Tag: តំបន់

  • រូបភាព​ភ្នំភ្លើង​លើ​ឋាន​ព្រះ​ចន្ទ​ដែល​ថត​ដោយ​យានអវកាស​រុស្ស៊ី Luna-25

    រូបភាព​ភ្នំភ្លើង​លើ​ឋាន​ព្រះ​ចន្ទ​ដែល​ថត​ដោយ​យានអវកាស​រុស្ស៊ី Luna-25

    រូបភាព​ដំបូង​ដែល​ថត​ដោយ​យាន​ស្រាវជ្រាវ​ព្រះ​ចន្ទ​របស់​ប្រទេស​រុស្ស៊ី ត្រូវបាន​ប្រកាស​កាលពី​ថ្ងៃទី 17 សីហា ឆ្នាំ 2023 (ពេលវេលា​ក្នុងស្រុក)។

    យោងតាម​ទីភ្នាក់ងារ​អវកាស​រុស្ស៊ី Roscosmos យានអវកាស Luna-25 បាន​បញ្ជូន​បណ្ដា​រូបភាព​ស្ដីពី​មាត់​ភ្នំភ្លើង​នៅ​តំបន់​ប៉ូល​ឆ្ងាយ​របស់​ព្រះ​ចន្ទ មកកាន់​ផែនដី។ តាម​គម្រោង យាន​ស្រាវជ្រាវ​ព្រះ​ចន្ទ​ដំបូង​របស់​រុស្ស៊ី​ក្រោយ​រយៈពេល 47 ឆ្នាំ គ្រោង​នឹងធ្វើ​ការពិសោធ ស្រាវជ្រាវ​ផ្ទៃ​របស់​ឋាន​ព្រះ​ចន្ទ​ចាប់ពី​សប្ដាហ៍​ក្រោយ។

    បណ្ដា​រូបភាព​ស្ដីពី​មាត់​ភ្នំភ្លើង Zeeman បង្ហាញថា ភ្នំភ្លើង​នេះ​មាន​កម្ពស់​ជិត 8 គីឡូម៉ែត្រ ធៀប​នឹង​ផ្ទៃរាប​របស់​ព្រះ​ចន្ទ។ ភ្នំភ្លើង​នេះ កន្លងមក​មិនត្រូវ​បាន​អ្នកវិទ្យាសាស្ត្រ​សង្កេតមើល​នោះទេ ដោយសារតែ​វា​ស្ថិតនៅ​មួយ​ចំហៀង​ដែល​តែងតែ​បែរខ្នង​ដាក់​ផែនដី។

    Roscosmos បញ្ជាក់ថា យាន Luna-25 ក៏បាន​វាស់វែង​កាំរស្មី​ហ្គា​ម៉ា និង​នឺ​ត្រុ​ង​ពី​ផ្ទៃ​របស់​ព្រះ​ចន្ទ ក៏ដូចជា​តួលេខ​ប្លា​ស្មា​ក្នុង​ទី​អវកាស​ជុំវិញ​ព្រះ​ចន្ទ រួម​នឹង​ឧស្ម័ន និង​ធូលី​លើ​គន្លង​តារាវិថី​របស់​ឋាន​នេះ​ផងដែរ។

    Luna-25 គឺជា​យាន​ស្រាវជ្រាវ​ព្រះ​ចន្ទ​ដំបូង​ដែល​អភិវឌ្ឍ ផលិត និង​ដំណើរការ​ទាំងស្រុង​ដោយ​ប្រទេស​រុស្ស៊ី​បច្ចុប្បន្ន។ គម្រោង​ដែល​ត្រូវបាន​បង្ហាញ​កាលពី​ថ្ងៃទី 11 សីហា​នេះ មាន​គោលដៅ​ក្លាយជា​យានអវកាស​ដំបូង​ដែល​ចុះចត​ដោយថ្នមៗនៅ​តំបន់​ប៉ូល​ខាងត្បូង​របស់​ព្រះ​ចន្ទ ដែល​គ្រោង​នឹងធ្វើ​ឡើង​នៅ​ថ្ងៃទី 21 សីហា​ខាងមុខ។

    រូបភាពភ្នំភ្លើង Zeeman នៅប៉ូលខាងត្បូង​របស់​ព្រះ​ចន្ទ ដែល​ថត​ដោយ​ Luna-25

    គោលដៅ​ចម្បង​របស់​គម្រោង​នេះ​គឺ​ការពិសោធ​ដី​ព្រះ​ចន្ទ​ដើម្បី​ស្វែងរក​ទឹកកក ប៉ុន្តែ Roscosmos ក៏បាន​ឱ្យដឹងថា ពួកគេ​ក៏​ចង់​សាកល្បង​បច្ចេកវិទ្យា​ចុះចត​ដោយថ្នមៗ រួម​នឹង​ស្រាវជ្រាវ​ស្រទាបដី​ខាងលើ​របស់​ឋាន​មួយ​នេះ​ផងដែរ។

    ការបាញ់​បង្ហោះ Luna-25 គឺជា​សញ្ញា​បង្ហាញថា រុស្ស៊ី​បាន​វិល​ត្រលប់​ទៅកាន់​ឋាន​ព្រះ​ចន្ទ​វិញ ក្រោយ​ការខកខាន​អស់ 47 ឆ្នាំ។ កម្មវិធី Luna ដំបូង​ត្រូវបាន​ចាប់ផ្ដើម​ក្នុងសម័យ​សូ​វៀត ដែល​សម្រេច​បេសកកម្ម​ព្រះ​ចន្ទ​បាន​ចំនួន 24 លើក ចាប់ពី​ខែកញ្ញា 1958 ដល់​ខែសីហា 1976៕

  • ចម្លែក! នារី​ក្នុង​កុលសម្ព័ន្ធ​ស្បែ​កស​ស្រស់​ស្អាត​នៅ​ប្រទេស​ចិន មិន​រៀបការ​ជាមួយ​ជនជាតិ​ដទៃ តើ​ហេតុអ្វី?

