យានអវកាស​អឺរ៉ុប​រកឃើញ​តម្រុយទាក់​ទង​នឹង «ភាព​ចម្លែក​ខុស​គេ»​​ នៃ​បរិយាកាស​​​​​ព្រះអាទិត្យ 

យានអវកាស​មួយគ្រឿង​ដែល​កំពុងតែ​ធ្វើ​សកម្មភាព​ជុំវិញ​ព្រះអាទិត្យ បាន​រកឃើញ​ចម្លើយ​ស​ម្រា​ប់​សំណួរ​ដែល​សួរ​ថា «តើ​ព្រះអាទិត្យ​គឺជា​វត្ថុ​អវកាស​ដែល​ខុសគេ​ក្នុងចំណោម​តារា​នៅក្នុង​ចក្រវាល?»។

ច្រើន​ទសវត្សរ៍​កន្លង ក្រុម​អ្នកវិទ្យាសាស្ត្រ​បានដឹងថា ព្រះអាទិត្យ​ហាក់បីដូចជា​ខុសពី​គេ ធៀប​នឹង​ផ្កាយ​នានា​ដែល​ធ្លាប់​ត្រូវបាន​សង្កេត។ ព្រះអាទិត្យ​បាន​បំបែក​រាល់​ទម្រង់​ស្ដីពី​ផ្កាយ ព្រោះ​វា​មាន​បរិយាកាស​ដែល​ក្ដៅ​មិន​សម​ហេតុ​ផល។

សីតុណ្ហភាព​ក្នុង​បរិយាកាស​ខាងលើ​របស់​ព្រះអាទិត្យ (ស្រទាប់​កូ​រ៉ូ​ណា – corona) អាច​ឡើងដល់​ជាង 1.1 លាន​អង្សា​សេ ស្រប​ពេលដែល​តំបន់​ហ្វូ​តូ​ស​ហ្វៀ (Photosphere) ដែលជា​ស្រទាប់​លើ​បំផុត​របស់​ព្រះអាទិត្យ​ដែល​នៅ​ខាងក្រោម និង​មាន​ចម្ងាយ 1,600 គីឡូម៉ែត្រ​ពី​បរិយាកាស​កូរ៉ូណា បែរ​ជាមាន​កម្ដៅ​ត្រឹមតែ 5,500 អង្សា​សេ​ទៅវិញ។

តាម​ធម្មតា បរិយាកាស​របស់​ផ្កាយ​មួយ​ដួង​ត្រូវបាន​ដុត​កម្ដៅ​ដោយសារ​ប្រតិកម្ម​នុយ​ក្លេ​អែរ​នៅ​ខាងក្នុង​ស្នូល​របស់​វា។ ដូច្នេះ ស្រទាប់​បរិយាកាស​ខាងលើ​របស់​ផ្កាយ មិន​អាចមាន​កម្ដៅ​ខ្ពស់ជាង 200 ដង ធៀប​នឹង​ស្រទាប់​ខាងក្រោម​ឡើយ​។ ស្រទាប់បរិយាកាស​​កូ​រ៉ូ​ណា​​របស់​ផ្កាយ​ គួរ​ណាស់​តែ​ត្រូវ​ត្រជាក់​ជាង​ស្រទាប់​ហ្វូ​តូ​ស​ហ្វៀ។

ប្រការនេះ​បង្ហាញថា នៅមាន​អ្វីមួយ​ដែល​មនុស្ស​មិនទាន់​ដឹង កំពុងតែ​ដុត​កម្ដៅ​ផ្កាយ​មេ​របស់​ផែនដី។ នោះ​ជា​សំណួរ​ដែល​មិនមាន​ចម្លើយនៅក្នុង​រយៈពេល 80 ឆ្នាំ​កន្លង។

ថ្មីៗនេះ យានអវកាស​ព្រះអាទិត្យ (SO) របស់​ទីភ្នាក់ងារ​អវកាស​អឺរ៉ុប (ESA) បាន​រកឃើញ​អ្វីមួយ​យ៉ាង​ចម្លែក៖ រលក​ម៉េ​ញេ​ទិច​ប្រេកង់​ខ្ពស់ ដែល​ភាយ​ពាសពេញ​ស្រទាប់បរិយាកាស​​កូ​រ៉ូ​ណា។

ពី​តំបន់​ដែលមាន​ចម្ងាយ 42 គីឡូម៉ែត្រ​ពី​ព្រះអាទិត្យ យាន SO បាន​ប្រើ​ប្រាស់​តេ​ឡេ​ស្កុប EUI របស់​បែលហ្ស៊ិក ដើម្បី​ថត​យក​រូបភាព​ស្រទាប់​បរិយាកាស​ខាងលើ​របស់​ព្រះអាទិត្យ ជាមួយនឹង​កម្រិត​ភាពច្បាស់​ខ្ពស់​មិន​ធ្លាប់មាន។ ហើយ​ពួកគេ​ក៏បាន​ឃើញ​រលក​ម៉ាញេ​ទិចតូចៗដែល​សាយភាយ​កាត់​តាម​ពន្លឺ​ប្លា​ស្មា​ក្នុង​ស្រទាប់​បរិយាកាស​ដ៏​ក្ដៅ​នេះ។

អ្នកវិទ្យាសាស្ត្រ​ក៏​បន្ត​វិភាគ​លើ​ការស្រាវជ្រាវ​កន្លង និង​បានដឹងថា ទម្រង់​រលក​ម៉ាញេ​ទិច​ប្រេកង់​ខ្ពស់​ដែល​កើតឡើង​ដដែលៗក្នុង​ល្បឿន​លឿន អាច​ដុត​កម្ដៅ​ស្រទាប់​បរិយាកាស​កូរ៉ូណា​​​របស់​ព្រះអាទិត្យ​​ក្នុង​កម្រិត​ខ្ពស់​គួរ​ឱ្យ​កត់​សម្គាល់។

ក៏ប៉ុន្តែ អ្វីដែល​បាន​រកឃើញ​នេះ​មិនទាន់​គ្រប់គ្រាន់​នៅឡើយ។ អ្នកវិទ្យាសាស្ត្រ​កំពុងតែបន្ត​ស្វែងរក​ចម្លើយ​ដែល «ក្បោះ​ក្បាយ» ជាង​នេះ ដើម្បី​យល់ច្បាស់​អំពី​របៀប​ដែល​ស្រទាប់​បរិយាកាស​កូ​រ៉ូ​ណា​របស់​ព្រះអាទិត្យ​ត្រូវបាន​ដុត​កម្ដៅ និង​បង្កើតបានជា​បរិយាកាស​ព្រះអាទិត្យ​​ដែល​មាន​លក្ខណៈ​ខុសគេ​បែបនេះ៕

Leave a Comment