យប់ថ្ងៃ15 កើតនេះ មានព្រឹត្តិការណ៍ពិសេសបីកើតឡើងដំណាលគ្នា

យប់ថ្ងៃសីលពេញបូណ៌មីនេះ កើតឡើងចំព្រឹត្តិការណ៍តារាសាស្ត្រពិសេសមួយដែលត្រូវបានហៅថា មហាចន្ទពេញវង់។

យប់ថ្ងៃសុក្រ 15 កើត ខែភទ្របទ ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ 2567 ត្រូវនឹងថ្ងៃទី 29 កញ្ញា គ្រីស្តសករាជឆ្នាំ 2023 នេះ គឺជាថ្ងៃពិសេស ព្រោះថាមិនត្រឹមតែជាថ្ងៃសីលពេញបូណ៌មី និងជាថ្ងៃបុណ្យសែនព្រះខែរបស់ជនជាតិមួយចំនួននៅអាស៊ីខាងកើត និងអាស៊ីអាគ្នេយ៍ មានដូចជា ចិន ជប៉ុន កូរ៉េ និងវៀតណាមជាដើមនោះទេ ប៉ុន្តែក៏ជាឱកាសដែលមានព្រឹត្តិការណ៍មហាចន្ទពេញវង់ផងដែរ។

នៅយប់នេះ ព្រះចន្ទនឹងស្ថិតនៅពីមុខផែនដី និងព្រះអាទិត្យ ហើយផ្ទៃរបស់វានឹងទទួលបានពន្លឺពេញលេញពីព្រះអាទិត្យ។ ព្រឹត្តិការណ៍នេះនឹងកើតឡើងនៅវេលាម៉ោង 16:59 ម៉ោងអន្តរជាតិ ត្រូវនឹងម៉ោង 23:59 ថ្ងៃទី 29 កញ្ញានៅកម្ពុជា។ ព្រះចន្ទពេញវង់លើកនេះគឺជាមហាចន្ទពេញវង់ចុងក្រោយក្នុងចំណោមមហាចន្ទទាំងបីរបស់ឆ្នាំ 2023។ យប់នេះ ព្រះចន្ទនឹងស្ថិតនៅក្បែរផែនដីបំផុត ហើយនឹងធំជាង ភ្លឺជាងចន្ទពេញវង់ធម្មតា។

អ្នកតារាសាស្ត្រឱ្យដឹងថា ចម្ងាយមធ្យមពីព្រះចន្ទទៅផែនដីគឺ 384,000 គីឡូម៉ែត្រ។ ប៉ុន្តែដោយសារគន្លងគោចររបស់ព្រះចន្ទមានរាងដូចពង​ក្រពើ ដូចនេះវាតែងតែមានពេលខ្លះនៅជិតខ្លាំង និងឆ្ងាយខ្លាំងធៀបនឹងចម្ងាយមធ្យម។ ជាធម្មតា រៀងរាល់ឆ្នាំតែងមានចន្ទពេញវង់មួយលើក ពីរលើក ឬអាចបីលើកដែលកើតឡើងចំពេលព្រះចន្ទកំពុងស្ថិតនៅចំណុចជិតផែនដីបំផុតនៅលើគន្លងតារាវិថីរបស់វា។ ពេលនោះ មនុស្សនៅលើផែនដីនឹងមើលឃើញព្រះចន្ទធំជាង និងភ្លឺជាងធម្មតា។ នេះគឺជាឱកាសដ៏ពិសេសសម្រាប់អ្នកចូលចិត្តវិស័យតារាសាស្ត្រ និងអ្នកចូលចិត្តគយគន់ផ្ទៃមេឃពេលរាត្រី៕

Advertisement