    ចម្លែក! នារី​ក្នុង​កុលសម្ព័ន្ធ​ស្បែ​កស​ស្រស់​ស្អាត​នៅ​ប្រទេស​ចិន មិន​រៀបការ​ជាមួយ​ជនជាតិ​ដទៃ តើ​ហេតុអ្វី?

    នៅពេល​និយាយ​ដល់​ជនជាតិ​ស្បែ​កស យើង​តែ​នឹកឃើញ​ដល់​ជនជាតិ​អាម៉េរិក ឬ​អឺរ៉ុប។ល។ ប៉ុន្តែ រឿង​ដែល​ចម្លែក​គឺថា នៅ​ប្រទេស​ចិន ជា​ដែនដី​មួយ​ក្នុង​​ទ្វីបអាស៊ី​បែរជា​មាន​កុលសម្ព័ន្ធ​ស្បែ​កស​មួយ​ដែល​បង្ហាញ​វត្តមាន​រាប់ពាន់​ឆ្នាំ​មកហើយ។ នារីៗនៅក្នុង​កុលសម្ព័ន្ធ​នេះ មាន​សម្រស់​ស្រស់ស្អាត​ជាង​ជនជាតិ​ដទៃ​មួយ​ចំនួន​។

    ជនជាតិ​ស្បែ​កស​ខាងលើនេះ​មានឈ្មោះ​ថា Tajik រស់​នៅលើ​ជួរ​ភ្នំ Pamirs ជាទី​ដែល​ត្រូវបាន​ចាត់ទុកថាជាដំបូលផ្ទះ​ពិភពលោក។ យោងតាម​ស្ថិតិ​ពី​រដ្ឋាភិបាល​ចិន ជនជាតិ Tajik នេះ ​មាន​​ប្រហែល​ជាង 50,000 នាក់​ប៉ុណ្ណោះ។

    ក្រៅ​ពីលើ​ភ្នំ Pamirs ជនជាតិ Tajik ក៏​រស់នៅ​ប្រមូល​ផ្ដុំគ្នា​នៅ​ស្រុក​ស្វយ័ត​ជនជាតិ Tajik Tashkurgan, Kashgar (ឬ Kashi), តំបន់​ស្វយ័ត Xinjiang។

    ជនជាតិ Tajik បរិភោគ​គ្រាប់​ធញ្ញជាតិ​ច្រើន​ប្រភេទ រួម​នឹង​សាច់​អាំង នំ​ផេ​ន​ខេ​ក និង​ផលិតផល​ធ្វើ​ពី​ទឹកដោះគោ បន្លែ។ល។ ហើយ​ពួកគេ​ក៏​ចូលចិត្ត​ផឹក​តែ​ផងដែរ។

    សម្រស់​របស់​ជនជាតិ​ស្បែ​កស Tajik នៅ​ប្រទេស​ចិន មាន​ចំណុច​ពិសេស​របស់​ជនជាតិ​អឺរ៉ុប ដោយមាន​ថ្កាស​ខ្ពស់ ស្បែក​ពណ៌​អូ​លីវ (លឿង​ច្រើនជាង​ក្រហម) ភ្នែក​ធំ ក្រហូង​ភ្នែក​ជ្រៅ និង​ក្ដោង​ច្រមុះ​ដ៏​ទាក់ទាញ។

    អំពី​ទំនៀមទម្លាប់​ក្នុង​គ្រួសារ​ជនជាតិ Tajik

    ឪពុកម្ដាយចាស់ៗមាន​ទំនោរ​លើកស្ទួយ​កូនប្រុស​ជាង​កូនស្រី។ ដូច្នេះ ដើម្បី​អាចបន្ត​វត្តមាន និង​រីកចម្រើន នារី​ជនជាតិ Tajik ត្រូវឆ្លង​កាត់​ឧបសគ្គ និង​​សម្ពាធយ៉ាង​ច្រើន។

    នារី​ជនជាតិ​ស្បែ​កស Tajik មាន​សម្រស់​ប្រហាក់ប្រហែល​នឹង​ជនជាតិ​អឺរ៉ុប ដូច្នេះ​ពួកគេ​តែង​ទទួលបាន​ចំណាប់អារម្មណ៍​ច្រើន​ពី​សាធារណជន។ ក៏ប៉ុន្តែ ជនជាតិ​នេះ​​មានច្បាប់​បុរាណ​ដែល​មិនបាន​ចារ​លើ​ក្រដាស​មួយ​ដ៏​សំខាន់ សម្រាប់​ការ​អនុវត្ត​ចំពោះ​នារី​ភេទ នោះ​គឺ​កូនក្រមុំ​ជនជាតិ​នេះ​មិន​ត្រូវបាន​អនុញ្ញាតឱ្យ​រៀបការ​នឹង​ជនជាតិ​ដទៃ។

    មូលហេតុ​ដែល​នាំ​ឱ្យ​មាន​ច្បាប់​បុរាណ​ខាងលើ​ នោះ​គឺ​ថា ជនជាតិ Tajik ចង់​រក្សា​ឈាមជ័រ ពូជសាសន៍​របស់​ខ្លួន​​ឱ្យនៅ «បរិសុទ្ធ» ដោយ​មិន​ត្រូវបាន​លាយឡំ​នឹង​ពូជសាសន៍​ដទៃ៕

