Tag: តារា

  • សូមស្វាគមន៍ «បើកសម្ពោធ OPPO Flagship Store និង Find N3 Series First Sale» ក្នុងពេលតែមួយ គួរឲ្យភ្ញាក់ផ្អើល!​

    សូមស្វាគមន៍ «បើកសម្ពោធ OPPO Flagship Store និង Find N3 Series First Sale» ក្នុងពេលតែមួយ គួរឲ្យភ្ញាក់ផ្អើល!​

    នៅថ្ងៃទី05 ខែវិច្ឆិកា ឆ្នាំ2023 គឺជាថ្ងៃពិសេសសម្រាប់ក្រុមហ៊ុន OPPO ប្រចាំប្រទេសកម្ពុជា ដែលបាន​បើក​សម្ពោធ​និង​បើកដំណើរការនូវ OPPO Flagship Store យ៉ាងកក្រើកនៅក្នុងផ្សារទំនើប AEON Mall (ជាន់ទី1) ហើយក្នុងថ្ងៃតែមួយនេះផងដែរក៏ជាថ្ងៃ Find N3 Series First Sale ជាស្មាតហ្វូនអធិរាជអេក្រង់បត់របស់ OPPO ដែលទើបដាក់សម្ពោធកាលពីថ្ងៃទី27 ខែតុលា ឆ្នាំ2023 រំលងទៅថ្មីៗនេះ។

    តួយ៉ាង នៅក្នុងកម្មវិធីសម្ពោធ OPPO Flagship Store & Find N3 Series First Sale ក៏ឃើញមានការចូលរួមពីបណ្តាដៃគូសហការ តារាល្បីៗជាច្រើនរូបដូចជា រ៉េត ស៊ូហ្សាណា, ជូរី ល្អហួស, ភឹម ស្រីនោ, តាន់ ជេស៊ី, គុយ អេណា, Lee Xin និង Chma ព្រមទាំងបងប្អូនសារព័ត៌មានជាច្រើនស្ថាប័នក្នុងស្រុក។

    រឹតតែពិសេសឃើញថាក្រុមហ៊ុន OPPO ក៏បានផ្តល់ជូនកាដូ Free Free ដល់ហ្វេនៗគ្រប់ៗគ្នាដែលបានអញ្ជើញចូលរួមកម្មវិធី។ មិនតែប៉ុណ្ណោះ OPPO ក៏បានផ្តល់ជូនឱកាសពិសេសដែលមិនធ្លាប់មានជាមួយការបញ្ចុះតម្លៃលើ OPPO Pad Air និងរាល់ការទិញស្មាតហ្វូន OPPO គ្រប់ម៉ូដែលនឹងទទួលបានកាដូពិសេសៗជាច្រើនពី OPPO ដែលឱកាសនេះមិនធ្លាប់មានពីមុននោះទេ។

    ក្រៅពីការផ្តល់ជូនដ៏ពិសេសខាងលើ គោលបំណងធំដែលក្រុមហ៊ុន OPPO នៅកម្ពុជាបើកដំណើរការនូវ Flagship Store ដំបូងរបស់ខ្លួនគឺដើម្បីផ្តល់ជូននូវភាពងាយស្រួល សេវាកម្មដ៏ទាន់ចិត្ត និងផ្តល់បទពិសោធដ៏ល្អប្រសើរដល់អតិថិជនក្នុងការមកតេស្តទូរស័ព្ទ OPPO គ្រប់ស៊េរីគ្រប់ម៉ូដែលដោយផ្ទាល់នៅក្នុងហាង ព្រមទាំងមានបុគ្គលិកជំនាញៗដែលអាចប្រឹក្សាមតិយោបល់។ អ្វីដែលកាន់តែពិសេស រាល់ការអញ្ជើញមកជាវស្មាតហ្វូន OPPO គ្រប់ម៉ូដែល​នៅ Flagship Store អតិថិជននឹងទទួលបានការបិត Screen ដោយឥតគិតថ្លៃ៕

  • ឥណ្ឌា​ធ្វើ​តេស្ត​យាន​អវកាស​ដឹក​មនុស្ស​ជា​លើក​ដំបូង

    ឥណ្ឌា​ធ្វើ​តេស្ត​យាន​អវកាស​ដឹក​មនុស្ស​ជា​លើក​ដំបូង

    កាល​ពី​ថ្ងៃទី 21 តុលា ឥណ្ឌា​បាន​សាកល្បង​បាញ់បង្ហោះ​ដោយ​ជោគ​ជ័យ​ជា​លើក​ដំបូង​ចំពោះ​​យាន​អវកាស​ Gaganyaan ដែល​អភិវឌ្ឍឡើង​ដើម្បី​ដឹក​អ្នក​អវកាស​បី​រូប​។

    ការ​បាញ់​បង្ហោះ​សាកល្បង​កាល​ពី​ម្សិលមិញ ធ្វើឡើង​ក្នុង​បំណង​វាយ​តម្លៃ​ប្រព័ន្ធ​រំដោះ​គ្រោះ​បន្ទាន់​របស់​ម៉ូឌុលដឹក​មនុស្ស​។ ម៉ូឌុល​នេះ​បាន​ផ្ដាច់​ខ្លួន​ពី​ម៉ាស៊ីន​រុញ​ច្រាន​ និង​ចុះ​ចត​ថ្នម​ៗ​នៅ​លើ​សមុទ្រ ក្រោយ​ពី​ត្រូវ​បាន​បាញ់​បង្ហោះ​ប្រហែល​ 10 នាទី​។

