ក្នុង​ខែ​តុលា​នេះ ទាំង​សូរ្យគ្រាស និង​ចន្ទ​គ្រាស ​​សុទ្ធ​តែនឹង​​កើត​ឡើង​

សូរ្យគ្រាស​រាង​ចិញ្ចៀន​ក្នុង​ថ្ងៃទី 14 តុលា និង​ចន្ទ​គ្រាស​មួយ​ផ្នែក​ក្នុង​ថ្ងៃទី 29 តុលា គឺជា​ព្រឹត្តិការណ៍​តារា​សាស្ត្រ​​គួរ​ឱ្យ​ចាប់​អារម្មណ៍​ដែល​កើត​ឡើង​ក្នុង​ខែ​តុលា 2023​។

សូរ្យគ្រាស​រាង​ចិញ្ចៀន​​លើក​នេះ​អាច​មើល​ឃើញ​​ក្នុង​ 8 រដ្ឋ​នៅ​ភាគ​និរតី​របស់​សហរដ្ឋ​អាម៉េរិក​។ សូរ្យគ្រាស​ប្រភេទ​នេះ​កើត​ឡើង​នៅ​ពេល​ព្រះ​ចន្ទ​ ព្រះ​អាទិត្យ​ និង​ផែនដី​ស្ថិត​នៅ​ត្រង់ជួរ​នឹង​គ្នា​​ប៉ុន្តែ​ដោយ​សារ​ព្រះចន្ទ​ស្ថិត​នៅ​ត្រង់​ចំណុច​ឆ្ងាយពី​ផែនដី​​បំផុត​លើ​គន្លង​រាង​ពងក្រពើ​​របស់​វា​ ទើប​មិន​អាច​បិទ​បាំង​ព្រះ​អាទិត្យ​បាន​ទាំង​ស្រុង​ ហើយ​ក៏​​បន្សល់​រង្វង់​មូល​ភ្លើង​ដូច​ចិញ្ចៀន​។

អ្នក​ដែល​ស្ថិត​នៅ​ក្រៅ​តំបន់​អាច​មើល​ឃើញ​បាតុភូត​សូរ្យគ្រាស​រាង​ចិញ្ចៀនលើក​នេះ នៅ​តែ​អាច​គយគន់​សូរ្យ​គ្រាស​មួយ​ផ្នែក​ ក្នុង​នោះ​រួម​មាន ទឹកដី​អាម៉េរិក​ទាំង​មូល តំបន់​ខ្លះ​​របស់​ប្រទេស​ម៉ិកស៊ិក តំបន់​អាម៉េរិក​កណ្ដាល​ ប្រទេស​កូឡុំប៊ី និង​ប្រេស៊ីល​។

បាតុភូតសូរ្យគ្រាស

ចំណែក​ចន្ទ​គ្រាស​មួយ​ផ្នែក​ដែល​​កើត​ឡើង​នៅ​ចុង​ខែ​តុលានេះ​នឹង​បង្ហាញ​ខ្លួន​​នៅ​​​តំបន់​អឌ្ឍគោល​ខាង​កើត​របស់​ផែនដី​ រួម​មាន ទ្វីប​អឺរ៉ុប​ អាហ្វ្រិក អាស៊ី អង់តាក់ទិក និង​អូសេអានី​។ ក្នុង​បាតុភូត​នេះ​ ព្រះ​ចន្ទ​នឹង​គោចរ​ឆ្លង​កាត់​ស្រមោល​ផែនដី​ ធ្វើ​ឱ្យ​វា​ងងឹត​ជាង​ធម្មតា​។ ចន្ទ​គ្រាស​មួយ​ផ្នែក​នឹង​កើត​ឡើង​ពី​ម៉ោង 02:36 ថ្ងៃទី 29 តុលា និង​បញ្ចប់​នៅ​វេលា​ម៉ោង​ 03:53។

បាតុភូត​ចន្ទ​គ្រាស

នេះ​គឺជា​ចន្ទ​គ្រាស​ទីពីរ​ក្នុង​ឆ្នាំ​ 2023 ក្រោយ​ពី​ចន្ទ​គ្រាស​ពាក់​កណ្ដាល​ដែល​បាន​កើត​ឡើង​កាល​ពី​ខែ​ឧសភា​៕

Advertisement