  • យានចុះចត Luna-25 របស់​រុស្ស៊ី ហោះចូល​ដល់​គន្លង​តារាវិថី​ព្រះចន្ទដោយ​ជោគ​ជ័យ​

    យានចុះចត Luna-25 របស់​រុស្ស៊ី ហោះចូល​ដល់​គន្លង​តារាវិថី​ព្រះចន្ទដោយ​ជោគ​ជ័យ​

    កាល​ពី​ថ្ងៃទី 16 សីហា ទីភ្នាក់ងារ​អវកាស​រុស្ស៊ី Roscosmos ប្រកាស​ថា យាន​ចុះ​ចត​ Luna-25 របស់​ប្រទេស​នេះ​ត្រូវ​បាន​នាំ​ឡើង​ទៅ​ដល់​គន្លង​តារាវិថី​របស់​ព្រះចន្ទ​​ដោយ​ជោគ​ជ័យ​។

    អ្នក​នាំពាក្យ​របស់​ Roscosmos និយាយ​ថា «ជា​លើកដំបូង​ក្នុង​ប្រវត្តិសាស្ត្រ​បច្ចុប្បន្ន​របស់​រុស្ស៊ី យាន​អវកាស​ស្វ័យប្រវត្ត​មួយ​​គ្រឿង​ត្រូវ​បាន​នាំ​ឡើង​ទៅ​ដល់​គន្លង​តារា​វិថី​របស់ព្រះ​ចន្ទ​នៅ​វេលាម៉ោង 12 និង 03 នាទី​ល្ងាច​​ ម៉ោង​នៅមូស្គូ (ម៉ោង 09 និង 30 នាទី​ GMT)»។

    អ្នក​នាំពាក្យ​ខាងលើ​បន្ថែម​ថា «ប្រព័ន្ធ​ទាំង​ឡាយ​របស់ Lunar-25 កំពុង​ដំណើរ​ការ​ល្អ​ ហើយ​ទំនាក់​ទំនង​ជាមួយ​នឹង​​យាននេះ​​មាន​ស្ថិរភាព»។ ម៉ាស៊ីន​ថត​ដែល​ត្រូវ​បាន​ដំឡើង​លើ​យាន​ បាន​ថត​រូប​ផែនដី និង​ព្រះចន្ទ​ពី​ចម្ងាយ​។

    ​រ៉ុក្កែត Soyuz 2.1b នាំ​យាន Lunar-25 ឡើង​ទៅ​កាន់​ទីអវកាស​កាល​ពី​ថ្ងៃទី 11 សីហា 2023

    តាម​ផែនការ Lunar-25 នឹង​គោចរ​ជុំវិញ​ព្រះចន្ទ​លើ​កម្ពស់ 100 គីឡូម៉ែត្រ​ មុន​ពេល​ចុះចត​នៅ​ថ្ងៃទី 21 សីហា​ 2023 នៅ​ភាគ​ខាង​ជើង​នៃ​មាត់​ភ្នំ​ភ្លើង Boguslawsky ក្នុង​តំបន់​​ប៉ូល​ខាង​ត្បូង​របស់​ព្រះចន្ទ​។

    មុន​នោះ កាល​ពី​ថ្ងៃទី 11 សីហា 2023 យាន Luna-25 ត្រូវ​បាន​បាញ់​បង្ហោះ​ពីព្រលាន​យាន​អវកាស Vostochny ដោយ​ប្រើ​ប្រាស់​រ៉ុក្កែត Soyuz 2.1b។ យាន Luna-25 នឹង​ធ្វើ​ការ​ពិសោធ​វិទ្យាសាស្ត្រ​នៅ​ប៉ូល​ខាង​ត្បូងរបស់​ព្រះចន្ទ​ ទាក់​ទង​នឹង​ប្រភព​ទឹក រស្មី​ពី​ទី​អវកាស និង​វិទ្យុសកម្មអេឡិចត្រូម៉ាញ៉េទិច​លើ​​ឋាន​រណប​តែ​មួយ​គត់​នេះរបស់​ផែនដី​។

  • យានស្រាវ​ជ្រាវ​​ព្រះចន្ទ​របស់​រុស្ស៊ី​ ថត​រូប​ពី​ទីអវកាស

    យានស្រាវ​ជ្រាវ​​ព្រះចន្ទ​របស់​រុស្ស៊ី​ ថត​រូប​ពី​ទីអវកាស

    Luna-25 ជា​យាន​ចុះចត​លើឋាន​ព្រះចន្ទ​ដំបូង​របស់​ប្រទេស​រុស្ស៊ី ដែល​ត្រូវបាន​បាញ់​បង្ហោះ​កាល​ពី​ថ្ងៃទី 11​ សីហា បាន​បញ្ជូន​មក​កាន់​ផែនដី​នូវ​រូបភាព​ដំបូង​ដែល​ថត​ពី​ទីអវកាស​។

    យាន​ Luna-25 បាន​ចេញ​ដំណើរ​នៅ​ម៉ោង​ 7 និង 10 នាទី ថ្ងៃទី 10 សីហា 2023 នៅ​រុស្ស៊ី (ត្រូវ​នឹង​ម៉ោង 6 និង 10 នាទី​ ថ្ងៃ​ទី 11 សីហា​នៅ​កម្ពុជា​) នៅ​លើ​រ៉ុក្កែត Soyuz-2.1b ពី​ព្រលាន​យាន​អវកាស​ Vostochny ក្នុង​តំបន់ Amur ប្រទេស​រុស្ស៊ី​។​ នេះ​គឺជា​យាន​ស្រាវ​ជ្រាវ​ផលិត​ក្នុង​ស្រុក​ដំបូង​ដែល​បាញ់​បង្ហោះ​ទៅ​កាន់​ឋាន​ព្រះចន្ទ​ នៅ​ក្នុង​ប្រវត្តិសាស្ត្រ​របស់​ប្រទេស​រុស្ស៊ី​បច្ចុប្បន្ន​។ មុន​នោះ បេសកកម្ម​ព្រះចន្ទ​ចុង​ក្រោយ​របស់​រុស្ស៊ី​គឺ Luna-24 ត្រូវ​បាន​ចេញ​ដំណើរ​កាល​ពី​ឆ្នាំ 1976 និង​បាន​នាំ​យក​ដី​ព្រះចន្ទ​ប្រហែល 170 ក្រាម​ មក​កាន់​ផែនដី​។