    តាម​ផែនការ អង្គការ​ស្រាវ​ជ្រាវ​អវកាស​ឥណ្ឌា​ (ISRO)​ នឹង​ធ្វើ​តេស្តធំៗ​​ប្រមាណ​ម្ភៃ​ដង​ទៀត​ មុន​នឹង​អនុញ្ញាត​ឱ្យ​យាន Gaganyaan ​នាំ​យក​អវកាសចរ​បី​រូប ​ឡើង​ទៅ​កាន់​គន្លង​តារា​វិថី​ផែនដី​នៅ​ឆ្នាំ 2025​។

  • ប្រទេសថៃ​បាញ់​បង្ហោះ​ផ្កាយ​រណប​សង្កេត​មើល​ផែនដីទីពីរ

    ប្រទេសថៃ​បាញ់​បង្ហោះ​ផ្កាយ​រណប​សង្កេត​មើល​ផែនដីទីពីរ

    ប្រទេសថៃ កាល​ពី​ថ្ងៃទី 09 តុលា 2023 បាន​បាញ់​បង្ហោះ​ផ្កាយ​រណប​សង្កេត​ផែនដី​ទីពីរ​ (THEOS-2) ឡើង​ទៅ​កាន់​គន្លង​តារាវិថី​ផែនដី ពី​តំបន់ Guina របស់​ប្រទេស​បារាំង​។

    ​រយៈ​ពេល​ប្រហែល​មួយ​ម៉ោង​ក្រោយ​ពី​បាន​បាញ់​បង្ហោះ THEOS-2 បាន​ផ្ដាច់​ខ្លួន​ពី​រ៉ុក្កែត និង​ហោះចូល​គន្លង​តារា​វិថី​កម្រិត​ទាប​របស់​ផែនដី​។

    ក្រុម​មន្ត្រី​ថៃ​ឱ្យ​ដឹង​ថា​ ប្រព័ន្ធ​ផ្កាយ​រណប​នេះ​នឹង​ត្រូវ​បាន​ដំណើរ​ការ​សាកល្បង​រយៈ​ពេល​បីខែ មុន​នឹង​ដំណើរ​ការ​ជា​ផ្លូវ​ការ​ និង​ចាប់​ផ្ដើម​សកម្មភាព​សង្កេត​មើល​ផែនដី​។ ផ្កាយ​រណប​ខាង​លើ​នឹង​ផ្ដល់​ទិន្នន័យ​ចាំបាច់​សម្រាប់​វិស័យ​កសិកម្ម ការ​គ្រប់​គ្រង​ទឹក​ ការ​ធ្វើ​ផែនការ​សម្រាប់​ទីក្រុង និង​ការ​​គ្រប់​គ្រង​ធនធាន​ធម្មជាតិ​។

    ផ្កាយ​រណប​នេះ​គឺជា​ជំហាន​ដ៏​ធំ​មួយ​នៅ​ក្នុង​បេសកកម្ម​ទប់​ទល់​របស់​ប្រទេស​ថៃ នៅចំពោះ​មុខ​ស្ថាន​ការណ៍​បន្ទាន់​ ដោយ​ការ​ប្រើ​ប្រាស់​ទិន្នន័យ​ថ្មី លំអិត និង​ត្រឹម​ត្រូវ​ ដែល​ប្រមូល​បាន​ដោយ​ឧបករណ៍​បច្ចេកវិទ្យា​ទំនើប​ៗ​ដែល​មាន​នៅ​លើ THEOS-2​៕

    https://www.youtube.com/watch?v=65Sqsho8uWM

     

  • គម្រោង​រក​ស៊ី​របស់​ SpaceX ធ្វើ​ឱ្យ​ក្រុម​ហ៊ុន​ក្នុង​ស្រុក​ «ព្រួយបារម្ភ»

    គម្រោង​រក​ស៊ី​របស់​ SpaceX ធ្វើ​ឱ្យ​ក្រុម​ហ៊ុន​ក្នុង​ស្រុក​ «ព្រួយបារម្ភ»

    បើសិន​ជា​ការ​រកស៊ី​របស់​ SpaceX ផ្ដោត​ទៅ​លើ​សេវាកម្ម B2C តាម​រយៈ​សកម្មភាព​លក់​រាយ​ដោយ​ផ្ទាល់​ នោះ​នឹង​ជា​ការ​គំរាម​កំហែង​ដ៏​ធំ​មួយ​ដល់​បណ្ដា​ក្រុម​ហ៊ុន​ទូរគមនាគមន៍​ក្នុង​ស្រុក​។

    ក្រុម​ហ៊ុន​ផ្គត់ផ្គង់សេវាកម្ម​ទូរគមនាគមន៍​នៅ​ប្រទេស​ឥណ្ឌូណេស៊ី​កំពុង​តែ​ពិនិត្យ​ទៅ​លើ​ផលប៉ះពាល់​​ដែល​អាច​កើត​មាន​ដោយ​សារ​គម្រោង​ផ្ដល់​សេវា​កម្ម​បែប​ B2C (ពី​ក្រុម​ហ៊ុន​ទៅ​អ្នក​ប្រើ​ប្រាស់​) របស់​ក្រុម​ហ៊ុន​អាម៉េរិក​ SpaceX តាម​រយៈ​ប្រព័ន្ធ​ផ្កាយ​រណប​ Starlink។

    ទំព័រ Kata Data (ឥណ្ឌូណេស៊ី) ឱ្យ​ដឹង​ថា ក្រុម​ហ៊ុន​ SpaceX កំពុង​ផ្គត់​ផ្គង់​សេវាកម្ម​បែប B2B (ពី​ក្រុម​ហ៊ុន​ទៅ​ក្រុម​ហ៊ុន) នៅ​ប្រទេស​ឥណ្ឌូណេស៊ី​ ហើយ​ថា SpaceX នឹង​ពិនិត្យ​លទ្ធភាព​ផ្ដល់​សេវាកម្ម​ដល់​អ្នក​ប្រើ​ប្រាស់​ដោយ​ផ្ទាល់​ ពោល​គឺ​ការ​លក់​រាយ​ជូន​អតិថិជន​។

