រកឃើញ​ភព​មួយ​ចម្ងាយ​ 120 ឆ្នាំ​ពន្លឺ​ ​ក្នុង​តំបន់​អាច​រស់​នៅ​បាន «​អាច​មាន​មហា​សមុទ្រ​»

ភព K2-18 b មាន​ទំហំ​ធំជាង​ពីរ​ដង​ធៀប​នឹង​ផែនដី និង​គោចរ​ក្នុង​តំបន់​ដែល​អាច​រស់​នៅ​បាន​នៅ​ជុំវិញ​ផ្កាយ​មេ​ដែល​មាន​ចម្ងាយ​ 120 ឆ្នាំ​ពន្លឺ​ពី​ព្រះ​អាទិត្យ​ (មួយ​ឆ្នាំពន្លឺ​មាន​ចម្ងាយ 9.46 ទ្រីលាន​គីឡូម៉ែត្រ)។

តេឡេស្កុប​អវកាស James Webb (JWST) របស់​អាម៉េរិក បាន​រក​ឃើញ​ភស្តុតាង​ស្ដី​ពី​ម៉ូលីគុល​ដែល​មាន​ផ្ទុក​កាបូន​នៅ​ក្នុង​បរិយាកាស​របស់​ភព K2-18 b ​ដែល​ត្រូវ​បាន​សង្ស័យ​ថា​មាន​មហា​សមុទ្រ​។ ភព​ K2-18 b នេះ​គឺជា​គោលដៅ​ដ៏​ទាក់​ទាញ​សម្រាប់​អ្នក​តារា​សាស្ត្រ​ ព្រោះ​ពួក​គេ​កំពុង​ស្វែង​រក​ភាវៈ​រស់​នៅ​ខាង​ក្រៅ​ប្រព័ន្ធ​ព្រះអាទិត្យ​។ យោង​តាម​ Space ដែល​បាន​ចុះ​ផ្សាយ​កាល​ពី​ថ្ងៃទី 11 កញ្ញា 2023 ការ​សិក្សា​ស្វែង​យល់ និង​សង្កេត​​ដោយ​តេឡេស្កុប​អវកាស Hubble មុន​នោះ​បង្ហើប​ឱ្យ​ដឹង​ថា ភព​ខាងលើ​នេះ​អាច​ជា​ភព​ដែល​មាន​មហា​សមុទ្រ​ទឹករាវ​។

K2-18 b មាន​ម៉ាស​ធំជាង​ផែនដី​ប្រហែល 8.6 ដង​ និង​ស្ថិត​ក្នុង​តំបន់​ដែល​អាចរស់​នៅ​បាន​របស់​​ប្រព័ន្ធ​ផ្កាយក្រហម​ K2-18។

ភព​នេះ​មាន​កាំ​ធំជាង​ផែនដី​ពី 2 ទៅ 3 ដង និង​មាន​ចម្ងាយ​ពី​ព្រះ​អាទិត្យ​របស់​មនុស្ស​ 120 ឆ្នាំ​ពន្លឺ​។ លទ្ធផល​នៃ​ការ​សិក្សា​ស្រាវ​ជ្រាវថ្មី​បង្ហាញ​ថា ដាន​របស់​កាបូន​ឌីអុកស៊ីត​ និង​មេតាន​​ក្នុង​បរិយាកាស​របស់​ភព K2-18 b និង​មិន​មាន​អាម៉ូញាក់​ បញ្ជាក់​ថា មាន​មហា​សមុទ្រ​មួយ​នៅ​ខាង​ក្រោម​បរិយាកាស​ដែល​សម្បូរ​អ៊ីដ្រូសែន​។

JWST ហាក់​បាន​រកឃើញ​ dimethyl sulfide (DMS) ក្នុង​បរិយាកាស​របស់​ភព K2-18 b ទៀត​ផង​។ សមាស​ធាតុ​នេះ​កើត​ឡើង​តែ​ពី​ប្លង់តុង​ (plankton ​គឺ​ជា​មីក្រូ​សារពាង្គកាយ​ដែល​រស់នៅក្នុង​ស្រទាប់​លើ​នៃ​ប្រព័ន្ធ​ទឹក) លើ​ផែនដី​។ ក្រុមអ្នក​វិទ្យាសាស្ត្រ​នៅ​សាកល​វិទ្យា​ល័យ​ Cambridge ​ឱ្យ​ដឹង​ថា នឹង​បន្ត​សង្កេត K2-18 b ដើម្បី​ស្វែង​យល់​បន្ថែម​អំពី​លក្ខខណ្ឌ​នៃ​បរិស្ថាន​របស់​វា​។ លទ្ធផល​នៃ​ការ​ស្រាវជ្រាវ​របស់​ពួក​គេ​នឹង​ត្រូវ​បាន​ផ្សាយ​លើ​ទស្សនាវដ្ដី​ Astrophysical Journal Letters៕

Advertisement