    Luna-25 ថត​រូប​ដំបូង​កាល​ពី​ថ្ងៃទី 13 សីហា និង​ត្រូវ​បាន​វិទ្យាស្ថាន​ស្រាវ​អវកាស​នៃ​បណ្ឌិត្យ​សភា​វិទ្យាសាស្ត្រ​រុស្ស៊ី (IKIRAS) ប្រកាសកាល​ពី​ថ្ងៃទី 14 សីហា​។ ក្នុងរូប​ថត​នេះ​មាន​ទង់ជាតិ​រុស្ស៊ី​លើ​យានអវកាស រួម​នឹង​ផែនដី និង​ព្រះចន្ទ​នៅ​ទីឆ្ងាយ​ ក្នុង​ទី​អវកាស​ងងឹត​។

    រូបភាពនិមិត្តរូប​របស់ Luna-25 នៅ​លើ​យាន​របស់រុស្ស៊ី ដែល​ថត​កាល​ពី​ថ្ងៃទី 13 សីហា 2023

    យោង​តាម IKIRAS រូបទាំង​នេះ​ត្រូវ​បាន​ថត​ពី​ចម្ងាយ​ប្រហែល 310,000 គីឡូម៉ែត្រ​ ធៀប​នឹង​ផែនដី​។ ចម្ងាយ​ជា​មធ្យម​ពី​ផែនដី​ទៅ​ព្រះចន្ទ​គឺ 384,400 គីឡូម៉ែត្រ​។

    បើ​សិន​គ្រប់​យ៉ាង​ដំណើរ​ការ​រលូន Luna-25 នឹង​ហោះ​ដល់​គោលដៅ​នៅ​ពាក់​កណ្ដាល​ខែ​នេះ​ ហើយ​បន្ទាប់​មក​ វា​នឹង​ហោះ​ជុំវិញ​ព្រះចន្ទ​ពី 5 ទៅ 7 ថ្ងៃ​។ ពេលនោះ យាន​នេះ​នឹង​ព្យាយាម​ចុះ​ចត​ក្បែរ​រណ្ដៅ​មួយ​ដែល​នៅ​ជិត​ប៉ូល​ខាង​ត្បូង​របស់​ព្រះចន្ទ​។

    ពេល​បរ​លើដីឋាន​ព្រះចន្ទ Luna-25 នឹង​ធ្វើ​ការ​ពិសោធ​វិទ្យាសាស្ត្រ​មួយ​ចំនួន​ មាន​ដូច​ជា​ ការ​វិភាគ​ដី ស្វែង​រក​ទឹកកក និង​ស្វែង​យល់​ពី​បរិយាកាស​។ល។

    Luna-25 ថតរូប​ផែនដី (ឆ្វេង) និង​ព្រះចន្ទ​ (ស្ដាំ) ពី​យាន​របស់រុស្ស៊ី ​កាល​ពី​ថ្ងៃទី 13 សីហា 2023

    Luna-25 គ្រាន់​តែ​ជា​បេសក​កម្ម​ស្រាវ​ជ្រាវ​មួយ​ក្នុង​ចំណោម​រាប់​សិប​របស់​ពិភពលោក ដែល​ធ្វើ​តេស្ត​​ការ​ចុះចត ឬ​ពិសោធ​វិទ្យាសាស្ត្រ​នៅ​ក្បែរ​ប៉ូល​ខាង​ត្បូង​របស់​ព្រះចន្ទ​៕

  • ទឹកជំនន់​វាយប្រហារ​ប្រទេស​ឥណ្ឌា ធ្វើឱ្យ​មនុស្ស 49 នាក់​បាត់​បង់ជីវិត

    ទឹកជំនន់​វាយប្រហារ​ប្រទេស​ឥណ្ឌា ធ្វើឱ្យ​មនុស្ស 49 នាក់​បាត់​បង់ជីវិត

    ភ្លៀង​ធំ​ដែល​បង្ក​ជា​ទឹកជំនន់ និង​បំណាក់​ដី បាន​បំផ្លាញ​ផ្ទះសំបែង បណ្ដាលឱ្យ​មនុស្ស​យ៉ាងតិច 41 នាក់​បាត់​បង់ជីវិត​នៅ​ភាគ​ខាងជើង ខណៈ 9 នាក់​ផ្សេងទៀត​បាន​ស្លាប់​ដោយសារ​បាក់ស្រុត​វិហារ។

    រូបភាព​ពី​បណ្ដាញ​សង្គម​បង្ហាញថា ជំនន់​ទឹកភ្លៀង​ហូរ​ចុះ​ពី​ភ្នំ កួច​យក​ផ្ទាំង​ថ្មធំៗ និង​បំផ្លាញ​ផ្ទះ សំណង់​នានា​នៅក្នុង​រដ្ឋ Himachal Pradesh នៅ​ភាគ​ខាងជើង​ប្រទេស​ឥណ្ឌា។

    បន្ទាប់ពី​គ្រោះទឹកជំនន់ និង​បំណាក់​ដី​កើតឡើង សាកសព​មនុស្ស 49 នាក់​ត្រូវបាន​រកឃើញ គ្រា​ដែល​អាជ្ញាធរ​ក្នុង​តំបន់​កំពុង​ប្រឹងប្រែង​ដោះស្រាយ​បញ្ហា។ ក្នុងចំណោម​អ្នកស្លាប់​សរុប មាន​យ៉ាងតិច 9 នាក់​បាន​ស្លាប់​នៅពេល​ទឹកជំនន់​ហូរ​កាត់ ធ្វើឱ្យ​វិហារ​មួយនៅ​ Shimla ត្រូវ​បាក់​រលំ។

