វត្ថុ​អវកាស​ «ពាក់​កណ្ដាល​ផ្កាយ ពាក់​កណ្ដាល​ភព» ចំនួន​ពីរ​ ត្រូវ​ថត​បាន​ដោយ​ផ្ទាល់

ប្រព័ន្ធ​ផ្កាយ​មួយ​ដែលមាន​​វត្ថុ​អវកាស​ចម្លែក​ចំនួន​បួន​ ទើប​តែ​ត្រូវ​បាន​ក្រុម​អ្នក​តារាសាស្ត្រ​ថត​បាន​ដោយ​ផ្ទាល់​ ក្នុង​នោះ​មាន​វត្ថុ​អវកាស​ពីរ​ដែល​ស្ថិត​នៅ​ក្នុង​ស្ថាន​ភាព​ពាក់​កណ្ដាល​ភព​​ ពាក់​កណ្ដាល​ផ្កាយ​។

យោង​តាម Sci-News ប្រព័ន្ធ​ផ្កាយ​ដែល​ទើប​ត្រូវថត​បាន​ដោយ​ផ្ទាល់​នេះ​រួម​មាន​ ប្រព័ន្ធ​ផ្កាយភ្លោះ​ពីរ​ដួង​​​ដែល​មាន​ឈ្មោះ​ថា HIP 81208 និង​វត្ថុ​អវកាស​ពីរ​ទៀត​ដែល​នៅ​ក្បែរ​ មាន​ចម្ងាយ​ពី​ផែនដី​ប្រហែល 486 ឆ្នាំ​ពន្លឺ​ និង​នៅ​ក្នុង​កញ្ចុំ​ផ្កាយ​ Scorpius។

នោះ​គឺជាប្រព័ន្ធ​ផ្កាយ​​ដែល​មាន​អាយុ​ទើប​តែ​ 17 លាន​ឆ្នាំ ក្នុង​នោះ​ ផ្កាយ​ដែល​ភ្លឺ​ជាង​គេ​មាន​ឈ្មោះ​ថា HIP 81208A និងកូន​ផ្កាយ​​ក្រហម HIP 81208C ដែល​វិល​ជុំ​វិញ​ផ្កាយ​មេ HIP 81208A។

ប្រព័ន្ធ​នេះ​មិន​ទាន់​មាន​ភពពេញ​លេញ​ ប៉ុន្តែ​មានភព​ដែល​កើត​ពី​ «ផ្កាយ​បរាជ័យ» ​ដែល​មាន​ឈ្មោះ​ថា HIP 81208B ​ស្ថិត​នៅ​ក្បែរ​ផ្កាយ​ A ដែលភ្លឺ​ជាង​គេ​។ HIP 81208B គឺជា​វត្ថុ​អវកាស​ដែល​ត្រូវ​បាន​ចាត់​ទុក​ថា​ជា​កូន​ផ្កាយ​ប្រផេះ។

ក្នុង​ការ​ថត​រូប​​ផ្ទាល់​ដោយ​ឧបករណ៍​ SPHERE ដែល​បំពាក់​លើ​តេឡេស្កុប ESO នៅ​ប្រទេស​ស៊ីលី អ្នក​វិទ្យា​សាស្ត្រ​បាន​រកឃើញ​វត្ថុ​អវកាស​អាថ៌កំបាំង​មួយ​ផ្សេង​ទៀត​ដែល​ត្រូវ​បាន​ហៅ​ថា HIP 81208Cb ស្ថិត​នៅ​ក្បែរ​កូន​ផ្កាយ​ក្រហម​ និង​មាន​ម៉ាស​ធំជាង​ភពព្រហស្បតិ៍​ 15 ដង​ ធ្វើ​ឱ្យ​វាត្រូវ​បាន​ចាត់​ចូល​​ក្នុង​ប្រភេទ​ «ភព​ព្រហស្បតិ៍​យក្ស» និង​កូន​ផ្កាយ​ប្រផេះ​។

ផ្កាយ​ប្រផេះ​គឺជា​វិធី​ហៅ​វត្ថុ​អវកាស​មួយ​ដែល​ស្ថិត​នៅ​ចន្លោះ​និយមន័យ​របស់​ផ្កាយ និង​ភព​។ ពួក​វា​តូច​ខ្លាំង​ មិន​អាច​រក្សា​ការ​​ប្រតិកម្ម​នុយក្លេអែរ​ក្នុង​ស្នូល​ដូច​ផ្កាយ​មួយ​ដួង​ ប៉ុន្តែ​ធំ​ខ្លាំង​បើ​ធៀប​នឹង​ភព​។ ពួក​វា​កើត​ចេញ​ពីពពក​ឧស្ម័ន​ធូលី​ក្នុង​​លំហ​អវកាស​ដូច​ទៅ​នឹង​ផ្កាយ​ធម្មតា​នានា ដោយ​មិនមែន​កើត​ពី​ថាស​ធូលី​របស់​ផ្កាយ ​។ ក៏ប៉ុន្តែ​ ពួក​វា​ក៏​មិន​មាន​លទ្ធភាព​ធ្វើ​ឱ្យ​ថាស​ធូលី​ដែល​នៅ​ជុំវិញខ្លួន​ កើត​ជា​​ភព​ដូច​បណ្ដា​ផ្កាយ​ដទៃ​។

ដូច្នេះ កូន​ផ្កាយ​ប្រផេះ​ក៏​ត្រូវ​បាន​គេ​ប្រដូច​ទៅ​នឹង​ «ផ្កាយ​បរាជ័យ» មួយ​ដួង​ ឬ​ «ភពលំដាប់ខ្ពស់» ដែល​មាន​ភាព​ឯកា និង​អាថ៌កំបាំង​៕

Advertisement