    លោក Marwan O. Baasir អគ្គលេខាធិការ​នៃ​សមាគម​ប្រតិបត្តិករ​ប្រព័ន្ធ​ទូរស័ព្ទ​ចល័ត​ឥណ្ឌូណេស៊ី (ATSI) ទទួលស្គាល់​ថា សេវាកម្ម B2B របស់ Starlink អាច​ជួយ​ដល់​បណ្ដា​ក្រុម​ហ៊ុន​ទូរគមនាគមន៍​ក្នុង​ស្រុក​ ពិសេស​គឺ​បណ្ដា​ក្រុម​ហ៊ុន​នៅជនបទ​ តាម​រយៈ​ការ​ផ្គត់​ផ្គង់​បណ្ដាញ​អ៊ីនធើណិត​ដែល​ចាំបាច់​។

    ក៏ប៉ុន្តែ យោង​តាម​លោក Marwan ដដែល បើសិន​ជា​ការ​រកស៊ី​របស់​ SpaceX ផ្ដោត​ទៅ​លើ​សេវាកម្មបែប B2C តាម​រយៈ​សកម្មភាព​លក់​រាយ​ដោយ​ផ្ទាល់​ នោះ​នឹង​ជា​ការ​គំរាម​កំហែង​ដល់​បណ្ដា​ក្រុម​ហ៊ុន​ទូរគមនាគមន៍​ក្នុង​ស្រុក​។ មិន​មែន​មាន​តែ​បណ្ដា​ក្រុម​ហ៊ុន​ផ្គត់​ផ្គង់​សេវាទូរគមនាគមន៍​ត្រូវ​រង​ផល​ប៉ះពាល់​នោះទេ សូម្បី​តែ​ក្រុម​ហ៊ុន​ផ្គត់ផ្គង់​ហេដ្ឋារចនា​សម្ព័ន្ធ​ចាំបាច់​ មាន​ដូច​ជា​ខ្សែកាប​អ៊ីធើណិត​ និង​អង់តែន​ទូរស័ព្ទ​ក៏​នឹង​ជួប​ហានិភ័យ​ផងដែរ​។

    លោក Marwan សង្កត់​ធ្ងន់​ថា បណ្ដា​ក្រុម​ហ៊ុន​ក្នុង​ស្រុក ​ចង់​ឱ្យ​ការ​ចូល​មក​លក់​រាយ​​​របស់ Starlink នៅ​ឥណ្ឌូណេស៊ី ត្រូវ​តែ​ស្ថិត​ក្នុងបណ្ដាញ​នៃ​ការ​ផ្គត់​ផ្គង់​របស់​ជាតិ​ ដោយ​មិន​អាច​បដិសេធ​បាន​។

    យោង​តាម​ទំព័រ Kompas ចុះផ្សាយ​កាល​ពី​ថ្ងៃទី 02 សីហា បច្ចុប្បន្ន SpaceX មាន​ផ្កាយ​រណប​ Starlink សរុប​ចំនួន 4,519 គ្រឿង​នៅ​លើ​គន្លង​តារាវិថី​ផែនដី​ ក្នុង​នោះ​មាន 4,487 គ្រឿង​កំពុង​ដំណើរ​ការ​។ ទន្ទឹម​នឹង​នេះ​ SpaceX ក៏​កំពុង​មាន​គម្រោង​បាញ់​បង្ហោះ​ Starlink 42,000 គ្រឿង​បន្ថែម​ទៀត​ ដើម្បី​បង្កើតបាន​​ជា​បណ្ដាញ​ផ្គត់​ផ្គង់អ៊ីនធើណិត​ល្បឿន​លឿន​​ដែល​គ្រប​ដណ្ដប់​ទូទាំង​ផែនដី​៕

  • ក្នុង​ខែ​តុលា​នេះ ទាំង​សូរ្យគ្រាស និង​ចន្ទ​គ្រាស ​​សុទ្ធ​តែនឹង​​កើត​ឡើង​

    ក្នុង​ខែ​តុលា​នេះ ទាំង​សូរ្យគ្រាស និង​ចន្ទ​គ្រាស ​​សុទ្ធ​តែនឹង​​កើត​ឡើង​

    សូរ្យគ្រាស​រាង​ចិញ្ចៀន​ក្នុង​ថ្ងៃទី 14 តុលា និង​ចន្ទ​គ្រាស​មួយ​ផ្នែក​ក្នុង​ថ្ងៃទី 29 តុលា គឺជា​ព្រឹត្តិការណ៍​តារា​សាស្ត្រ​​គួរ​ឱ្យ​ចាប់​អារម្មណ៍​ដែល​កើត​ឡើង​ក្នុង​ខែ​តុលា 2023​។

    សូរ្យគ្រាស​រាង​ចិញ្ចៀន​​លើក​នេះ​អាច​មើល​ឃើញ​​ក្នុង​ 8 រដ្ឋ​នៅ​ភាគ​និរតី​របស់​សហរដ្ឋ​អាម៉េរិក​។ សូរ្យគ្រាស​ប្រភេទ​នេះ​កើត​ឡើង​នៅ​ពេល​ព្រះ​ចន្ទ​ ព្រះ​អាទិត្យ​ និង​ផែនដី​ស្ថិត​នៅ​ត្រង់ជួរ​នឹង​គ្នា​​ប៉ុន្តែ​ដោយ​សារ​ព្រះចន្ទ​ស្ថិត​នៅ​ត្រង់​ចំណុច​ឆ្ងាយពី​ផែនដី​​បំផុត​លើ​គន្លង​រាង​ពងក្រពើ​​របស់​វា​ ទើប​មិន​អាច​បិទ​បាំង​ព្រះ​អាទិត្យ​បាន​ទាំង​ស្រុង​ ហើយ​ក៏​​បន្សល់​រង្វង់​មូល​ភ្លើង​ដូច​ចិញ្ចៀន​។

