​នេះ​នៅពេល​ចង់ឱ្យ​នាវា​ងើបឡើង​មកលើ។

    យោងតាម​ការវិភាគ ការ​ទម្លាក់ចោល​វត្ថុ​ធ្ងន់​នេះ​គឺ​មានន័យថា អ្នកបញ្ជា​នាវា​បា​នរក​វិធី​លុបចោល​ដំណើរ​នេះ ហើយ​អ្នក​នៅក្នុង​នាវា​ទំនងជា​បានដឹងថា​ នាវា​កំពុងមាន​បញ្ហា។

    លោក Rob McCallum ​គឺជា​សហ​ស្ថាបនិក​របស់​ក្រុមហ៊ុន​ដំណើរ​​ផ្សងព្រេង EYOS Expeditions។ លោក​ធ្លាប់បាន​ដឹកនាំ​ភ្ញៀវ​ចុះ​ទៅ​មើល Titanic ជាច្រើនលើក​ផងដែរ។ ប៉ុន្តែ លោក​បាន​ប្រើប្រាស់​នាវាមុជទឹក​ដែល​អាច​មុជ​ជ្រៅ​ជាង 5,900 ម៉ែត្រ ដែល​ត្រូវបាន​ទទួលស្គាល់​ដោយ​សមាគម​ដឹកជញ្ជូន​តាម​សមុទ្រ DNV។

    Rob McCallum គឺជា​មនុស្ស​ទី​ពីរ​ដែល​បាន​និយាយថា នាវា Titan បា​នរក​វិធី​ងើបឡើង​មុនពេល​ជួប​គ្រោះថ្នាក់។ មុន​នោះ លោក James Cameron អ្នកដឹកនាំ​សម្ដែង​របស់​ខ្សែភាពយន្ត Titanic ដែលមាន​បទពិសោធន៍​ច្រើន​ក្នុងការ​មុជចូល​​​សមុទ្រ ក៏បាន​និយាយ​ដូច​លោក Rob McCallum​។

    នាវា Titan បាន​ដាច់​ទំនាក់ទំនង​ជាមួយ​កប៉ាល់​មេ​កាលពី​ថ្ងៃទី 18 មិថុនា 2023 បន្ទាប់ពី​មុជ​ចូល​សមុទ្រ​បាន​ប្រហែល​ជិត​ពីរ​ម៉ោង នៅក្នុង​ដំណើរ​ចុះទៅ​មើល​សាកសព​កប៉ាល់ Titanic ដែល​ស្ថិតក្នុង​ជម្រៅ 3,800 ម៉ែត្រ។

    សមត្ថកិច្ច​កំពុងធ្វើការ​ស៊ើបអង្កេត​ដើម្បី​ស្វែងរក​មូលហេតុ​ដើម​ដែល​បាន​នាំឱ្យ​នាវាមុជទឹក Titan ជួប​គ្រោះថ្នាក់។ ក្រុមហ៊ុន OceanGate ដែលជា​ម្ចាស់​នាវា Titan មិនទាន់មាន​ការឆ្លើយ​តប​អ្វី​នៅឡើយ​ បន្ទាប់ពី​មានការ​ប្រកាស​របស់លោក Rob McCallum៕

  • Ford ឈប់​ផលិត​រថយន្ត​ម៉ូ​ដែល Fiesta ដើម្បី​ទុក​កន្លែង​ឱ្យ SUV Explorer អគ្គិសនី

    Ford ឈប់​ផលិត​រថយន្ត​ម៉ូ​ដែល Fiesta ដើម្បី​ទុក​កន្លែង​ឱ្យ SUV Explorer អគ្គិសនី

    Ford ឈប់​ផលិត​រថយន្ត​ម៉ូ​ដែល​ដែល​លក់ដាច់​បំផុត Fiesta ដើម្បី​ត្រៀម​សម្រាប់​អនាគត​ដែល​ដំណើរការ​ដោយ​អគ្គិសនី​ទាំងស្រុង នោះ​គឺ​រថយន្ត SUV Explorer អគ្គិសនី​ដែល​ផលិត​នៅ​អាល្លឺម៉ង់​។