    មនុស្ស 5 នាក់​ត្រូវបាន​សង្គ្រោះ​នៅ​ក្នុង​ហេតុ​ការណ៍​បាក់​រលំ​វិហារ​ខាងលើ ប៉ុន្តែ​នៅមាន​មនុស្ស​ពី 20 ទៅ 25 នាក់​ទៀត​កំពុង​ជាប់​ក្នុង​គំនរ​បាក់បែក ស្រប​ពេលដែល​សមត្ថកិច្ច​​កំពុង​ញាប់ដៃ​ញាប់ជើង​ជួយសង្គ្រោះ។

    អ្នកវិទ្យាសាស្ត្រ​បានឱ្យដឹងថា ការប្រែប្រួល​អាកាសធាតុ​កំពុងតែ​ធ្វើឱ្យ​រដូវភ្លៀង​នៅប្រទេស​​ឥណ្ឌា​ប្រែជា​វឹកវរ និង​ខុស​ធម្មតា​ បង្កឱ្យមាន​ផលប៉ះពាល់​ធ្ងន់ធ្ងរ​ជាង​មុន៕

  • ចំនួន​មនុស្ស​ស្លាប់​ក្នុង​ហេតុការណ៍​ឆេះ​ព្រៃ​នៅ​ Hawaii អាច​កើន​ដល់​ 200 នាក់

    ចំនួន​មនុស្ស​ស្លាប់​ក្នុង​ហេតុការណ៍​ឆេះ​ព្រៃ​នៅ​ Hawaii អាច​កើន​ដល់​ 200 នាក់

    អភិបាល​រដ្ឋហាវ៉ៃ (Hawaii) របស់​​សហរដ្ឋ​អាម៉េរិក ​ឱ្យ​ដឹង​ថា តួលេខ​អ្នក​ស្លាប់​ក្នុង​ករណី​ឆេះ​ព្រៃ​នៅ​លើ​កោះ Maui រដ្ឋ​ហាវ៉ៃ បាន​កើត​ដល់ 99 នាក់ ហើយ​អាច​កើន​ឡើង​ទ្វេដង​ទៀត​ក្នុង​រង្វង់ 10 ថ្ងៃ​ខាងមុខ​។

    «កម្លាំងសង្គ្រោះ​ទើបតែ​ស្វែង​រក​នៅ​ក្នុង​តំបន់​តូច​មួយ​នៅ​ក្បែរ​ឆ្នេរ​សមុទ្រ Lahaina ក្នុង​នោះ​មាន​សាកសព​ពី 10 ទៅ 20 នាក់​ត្រូវ​បាន​រក​ឃើញ​ជា​រៀង​រាល់​ថ្ងៃ​។ ចំនួន​មនុស្ស​ស្លាប់​ត្រូវ​បាន​បញ្ជាក់​ថា 99 នាក់​។ តួលេខ​នេះ​​នឹង​កើន​ឡើង​ច្រើន​ អាច​ទ្វេដង​ក្នុង​រង្វង់​ 10 ថ្ងៃ​ទៀត​» អភិបាល​រដ្ឋហាវៃ លោក Josh Green កាលពី​ថ្ងៃទី 14​ សីហា ឱ្យ​ដឹង​ដូច្នេះ​។

    កាល​ពី​ថ្ងៃទី 08 សីហា ភ្លើង​ព្រៃ​ចំនួន​ 3 ករណី បាន​កើត​ឡើង​ និង​ឆាប​ឆេះ​ពេញ​ទីរួម​ស្រុក​ទេសចរណ៍​ Lahaina និង​តំបន់​មួយ​ចំនួន​ផ្សេង​ទៀត​ ធ្វើ​ឱ្យ​​គ្រប់​យ៉ាង​នៅ​ទី​នេះ​ស្ថិត​ក្នុង​អណ្ដាត​ភ្លើង​។ ដោយ​សារ​តែ​រុក្ខជាតិ​​ស្ងួត​ក្រាស់ បូក​រួម​នឹង​ខ្យល់​ខ្លាំង នាំ​ឱ្យ​អណ្ដាត​ភ្លើង​ធ្វើ​ដំណើរ​យ៉ាង​លឿន​ ធ្វើ​ឱ្យ​ប្រជាជន​ជា​ច្រើន​រត់​គេច​មិន​ទាន់​ពេល​។

    គិត​មក​ដល់​ថ្ងៃ​នេះ អ្នក​​ដែល​កំពុង​បាត់​ខ្លួន​មាន​ចំនួនប្រហែល 1,300 នាក់​ ស្រប​ពេល​ដែល​ប្រជា​​ជន​រង​គ្រោះ​​ជា​ច្រើន​បាន​ទាក់​ទង​មក​កាន់​សមត្ថកិច្ច​។

  • ​Ronaldo ជួយ​ឱ្យ Al Nassr ឡើងដល់​វគ្គ​ផ្ដាច់ព្រ័ត្រ Arab Champions Cup

    ​Ronaldo ជួយ​ឱ្យ Al Nassr ឡើងដល់​វគ្គ​ផ្ដាច់ព្រ័ត្រ Arab Champions Cup

    (អា​រ៉ា​ប៊ី​សា​អូឌីត) – កំពូល​តារាបាល់ទាត់​វ័យ 38 ឆ្នាំ លោក Cristiano Ronaldo រកបាន​មួយ​គ្រាប់​ពី​ការទា​ត់បាល់​ពិន័យ នៅក្នុង​ការប្រកួត​ដែល Al Nassr ឈ្នះ Al Shorta ដោយ​លទ្ធផល 1-0 ក្នុង​វគ្គ​ពាក់កណ្ដាល​ផ្ដាច់​ព្រ័ត្រ​នៅ Arab Club Champions Cup។