    អ្នក​ដែល​ស្ថិត​នៅ​ក្រៅ​តំបន់​អាច​មើល​ឃើញ​បាតុភូត​សូរ្យគ្រាស​រាង​ចិញ្ចៀនលើក​នេះ នៅ​តែ​អាច​គយគន់​សូរ្យ​គ្រាស​មួយ​ផ្នែក​ ក្នុង​នោះ​រួម​មាន ទឹកដី​អាម៉េរិក​ទាំង​មូល តំបន់​ខ្លះ​​របស់​ប្រទេស​ម៉ិកស៊ិក តំបន់​អាម៉េរិក​កណ្ដាល​ ប្រទេស​កូឡុំប៊ី និង​ប្រេស៊ីល​។

    បាតុភូតសូរ្យគ្រាស

    ចំណែក​ចន្ទ​គ្រាស​មួយ​ផ្នែក​ដែល​​កើត​ឡើង​នៅ​ចុង​ខែ​តុលានេះ​នឹង​បង្ហាញ​ខ្លួន​​នៅ​​​តំបន់​អឌ្ឍគោល​ខាង​កើត​របស់​ផែនដី​ រួម​មាន ទ្វីប​អឺរ៉ុប​ អាហ្វ្រិក អាស៊ី អង់តាក់ទិក និង​អូសេអានី​។ ក្នុង​បាតុភូត​នេះ​ ព្រះ​ចន្ទ​នឹង​គោចរ​ឆ្លង​កាត់​ស្រមោល​ផែនដី​ ធ្វើ​ឱ្យ​វា​ងងឹត​ជាង​ធម្មតា​។ ចន្ទ​គ្រាស​មួយ​ផ្នែក​នឹង​កើត​ឡើង​ពី​ម៉ោង 02:36 ថ្ងៃទី 29 តុលា និង​បញ្ចប់​នៅ​វេលា​ម៉ោង​ 03:53។

    បាតុភូត​ចន្ទ​គ្រាស

    នេះ​គឺជា​ចន្ទ​គ្រាស​ទីពីរ​ក្នុង​ឆ្នាំ​ 2023 ក្រោយ​ពី​ចន្ទ​គ្រាស​ពាក់​កណ្ដាល​ដែល​បាន​កើត​ឡើង​កាល​ពី​ខែ​ឧសភា​៕

  • យប់ថ្ងៃ15 កើតនេះ មានព្រឹត្តិការណ៍ពិសេសបីកើតឡើងដំណាលគ្នា

    យប់ថ្ងៃ15 កើតនេះ មានព្រឹត្តិការណ៍ពិសេសបីកើតឡើងដំណាលគ្នា

    យប់ថ្ងៃសីលពេញបូណ៌មីនេះ កើតឡើងចំព្រឹត្តិការណ៍តារាសាស្ត្រពិសេសមួយដែលត្រូវបានហៅថា មហាចន្ទពេញវង់។

    យប់ថ្ងៃសុក្រ 15 កើត ខែភទ្របទ ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ 2567 ត្រូវនឹងថ្ងៃទី 29 កញ្ញា គ្រីស្តសករាជឆ្នាំ 2023 នេះ គឺជាថ្ងៃពិសេស ព្រោះថាមិនត្រឹមតែជាថ្ងៃសីលពេញបូណ៌មី និងជាថ្ងៃបុណ្យសែនព្រះខែរបស់ជនជាតិមួយចំនួននៅអាស៊ីខាងកើត និងអាស៊ីអាគ្នេយ៍ មានដូចជា ចិន ជប៉ុន កូរ៉េ និងវៀតណាមជាដើមនោះទេ ប៉ុន្តែក៏ជាឱកាសដែលមានព្រឹត្តិការណ៍មហាចន្ទពេញវង់ផងដែរ។

    នៅយប់នេះ ព្រះចន្ទនឹងស្ថិតនៅពីមុខផែនដី និងព្រះអាទិត្យ ហើយផ្ទៃរបស់វានឹងទទួលបានពន្លឺពេញលេញពីព្រះអាទិត្យ។ ព្រឹត្តិការណ៍នេះនឹងកើតឡើងនៅវេលាម៉ោង 16:59 ម៉ោងអន្តរជាតិ ត្រូវនឹងម៉ោង 23:59 ថ្ងៃទី 29 កញ្ញានៅកម្ពុជា។ ព្រះចន្ទពេញវង់លើកនេះគឺជាមហាចន្ទពេញវង់ចុងក្រោយក្នុងចំណោមមហាចន្ទទាំងបីរបស់ឆ្នាំ 2023។ យប់នេះ ព្រះចន្ទនឹងស្ថិតនៅក្បែរផែនដីបំផុត ហើយនឹងធំជាង ភ្លឺជាងចន្ទពេញវង់ធម្មតា។

    អ្នកតារាសាស្ត្រឱ្យដឹងថា ចម្ងាយមធ្យមពីព្រះចន្ទទៅផែនដីគឺ 384,000 គីឡូម៉ែត្រ។ ប៉ុន្តែដោយសារគន្លងគោចររបស់ព្រះចន្ទមានរាងដូចពង​ក្រពើ ដូចនេះវាតែងតែមានពេលខ្លះនៅជិតខ្លាំង និងឆ្ងាយខ្លាំងធៀបនឹងចម្ងាយមធ្យម។ ជាធម្មតា រៀងរាល់ឆ្នាំតែងមានចន្ទពេញវង់មួយលើក ពីរលើក ឬអាចបីលើកដែលកើតឡើងចំពេលព្រះចន្ទកំពុងស្ថិតនៅចំណុចជិតផែនដីបំផុតនៅលើគន្លងតារាវិថីរបស់វា។ ពេលនោះ មនុស្សនៅលើផែនដីនឹងមើលឃើញព្រះចន្ទធំជាង និងភ្លឺជាងធម្មតា។ នេះគឺជាឱកាសដ៏ពិសេសសម្រាប់អ្នកចូលចិត្តវិស័យតារាសាស្ត្រ និងអ្នកចូលចិត្តគយគន់ផ្ទៃមេឃពេលរាត្រី៕