    យោងតាម Autocar ម៉ូ​ដែល Fiesta ចុងក្រោយ​នឹង​ចាក​ចេញពី​រោងចក្រ​ដំឡើង​នៅ​ថ្ងៃទី 07 កក្កដា​ខាងមុខ។ ក្រោយ​រយៈ​ពេល 47 ឆ្នាំ និង 8 ជំនាន់ យុគសម័យ Fiesta កំពុងតែ​ត្រូវបាន​បញ្ចប់​ដើម្បី​ទុក​កន្លែង​ឱ្យ​រថយន្ត​អគ្គិសនី។

    ឥរិយាបថ​នេះ​ត្រូវបាន​ធ្វើឡើង​បន្ទាប់ពី​ក្រុមហ៊ុន​អាម៉េរិក​នេះ​ប្រកាសថា Ford នឹង​ក្លាយជា​យីហោ​ផលិត​រថយន្ត​អគ្គិសនី​ដែល​ដំណើរការ​ដោយ​ថាមពល​អគ្គិសនី​ទាំងស្រុង​នៅ​អឺរ៉ុប​គិត​ត្រឹម​ឆ្នាំ 2030 តទៅ។ Ford នឹង​បញ្ចេញ​រថយន្ត​អគ្គិសនី​ចំនួន 9 ម៉ូ​ដែល​សម្រាប់​ឆ្នាំ 2024។

    រថយន្ត​ Ford Explorer អគ្គិសនី​

    Ford ក៏បាន និង​កំពុង​សហការ​ជាមួយ Volkswagen ដើម្បី​ផលិត​រថយន្ត​អគ្គិសនី​ឱ្យបាន 1.2 លាន​គ្រឿងក្នុង 6 ខែ​ខាងមុខ។

  • អ៊ីស្រាអែល​ទិញ​យន្តហោះ​ចម្បាំង​អាម៉េរិក តម្លៃ 3 ពាន់​លាន​ដុល្លារ

    អ៊ីស្រាអែល​ទិញ​យន្តហោះ​ចម្បាំង​អាម៉េរិក តម្លៃ 3 ពាន់​លាន​ដុល្លារ

    ក្រសួងការពារជាតិ​អ៊ីស្រាអែល ប្រកាសថា ប្រទេស​នេះ​នឹង​ទិញ​យន្តហោះ​ចម្បាំង F-35 របស់​សហរដ្ឋ​អាម៉េរិក​ចំនួន 25 គ្រឿង​ថែមទៀត ទៅតាម​កិច្ចព្រមព្រៀង​តម្លៃ 3 ពាន់​លាន​ដុល្លារ។

    «កិច្ចព្រមព្រៀង​នឹង​រួមចំណែក​ក្នុងការ​រក្សា​ទំនាក់ទំនង​រវាង​បណ្ដា​ក្រុមហ៊ុន​អាម៉េរិក និង​វិស័យ​ឧស្សាហកម្ម​ការ​ពារ​ជាតិ​របស់​អ៊ីស្រាអែល» ក្រសួងការពារជាតិ​អ៊ីស្រាអែល​ប្រកាស​កាលពី​ថ្ងៃទី 02 កក្កដា រម្លឹក​ដល់​ការទិញ​យន្ត​ហោះ​ចម្បាំង F-35 ចំនួន 25 គ្រឿង​បន្ថែម​ពី​សហរដ្ឋ​អាម៉េរិក​ក្នុងតម្លៃ 3 ពាន់​លាន​ដុល្លារ។ កិច្ចព្រមព្រៀង​នេះ​នឹង​ត្រូវបាន​អនុវត្ត​ពេញលេញ​ក្នុង​រយៈពេល​ប៉ុន្មាន​ខែ​ខាងមុខ។

