អ៊ីស្រាអែល​ទិញ​យន្តហោះ​ចម្បាំង​អាម៉េរិក តម្លៃ 3 ពាន់​លាន​ដុល្លារ

យន្តហោះ​ F-35 មួយ​គ្រឿងនៅ​ឯ​មូលដ្ឋានទ័ព​អាកាស​ Ovda ​របស់​អ៊ីស្រាអែល កាល​ពី​ឆ្នាំ 2021 (AFP)

ក្រសួងការពារជាតិ​អ៊ីស្រាអែល ប្រកាសថា ប្រទេស​នេះ​នឹង​ទិញ​យន្តហោះ​ចម្បាំង F-35 របស់​សហរដ្ឋ​អាម៉េរិក​ចំនួន 25 គ្រឿង​ថែមទៀត ទៅតាម​កិច្ចព្រមព្រៀង​តម្លៃ 3 ពាន់​លាន​ដុល្លារ។

«កិច្ចព្រមព្រៀង​នឹង​រួមចំណែក​ក្នុងការ​រក្សា​ទំនាក់ទំនង​រវាង​បណ្ដា​ក្រុមហ៊ុន​អាម៉េរិក និង​វិស័យ​ឧស្សាហកម្ម​ការ​ពារ​ជាតិ​របស់​អ៊ីស្រាអែល» ក្រសួងការពារជាតិ​អ៊ីស្រាអែល​ប្រកាស​កាលពី​ថ្ងៃទី 02 កក្កដា រម្លឹក​ដល់​ការទិញ​យន្ត​ហោះ​ចម្បាំង F-35 ចំនួន 25 គ្រឿង​បន្ថែម​ពី​សហរដ្ឋ​អាម៉េរិក​ក្នុងតម្លៃ 3 ពាន់​លាន​ដុល្លារ។ កិច្ចព្រមព្រៀង​នេះ​នឹង​ត្រូវបាន​អនុវត្ត​ពេញលេញ​ក្នុង​រយៈពេល​ប៉ុន្មាន​ខែ​ខាងមុខ។

យោងតាម​ក្រសួងការពារជាតិ​អ៊ីស្រាអែល ការ​ទិញដូរ​អាវុធ​នេះ​ទទួលបាន​ការឧបត្ថម្ភ​តាមរយៈ​កញ្ចប់​ជំនួយ​ផ្នែក​ការពារជាតិ​ដែល​ប្រទេស​នេះ​ទទួល​ពី​សហរដ្ឋ​អាម៉េរិក។ ក្រុមហ៊ុន Lockheed Martin និង Pratt & Whitney របស់​សហរដ្ឋ​អាម៉េរិក បាន​យល់​ព្រមឱ្យ​បណ្ដា​ក្រុមហ៊ុន​ការពារជាតិ​អ៊ីស្រាអែល ចូលរួម​ក្នុង​ដំណើរ​ការផលិត​គ្រឿងបន្លាស់​យន្តហោះ។

កិច្ចព្រមព្រៀង​នេះ​នឹង​ជួយ​បង្កើន​ចំនួន​យន្តហោះ​ចម្បាំង F-35 របស់​ប្រទេស​អ៊ីស្រាអែល ពី 50 ឡើងដល់ 75 គ្រឿង។

អ៊ីស្រាអែល​គឺជា​ប្រទេស​ដំបូងគេ​​ក្រៅពី​សហរដ្ឋ​អាម៉េរិក ដែលមាន​យន្តហោះ​ចម្បាំង F-35។ ប្រទេស​នេះ​ទទួលបាន F-35 ដំបូង​កាលពី​ឆ្នាំ 2016 និង​បាន​ប្រើប្រាស់​ក្នុងការ​ប្រយុទ្ធ​កាលពី​ឆ្នាំ 2018៕

Advertisement