  • ពន្ធ​លើ​អចលនទ្រព្យ​នៅ​ប្រទេសមួយ​ចំនួន​ក្នុង​ទ្វីប​អាស៊ី

    ពន្ធ​លើ​អចលនទ្រព្យ​នៅ​ប្រទេសមួយ​ចំនួន​ក្នុង​ទ្វីប​អាស៊ី

    ពន្ធលើអចលនទ្រព្យគឺជា​ពន្ធ​មួយ​ប្រភេទ​ដែល​បង្ហាញ​វត្តមាន​តាំង​ពី​បុរាណ​​​រហូត​ដល់​បច្ចុប្បន្ន ហើយ​តែង​តែ​ផ្ដោត​ទៅ​លើ​ដីធ្លី និង​សំណង់​នៅលើ​ដីធ្លី​។ តាំង​ពី​បណ្ដា​ឆ្នាំ​ 200 មុន​គ្រិស្តសករាជ ដល់​ឆ្នាំ 300​ នៃ​គ្រិស្តសករាជ ជនជាតិ​រ៉ូម៉ាំង​បាន​យក​ពន្ធលើដីធ្លី និង​សំណង់​នៅ​លើដី​។ បច្ចុប្បន្ន ពន្ធ​លើ​អចលនទ្រព្យ​ត្រូវ​បាន​អនុវត្ត​នៅ​ក្នុង​ប្រទេស​ជា​ច្រើន​លើ​ពិភពលោក​ ដោយ​ប្រើប្រាស់​រូបមន្ត​ និង​ឈ្មោះ​ផ្សេង​ៗ​គ្នា​ មានជា​អាទិ៍ ពន្ធ​លើ​អចលនទ្រព្យ​ប្រចាំឆ្នាំ ពន្ធ​លើ​ការ​ផ្ទេរសិទ្ធិកាន់​កាប់​​អចលនទ្រព្យ​ ពន្ធ​លើ​ការ​ចុះ​បញ្ជី​អចលនទ្រព្យ​ ពន្ធ​មរតក ពន្ធ​លើ​អំណោយ​ដែល​សំដៅ​លើ​អចលនទ្រព្យ​ដែល​ជា​មរតក ឬ​អំណោយ​​ជា​ដើម​។

    យោង​តាម​និយមន័យ​ដែល​កំណត់​ដោយ​មូលនិធិរូបិយវត្ថុ​អន្តរជាតិ (IMF) និង​អង្គការសម្រាប់កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងការអភិវឌ្ឍ (OECD) ពន្ធ​លើ​អចលនទ្រព្យ​គឺជា​ខ្ទង់​ប្រាក់ដែល​​រដ្ឋ​ប្រមូល​​​តាម​កាល​កំណត់​ ឬ​មិន​តាម​​កាល​កំណត់​ ទាក់​ទង​នឹង​ការ​ប្រើ​ប្រាស់​ កាន់​កាប់​ និង​ផ្ទេរសិទ្ធិ​កាន់​កាប់​អចលនទ្រព្យ​។ គោលដៅ​​ដែល​ត្រូវ​ជាប់​​ពន្ធ​នេះ​​ភាគ​ច្រើន​គឺជា​ផ្ទះ និង​ដី ប៉ុន្តែ អាច​ខុស​គ្នា​ខ្លះ​ទៅ​តាម​ប្រទេស​នីមួយ​ៗ​។ ឧទាហេរណ៍​ នៅ​ប្រទេស​ចិន ពន្ធ​ដែល​ទាក់​ទង​នឹង​អចលនទ្រព្យ​រួម​មាន ពន្ធ​លើ​ការ​ប្រើ​ប្រាស់​ដី​ក្រុង ពន្ធ​លើ​គេហដ្ឋាន​ ពន្ធ​លើ​អចលនទ្រព្យ​ក្នុង​ក្រុង និង​ពន្ធ​លើ​ការ​ប្រើប្រាស់​ដី​កសិកម្ម​ជា​ដើម​។ នៅប្រទេស​ថៃ មុន​ឆ្នាំ 2016 ​អចលនទ្រព្យ​ដែល​ជាប់​ពន្ធ​​រួម​មាន ​ផ្ទះ ដី និង​​ការ​អភិវឌ្ឍ​ដី​ធ្លី​។ល។

    បច្ចុប្បន្ន ពន្ធ​លើអចលនទ្រព្យ​កាន់​តែ​មាន​តួនាទី​សំខាន់​នៅ​ក្នុងខ្ទង់​​ប្រាក់​ចំណូល​សរុប​របស់​ប្រទេស​នានា ដោយ​មាន​អត្រា​ជា​មធ្យម​ពី 3 ទៅ 4% បើ​ធៀប​នឹង​ប្រាក់​ចំណូល​សរុប​ដែល​បាន​ពី​ពន្ធ​នៅ​ក្នុង​បណ្ដា​ប្រទេស​អភិវឌ្ឍ​ ខណៈ​ប្រទេស​ខ្លះ​ដូច​ជប៉ុន​ជា​ដើម អត្រា​នេះ​ឡើង​ជិត​ដល់ 8%​។