    យោងតាម​ក្រសួងការពារជាតិ​អ៊ីស្រាអែល ការ​ទិញដូរ​អាវុធ​នេះ​ទទួលបាន​ការឧបត្ថម្ភ​តាមរយៈ​កញ្ចប់​ជំនួយ​ផ្នែក​ការពារជាតិ​ដែល​ប្រទេស​នេះ​ទទួល​ពី​សហរដ្ឋ​អាម៉េរិក។ ក្រុមហ៊ុន Lockheed Martin និង Pratt & Whitney របស់​សហរដ្ឋ​អាម៉េរិក បាន​យល់​ព្រមឱ្យ​បណ្ដា​ក្រុមហ៊ុន​ការពារជាតិ​អ៊ីស្រាអែល ចូលរួម​ក្នុង​ដំណើរ​ការផលិត​គ្រឿងបន្លាស់​យន្តហោះ។

    កិច្ចព្រមព្រៀង​នេះ​នឹង​ជួយ​បង្កើន​ចំនួន​យន្តហោះ​ចម្បាំង F-35 របស់​ប្រទេស​អ៊ីស្រាអែល ពី 50 ឡើងដល់ 75 គ្រឿង។

    អ៊ីស្រាអែល​គឺជា​ប្រទេស​ដំបូងគេ​​ក្រៅពី​សហរដ្ឋ​អាម៉េរិក ដែលមាន​យន្តហោះ​ចម្បាំង F-35។ ប្រទេស​នេះ​ទទួលបាន F-35 ដំបូង​កាលពី​ឆ្នាំ 2016 និង​បាន​ប្រើប្រាស់​ក្នុងការ​ប្រយុទ្ធ​កាលពី​ឆ្នាំ 2018៕

  • បាតុករ​ដុតបំផ្លាញរថយន្ត និង​ទ្រព្យ​របស់​ប៉ូលិស ​ព្រោះតែ​ករណី​​ប៉ូលិស​បាញ់សម្លាប់​ក្មេង​​នៅ​កណ្ដាល​ផ្លូវ

    បាតុករ​ដុតបំផ្លាញរថយន្ត និង​ទ្រព្យ​របស់​ប៉ូលិស ​ព្រោះតែ​ករណី​​ប៉ូលិស​បាញ់សម្លាប់​ក្មេង​​នៅ​កណ្ដាល​ផ្លូវ

    (បារាំង) – បាតុកម្ម​ជាច្រើន​បាន​ផ្ទុះឡើង​នៅក្នុង​បណ្ដា​ទីក្រុង និង​រីក​ធំ​ទៅជា​អំពើ​ដុតបំផ្លាញ បន្ទាប់ពី​ក្មេង​ជំទង់​ម្នាក់​ដែល​បាន​បំពាន​ច្បាប់​ចរាចរណ៍ ត្រូវ​ប៉ូលិស​បាញ់សម្លាប់​នៅ​ជាយក្រុង​ប៉ារីស។

    Nael M. អាយុ 17 ឆ្នាំ កាលពី​ថ្ងៃទី 27 មិថុនា ត្រូវបាន​ប៉ូលិស​បារាំង​ពីរ​នាក់​បញ្ឈប់រថយន្ត ព្រោះតែ​រំលោភច្បាប់​ចរាចរណ៍។ ប៉ូលិស​ម្នាក់​តម្រង់​កាណុង​កាំភ្លើង​ទៅកាន់ Nael M. និង​កេះកៃ​នៅពេល​ក្មេងប្រុស​នេះ​គេច​ខ្លួន។ រថយន្ត​របស់ Nael M. បរ​ទៅមុខ​បន្ថែម​បាន​ប៉ុន្មាន​សិប​ម៉ែត្រ​ មុនពេល​បុក​នឹង​ចិញ្ចើមផ្លូវ។