    ក្រោយ​សំឡេង​កញ្ចែ​បញ្ចប់​ការប្រកួត ក្រុម​កីឡាករ​របស់ Al Nassr រត់​មក​ឱប​គ្នា ហើយ​ពួកគេ​បានសម្ដែង​ការ​​ត្រេកអរ​ខ្លាំង​ចំពោះ​អ្នកចាំទី Alaqidi ដែល​​ជួយសង្គ្រោះ​បាន​មួយ​គ្រាប់​នៅ​ចុងការ​ប្រកួត។

    ក្រោយ​ការប្រកួត​នេះ Al Nassr មាន​សិទ្ធិ​ឡើងទៅ​វគ្គ​ផ្ដាច់ព្រ័ត្រ ដែល​នៅ​ទីនោះ ពួកគេ​នឹង​ត្រូវ​​ប៉ះ Al Hilal ឬ Al Shabab ក្នុង​ថ្ងៃទី 12 សីហា​ខាងមុខ។

    https://www.youtube.com/watch?v=Gj2kE-a85iU

    Ronaldo សុទ្ធតែ​រក​បាន​គ្រាប់​បាល់​ឈ្នះ​​ក្នុង​បួន​ប្រកួត​បន្តបន្ទាប់ នាំឱ្យ​គាត់​ហក់​ឡើងទៅ​កំពូល​តារាង​ចំណាត់ថ្នាក់ «ស្ដេច​កម្ទេច​ទី» ដែល​នៅ​ពីលើ Karim Benzema។

    Arab Club Champions Cup គឺជា​ពានរង្វាន់​ប្រចាំឆ្នាំ​សម្រាប់​បណ្ដា​ក្លឹប​នៅ​ក្នុង​សហគមន៍​​អារ៉ាប់​ក្នុង​តំបន់​មជ្ឈិមបូព៌ា និង​អាហ្វ្រិក​ខាងជើង។ ពានរង្វាន់​នេះ​ធ្វើឡើង​ពីថ្ងៃ​ទី 27 កក្កដា ដល់ 12 សីហា ឆ្នាំ 2023 នៅ​ប្រទេស​អា​រ៉ា​ប៊ី​សា​អូឌីត និង​មាន​ក្រុមបាល់ទាត់​ចំនួន 16 ចូលរួម៕

  • ផ្ទុះ​រោងចក្រ​ផលិត​ឧបករណ៍​យោធានៅ​​រុស្ស៊ី ក្រោយ​យន្ត​ហោះ UAV អ៊ុយក្រែន​ត្រូវ​បាន​បាញ់​ទម្លាក់

    ផ្ទុះ​រោងចក្រ​ផលិត​ឧបករណ៍​យោធានៅ​​រុស្ស៊ី ក្រោយ​យន្ត​ហោះ UAV អ៊ុយក្រែន​ត្រូវ​បាន​បាញ់​ទម្លាក់

    ហេតុការណ៍​ផ្ទុះ​ដ៏​ធំ​មួយ​បាន​កើតឡើង​នៅឯ​រោងចក្រ​ផលិត​ឧបករណ៍​អុ​ប​ទិ​ក ស្ថិតក្នុង​ទីក្រុង Sergiev Posad ក្បែរ​រដ្ឋធានី​មូ​ស្គូ បាន​បង្កឱ្យមាន​ផ្សែងខ្មៅ​យ៉ាងខ្ពស់ និង​មនុស្ស 11 នាក់​រងរបួស។

    អ្នកនាំពាក្យ​អង្គភាព​បន្ទាន់​របស់​មូ​ស្គូ ឱ្យដឹងថា ករណី​ផ្ទុះ​បាន​កើតឡើង​កាលពី​ព្រឹក​មិញ នៅឯ​រោងចក្រ​មេកានិច និង​អុ​ប​ទិ​ក Zagorsk ក្នុង​ទីក្រុង Sergiev Posad ជាយ​ខាងក្រៅ​នៃ​រដ្ឋធានី​មូ​ស្គូ។ «ករណី​ផ្ទុះ​នេះ ទំនងជា​ចាប់ផ្ដើម​ចេញពី​តំបន់​ឡ​ចំហាយ និង​បានធ្វើឱ្យ​បែក​ទ្វារ និង​បង្អួច​កញ្ចក់​របស់​អគារ​ជាច្រើន​នៅក្នុង​ទីក្រុង» អ្នកនាំពាក្យ​រូបនេះ​និយាយ​ដូច្នេះ។

    មន្ត្រី​ក្នុង​តំបន់​ឱ្យដឹងថា ហេតុការណ៍​នេះ​បាន​បណ្ដាលឱ្យមាន​មនុស្ស​រងរបួស 11 នាក់ ខណៈដែល​សមត្ថកិច្ច​កំពុង​ស្រាវជ្រាវ​រក​មូលហេតុ។

    រោងចក្រ​ខាងលើ​គឺជា​កន្លែង​ផលិត​ឧបករណ៍​អុ​ប​ទិ​ក​ដែលមាន​សុ​ក្រឹត​ភាព​កម្រិត​ខ្ពស់​សម្រាប់​កងទ័ព​រុស្ស៊ី ក្នុងនោះ​មាន​ទាំង​កែវយឹត និង​វ៉ែនតា​សម្រាប់​មើល​ពេលយប់​ផងដែរ។ ករណីនេះ​កើតឡើង​តែ​ប៉ុន្មាន​ម៉ោង​ប៉ុណ្ណោះ​​បន្ទាប់ពី​កងទ័ព​រុស្ស៊ី​ប្រកាសថា បាន​បាញ់​ទម្លាក់​យន្តហោះ​គ្មាន​មនុស្ស​បើកបរ (UAV) ចំនួន 2 គ្រឿង​របស់​អ៊ុយ​ក្រែ​ន នៅលើ​ដែនអាកាស​រុស្ស៊ី៕