    ខាង​ក្រោម​នេះ​គឺជា​តារាងសមាមាត្រ​នៃ​ចំណូល​បាន​ពី​ពន្ធ​លើអចលនទ្រព្យ​ ធៀប​នឹង​ចំណូលសរុប​ដែល​បាន​ពី​​ពន្ធ​​​នៅ​ប្រទេស​មួយ​ចំនួន​ក្នុង​ទ្វីប​អាស៊ី​៖

    ប្រទេស2005200620072008200920102011201220132014
    ជប៉ុន7.36.86.87.37.97.77.576.86.4
    កូរ៉េខាងត្បូង2.43.13.63.63.23.13.03.03.13.2
    ឥណ្ឌូណេស៊ី4.34.84.53.63.63.73.12.72.11.8
    ម៉ាឡេស៊ី3.94.243.63.943.53.23.23.4
    ហ្វ៊ីលីពីន32.62.42.42.62.42.52.42.22.2
    សិង្ហបុរី7.17.06.67.65.46.78.57.58.28.0

     

  • វត្ថុ​អវកាស​ «ពាក់​កណ្ដាល​ផ្កាយ ពាក់​កណ្ដាល​ភព» ចំនួន​ពីរ​ ត្រូវ​ថត​បាន​ដោយ​ផ្ទាល់

    វត្ថុ​អវកាស​ «ពាក់​កណ្ដាល​ផ្កាយ ពាក់​កណ្ដាល​ភព» ចំនួន​ពីរ​ ត្រូវ​ថត​បាន​ដោយ​ផ្ទាល់

    ប្រព័ន្ធ​ផ្កាយ​មួយ​ដែលមាន​​វត្ថុ​អវកាស​ចម្លែក​ចំនួន​បួន​ ទើប​តែ​ត្រូវ​បាន​ក្រុម​អ្នក​តារាសាស្ត្រ​ថត​បាន​ដោយ​ផ្ទាល់​ ក្នុង​នោះ​មាន​វត្ថុ​អវកាស​ពីរ​ដែល​ស្ថិត​នៅ​ក្នុង​ស្ថាន​ភាព​ពាក់​កណ្ដាល​ភព​​ ពាក់​កណ្ដាល​ផ្កាយ​។

    យោង​តាម Sci-News ប្រព័ន្ធ​ផ្កាយ​ដែល​ទើប​ត្រូវថត​បាន​ដោយ​ផ្ទាល់​នេះ​រួម​មាន​ ប្រព័ន្ធ​ផ្កាយភ្លោះ​ពីរ​ដួង​​​ដែល​មាន​ឈ្មោះ​ថា HIP 81208 និង​វត្ថុ​អវកាស​ពីរ​ទៀត​ដែល​នៅ​ក្បែរ​ មាន​ចម្ងាយ​ពី​ផែនដី​ប្រហែល 486 ឆ្នាំ​ពន្លឺ​ និង​នៅ​ក្នុង​កញ្ចុំ​ផ្កាយ​ Scorpius។

    នោះ​គឺជាប្រព័ន្ធ​ផ្កាយ​​ដែល​មាន​អាយុ​ទើប​តែ​ 17 លាន​ឆ្នាំ ក្នុង​នោះ​ ផ្កាយ​ដែល​ភ្លឺ​ជាង​គេ​មាន​ឈ្មោះ​ថា HIP 81208A និងកូន​ផ្កាយ​​ក្រហម HIP 81208C ដែល​វិល​ជុំ​វិញ​ផ្កាយ​មេ HIP 81208A។

    ប្រព័ន្ធ​នេះ​មិន​ទាន់​មាន​ភពពេញ​លេញ​ ប៉ុន្តែ​មានភព​ដែល​កើត​ពី​ «ផ្កាយ​បរាជ័យ» ​ដែល​មាន​ឈ្មោះ​ថា HIP 81208B ​ស្ថិត​នៅ​ក្បែរ​ផ្កាយ​ A ដែលភ្លឺ​ជាង​គេ​។ HIP 81208B គឺជា​វត្ថុ​អវកាស​ដែល​ត្រូវ​បាន​ចាត់​ទុក​ថា​ជា​កូន​ផ្កាយ​ប្រផេះ។

    ក្នុង​ការ​ថត​រូប​​ផ្ទាល់​ដោយ​ឧបករណ៍​ SPHERE ដែល​បំពាក់​លើ​តេឡេស្កុប ESO នៅ​ប្រទេស​ស៊ីលី អ្នក​វិទ្យា​សាស្ត្រ​បាន​រកឃើញ​វត្ថុ​អវកាស​អាថ៌កំបាំង​មួយ​ផ្សេង​ទៀត​ដែល​ត្រូវ​បាន​ហៅ​ថា HIP 81208Cb ស្ថិត​នៅ​ក្បែរ​កូន​ផ្កាយ​ក្រហម​ និង​មាន​ម៉ាស​ធំជាង​ភពព្រហស្បតិ៍​ 15 ដង​ ធ្វើ​ឱ្យ​វាត្រូវ​បាន​ចាត់​ចូល​​ក្នុង​ប្រភេទ​ «ភព​ព្រហស្បតិ៍​យក្ស» និង​កូន​ផ្កាយ​ប្រផេះ​។

