អាម៉េរិក​អនុម័ត​លក់​យន្តហោះ​ចម្បាំង​តម្លៃ​ជាង 5 ពាន់​លាន​ដុល្លារ​ឱ្យ​ប្រទេស​ឆែក

ក្រសួង​ការ​បរទេស​អាម៉េរិក​ យល់​ព្រម​ឱ្យ​លក់​យន្ត​ហោះ​ចម្បាំង​ F-35 រួម​នឹង​ឧបករណ៍​យោធា គ្រាប់​រំសេវ​ដែល​ពាក់​ព័ន្ធ​ ឱ្យ​សាធារណរដ្ឋ​ឆែក ដើម្បី​ជួយ​ឱ្យ​ប្រទេស​នេះ​លើក​កម្ពស់​សមត្ថភាព​ការ​ពារ​ជាតិ​។

ដោយ​ចំណាយ​ប្រាក់​ 5.62 ពាន់​លាន​ដុល្លារ​ ឆែក​នឹង​ទទួល​បាន​បណ្ដា​យន្តហោះចម្បាំង​ទំនើប F-35 រួម​នឹង​ម៉ាស៊ីន​បម្រុង,​ មីស៊ីល​បាញ់​ពី​អាកាស​ទៅ​អាកាស​ AIM-120C-8 AMRAAM ចំនួន​ 70 ដើម, រួម​នឹង​គ្រាប់​បែក​ ឧបករណ៍​ទំនាក់​ទំនង​ និង​ជំនួយ​ផ្នែក​បច្ចេកទេស​។ នេះ​បើ​តាម​មន្ទីរ​បញ្ចកោណ​ ប្រកាស​កាល​ពី​ថ្ងៃទី 29 មិថុនា​។ ក្រុម​ហ៊ុន​សំខាន់​ៗ​ដែល​ត្រូវ​ផ្គត់​ផ្គង់​សព្វាវុធ​ទាំង​នេះ​រួម​មាន​ Lockheed Martin, Raytheon និង Boeing។

មន្ទីរ​បញ្ចោណ​បាន​ឱ្យ​ដឹង​ថា ការ​លក់​ដូរ​សព្វាវុធ​នេះ​ទទួល​បាន​ការ​យល់​ព្រម​ពី​ក្រសួង​ការបរទេស​អាម៉េរិក​រួច​ហើយ និង​កំពុង​រង់​ចាំ​ការ​អនុម័ត​ពី​សភា​។

យោង​តាម​ក្រសួង​ការបរទេស​អាម៉េរិក សព្វាវុធ​ខាងលើ​នឹង​ជួយ​បង្កើន​កម្លាំង​ការ​ពារ​ជាតិ​របស់​ប្រទេស​ឆែក ក៏ដូច​ជា​ការ​ចូល​រួម​គាំទ្រ​យុទ្ធនាការ​នានា​របស់​សម្ព័ន្ធ​មិត្ត​យោធា​ណាតូ។

កាល​ពី​ឆ្នាំ 2022 ឆែក​បាន​ឱ្យ​ដឹង​ថា ពួក​គេ​ចង់​ទិញ F-35 របស់​អាម៉េរិក ចំនួន 24 គ្រឿង​ ដើម្បី​ប្រើ​ប្រាស់​ជំនួស​ក្រុម​ហោះ​ហើរ JAS 39 Gripen ដែល​ជួលពី​ក្រុម​ហ៊ុន Saab AB របស់​ស៊ុយអែត​។ ឆែក​មាន​បំណង​ទិញ​ F-35A ដែល​ហោះ​ឡើង និង​ចុះ​ចត​តាម​ធម្មតា (CTOL)។

F-35A គឺជា​កំណែ​បំបាំង​កាយ​ដែល​ត្រូវ​បាន​អភិវឌ្ឍ​សម្រាប់​ទ័ព​អាកាស​អាម៉េរិក​ និង​សម្ព័ន្ធ​មិត្ត​។ នេះ​គឺជា​កំណែ​​​តូច​ជាង​គេ និង​ស្រាល​ជាង​គេ​​របស់​យន្តហោះ​ចម្បាំង​​ត្រកូល F-35៕

Advertisement