យានចុះចត Luna-25 របស់​រុស្ស៊ី ហោះចូល​ដល់​គន្លង​តារាវិថី​ព្រះចន្ទដោយ​ជោគ​ជ័យ​

កាល​ពី​ថ្ងៃទី 16 សីហា ទីភ្នាក់ងារ​អវកាស​រុស្ស៊ី Roscosmos ប្រកាស​ថា យាន​ចុះ​ចត​ Luna-25 របស់​ប្រទេស​នេះ​ត្រូវ​បាន​នាំ​ឡើង​ទៅ​ដល់​គន្លង​តារាវិថី​របស់​ព្រះចន្ទ​​ដោយ​ជោគ​ជ័យ​។

អ្នក​នាំពាក្យ​របស់​ Roscosmos និយាយ​ថា «ជា​លើកដំបូង​ក្នុង​ប្រវត្តិសាស្ត្រ​បច្ចុប្បន្ន​របស់​រុស្ស៊ី យាន​អវកាស​ស្វ័យប្រវត្ត​មួយ​​គ្រឿង​ត្រូវ​បាន​នាំ​ឡើង​ទៅ​ដល់​គន្លង​តារា​វិថី​របស់ព្រះ​ចន្ទ​នៅ​វេលាម៉ោង 12 និង 03 នាទី​ល្ងាច​​ ម៉ោង​នៅមូស្គូ (ម៉ោង 09 និង 30 នាទី​ GMT)»។

អ្នក​នាំពាក្យ​ខាងលើ​បន្ថែម​ថា «ប្រព័ន្ធ​ទាំង​ឡាយ​របស់ Lunar-25 កំពុង​ដំណើរ​ការ​ល្អ​ ហើយ​ទំនាក់​ទំនង​ជាមួយ​នឹង​​យាននេះ​​មាន​ស្ថិរភាព»។ ម៉ាស៊ីន​ថត​ដែល​ត្រូវ​បាន​ដំឡើង​លើ​យាន​ បាន​ថត​រូប​ផែនដី និង​ព្រះចន្ទ​ពី​ចម្ងាយ​។

​រ៉ុក្កែត Soyuz 2.1b នាំ​យាន Lunar-25 ឡើង​ទៅ​កាន់​ទីអវកាស​កាល​ពី​ថ្ងៃទី 11 សីហា 2023

តាម​ផែនការ Lunar-25 នឹង​គោចរ​ជុំវិញ​ព្រះចន្ទ​លើ​កម្ពស់ 100 គីឡូម៉ែត្រ​ មុន​ពេល​ចុះចត​នៅ​ថ្ងៃទី 21 សីហា​ 2023 នៅ​ភាគ​ខាង​ជើង​នៃ​មាត់​ភ្នំ​ភ្លើង Boguslawsky ក្នុង​តំបន់​​ប៉ូល​ខាង​ត្បូង​របស់​ព្រះចន្ទ​។

មុន​នោះ កាល​ពី​ថ្ងៃទី 11 សីហា 2023 យាន Luna-25 ត្រូវ​បាន​បាញ់​បង្ហោះ​ពីព្រលាន​យាន​អវកាស Vostochny ដោយ​ប្រើ​ប្រាស់​រ៉ុក្កែត Soyuz 2.1b។ យាន Luna-25 នឹង​ធ្វើ​ការ​ពិសោធ​វិទ្យាសាស្ត្រ​នៅ​ប៉ូល​ខាង​ត្បូងរបស់​ព្រះចន្ទ​ ទាក់​ទង​នឹង​ប្រភព​ទឹក រស្មី​ពី​ទី​អវកាស និង​វិទ្យុសកម្មអេឡិចត្រូម៉ាញ៉េទិច​លើ​​ឋាន​រណប​តែ​មួយ​គត់​នេះរបស់​ផែនដី​។

Advertisement