    ផ្កាយ​ប្រផេះ​គឺជា​វិធី​ហៅ​វត្ថុ​អវកាស​មួយ​ដែល​ស្ថិត​នៅ​ចន្លោះ​និយមន័យ​របស់​ផ្កាយ និង​ភព​។ ពួក​វា​តូច​ខ្លាំង​ មិន​អាច​រក្សា​ការ​​ប្រតិកម្ម​នុយក្លេអែរ​ក្នុង​ស្នូល​ដូច​ផ្កាយ​មួយ​ដួង​ ប៉ុន្តែ​ធំ​ខ្លាំង​បើ​ធៀប​នឹង​ភព​។ ពួក​វា​កើត​ចេញ​ពីពពក​ឧស្ម័ន​ធូលី​ក្នុង​​លំហ​អវកាស​ដូច​ទៅ​នឹង​ផ្កាយ​ធម្មតា​នានា ដោយ​មិនមែន​កើត​ពី​ថាស​ធូលី​របស់​ផ្កាយ ​។ ក៏ប៉ុន្តែ​ ពួក​វា​ក៏​មិន​មាន​លទ្ធភាព​ធ្វើ​ឱ្យ​ថាស​ធូលី​ដែល​នៅ​ជុំវិញខ្លួន​ កើត​ជា​​ភព​ដូច​បណ្ដា​ផ្កាយ​ដទៃ​។

    ដូច្នេះ កូន​ផ្កាយ​ប្រផេះ​ក៏​ត្រូវ​បាន​គេ​ប្រដូច​ទៅ​នឹង​ «ផ្កាយ​បរាជ័យ» មួយ​ដួង​ ឬ​ «ភពលំដាប់ខ្ពស់» ដែល​មាន​ភាព​ឯកា និង​អាថ៌កំបាំង​៕

  • រកឃើញ​ភព​មួយ​ចម្ងាយ​ 120 ឆ្នាំ​ពន្លឺ​ ​ក្នុង​តំបន់​អាច​រស់​នៅ​បាន «​អាច​មាន​មហា​សមុទ្រ​»

    រកឃើញ​ភព​មួយ​ចម្ងាយ​ 120 ឆ្នាំ​ពន្លឺ​ ​ក្នុង​តំបន់​អាច​រស់​នៅ​បាន «​អាច​មាន​មហា​សមុទ្រ​»

    ភព K2-18 b មាន​ទំហំ​ធំជាង​ពីរ​ដង​ធៀប​នឹង​ផែនដី និង​គោចរ​ក្នុង​តំបន់​ដែល​អាច​រស់​នៅ​បាន​នៅ​ជុំវិញ​ផ្កាយ​មេ​ដែល​មាន​ចម្ងាយ​ 120 ឆ្នាំ​ពន្លឺ​ពី​ព្រះ​អាទិត្យ​ (មួយ​ឆ្នាំពន្លឺ​មាន​ចម្ងាយ 9.46 ទ្រីលាន​គីឡូម៉ែត្រ)។

    តេឡេស្កុប​អវកាស James Webb (JWST) របស់​អាម៉េរិក បាន​រក​ឃើញ​ភស្តុតាង​ស្ដី​ពី​ម៉ូលីគុល​ដែល​មាន​ផ្ទុក​កាបូន​នៅ​ក្នុង​បរិយាកាស​របស់​ភព K2-18 b ​ដែល​ត្រូវ​បាន​សង្ស័យ​ថា​មាន​មហា​សមុទ្រ​។ ភព​ K2-18 b នេះ​គឺជា​គោលដៅ​ដ៏​ទាក់​ទាញ​សម្រាប់​អ្នក​តារា​សាស្ត្រ​ ព្រោះ​ពួក​គេ​កំពុង​ស្វែង​រក​ភាវៈ​រស់​នៅ​ខាង​ក្រៅ​ប្រព័ន្ធ​ព្រះអាទិត្យ​។ យោង​តាម​ Space ដែល​បាន​ចុះ​ផ្សាយ​កាល​ពី​ថ្ងៃទី 11 កញ្ញា 2023 ការ​សិក្សា​ស្វែង​យល់ និង​សង្កេត​​ដោយ​តេឡេស្កុប​អវកាស Hubble មុន​នោះ​បង្ហើប​ឱ្យ​ដឹង​ថា ភព​ខាងលើ​នេះ​អាច​ជា​ភព​ដែល​មាន​មហា​សមុទ្រ​ទឹករាវ​។

    K2-18 b មាន​ម៉ាស​ធំជាង​ផែនដី​ប្រហែល 8.6 ដង​ និង​ស្ថិត​ក្នុង​តំបន់​ដែល​អាចរស់​នៅ​បាន​របស់​​ប្រព័ន្ធ​ផ្កាយក្រហម​ K2-18។

    ភព​នេះ​មាន​កាំ​ធំជាង​ផែនដី​ពី 2 ទៅ 3 ដង និង​មាន​ចម្ងាយ​ពី​ព្រះ​អាទិត្យ​របស់​មនុស្ស​ 120 ឆ្នាំ​ពន្លឺ​។ លទ្ធផល​នៃ​ការ​សិក្សា​ស្រាវ​ជ្រាវថ្មី​បង្ហាញ​ថា ដាន​របស់​កាបូន​ឌីអុកស៊ីត​ និង​មេតាន​​ក្នុង​បរិយាកាស​របស់​ភព K2-18 b និង​មិន​មាន​អាម៉ូញាក់​ បញ្ជាក់​ថា មាន​មហា​សមុទ្រ​មួយ​នៅ​ខាង​ក្រោម​បរិយាកាស​ដែល​សម្បូរ​អ៊ីដ្រូសែន​។

