អាម៉េរិក ណែនាំ​ឱ្យ​ចាក់​វ៉ាក់សាំង Pfizer និង Moderna ជំនួស Johnson & Johnson

CDC របស់ សហរដ្ឋ​អាម៉េរិក បានផ្ដល់​អនុសាសន៍​ដ​ល់​ពលរដ្ឋ​ថា គួរ​ចាក់​វ៉ាក់សាំង Pfizer ឬ Moderna ជំនួស​វ៉ាក់សាំង Johnson & Johnson ព្រោះតែ​មានការ​ព្រួយបារម្ភ​អំពី​ហានិភ័យ​នៃ​បញ្ហា​ឈាមកក​ដោយសារតែ​វ៉ាក់សាំង​នេះ។

«អនុសាសន៍​ដែល​ត្រូវបាន​លើកឡើង​នៅក្នុង​ថ្ងៃនេះ សង្កត់ធ្ងន់​ទៅលើ​ការសន្យា​របស់​មជ្ឈមណ្ឌល​គ្រប់គ្រង​និង​ទប់ស្កាត់​ជំងឺឆ្លង (CDC) របស់ អាម៉េរិក ស្ដីពី​ការផ្ដល់​ព័ត៌មាន​ប្រកបដោយ​វិទ្យាសាស្ត្រ​ទៅតាម​ពេលវេលា​ជាក់ស្ដែង​ដល់​ប្រជាជន» ប្រធាន CDC របស់ អាម៉េរិក លោកស្រី Rochelle Walensky បានប្រកាស​ដូច្នេះ​កាលពី​ថ្ងៃទី ១៦ ធ្នូ ២០២១។

ក្រុមប្រឹក្សា​វ៉ាក់សាំង​របស់ CDC អាម៉េរិក មុន​នោះបាន​បោះឆ្នោត​យល់ស្រប​ទៅនឹង​អនុសាសន៍​នេះ ដោយសារតែ​ហានិភ័យ​នៃ​បញ្ហា​បង្ក​កំណក​ឈាម​របស់​វ៉ាក់សាំង Johnson & Johnson។ CDC អាម៉េរិក បាន​ណែនាំ​ពលរដ្ឋ ចាក់​វ៉ាក់សាំង​ណា​ដែលមាន​សុវត្ថិភាព និង​ប្រសិទ្ធភាព​បំផុត ដូចជា Pfizer និង Moderna ជាដើម។

ប្រធាន CDC របស់ អាម៉េរិក លោកស្រី Rochelle Walensky

គិត​ត្រឹម​ខែកញ្ញា សហរដ្ឋ​អាម៉េរិក មាន​ករណី​ស្លាប់​ចំនួន ៩ នាក់ ដែល​ទាក់ទង​នឹង​បញ្ហា​ឈាមកក បន្ទាប់ពី​បានទទួល​ការចាក់​វ៉ាក់សាំង​របស់ Johnson & Johnson។ ៧ នាក់ ក្នុងចំណោម​នោះ មាន​អាយុ​ចាប់ពី ២៨ ឆ្នាំ ដល់ ៦២ ឆ្នាំ និង​មាន​ជំងឺ​ប្រចាំកាយ ដូចជា ទឹកនោមផ្អែម សម្ពាធ​ឈាម​ខ្ពស់ និង​លើស​ទម្ងន់។ ចំណែក​មនុស្ស​រាប់សិប​នាក់​ទៀត​ក៏មាន​បញ្ហា​ប្រតិកម្ម​ធ្ងន់ធ្ងរ បន្ទាប់ពី​បាន​ចាក់​វ៉ាក់សាំង​នេះ៕

Advertisement