រូបភាព​ភ្នំភ្លើង​លើ​ឋាន​ព្រះ​ចន្ទ​ដែល​ថត​ដោយ​យានអវកាស​រុស្ស៊ី Luna-25

រូបភាព​ដំបូង​ដែល​ថត​ដោយ​យាន​ស្រាវជ្រាវ​ព្រះ​ចន្ទ​របស់​ប្រទេស​រុស្ស៊ី ត្រូវបាន​ប្រកាស​កាលពី​ថ្ងៃទី 17 សីហា ឆ្នាំ 2023 (ពេលវេលា​ក្នុងស្រុក)។

យោងតាម​ទីភ្នាក់ងារ​អវកាស​រុស្ស៊ី Roscosmos យានអវកាស Luna-25 បាន​បញ្ជូន​បណ្ដា​រូបភាព​ស្ដីពី​មាត់​ភ្នំភ្លើង​នៅ​តំបន់​ប៉ូល​ឆ្ងាយ​របស់​ព្រះ​ចន្ទ មកកាន់​ផែនដី។ តាម​គម្រោង យាន​ស្រាវជ្រាវ​ព្រះ​ចន្ទ​ដំបូង​របស់​រុស្ស៊ី​ក្រោយ​រយៈពេល 47 ឆ្នាំ គ្រោង​នឹងធ្វើ​ការពិសោធ ស្រាវជ្រាវ​ផ្ទៃ​របស់​ឋាន​ព្រះ​ចន្ទ​ចាប់ពី​សប្ដាហ៍​ក្រោយ។

បណ្ដា​រូបភាព​ស្ដីពី​មាត់​ភ្នំភ្លើង Zeeman បង្ហាញថា ភ្នំភ្លើង​នេះ​មាន​កម្ពស់​ជិត 8 គីឡូម៉ែត្រ ធៀប​នឹង​ផ្ទៃរាប​របស់​ព្រះ​ចន្ទ។ ភ្នំភ្លើង​នេះ កន្លងមក​មិនត្រូវ​បាន​អ្នកវិទ្យាសាស្ត្រ​សង្កេតមើល​នោះទេ ដោយសារតែ​វា​ស្ថិតនៅ​មួយ​ចំហៀង​ដែល​តែងតែ​បែរខ្នង​ដាក់​ផែនដី។

Roscosmos បញ្ជាក់ថា យាន Luna-25 ក៏បាន​វាស់វែង​កាំរស្មី​ហ្គា​ម៉ា និង​នឺ​ត្រុ​ង​ពី​ផ្ទៃ​របស់​ព្រះ​ចន្ទ ក៏ដូចជា​តួលេខ​ប្លា​ស្មា​ក្នុង​ទី​អវកាស​ជុំវិញ​ព្រះ​ចន្ទ រួម​នឹង​ឧស្ម័ន និង​ធូលី​លើ​គន្លង​តារាវិថី​របស់​ឋាន​នេះ​ផងដែរ។

Luna-25 គឺជា​យាន​ស្រាវជ្រាវ​ព្រះ​ចន្ទ​ដំបូង​ដែល​អភិវឌ្ឍ ផលិត និង​ដំណើរការ​ទាំងស្រុង​ដោយ​ប្រទេស​រុស្ស៊ី​បច្ចុប្បន្ន។ គម្រោង​ដែល​ត្រូវបាន​បង្ហាញ​កាលពី​ថ្ងៃទី 11 សីហា​នេះ មាន​គោលដៅ​ក្លាយជា​យានអវកាស​ដំបូង​ដែល​ចុះចត​ដោយថ្នមៗនៅ​តំបន់​ប៉ូល​ខាងត្បូង​របស់​ព្រះ​ចន្ទ ដែល​គ្រោង​នឹងធ្វើ​ឡើង​នៅ​ថ្ងៃទី 21 សីហា​ខាងមុខ។

រូបភាពភ្នំភ្លើង Zeeman នៅប៉ូលខាងត្បូង​របស់​ព្រះ​ចន្ទ ដែល​ថត​ដោយ​ Luna-25

គោលដៅ​ចម្បង​របស់​គម្រោង​នេះ​គឺ​ការពិសោធ​ដី​ព្រះ​ចន្ទ​ដើម្បី​ស្វែងរក​ទឹកកក ប៉ុន្តែ Roscosmos ក៏បាន​ឱ្យដឹងថា ពួកគេ​ក៏​ចង់​សាកល្បង​បច្ចេកវិទ្យា​ចុះចត​ដោយថ្នមៗ រួម​នឹង​ស្រាវជ្រាវ​ស្រទាបដី​ខាងលើ​របស់​ឋាន​មួយ​នេះ​ផងដែរ។

ការបាញ់​បង្ហោះ Luna-25 គឺជា​សញ្ញា​បង្ហាញថា រុស្ស៊ី​បាន​វិល​ត្រលប់​ទៅកាន់​ឋាន​ព្រះ​ចន្ទ​វិញ ក្រោយ​ការខកខាន​អស់ 47 ឆ្នាំ។ កម្មវិធី Luna ដំបូង​ត្រូវបាន​ចាប់ផ្ដើម​ក្នុងសម័យ​សូ​វៀត ដែល​សម្រេច​បេសកកម្ម​ព្រះ​ចន្ទ​បាន​ចំនួន 24 លើក ចាប់ពី​ខែកញ្ញា 1958 ដល់​ខែសីហា 1976៕

Advertisement