    Nael M. ត្រូវបាន​សង្គ្រោះបន្ទាន់​នៅនឹងកន្លែង​កើតហេតុ ប៉ុន្តែមិន​​អាចជួយ​បាន។ ការស្លាប់​របស់​ក្មេងប្រុស​នេះ​បានធ្វើ​ឱ្យមាន​បាតុកម្ម​ជាច្រើន​កើតឡើង​នៅ Nanterre និង​តំបន់​មួយចំនួន​ដែល​នៅក្បែរ​ខាង។

    ក្រុមមន្ត្រី​បារាំង បានដាក់​ពង្រាយ​ប៉ូលិស 40,000 នាក់​នៅ​ពាសពេញ​ផ្ទៃ​ប្រទេស រួម​នឹង​កង​ម្លាំ​ង​ពិសេស RAID និង GIGN ជាដើម ដើម្បី​ទប់ទល់​នឹង​ក្រុមបាតុករ។

    អាជ្ញាធរ​ទីក្រុង​យ៉ាងតិច​បី​នៅ​ជុំវិញ​ប៉ារីស បានប្រកាស​អាសន្ន ហាម​ពលរដ្ឋ​ជួបជុំគ្នា​ទ្រង់ទ្រាយ​ធំ។ ឧទ្ធម្ភាគចក្រ និង​យន្តហោះ​គ្មាន​មនុស្ស​បើក ក៏​ត្រូវបាន​ប្រើប្រាស់​ដើម្បី​ធានា​សុវត្ថិភាព។

    បើទោះជា​មានការ​ដាក់ពង្រាយ​កម្លាំង​សន្តិសុខ​យ៉ាងច្រើន ប៉ុន្តែ​ស្ថានការណ៍​អំពី​ហិង្សា​នៅតែ​កើតឡើង។ បាតុករ​នាំគ្នា​ដុតបំផ្លាញ​រថយន្ត ដំឡើង​របង​លើផ្លូវ និង​សរសេរ​លើ​បដា​ថា «សងសឹក​ឱ្យ Nael M.»។ ប៉ូ​ស្តិ៍​ប៉ូលិស​នៅ​តំបន់ Pyrenees ទីក្រុង Pau ក៏​ត្រូវរង​ការ​​វាយប្រហារ​ដោយ​គ្រាប់បែក​សាំង។

    ក្រសួងមហាផ្ទៃ​បារាំង​និយាយថា សមត្ថកិច្ច​បាន​ចាប់ខ្លួន​មនុស្ស​យ៉ាងតិច 667 នាក់ នៅក្នុង​អំពើហិង្សា​ខាងលើ។

    ប៉ូលិស​ម្នាក់​អាយុ 38 ឆ្នាំ ដែល​បាន​បាញ់សម្លាប់ Nael មិនទាន់​ត្រូវបាន​ប្រកាស​ឱ្យដឹង​អំពី​អត្តសញ្ញាណ​នៅឡើយ ប៉ុន្តែ​ត្រូវបាន​ចាប់ខ្លួន​ពីបទ​មនុស្សឃាត​កាលពី​ថ្ងៃទី 29 មិថុនា។

  • អាម៉េរិក​អនុម័ត​លក់​យន្តហោះ​ចម្បាំង​តម្លៃ​ជាង 5 ពាន់​លាន​ដុល្លារ​ឱ្យ​ប្រទេស​ឆែក

    អាម៉េរិក​អនុម័ត​លក់​យន្តហោះ​ចម្បាំង​តម្លៃ​ជាង 5 ពាន់​លាន​ដុល្លារ​ឱ្យ​ប្រទេស​ឆែក

    ក្រសួង​ការ​បរទេស​អាម៉េរិក​ យល់​ព្រម​ឱ្យ​លក់​យន្ត​ហោះ​ចម្បាំង​ F-35 រួម​នឹង​ឧបករណ៍​យោធា គ្រាប់​រំសេវ​ដែល​ពាក់​ព័ន្ធ​ ឱ្យ​សាធារណរដ្ឋ​ឆែក ដើម្បី​ជួយ​ឱ្យ​ប្រទេស​នេះ​លើក​កម្ពស់​សមត្ថភាព​ការ​ពារ​ជាតិ​។