  • ដុំ​ភ្លើង​ដែលឆាប​ឆេះ​​ផ្ទុះ​កក្រើក​មេឃ​នៅ​អូស្ត្រាលី អាចជា​រ៉ុក្កែត​របស់​រុស្ស៊ី

    ដុំ​ភ្លើង​ដែលឆាប​ឆេះ​​ផ្ទុះ​កក្រើក​មេឃ​នៅ​អូស្ត្រាលី អាចជា​រ៉ុក្កែត​របស់​រុស្ស៊ី

    ដុំ​ភ្លើង​យ៉ាង​ភ្លឺ និង​សំឡេង​ផ្ទុះ​លាន់​កក្រើក​មេឃ​របស់រ​ដ្ឋ Victoria នៅ​អូស្ត្រាលី​កាលពី​ពេល​ថ្មី​ៗ​នេះ អាច​គ្រាន់តែ​ជា​បំណែក​​នៃ​​រ៉ុក្កែត​របស់​ប្រទេស​រុស្ស៊ី នៅក្នុង​ការបាញ់​បង្ហោះ​ផ្កាយរណប​ក្នុង​ថ្ងៃ​ជាមួយគ្នា​ នៅវា​កំពុង​ធ្លាក់​។​

    7 News Australia កាលពី​ថ្ងៃទី 08 សីហា បាន​ផ្សាយ​ថា ដុំ​ភ្លើង​បានបង្ហាញ​ខ្លួន​កាលពី​ថ្ងៃទី 07 សីហា ធ្វើឱ្យ​ប្រជាជន​នៅ Melbourne ដែលជា​ទីក្រុង​រដ្ឋបាល​របស់​រដ្ឋ Victoria និង​តំបន់​មួយចំនួន​ផ្សេងទៀត​របស់​រដ្ឋ​នេះ បាន​ទស្សនា​ទិដ្ឋភាព​ដ៏​អស្ចារ្យ។

    ព័ត៌មានដំបូងៗនិយាយថា ដុំ​ភ្លើង​នេះ​អាចជា​អាចម៍ផ្កាយ​កំពុង​ធ្លាក់។ ប៉ុន្តែ ក្រុម​អ្នកវិទ្យាសាស្ត្រ​បញ្ជាក់ថា នោះ​គឺជា​បំណែក​មួយ​នៃ​សំរាម​អវកាស។ នេះ​បើតាម​ទំព័រ Space។

    អ្នក​តារាសាស្ត្រ​នៅ​សហរដ្ឋ​អាម៉េរិក និយាយថា ដុំ​ភ្លើង​នោះ​គឺជា​កំណាត់​ទី​បី​របស់​រ៉ុក្កែត Soyuz 2 ដែល​ត្រូវបាន​រុស្ស៊ី​បាញ់​បង្ហោះ​​ពី​ព្រលាន​យានអវកាស Plesetsk នៅ​ភាគ​ពាយព្យ​ប្រទេស​រុស្ស៊ី មុន​នោះ​ច្រើន​ម៉ោងប៉ុណ្ណោះ​។

    រ៉ុក្កែត​នេះ​មាន​ភារកិច្ច​នាំយក​ផ្កាយរណប GLONASS-K2 របស់ប្រទេស​​រុស្ស៊ី ឡើងទៅ​កាន់​ទី​អវកាស។

    Soyuz 2

    តាម​ការ​គណនា​របស់​ក្រុម​អ្នកជំនាញ ដងខ្លួន​របស់រ៉ុក្កែត​​រុស្ស៊ី​ខាងលើ ត្រូវ​​ធ្លាក់​ត្រលប់​មកកាន់​ផែនដី​នៅ​ភាគ​អាគ្នេយ៍​នៃ​តំបន់ Tasmania លើ​មហាសមុទ្រធំធេង​ បន្ទាប់ពី​បាន​បាញ់​បង្ហោះ។ នៅតាម​ផ្លូវ​ធ្លាក់​ត្រលប់​មក​កាន់​​ផែនដី កំណាត់​ខាង​ក្រោម​របស់​រ៉ុក្កែត​នេះ​បាន​បញ្ចេញ​ពន្លឺ​លើ​ផ្ទៃមេឃ​របស់​អូស្ត្រាលី ដោយសារតែ​ឆេះ នៅពេល​កកិត​នឹង​បរិយាកាស៕

  • យានអវកាស​អឺរ៉ុប​រកឃើញ​តម្រុយទាក់​ទង​នឹង «ភាព​ចម្លែក​ខុស​គេ»​​ នៃ​បរិយាកាស​​​​​ព្រះអាទិត្យ 

    យានអវកាស​អឺរ៉ុប​រកឃើញ​តម្រុយទាក់​ទង​នឹង «ភាព​ចម្លែក​ខុស​គេ»​​ នៃ​បរិយាកាស​​​​​ព្រះអាទិត្យ 

    យានអវកាស​មួយគ្រឿង​ដែល​កំពុងតែ​ធ្វើ​សកម្មភាព​ជុំវិញ​ព្រះអាទិត្យ បាន​រកឃើញ​ចម្លើយ​ស​ម្រា​ប់​សំណួរ​ដែល​សួរ​ថា «តើ​ព្រះអាទិត្យ​គឺជា​វត្ថុ​អវកាស​ដែល​ខុសគេ​ក្នុងចំណោម​តារា​នៅក្នុង​ចក្រវាល?»។