    JWST ហាក់​បាន​រកឃើញ​ dimethyl sulfide (DMS) ក្នុង​បរិយាកាស​របស់​ភព K2-18 b ទៀត​ផង​។ សមាស​ធាតុ​នេះ​កើត​ឡើង​តែ​ពី​ប្លង់តុង​ (plankton ​គឺ​ជា​មីក្រូ​សារពាង្គកាយ​ដែល​រស់នៅក្នុង​ស្រទាប់​លើ​នៃ​ប្រព័ន្ធ​ទឹក) លើ​ផែនដី​។ ក្រុមអ្នក​វិទ្យាសាស្ត្រ​នៅ​សាកល​វិទ្យា​ល័យ​ Cambridge ​ឱ្យ​ដឹង​ថា នឹង​បន្ត​សង្កេត K2-18 b ដើម្បី​ស្វែង​យល់​បន្ថែម​អំពី​លក្ខខណ្ឌ​នៃ​បរិស្ថាន​របស់​វា​។ លទ្ធផល​នៃ​ការ​ស្រាវជ្រាវ​របស់​ពួក​គេ​នឹង​ត្រូវ​បាន​ផ្សាយ​លើ​ទស្សនាវដ្ដី​ Astrophysical Journal Letters៕

  • ​អវកាស​ចរដែល​ស្ថិត​នៅ​ទីអវកាស​យូរ​ជាង​គេ​លើ​ពិភពលោក​

    ​អវកាស​ចរដែល​ស្ថិត​នៅ​ទីអវកាស​យូរ​ជាង​គេ​លើ​ពិភពលោក​

    Frank Rubio បាន​ស្ថិត​នៅ​លើ​គន្លង​តារាវិថី​កម្រិត​ទាប​របស់​ផែន​ដី​ជាង 355 ថ្ងៃ​ បំណែក​កំណត់​ត្រា​ស្ដី​ពី​ការ​បំពេញ​បេសកកម្ម​អវកាស​យូរ​បំផុតលើពិភពលោក​។

    យោង​តាម​ណាសា លោក Rubio រស់​នៅ និង​ធ្វើការ​លើស្ថានីយ​អវកាស​អន្តរ​ជាតិ​ (ISS) ចាប់​ពី​ខែ​កញ្ញា 2022 យូរ​ជាង​កំណត់​ត្រា​មុន​នោះ​របស់​អ្នក​អវកាស​ Mark Vande Hei កាល​ពី​វេលា​ម៉ោង 00 និង 40 នាទី ថ្ងៃទី 12 កញ្ញា 2023 (ពេល​វេលា​​នៅ​កម្ពុជា)។

    តាម​គម្រោង យាន​អវកាស​ Soyuz របស់​រុស្ស៊ី នឹង​ដឹក​ Rubio ត្រលប់​មក​កាន់​ផែនដី​នៅ​ថ្ងៃទី 27 កញ្ញា​ខាងមុខ​។ ប្រការ​នេះ​មាន​ន័យ​​ថា លោក Rubio នឹង​ឆ្លង​កាត់​ពេល​វេលា​យ៉ាង​តិច 371 ថ្ងៃ​នៅ​លើ​គន្លង​តារាវិថី​ មុន​នឹង​បញ្ចប់​បេសកកម្ម​។ ពេល​នោះ លោក Rubio នឹង​ក្លាយ​ជា​ជនជាតិ​អាម៉េរិក​ដំបូង​គេ​ដែល​រស់​នៅ និង​ធ្វើការ​ជាង​មួយ​ឆ្នាំ​ក្នុង​បរិស្ថានមីក្រូ​ទំនាញ (ទំនាញ​ផែនដី​កម្រិត​ទាប)​។

    ការបំបែក​កំណត់​ត្រា​ខាងលើ​របស់ Rubio គឺជារឿង​ចៃដន្យ ព្រោះ​ថា ដំបូង​ក្រុម​របស់លោក​គ្រោង​នឹង​បំពេញ​បេសកកម្ម​តែ​ 6​ ខែ​ប៉ុណ្ណោះ។ ក៏ប៉ុន្តែ ដោយ​សារ​យាន​អវកាស​​ដែល​ដឹក​ Rubio និង​មិត្ត​រួម​ការ​ងារ​ជនជាតិ​រុស្ស៊ី​ពីរ​នាក់​ទៀត​ បាន​ជួប​បញ្ហា​ធ្លាយ​សារធាតុ​ត្រជាក់​​កាល​ពី​ខែ​ធ្នូ 2022​។

    ក្រុម​អ្នក​ទទួល​ខុស​ត្រូវ​នៅ​ទី​ភ្នាក់​ងារ​អវកាស​រុស្ស៊ី Roscosmos ក្រោយ​មក​ក៏​បាន​បញ្ជាក់​ថា យាន​នេះ​មិន​មាន​សុវត្ថិភាព​នៅ​ក្នុង​ការ​នាំ​អវកាស​ចរ​ត្រលប់មក​កាន់​ផែនដី​។ យាន Soyuz MS-22 បាន​ត្រលប់មក​កាន់​ផែនដី​កាល​ពី​ថ្ងៃទី 28 មីនា 2023 ដោយ​មិន​បាន​ដឹក​អ្នក​អវកាស​។

    Roscosmos ក៏​បាន​បញ្ជូន​យាន​​ Soyuz MS-23 ទៅ​កាន់​ ISS កាល​ពី​ថ្ងៃទី 25 កុម្ភៈ 2023 ដើម្បី​ជំនួស​យាន​ Soyuz MS-22។​ ថ្ងៃ​ត្រលប់​មក​កាន់​ផែនដី​របស់ Rubio ត្រូវ​បាន​ពន្យារ​រហូត​ដល់​ខែ​កញ្ញា 2023 ពេល​រុស្ស៊ី​ត្រៀម​សម្រាប់​ការ​ហោះ​ហើរ​របស់​យាន​ Soyuz បន្ទាប់​ ដែល​គ្រោង​នឹង​ដឹក​អ្នក​អវកាស​​អាម៉េរិក​ម្នាក់ និង​អ្នក​អវកាស​រុស្ស៊ី​​ពីរ​នាក់​ ទៅ​កាន់ ISS នៅ​ថ្ងៃទី 15 កញ្ញា​ខាង​មុខ​៕