នាវាមុជទឹក Titan ប្រហែលជា​បាន​រក​វិធី​ងើប​ឡើង​មុនពេល​ត្រូវ​គាប​ខ្ទេច

អតីត​ទីប្រឹក្សា​របស់ OceanGate និយាយថា នាវាមុជទឹក Titan បាន​ទម្លាក់ចោល​វត្ថុ​ដែលមាន​ទម្ងន់​ធ្ងន់​ដើម្បី​ងើបឡើង​មកលើ​ផ្ទៃ​ទឹក មុនពេល​ត្រូវបាត់​​ខ្លួន និង​ត្រូវ​គាប​ខ្ទេច​ដោយ​សម្ពាធ​ទឹក។

លោក Rob McCallum អតីត​ទីប្រឹក្សា​ផ្នែក​ទីផ្សារ​​របស់​ក្រុមហ៊ុន OceanGate កាលពី​ថ្ងៃទី 01 កក្កដា​ បានឱ្យដឹងថា លោក​បាន​ដឹងព័ត៌មាន​បឋម​អំពី​ដំណើរ​ចុងក្រោយ​របស់ Titan ជា​នាវាមុជទឹក​ដែល​បាន​ជួប​គ្រោះថ្នាក់​នៅ​បាត​មហាសមុទ្រ​អា​ត្ល​ង់​ទិ​ក​កាលពី​ថ្ងៃទី 18 មិថុនា 2023 ពេល​កំពុងចុះ​ទៅ​​ទស្សនា​សាក​សព​កប៉ាល់ Titanic ដែល​បាន​លិច​កាលពី​ជាង 100 ឆ្នាំមុន។

«របាយការណ៍​ដែល​ខ្ញុំ​ទទួលបាន​បន្ទាប់ពី​គ្រោះថ្នាក់​កើតឡើង​បង្ហាញថា នាវា Titan បាន​ទម្លាក់ចោល​វត្ថុ​ដែលមាន​ទម្ងន់​ធ្ងន់​ដើម្បី​រក​វិធី​ងើបឡើង​ពេល​ស្ថិតក្នុង​ជម្រៅ 3,500 ម៉ែត្រ បន្ទាប់ពី​វា​បាន​ដាច់​ទំនាក់ទំនង​ជាមួយ​កប៉ាល់​មេ មុនពេល​ត្រូវ​គាប​បែកខ្ទេច​ដោយ​សម្ពាធ​ទឹក​នៅ​បាតសមុទ្រ» លោក Rob McCallum ថ្លែង​ដូច្នេះ។

វត្ថុ​ធ្ងន់​នោះ​គឺជា​របស់​ដែល​ត្រូវបាន​ភ្ជាប់​ជាមួយ Titan ដើម្បីឱ្យ​វា​អាច​មុជ​ចុះ​ជ្រៅ​ទៅ​បាតសមុទ្រ។ មនុស្ស​នៅក្នុង​នាវា​​នឹង​ទម្លាក់ចោល​វត្ថុ​ធ្ងន់​នេះ​នៅពេល​ចង់ឱ្យ​នាវា​ងើបឡើង​មកលើ។

យោងតាម​ការវិភាគ ការ​ទម្លាក់ចោល​វត្ថុ​ធ្ងន់​នេះ​គឺ​មានន័យថា អ្នកបញ្ជា​នាវា​បា​នរក​វិធី​លុបចោល​ដំណើរ​នេះ ហើយ​អ្នក​នៅក្នុង​នាវា​ទំនងជា​បានដឹងថា​ នាវា​កំពុងមាន​បញ្ហា។

លោក Rob McCallum ​គឺជា​សហ​ស្ថាបនិក​របស់​ក្រុមហ៊ុន​ដំណើរ​​ផ្សងព្រេង EYOS Expeditions។ លោក​ធ្លាប់បាន​ដឹកនាំ​ភ្ញៀវ​ចុះ​ទៅ​មើល Titanic ជាច្រើនលើក​ផងដែរ។ ប៉ុន្តែ លោក​បាន​ប្រើប្រាស់​នាវាមុជទឹក​ដែល​អាច​មុជ​ជ្រៅ​ជាង 5,900 ម៉ែត្រ ដែល​ត្រូវបាន​ទទួលស្គាល់​ដោយ​សមាគម​ដឹកជញ្ជូន​តាម​សមុទ្រ DNV។

Rob McCallum គឺជា​មនុស្ស​ទី​ពីរ​ដែល​បាន​និយាយថា នាវា Titan បា​នរក​វិធី​ងើបឡើង​មុនពេល​ជួប​គ្រោះថ្នាក់។ មុន​នោះ លោក James Cameron អ្នកដឹកនាំ​សម្ដែង​របស់​ខ្សែភាពយន្ត Titanic ដែលមាន​បទពិសោធន៍​ច្រើន​ក្នុងការ​មុជចូល​​​សមុទ្រ ក៏បាន​និយាយ​ដូច​លោក Rob McCallum​។

នាវា Titan បាន​ដាច់​ទំនាក់ទំនង​ជាមួយ​កប៉ាល់​មេ​កាលពី​ថ្ងៃទី 18 មិថុនា 2023 បន្ទាប់ពី​មុជ​ចូល​សមុទ្រ​បាន​ប្រហែល​ជិត​ពីរ​ម៉ោង នៅក្នុង​ដំណើរ​ចុះទៅ​មើល​សាកសព​កប៉ាល់ Titanic ដែល​ស្ថិតក្នុង​ជម្រៅ 3,800 ម៉ែត្រ។

សមត្ថកិច្ច​កំពុងធ្វើការ​ស៊ើបអង្កេត​ដើម្បី​ស្វែងរក​មូលហេតុ​ដើម​ដែល​បាន​នាំឱ្យ​នាវាមុជទឹក Titan ជួប​គ្រោះថ្នាក់។ ក្រុមហ៊ុន OceanGate ដែលជា​ម្ចាស់​នាវា Titan មិនទាន់មាន​ការឆ្លើយ​តប​អ្វី​នៅឡើយ​ បន្ទាប់ពី​មានការ​ប្រកាស​របស់លោក Rob McCallum៕

Advertisement