    ច្រើន​ទសវត្សរ៍​កន្លង ក្រុម​អ្នកវិទ្យាសាស្ត្រ​បានដឹងថា ព្រះអាទិត្យ​ហាក់បីដូចជា​ខុសពី​គេ ធៀប​នឹង​ផ្កាយ​នានា​ដែល​ធ្លាប់​ត្រូវបាន​សង្កេត។ ព្រះអាទិត្យ​បាន​បំបែក​រាល់​ទម្រង់​ស្ដីពី​ផ្កាយ ព្រោះ​វា​មាន​បរិយាកាស​ដែល​ក្ដៅ​មិន​សម​ហេតុ​ផល។

    សីតុណ្ហភាព​ក្នុង​បរិយាកាស​ខាងលើ​របស់​ព្រះអាទិត្យ (ស្រទាប់​កូ​រ៉ូ​ណា – corona) អាច​ឡើងដល់​ជាង 1.1 លាន​អង្សា​សេ ស្រប​ពេលដែល​តំបន់​ហ្វូ​តូ​ស​ហ្វៀ (Photosphere) ដែលជា​ស្រទាប់​លើ​បំផុត​របស់​ព្រះអាទិត្យ​ដែល​នៅ​ខាងក្រោម និង​មាន​ចម្ងាយ 1,600 គីឡូម៉ែត្រ​ពី​បរិយាកាស​កូរ៉ូណា បែរ​ជាមាន​កម្ដៅ​ត្រឹមតែ 5,500 អង្សា​សេ​ទៅវិញ។

    តាម​ធម្មតា បរិយាកាស​របស់​ផ្កាយ​មួយ​ដួង​ត្រូវបាន​ដុត​កម្ដៅ​ដោយសារ​ប្រតិកម្ម​នុយ​ក្លេ​អែរ​នៅ​ខាងក្នុង​ស្នូល​របស់​វា។ ដូច្នេះ ស្រទាប់​បរិយាកាស​ខាងលើ​របស់​ផ្កាយ មិន​អាចមាន​កម្ដៅ​ខ្ពស់ជាង 200 ដង ធៀប​នឹង​ស្រទាប់​ខាងក្រោម​ឡើយ​។ ស្រទាប់បរិយាកាស​​កូ​រ៉ូ​ណា​​របស់​ផ្កាយ​ គួរ​ណាស់​តែ​ត្រូវ​ត្រជាក់​ជាង​ស្រទាប់​ហ្វូ​តូ​ស​ហ្វៀ។

    ប្រការនេះ​បង្ហាញថា នៅមាន​អ្វីមួយ​ដែល​មនុស្ស​មិនទាន់​ដឹង កំពុងតែ​ដុត​កម្ដៅ​ផ្កាយ​មេ​របស់​ផែនដី។ នោះ​ជា​សំណួរ​ដែល​មិនមាន​ចម្លើយនៅក្នុង​រយៈពេល 80 ឆ្នាំ​កន្លង។

    ថ្មីៗនេះ យានអវកាស​ព្រះអាទិត្យ (SO) របស់​ទីភ្នាក់ងារ​អវកាស​អឺរ៉ុប (ESA) បាន​រកឃើញ​អ្វីមួយ​យ៉ាង​ចម្លែក៖ រលក​ម៉េ​ញេ​ទិច​ប្រេកង់​ខ្ពស់ ដែល​ភាយ​ពាសពេញ​ស្រទាប់បរិយាកាស​​កូ​រ៉ូ​ណា។

    ពី​តំបន់​ដែលមាន​ចម្ងាយ 42 គីឡូម៉ែត្រ​ពី​ព្រះអាទិត្យ យាន SO បាន​ប្រើ​ប្រាស់​តេ​ឡេ​ស្កុប EUI របស់​បែលហ្ស៊ិក ដើម្បី​ថត​យក​រូបភាព​ស្រទាប់​បរិយាកាស​ខាងលើ​របស់​ព្រះអាទិត្យ ជាមួយនឹង​កម្រិត​ភាពច្បាស់​ខ្ពស់​មិន​ធ្លាប់មាន។ ហើយ​ពួកគេ​ក៏បាន​ឃើញ​រលក​ម៉ាញេ​ទិចតូចៗដែល​សាយភាយ​កាត់​តាម​ពន្លឺ​ប្លា​ស្មា​ក្នុង​ស្រទាប់​បរិយាកាស​ដ៏​ក្ដៅ​នេះ។

    អ្នកវិទ្យាសាស្ត្រ​ក៏​បន្ត​វិភាគ​លើ​ការស្រាវជ្រាវ​កន្លង និង​បានដឹងថា ទម្រង់​រលក​ម៉ាញេ​ទិច​ប្រេកង់​ខ្ពស់​ដែល​កើតឡើង​ដដែលៗក្នុង​ល្បឿន​លឿន អាច​ដុត​កម្ដៅ​ស្រទាប់​បរិយាកាស​កូរ៉ូណា​​​របស់​ព្រះអាទិត្យ​​ក្នុង​កម្រិត​ខ្ពស់​គួរ​ឱ្យ​កត់​សម្គាល់។

    ក៏ប៉ុន្តែ អ្វីដែល​បាន​រកឃើញ​នេះ​មិនទាន់​គ្រប់គ្រាន់​នៅឡើយ។ អ្នកវិទ្យាសាស្ត្រ​កំពុងតែបន្ត​ស្វែងរក​ចម្លើយ​ដែល «ក្បោះ​ក្បាយ» ជាង​នេះ ដើម្បី​យល់ច្បាស់​អំពី​របៀប​ដែល​ស្រទាប់​បរិយាកាស​កូ​រ៉ូ​ណា​របស់​ព្រះអាទិត្យ​ត្រូវបាន​ដុត​កម្ដៅ និង​បង្កើតបានជា​បរិយាកាស​ព្រះអាទិត្យ​​ដែល​មាន​លក្ខណៈ​ខុសគេ​បែបនេះ៕