    ដោយ​ចំណាយ​ប្រាក់​ 5.62 ពាន់​លាន​ដុល្លារ​ ឆែក​នឹង​ទទួល​បាន​បណ្ដា​យន្តហោះចម្បាំង​ទំនើប F-35 រួម​នឹង​ម៉ាស៊ីន​បម្រុង,​ មីស៊ីល​បាញ់​ពី​អាកាស​ទៅ​អាកាស​ AIM-120C-8 AMRAAM ចំនួន​ 70 ដើម, រួម​នឹង​គ្រាប់​បែក​ ឧបករណ៍​ទំនាក់​ទំនង​ និង​ជំនួយ​ផ្នែក​បច្ចេកទេស​។ នេះ​បើ​តាម​មន្ទីរ​បញ្ចកោណ​ ប្រកាស​កាល​ពី​ថ្ងៃទី 29 មិថុនា​។ ក្រុម​ហ៊ុន​សំខាន់​ៗ​ដែល​ត្រូវ​ផ្គត់​ផ្គង់​សព្វាវុធ​ទាំង​នេះ​រួម​មាន​ Lockheed Martin, Raytheon និង Boeing។

    មន្ទីរ​បញ្ចោណ​បាន​ឱ្យ​ដឹង​ថា ការ​លក់​ដូរ​សព្វាវុធ​នេះ​ទទួល​បាន​ការ​យល់​ព្រម​ពី​ក្រសួង​ការបរទេស​អាម៉េរិក​រួច​ហើយ និង​កំពុង​រង់​ចាំ​ការ​អនុម័ត​ពី​សភា​។

    យោង​តាម​ក្រសួង​ការបរទេស​អាម៉េរិក សព្វាវុធ​ខាងលើ​នឹង​ជួយ​បង្កើន​កម្លាំង​ការ​ពារ​ជាតិ​របស់​ប្រទេស​ឆែក ក៏ដូច​ជា​ការ​ចូល​រួម​គាំទ្រ​យុទ្ធនាការ​នានា​របស់​សម្ព័ន្ធ​មិត្ត​យោធា​ណាតូ។

    កាល​ពី​ឆ្នាំ 2022 ឆែក​បាន​ឱ្យ​ដឹង​ថា ពួក​គេ​ចង់​ទិញ F-35 របស់​អាម៉េរិក ចំនួន 24 គ្រឿង​ ដើម្បី​ប្រើ​ប្រាស់​ជំនួស​ក្រុម​ហោះ​ហើរ JAS 39 Gripen ដែល​ជួលពី​ក្រុម​ហ៊ុន Saab AB របស់​ស៊ុយអែត​។ ឆែក​មាន​បំណង​ទិញ​ F-35A ដែល​ហោះ​ឡើង និង​ចុះ​ចត​តាម​ធម្មតា (CTOL)។

    F-35A គឺជា​កំណែ​បំបាំង​កាយ​ដែល​ត្រូវ​បាន​អភិវឌ្ឍ​សម្រាប់​ទ័ព​អាកាស​អាម៉េរិក​ និង​សម្ព័ន្ធ​មិត្ត​។ នេះ​គឺជា​កំណែ​​​តូច​ជាង​គេ និង​ស្រាល​ជាង​គេ​​របស់​យន្តហោះ​ចម្បាំង​​ត្រកូល F-35៕

  • សហរដ្ឋ​អាម៉េរិក​អនុម័ត​លក់ប្រព័ន្ធ​មីស៊ីល Patriot តម្លៃ 15 ពាន់​លាន​ដុល្លារ​​ឱ្យ​​ប៉ូឡូញ

    សហរដ្ឋ​អាម៉េរិក​អនុម័ត​លក់ប្រព័ន្ធ​មីស៊ីល Patriot តម្លៃ 15 ពាន់​លាន​ដុល្លារ​​ឱ្យ​​ប៉ូឡូញ

