បាតុករ​ដុតបំផ្លាញរថយន្ត និង​ទ្រព្យ​របស់​ប៉ូលិស ​ព្រោះតែ​ករណី​​ប៉ូលិស​បាញ់សម្លាប់​ក្មេង​​នៅ​កណ្ដាល​ផ្លូវ

(បារាំង) – បាតុកម្ម​ជាច្រើន​បាន​ផ្ទុះឡើង​នៅក្នុង​បណ្ដា​ទីក្រុង និង​រីក​ធំ​ទៅជា​អំពើ​ដុតបំផ្លាញ បន្ទាប់ពី​ក្មេង​ជំទង់​ម្នាក់​ដែល​បាន​បំពាន​ច្បាប់​ចរាចរណ៍ ត្រូវ​ប៉ូលិស​បាញ់សម្លាប់​នៅ​ជាយក្រុង​ប៉ារីស។

Nael M. អាយុ 17 ឆ្នាំ កាលពី​ថ្ងៃទី 27 មិថុនា ត្រូវបាន​ប៉ូលិស​បារាំង​ពីរ​នាក់​បញ្ឈប់រថយន្ត ព្រោះតែ​រំលោភច្បាប់​ចរាចរណ៍។ ប៉ូលិស​ម្នាក់​តម្រង់​កាណុង​កាំភ្លើង​ទៅកាន់ Nael M. និង​កេះកៃ​នៅពេល​ក្មេងប្រុស​នេះ​គេច​ខ្លួន។ រថយន្ត​របស់ Nael M. បរ​ទៅមុខ​បន្ថែម​បាន​ប៉ុន្មាន​សិប​ម៉ែត្រ​ មុនពេល​បុក​នឹង​ចិញ្ចើមផ្លូវ។

Nael M. ត្រូវបាន​សង្គ្រោះបន្ទាន់​នៅនឹងកន្លែង​កើតហេតុ ប៉ុន្តែមិន​​អាចជួយ​បាន។ ការស្លាប់​របស់​ក្មេងប្រុស​នេះ​បានធ្វើ​ឱ្យមាន​បាតុកម្ម​ជាច្រើន​កើតឡើង​នៅ Nanterre និង​តំបន់​មួយចំនួន​ដែល​នៅក្បែរ​ខាង។

ក្រុមមន្ត្រី​បារាំង បានដាក់​ពង្រាយ​ប៉ូលិស 40,000 នាក់​នៅ​ពាសពេញ​ផ្ទៃ​ប្រទេស រួម​នឹង​កង​ម្លាំ​ង​ពិសេស RAID និង GIGN ជាដើម ដើម្បី​ទប់ទល់​នឹង​ក្រុមបាតុករ។

អាជ្ញាធរ​ទីក្រុង​យ៉ាងតិច​បី​នៅ​ជុំវិញ​ប៉ារីស បានប្រកាស​អាសន្ន ហាម​ពលរដ្ឋ​ជួបជុំគ្នា​ទ្រង់ទ្រាយ​ធំ។ ឧទ្ធម្ភាគចក្រ និង​យន្តហោះ​គ្មាន​មនុស្ស​បើក ក៏​ត្រូវបាន​ប្រើប្រាស់​ដើម្បី​ធានា​សុវត្ថិភាព។

បើទោះជា​មានការ​ដាក់ពង្រាយ​កម្លាំង​សន្តិសុខ​យ៉ាងច្រើន ប៉ុន្តែ​ស្ថានការណ៍​អំពី​ហិង្សា​នៅតែ​កើតឡើង។ បាតុករ​នាំគ្នា​ដុតបំផ្លាញ​រថយន្ត ដំឡើង​របង​លើផ្លូវ និង​សរសេរ​លើ​បដា​ថា «សងសឹក​ឱ្យ Nael M.»។ ប៉ូ​ស្តិ៍​ប៉ូលិស​នៅ​តំបន់ Pyrenees ទីក្រុង Pau ក៏​ត្រូវរង​ការ​​វាយប្រហារ​ដោយ​គ្រាប់បែក​សាំង។

ក្រសួងមហាផ្ទៃ​បារាំង​និយាយថា សមត្ថកិច្ច​បាន​ចាប់ខ្លួន​មនុស្ស​យ៉ាងតិច 667 នាក់ នៅក្នុង​អំពើហិង្សា​ខាងលើ។

ប៉ូលិស​ម្នាក់​អាយុ 38 ឆ្នាំ ដែល​បាន​បាញ់សម្លាប់ Nael មិនទាន់​ត្រូវបាន​ប្រកាស​ឱ្យដឹង​អំពី​អត្តសញ្ញាណ​នៅឡើយ ប៉ុន្តែ​ត្រូវបាន​ចាប់ខ្លួន​ពីបទ​មនុស្សឃាត​កាលពី​ថ្ងៃទី 29 មិថុនា។

Advertisement