    សហរដ្ឋ​អាម៉េរិក បានប្រកាសថា ប្រទេស​ប៉ូឡូញ​នឹង​ទិញ​ប្រព័ន្ធ​មី​ស៊ី​ល Patriot រួម​នឹង​ឧបករណ៍​ដែល​ទាក់ទង ទៅតាម​កិច្ចសន្យា​មួយ​ដែលមាន​តម្លៃ​ប្រហែល 15 ពាន់​លាន​ដុល្លារ​អាម៉េរិក។

    ការ​ទិញដូរ​អាវុធ​នេះ​នឹង​ជួយ​ឱ្យ​ប៉ូឡូញ​បង្កើន​សមត្ថភាព​ការពារ​មី​ស៊ី​ល រួមចំណែក​ជំរុញ​ឱ្យ​ប្រទេស​នេះ​សម្រេចបាន​គោលដៅ​លើកកម្ពស់​សមត្ថភាព​ក​ង​ទ័ព។ នេះ​បើតាម​ស្ថាប័ន​សហប្រតិបត្តិការ​ណ៍ស​ន្តិ​សុខ​ជាតិ (DSCA) នៃ​ក្រសួងការពារជាតិ​អាម៉េរិក ដែល​បានឱ្យដឹង​កាលពី​ថ្ងៃទី 28 មិថុនា 2023។

    ការលក់​អាវុធ​តម្លៃ 15 ពាន់​លាន​ដុល្លារ​ដែល​ត្រូវបាន​ក្រសួងការបរទេស​អាម៉េរិក​យល់ព្រម​រួចហើយ​នេះ ​នឹង​រួមមាន ប្រព័ន្ធ​មី​ស៊ី​ល Patriot PAC-3 ចំនួន 48 គ្រឿង, មី​ស៊ី​ល​វាយ​ស្កាត់ Patriot PAC-3 MSE ចំនួន 644 គ្រឿង អម​នឹង​រ៉ា​ដា និង​ឧបករណ៍​គ្រប់គ្រង​ក្នុង​ប្រព័ន្ធ។ ក្រុមហ៊ុន​ដែល​ទទួលខុសត្រូវ​ក្នុង​ការលក់​អាវុធ​នេះ​គឺ Raytheon និង Lockheed Martin។

    ប្រកាស​ខាងលើ​របស់​ក្រុមមន្ត្រី​អាម៉េរិក មិនបាន​លើកឡើងថា ពួកគេ​បាន​ចុះ​កិច្ចព្រមព្រៀង​រួចហើយ ឬ​ការចរចា​បានបញ្ចប់​ហើយ ឬ​នៅ។

    ក្រុម​ប្រទេស​ជា​សមាជិក​ណា​តូ នៅ​អឺរ៉ុប​ខាងកើត កំពុងតែ​ប្រញាប់​បង្កើន​សមត្ថភាព​ការពារជាតិ បន្ទាប់ពី​រុស្ស៊ី​បាន​ចូល​ឈ្លានពាន​អ៊ុយ​ក្រែ​ន​តាំងពី​ខែកុម្ភៈ 2022។

    កាលពី​ខែមករា ឆ្នាំ 2023 ប៉ូឡូញ​បាន​ចុះ​កិច្ចព្រមព្រៀង​ទិញ​រថក្រោះ M1A1 Abrams ចំនួន​ជាង 110 គ្រឿង​ពី​សហរដ្ឋ​អាម៉េរិក រួម​នឹង​ឧបករណ៍​យោធា​ជាច្រើន​ទៀត​ដែលមាន​តម្លៃ​សរុប 1.4 ពាន់​លាន​ដុល្លារ។ កាលពី​ឆ្នាំ 2022 ទីក្រុង​វ៉ា​សូវី​បាន​បញ្ជា​ទិញ​រថក្រោះ M1A2 Abrams ចំនួន 250 គ្រឿង ដែល​គ្រោង​នឹង​ទទួលបាន​ចាប់ពី​ឆ្នាំ 2025 ដល់ 2026៕